វិភាគ៖ លោក​ ហ៊ុន សែន ចង់ចាប់លោ​ក សម រង្ស៊ី ហេតុអ្វី​រារាំងមិនឱ្យចូលស្រុក?

លោក ហ៊ុន សែន និងលោក សម រង្ស៊ី។ រូបភាព៖ អ៊ីនធឺណិត

ថ្ងៃ​ទី​៩ វិច្ឆិកា ដែល​ជា​ថ្ងៃ​ប្រកាស​វិល​ចូល​ស្រុក​វិញ​របស់​លោក​ សម រង្ស៊ី កាន់​តែខិត​ជិត​ចូល​មក​ដល់​ រដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​មាន​វិធាន​ការ​ជាបន្តបន្ទាប់​ផង​ដែរ​។

វិធាន​ការ​ទាំង​នោះ​រួម​មាន ​ការ​ដាក់​កង​កម្លាំង​ចាំចាប់​ខ្លួន​នៅ​​ព្រំ​ដែនថៃ​ និង​ការ​រារាំង​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ទាំង​អស់​មិន​ឱ្យ​ដឹក​លោក សម រង្ស៊ី ចូល​ស្រុក ​ជាដើម។ សម្រាប់​សាស្ត្រាចារ្យផ្នែកកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល បានឱ្យ​ដឹង​ថា រូបភាព​នេះវា​បាន​បង្ហាញរូប​ភាព​មិន​ច្បាស់​លាស់​មួយ​គឺ​រដ្ឋាភិបាល​ចង់​ចាប់​ខ្លួន​លោកសម រង្ស៊ី តែ​មិន​ចង់​ឱ្យលោក សម រង្ស៊ី ចូល​ស្រុក​នោះ​ទេ។ ​លោក​ អៀ សុផល៖

« រដ្ឋាភិបាល​ចង់​បង្ហាញ​សញ្ញា​ទៅ​លោក​ សម រង្ស៊ី ថា​គ្មាន​ឱកាស​ណា​មួយ​ក្នុង​ការ​ជាន់​ដីកម្ពុជា​នោះ​ទេ តែ​ជា​មួយ​គ្នា​នេះ​ ពួក​គេ​ហាក់បើ​ជា​ចង់ចាប់​លោក​ សម រង្ស៊ី។ វា​បង្ហាញ​ពីការ​គ្មាន​សន្ដិសុខ​កាន់​តែ​ជ្រៅ​ ដូចជា​ពួកគេ​ខ្លាច​ស្រមោល​ខ្លួន​ឯង » ។  

ហេតុអ្វី​បាន​ជា​លោក ​ហ៊ុន សែន ចង់ចាប់​ តែ​បង្ហាញ​សញ្ញា​រារាំង​ការ​វិល​ចូល​​របស់​លោក សម រង្ស៊ី?

ក្រោយ​មាន​ជម្លោះ​ពាក្យ​សំដី​ជា​មួយ​លោក ​ហ៊ុន សែន ​លើការ​អនុវត្ត​​វប្បធម៌​សន្ទនា​នា​ឆ្នាំ​២០១៥ លោក សម រង្ស៊ី បាន​ចាក​ចេញ​ពី​កម្ពុជា​ ដើម្បី​គេ​ចចេញពី​ការ​អនុវត្តទោស​ដោយ​តុលាការ​​ដែល​បាន​បន្តនីតិ​វិធី​ឡើង​វិញ​លើរូប​លោក និង​មាន​បណ្ដឹង​ថ្មី​បន្ថែមទៀត​ជា​ច្រើន​ ដែល​សរុប​មក​មិន​តិច​ជាង​១០​បណ្ដឹង​នោះ​ទេ។

គិត​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជិត៥​ឆ្នាំ​ហើយ​ដែល​អតីត​មេបក្សប្រឆាំង​រូប​នេះ​មិនបាន​​ចូល​ដី​កម្ពុជា ខណៈ​ពេលមាន​សាល​ក្រម​ជា​បន្តបន្ទាប់​រង់​ចាំ​លោក​ដើម្បី​អនុវត្ត។​

​លោក សម រង្ស៊ី កាល​ពីពេល​ថ្មី​ៗ​​ ​បាន​ប្រកាស​ចូល​ស្រុក​វិញ​នា​ថ្ងៃ​ទី​៩ វិច្ឆិកា តាម​ច្រក​ព្រំ​ដែន​ថៃ តាម​គ្រប់​មធ្យោបាយទាំង​អស់ដែលអាច​ធ្វើ​បាន នូវ​អ្វី​ដែល​លោក​ហៅថា​ ជាការ​ចូល​មក​រំដោះ​ប្រជាធិបតេយ្យ​កម្ពុជា។

​ស្រប​ពេល​ដែល​ប្រកាស​ចូល​វិញ​តាម​ច្រក​ព្រំ​ដែន​ថៃ​នេះ ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹក​នាំ​ដោយ​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ដាក់ពង្រាយកម្លាំងទ័ព​តាម​ច្រក​ព្រំ​ដែនកម្ពុជា-​ថៃ និង​ប្រកាស​បិទ​ផ្លូវអាកាស​មិន​ឱ្យ​លោក សម រង្ស៊ី ចូល​ទៀត​ផង​។

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង ​កញ្ញា លី ស្រីស្រស់ មាន​ប្រសាសន៍​ថា សកម្មភាព​បែប​នេះ​មិន​គួរ​ចាំ​បាច់​ទាល់​តែ​សោះក្នុង​ការ​ចាប់​មនុស្ស​តែ​ប៉ុន្មាន​នាក់​នោះ។ កញ្ញា​បន្ថែមថា៖

« វា​ជា​ការ​បារម្ភ​ដែល​មិន​បាន​ពិចារណា​ទៅ​លើ​ស្ថាន​ភាព​នៃ​បញ្ហា​ មាន​ន័យ​ថា​ យើង​ចេះ​តែ​ប្រើកម្លាំង​ហួសហេតុ វា​អាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស។ ខ្ញុំ​មិន​ថា​រឿង​នេះ​ជា​រឿង​តូចទេ តែ​រឿង​នេះ​មិន​គួរ​ប្រើ​កម្លាំង​ដល់ថ្នាក់​នេះ​ទេ​ » ។

ក្រោយ​​ប្រកាស​ជា​សាធារណៈ​អំពី​គម្រោង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ លោក សម រង្ស៊ី អំពាវ​នាវ​ជា​បន្ត​បន្ទាប់​ទៅ​កង​កម្លាំង​ប្រដាប់​អាវុធ អ្នក​គាំ​ទ្រ​របស់​លោក និង​ប្រជា​ពលរដ្ឋ​ទូទៅ ឱ្យ​ចូល​រួម​ទទួល​ស្វាគមន៍​ដំណើរ​វិល​ត្រឡប់​មក​វិញ​របស់​លោក។ ការ​ប្រកាស​នេះ​ហើយ​ធ្វើ​ឱ្យ​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចាត់​ទុក​ជា​ការប្រកាស​ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក​ និង​បាន​បញ្ជា​ឱ្យ​បញ្ចេញ​ទ័ព​ត្រៀម​ផង​ដែរ។

កាល​ពី​ថ្ងៃ​ទី​៧ ខែតុលា លោកនាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ថា៖

« គេ​ប្រកាស​យប់​មិញ​ថា ​រៃលុយ​ដើម្បី​ចិញ្ចឹម​ទ័ព​ទៀត! អាហ្នឹង​ហើយ​សម្រាប់​អញ​វ៉ៃ អញ​ប្រាប់​ឱ្យ​ហើយ​។ ​ហើយអានេះ​ឃើញ​ត្រង់​ណា​​វ៉ៃ​ត្រង់​ហ្នឹង​តែ​ម្ដង​ អានេះ​អត់​មាន​ចាំ​ដីកា​ចាប់​ខ្លួន ឬ​មិន​ចាប់​ខ្លួន​ទេ » ។ ​

សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ Occidental College នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល បាន​ឱ្យ​ VOD ដឹង​តាម​សារអេឡិចត្រូនិក​អ៊ីម៉ែល​ថា សកម្មភាព​នេះ​កំពុង​បង្ហាញ​ថា ​រដ្ឋាភិបាល​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា​ លោក សម រង្ស៊ី នឹង​ធ្វើ​អ្វី​ទៀត ខណៈ​ប្រសិន​ជា​លោក សម រង្ស៊ី ចូល​ដល់​កម្ពុជា ឬ​មាន​ការ​ចាប់​ខ្លួន​​នោះ​ នឹង​មាន​ «សម រង្ស៊ី និយម»​ ងើបឡើង​ជា​បន្តបន្ទាប់នោះ។ លោក​សរសេរថា៖

« វា​បង្ហាញ​ថា ​​រដ្ឋាភិបាល​ភ័យ​ខ្លាច​ និង​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា​ សម រង្ស៊ី នឹងធ្វើ​អ្វី​ទៀត? សម្រាប់ការ​ប្រកាស​ជា​សាធារណៈ​ ពួកគេ​ថា ​សម រង្ស៊ី គ្មាន​​ឱកាស​ ឬ​មធ្យោបាយ​ចូល​នោះ​ទេ តែ​​សកម្មភាពនេះ​​វា​បង្ហាញ​បាត់​ទៅ​ហើយ​ថា​រដ្ឋាភិបាល​មាន​ការ​បារម្ភ។ គេចង់​បញ្ជាក់​ឱ្យច្បាស់​ថា​ បើ​សិន​ជា​ សម រង្ស៊ី ចូល​ នឹងចាប់​ភ្លាម។ តែ​បញ្ហា​នោះ​ថា​គឺ​មាន​ សម រង្ស៊ី នៅកម្ពុជា​រួច​ទៅហើយ ​» ។

អ្នកវិភាគនយោបាយលោក គឹម សុខ មានប្រសាសន៍ថា មូលហេតុដែលលោក ហ៊ុន សែន ចង់ចាប់លោក សម រង្ស៊ី តែបង្ហាញចេតនាមិនចង់ចាប់ដោយសារលោក ហ៊ុន សែន បារម្ភពីការងើបឡើងរបស់អ្នកគាំទ្រលោក សម រង្ស៊ី ដែលធ្វើឱ្យរង្គោះរង្គើរដ្ឋាភិបាលខ្លួន។ លោកបន្ថែមថា ការមិនចូលស្រុករបស់លោក សម រង្ស៊ី វានឹងធ្វើឱ្យអ្នកគាំទ្រអស់ជំនឿកាន់តែច្រើនលើលោក សម រង្ស៊ី ដែលនឹងផ្ដល់ប្រយោជន៍ច្រើនដល់លោក ហ៊ុន សែន។ លោកថា៖

« តែប្រសិនជាលោក សម រង្ស៊ី ចូលស្រុកមិនបានមែន តែនៅតែមានចលនានៅកម្ពុជា ហើយលោកសម រង្ស៊ីរៀបផែនការចូលក្នុងរយៈពេលណាខ្លីមួយមិនឱ្យលើសពីមួយខែ នោះក៏អាចរាប់ថាជាការជោគជ័យមួយដែរនូវផែនការចូលស្រុករបស់លោក សម រង្ស៊ី » ។

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័​យ​ក្មេង​ កញ្ញា លី ស្រីស្រស់ បាន​ឱ្យ​ដឹង​ថា ខណៈ​ដែល​ស្ថាន​ការ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជាកាន់​តែ​រង​ការ​រិះគន់ ហើយ​សហគមន៍​អន្តរជាតិ​កំពុង​តែ​ត្រៀម​មាន​វិធាន​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់​លើ​កម្ពុជា​នោះ ការ​ចាប់​ខ្លួន​លោក សម រង្ស៊ី វា​រឹត​តែ​បន្ថែម​ទំងន់នៃ​ការ​សម្រេច​ចិត្ត​បន្ថែម​ទៀត​ផង​ដែរ។ កញ្ញា​លី ស្រីស្រស់៖

« អញ្ចឹង​ខ្ញុំ​គិត​ថា ​បើ​មក​មែន​ និង​មាន​ការ​ចាប់​ខ្លួន​មែន​ វា​កាន់​តែ​ធ្វើ​ឱ្យ​កម្ពុជា​ទទួលរង​នូវ​សម្ពាធ​ក៏​ដូច​ជា​ការ​សម្រេច​ចិត្ត​ដក​ប្រព័ន្ធ​ពន្ធ​ដែល​ជា​ការ​សម្រេច​ចិត្ត​របស់​​សហគមន៍​អឺរ៉ុបចំពោះ​កម្ពុជា​ » ។

ជា​រួម​អ្នក​វិភាគ​យល់​ថា​ ការ​វិល​ត្រលប់​មក​វិញ​របស់​លោក សម រង្ស៊ី ចូល​កម្ពុជាវិញ ទោះរដ្ឋាភិបាល​​ចាប់​ខ្លួន ឬ​មិន​ចាប់​ខ្លួន​ វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ស្ថិរភាព​របស់​​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​៤០​ឆ្នាំ​មក​ហើយ​នោះ ដូច្នេះ​ការ​បង្ហាញ​សាច់​ដុំ​ទាំង​ប៉ុន្មាន​របស់​រដ្ឋាភិបាល​ដើម្បី​ត្រៀម​ចាប់​ខ្លួន​គឺគ្រាន់​ជាការ​កម្លាច​ ក្នុង​​ចេតនា​តែ​មួយ​គត់​គឺ​កុំ​ឱ្យ​លោក​ សម រង្ស៊ី ចូលស្រុក​ប៉ុណ្ណោះ ។

ទោះ​ជាយ៉ាង​ណា​ សកម្មភាព​នៃ​ការ​កម្លាច និង​វាយ​ប្រហារ​​គ្នា​ទៅ​វិញ​ទៅ​មក​របស់​អ្នក​នយោបាយ​កម្ពុជា​កំពុង​តែ​ធ្វើ​ឱ្យ​កម្ពុជា​កាន់​តែ​ដើរ​ថយ​ក្រោយ​ប្រទេស​ជិត​ខាង​កាន់​តែ​ខ្លាំង​។

កញ្ញា​លី ស្រីស្រស់​ ជម្រុញ​ដល់​អ្នក​នយោបាយ​ទាំង​សងខាង​គួរ​ងាក​មក​គិត​ប្រយោជន៍​ជា​តិឡើង​វិញ ដើម្បី​បញ្ចៀស​មហន្តរាយ​ដែល​នឹង​កើត​ឡើង​ពី​ភាព​ប្រឈម​នេះ។ កញ្ញា​លី ស្រីស្រស់៖

« រដ្ឋាភិបាល​អាច​ចាប់​លោក ​សម រង្ស៊ី មិន​មាន​អី​ដែល​មិន​អាច​ចាប់​បាន​ទេ តែ​ការ​ចាប់​នោះ​វា​អាច​ប្រឈម​នឹង​សម្ពាធ អញ្ចឹង​ប្រសិន​ជា​រដ្ឋាភិបាល​ចាប់ហើយ​ បែរ​ជា​ប្រឈម​នឹង​សម្ពាធ​ដែល​បាត់​បង់​ប្រយោជន៍​ជាតិ​ អាហ្នឹង​​យើង​អាច​ធ្វើ​បាន ​គ្រាន់​តែ​ថា​យើង​មិន​មែន​ជា​រដ្ឋាភិបាល​ដែលគោរព​ទៅ​លើ​ប្រជា​ពលរដ្ឋ​ដែល​តំកល់​ប្រយោជន៍​​ជាតិ​រួម​ទេ។

តែ​ប្រសិន​ជា​យើង​មាន​ការ​ចរចារ ​ឬ​ក៏​ការ​ពិភាក្សា​ណា​មួយ​ដែល​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​មាន​ហានិភ័យ​ទៅ​លើ​ប្រយោជន៍​ជាតិ ខ្ញុំ​ថា​រឿង​នេះ​ជា​រឿង​មួយ​ដែល​ប្រសើរ​ដែល​យើង​ធ្វើ​ឱ្យ​បញ្ហា​ទៅ​ជាឱកាស​ទៅ​វិញ » ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ