លោកស្រី​ មូរ​ សុខ​ហួរ​ ថាឯកអគ្គ​រាជទូត​ខ្មែរ​ប្រចាំឥណ្ឌូ​នេ​ស៊ី​គ្មានចំណេះដឹងផ្នែកការទូត

លោកស្រី មូរ សុខហួរ និងលោក ហោ ណាំបូរ៉ា។ រូបភាព៖ ហ្វេសប៊ុក Mu Sochua និង Hor Nam Bora

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ លោកស្រី​ មូរ​ សុខ​ហួរ ថាឯកអគ្គ​រាជទូត​ខ្មែរ​ប្រចាំប្រទេស​ឥណ្ឌូ​នេ​ស៊ី​ លោក​ ហោ​ ណាំ​បូរ៉ា គ្មានដំណេះដឹងផ្នែកការទូត ដែលការលើកឡើងនេះបន្ទាប់ពីលោក ហោ ណាំបូរ៉ា បានព្យាយាមទៅ​រារាំង​លោកស្រី​មិន​ឱ្យ​ធ្វើសន្និសីទ​សារព័ត៌មាន​។

កាលពីទី៦ ខែវិច្ឆិកា អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលកំពុង​និរទេស​ខ្លួន​នៅក្រៅប្រទេស គឺ​លោកស្រី​ មូរ​ សុខ​ហួរ ​ត្រូវបានអនុញ្ញាត​ឱ្យ​ធ្វើសន្និសីទ​សារព័ត៌មាន​មួយ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ដើម្បី​ប្រាប់​ទៅ​អ្នកកាសែត​អន្តរជាតិ​ពី​គោលបំណងនៃការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ​មកកាន់​កម្ពុជា​ ។

លោកស្រី​ មូរ​ សុខ​ហួរ​ មានប្រសាសន៍តាមណ្តាញសង្គមហ្វេសប៊ុកខណៈលោកស្រីត្រៀមចេញពីប្រទេសឥណ្ឌូនេស៊ីកាលពីម្សិលមិញថា ក្នុងអំឡុងពេលកំពុងធ្វើសន្និសីទសាព័ត៌មាន លោក ហោ ណាំបូរ៉ា បានទៅរារាំងលោកស្រីមិនឲ្យធ្វើសន្និសីទ និងបណ្តេញលោកស្រីឲ្យប្រញាប់ត្រឡប់ទៅអាមេរិកវិញ ដោយហៅលោកស្រីថា ជាទណ្ឌិតដែលអាជ្ញាធរកម្ពុជាកំពុងបញ្ជូនសមត្ថកិច្ចមកតាមចាប់ខ្លួន។

អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ បានចាត់ទុកសកម្មភាពរបស់ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ីនេះថា ជាទង្វើគ្មានចំណេះដឹងផ្នែកការទូត និងធ្វើការគ្មានវិជ្ជាជីវៈត្រឹមត្រូវ។ លោកស្រី មូរ សុខហួរ៖

«គាត់នេះ [លោក ហោ ណាំបូរ៉ា] អត់ដឹងអ្វីជាការទូតផង ព្រោះយើងជាទូត យើងមានសិទ្ធិអីយកប៉ូលីសពីប្រទេសកម្ពុជាមកប្រទេសឥណ្ឌូនេស៊ី មកប្រាប់ថា មកចាប់ខ្ញុំដែលកាន់ប៉ាស្ព័រអាមេរិកកាំងនេះ។ អត់ស្គាល់អ្វីដែលហៅការទូតសោះ គួរតែទៅរៀនការទូតម្តងទៀតហើយ»

VOD​ បានព្យាយាម​សុំ​ការឆ្លើយតប​ពី​ឯកអគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ លោក​ ហោ​ ណាំ​បូរ៉ា​ ជុំវិញការលើកឡើងរបស់លោកស្រី មូរ សុខហួរ នេះ តែរហូតពេលផ្សាយនេះ លោកមិនទាន់មានការឆ្លើយតបទេ។ ប៉ុន្តែ យ៉ាងណា លោក ហោ ណាំបូរ៉ា បានសរសេរលើហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា លោកហ៊ានចេញមុខការពារកិត្តិយសជាតិគ្រប់ពេលវេលា។

កាលពីថ្ងៃ៦ ខែវិច្ឆិកានេះដែរ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ីបានចេញលិខិតមួយស្នើទៅអាជ្ញាធរឥណ្ឌូនេស៊ី ចាប់ខ្លួនលោកស្រី មូរ សុខហួរ ផងដែរ ដោយចោទថា លោកស្រីជាជនល្មើសរត់គេចខ្លួនពីប្រទេសកម្ពុជាដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួន។

​ក្នុងលិខិតដដែលនេះ ស្ថានទូត​កម្ពុជាក៏បានស្នើទៅកាន់បណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ឲ្យចាប់ខ្លួន និងបញ្ជូនលោកស្រី មូរ សុខហួរ មកកាន់ប្រទេសកម្ពុជាផងដែរ ក្រោមការចោទថា លោកស្រីជាប់ពាក់ព័ន្ធជាមួយក្រុមអ្នក​ប៉ុនប៉ងផ្តួលរំលំ​រដ្ឋាភិបាល​​ស្របច្បាប់​។​

អ្នកស្រី មូរ សុហួរ ឲ្យដឹងថា ជុំវិញគម្រោង​វិលត្រឡប់​មក​កម្ពុជា​វិញ​របស់​អតីត​ក្រុម​មេ​ដឹក​នាំបក្ស​ប្រឆាំង គឺរដ្ឋាភិបាល​បានចាប់សកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់ក្រោមការចោទថា«រួមគំនិតក្បត់» ដោយលោកថា គិតត្រឹមថ្ងៃទី៦ វិច្ឆិកាម្សិលមិញនេះ មានចំនួនជាង៧០នាក់ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ