អង្គការអន្តរជាតិមួយ ស្នើឱ្យកម្ពុជាឈប់ដាក់សម្ពាធលើប្រទេសក្នុងតំបន់ដើម្បីរុកកួនបក្សប្រឆាំង

លោក ហ៊ុន សែន និងលោក សម រង្ស៊ី។

អង្គការលើកលែងទោសអន្តរជាតិ ស្នើឱ្យរដ្ឋាភិបាលកម្ពុជាឈប់ដាក់សម្ពាធលើប្រទេសជិតខាងក្នុងតំបន់ ដើម្បីរុកកួនមេដឹកនាំបក្សប្រឆាំង ខណៈពួកគេប៉ុនប៉ងវិលចូលកម្ពុជាវិញឱ្យបាននៅថ្ងៃទី៩ ខែវិច្ឆិកា។

ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃម្សិលមិញ អង្គការលើកលែងទោសអន្តរជាតិបានលើកឡើងថា អាជ្ញាធរកម្ពុជាគួ​រ​​តែបញ្ឈប់ការដាក់សម្ពាធទៅលើរដ្ឋាភិបាលប្រទេសក្នុងតំបន់អាស៊ាន​ ដើម្បីរំខាន និងចាប់ឃាត់ខ្លួនថ្នាក់ដឹកនាំអតីតបក្សស​ង្គ្រោះជាតិ និងពលរដ្ឋកម្ពុជាដែលពាក់ព័ន្ធនឹងការគាំទ្របក្សនេះ នៅលើទឹកដីប្រទេសទាំងនោះ។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាស្នើទៅរដ្ឋសមាជិកអាស៊ានទាំង១០ ឱ្យចាប់ឃាត់ខ្លួនមេដឹកនាំបក្សនេះ និងអ្នកពាក់ព័ន្ធផែនការវិលចូលកម្ពុជាវិញរបស់ពួកគេ ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក ហ៊ុន សែន ដែលពួកខ្លួនចាត់ទុកថា ជារដ្ឋាភិបាលខុសច្បាប់។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់នៅថ្ងៃពុធថា លោកមិនអាចអនុញ្ញាតឱ្យលោក សម រង្ស៊ី ឆ្លងកាត់ទឹកដីថៃទេ ដោយយោងលើទំនាក់ទំនងជាមួយកម្ពុជា និងគោលការណ៍អាស៊ានដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសសមា​ជិកដទៃទៀត។

ក្នុងថ្ងៃដដែលនោះ អនុប្រធានអតីតបក្សនេះ គឺលោកស្រី មូរ សុខហួរ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីបានឃាត់ខ្លួនអស់ប៉ុន្មានម៉ោងនៅក្នុងព្រលានយន្តហោះកូឡាឡំពួ បន្ទាប់ពីលោកស្រីបញ្ចប់សន្និសីទកាសែតមួយក្នុងប្រទេសឥណ្ឌូណេស៊ី ក្រោមការរំខានពី​ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅក្រុងស្សាកាតា។

យោងតាមប្រភពដដែលនោះ នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើតរបស់អង្គការលើកលែងទោសអន្តរជាតិ លោ​ក Nicholas Bequelin បានថ្លែងថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានបង្ហាញពីការព្យា​យាមរួមសហការជាមួយរដ្ឋាភិបាលតំបន់ ដើម្បីបំផិតបំភ័យ និងរុកកួនលើពលរដ្ឋកម្ពុជាដែលពាក់ព័ន្ធនឹងបក្សប្រឆាំងក្រៅច្បាប់។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មិនបានឆ្លើយតបចំពោះការស្នើរបស់អង្គការបរទេសខាងលើទេ ប៉ុន្តែ លោកលើកឡើងថា កម្ពុជានឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សាសុខសន្តិភាពរបស់ប្រទេសដែលបានកសាងឡើងយ៉ាងលំបាក និងកំ​ពុង​​រងការគម្រាមកំហែងពីក្រុមប្រឆាំងដែលលោកចាត់ទុកថាជាក្រុមធ្វើរដ្ឋប្រហារ។ លោក ផៃ ស៊ីផាន៖

«អ្វីដែលជាអាទិភាពរបស់កម្ពុជាគឺសន្តិភាព និងស្ថិរភាព ហើយកម្ពុជាធ្លាប់មានបទពិសោធន៍អាក្រក់បំផុតពីរឿ​ងរដ្ឋប្រហារ ពីរឿងបះបោល។ ដូច្នេះ កម្ពុជាសម្រេចចិត្តនឹងធ្វើគ្រប់បែបយ៉ាងដើម្បីធានានូវអ្វីទៅដែលហៅថាសណ្តាប់ធ្នា​ប់សាធារណៈ ក៏ដូចជាការពារនិត្យានុកូលភាព (ភាពស្របច្បាប់) ជាកតាព្វកិច្ចរបស់រាជរដ្ឋាភិបាល»

សាស្រ្តាចារ្យនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា​ កម្ពុជាមិនអាចដាក់សម្ពាធលើរដ្ឋាភិបាលប្រទេសសេរីក្នុង​​​តំបន់អាស៊ានដូចជា ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីនោះទេ ដោយប្រទេសទាំងនោះខ្លាចប៉ះពាល់ដល់មុខមាត់ខ្លួនលើឆាកអន្តរជាតិ ហើ​យ​អាស៊ានមានគោលការណ៍រួមមួយ គឺមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរដ្ឋសមាជិកដទៃ។

លោកបន្ថែមថា ចំពោះប្រ​ទេ​សថៃ អាចជាករណីដាច់ដោយឡែក ដោយសារកម្ពុជា និងប្រទេសក្បែរខាងមួយនេះ បានព្រមព្រៀងគ្នាបង្កើនកម្រិតទំនាក់ទំនងកិច្ចសហប្រតិបត្តិការនឹងគ្នានៅមុនពេលបោះឆ្នោតឆ្នាំ២០១៣។ លោក ឯម សុវណ្ណារ៉ា៖

«ចឹងគេអាចសហការ ឬក៏មិនសហការកម្រិតណា អាស្រ័យលើរដ្ឋាភិបាលថៃខ្លួនឯង ព្រោះថៃកំពុងតែកសាង គេហៅថា បរិយាកាសប្រជាធិបតេយ្យ ដើម្បីពិភពលោកនឹងបានដឹងដែរ ជាពិសេសសហគមន៍អឺរ៉ុបកំពុងតាមដានដែលថៃចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី AFTA ឡើងវិញពីអឺរ៉ុប ដែលព្យួរក្រោយរដ្ឋប្រហារឆ្នាំ២០១៤»៕ ​   

ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការអាដហុក លោក សឹង សែនករុណា ចាត់ទុកចំណាត់ការរបស់រដ្ឋាភិបាលចំពោះបក្សប្រឆាំងនៅប្រទេសអាស៊ានរយៈពេលចុងក្រោយនេះ មិនមែនជាវិធានការច្បាប់ ហើយកំពុងបង្ហាញពីការបែកបាក់សាមគី្គជាតិ និងការរំខានកាន់តែខ្លាំងនៅលើឆាកអន្តរជាតិ។

លោក សឹង សែនករុណា បន្ថែមថា ភាគីបក្សកាន់អំណាច និងភាគីអតីតបក្សប្រឆាំង គួរតែបញ្ចៀសការប្រឈមមុខដាក់គ្នា ហើយវិលទៅរកតុចរចាដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិ។ លោក សឹង សែនករុណា បន្ថែមថា៖

«យើងចង់ឱ្យមានការរកដំណោះស្រាយរវាងអ្នកនយោបាយពាក់ព័ន្ធទាំងអស់ហ្នឹងធ្វើយ៉ាងណាឱ្យវិលមករកស្ថានភាពមួយដែលល្អប្រសើរមកវិញ ហើយឱ្យមានការគោរពសិទ្ធិមនុស្ស និងគោលការណ៍លទ្ធិប្រជាធិបតេយ្យឱ្យបានត្រឹមត្រូវឡើងវិញ ដើម្បីបញ្ចៀសនូវការដាក់សម្ពាធផ្សេងៗពីសហគមន៍អន្តរជាតិ ហើយដើម្បីឱ្យមានការស្តារសេដ្ឋកិច្ច​យើង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ