សមត្ថកិច្ចរឹតបន្តឹងមធ្យោបាយដឹកជញ្ជូនចូលភ្នំពេញ ដករបស់ដែលគិតថាបង្កគ្រោះថ្នាក់​

សមត្ថកិច្ច កំពុងឆែករថយន្តមួយនៅផ្លូវជាតិលេខ៥ថ្ងៃ៥ ខែកញ្ញា ឆ្នាំ២០១៣ (រូបថត៖បញ្ញា ឆពណ្ណ)

សមត្ថកិច្ចរឹតបន្តឹងមធ្យោបាយដឹកជញ្ជូនទាំងអស់ចូលក្នុងរាជធានីភ្នំពេញ ដោយមានការពិនិត្យ និងដកហូតយកសម្ភារ ឬរបស់មួយចំនួន​ដែលសមត្ថកិច្ចយល់ថា អាចបន្លំយកធ្វើប្រើដើម្បីបង្កគ្រោះថ្នាក់ពេលប្រមូលផ្តុំគាំទ្រមេបក្សប្រឆាំង។​

អ្នករត់ម៉ូតូកង់បី លោក ហ៊ុន​ ចាន់ស៊ី ដែលឌុបភ្ញៀងនៅជាយរាជធានីភ្នំពេញ អះអាងប្រាប់ វីអូឌី នៅថ្ងៃនេះថា កាលពីបុណ្យអុំទូកឆ្នាំមុនៗ សមត្ថកិច្ចមិនបានរឹតបន្តឹងដកហូតសម្ភាររបស់ពួកគាត់ឡើយ ប៉ុន្តែ ក្នុងឆ្នាំនេះ សមត្ថកិច្ចបានពិនិត្យតឹងរ៉ឹង បើមានវិទ្យុទាក់ទង បំពង់ទីប និងញញួរ ជាដើម​ សមត្ថកិច្ចនឹងដកយកទាំងអស់។

«ធ្វើអ៊ីចឹងដូចជាបិទសិទ្ធិសេរីភាពពេកហើយដល់អ៊ីចឹង! ខ្ញុំយល់ឃើញថាអ៊ីចឹង បើពីមុនមកហេតុអីមិនឆែក បិទសេរីភាពក្នុងការធ្វើដំណើររបស់យើង។ យើងមានទៅគិតចេតនា [អាក្រក់] ណាមួយទៅធ្វើទង្វើអ៊ីចឹង។ សម្ភារដែលដាក់ក្នុងកង់បីសម្រា​ប់ពេលខូច យើងមានប្រដាប់ទួល បំពង់ទីប សម្រាប់ដោះកង់ ញញួរ ​របស់របរអីដែលយើងប្រើជាប្រចាំពេលខូច»។

អ្នកបើកកង់បីនៅរាជធានីភ្នំពេញម្នាក់ទៀត លោក ឈៀង ឌួ លើកឡើងថា ការដែលសមត្ថកិច្ចរឹតបន្តឹងការត្រួតពិនិត្យបែបនេះ វាប៉ះពាល់ដល់អារម្មណ៍ភ្ញៀវ។​

« អាហ្នឹងជាការរឹតត្បឹតសេរីភាព[ ក្នុងការបើកបរ] ព្រោះអីកាលពីមុនមិនដែលមាន ដល់អ៊ីចឹងធ្វើឱ្យមានការភ័យខ្លាចខ្លះដែរ ជាពិសេសភ្ញៀវដែលគាត់ជិះនៅខាងក្រោយ គាត់មានការបារម្ភ និងឆ្ងល់»។

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត មានប្រសាសន៍ថា ការរឹតបន្តឹងសន្តិសុខ ដោយធ្វើការពិនិត្យនិងដកហូតសម្ភារលើមធ្យោបាយដឹកជញ្ជូនមួយចំនួននេះ ដើម្បីពង្រឹងសន្តិសុខ ពិសេសបារម្ភខ្លាចមានការយកទៅប្រើពេលប្រមូលផ្តុំជាមួយក្រុមប្រឆាំង។​

«រឿងកង់បីហ្នឹង ប្រសិនមានបង្គោលដែកអ៊ីណុក  កន្លងទៅយើងបានត្រួតពិនិត្យទៅឃើញ។ អ៊ីចឹង យើងសួរថា អាហ្នឹងយកមកធ្វើដើម្បីអី បើគ្រាន់តែដោតទង់ ដោតអីក៏យើងត្រូវហាមដែរ  ព្រោះវាចូលក្នុងល្បិចកលក្នុងការឃោសនាល្បិចកលពួកខ្ញុំក្រុមឧទ្ទាម»

បើតាមស្នងការនគរបាលជាតិ ឱ្យដឹងថា សមត្ថកិច្ចបានដាក់កងកម្លាំងចម្រុះជិត២ម៉ឺននាក់ ដោយថា ដើម្បីរក្សាសណ្ដាប់ធ្នាប់ក្នុងថ្ងៃបុណ្យឯករាជ្យ និងបុណ្យអំទូក។ ចំណែកការពង្រឹងការត្រួតពិនិត្យនេះគឺធ្វើឡើងតាំងពីថ្ងៃទី៦ ខែវិច្ឆិកាមក។​

ការដាក់កងកម្លាំងចម្រុះរឹតបន្តឹងសន្តិសុខច្រើនជាងឆ្នាំមុនៗនេះ ធ្វើឡើងស្របពេលដែលអតីតមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ប្រកាសវិលចូលប្រទេសកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកានេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ