អាមេរិក​ទាមទារ​ឱ្យ​ផ្ដល់​សេរីភាព​ពេញ​លេញ​ដល់​លោក កឹម សុខា ឡើងវិញ

លោក កឹម សុខ អតីតប្រធានគណបក្សសង្គ្រោះជាតិ​(រូបពីហ្វេសប៊ុក លោក កឹម សុខា)

រដ្ឋាភិបាលអាមេរិក បានចាត់ទុកការដោះលែងអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ឱ្យរួចពីការឃុំខ្លួនក្នុងផ្ទះនៅ​ព្រឹកមិញ ជាជំហានឆ្ពោះទៅមុខដ៏មានកម្រិតមួយរបស់រដ្ឋាភិបាលកម្ពុជា។​ នេះបើយោងតាមសំណេរលើទំព័រ Facebook ផ្លូវការរប​ស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បង្ហោះផ្សាយនៅរសៀលថ្ងៃនេះ។

តាមប្រភពដដែលនោះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅតែទាមទារយ៉ាងទទូចឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ស្តារឡើងវិញយ៉ាងពិតប្រាកដនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោះលែង និងទម្លាក់ចោលបទចោទអ្នកទាំងឡាយណាដែលអាមេរិកចាត់ទុកថា ធ្វើឡើងក្រោមហេតុផលនយោបាយ។ ក្នុងសំណេរដដែលនោះ អាមេរិកថ្លែងថា៖

«សហរដ្ឋអាមេរិក​ អំពាវនាវឲ្យមានការដោះលែងដោយឥតលក្ខខណ្ឌ​ចំពោះអ្នកទាំ​ងឡាយណា​ ដែលត្រូវបានចាប់ឃុំខ្លួនដោយទំនើងចិត្ត ​និងខុសច្បាប់​ដោយរួមទាំងអ្នកសារព័ត៌មាន​ សកម្មជនសង្គមស៊ីវិល​ និងអ្នកគាំទ្រ​ ព្រមទាំងសមាជិកនៃគណបក្សនយោបាយប្រឆាំងនានា​»

ក្នុងសំណេរនោះ អាមេរិកលើកឡើងបន្ថែមថា កម្ពុជានឹងទទួលបានប្រយោជន៍បន្ថែមលើផ្នែកអភិបាលកិច្ច និងសេដ្ឋកិច្ចជាតិ ពីការបើកចំហរសិទ្ធិធ្វើនយោបាយពិតប្រាកដសម្រាប់ពលរដ្ឋ និងអតីតបក្សប្រឆាំងទាំងអស់ ដើម្បីឈានទៅរកកិច្ចសន្ទនា ផ្សះ​ផ្សាជាតិមួយ។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ចាត់ទុកការលើកឡើងនេះ គឺគ្រាន់តែជាការយល់ឃើញរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ លោកថា គ្រប់យ៉ាងគឺជាចំណាត់ការរបស់តុលាការ ស្របទៅតាមច្បាប់របស់កម្ពុជា។ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា៖

«រាជរដ្ឋាភិបាលគោរពវិធានការរបស់តុលាការ ចំណុចទី១ ចំណុចទី២ តុលាការគាត់មា​នអង្គហេតុ បើយើងពិនិត្យអង្គហេតុ និងនីតិវិធីចំពោះការចាប់ផ្ដើមនីតិវិធីនោះ គឺតុលាការគេមានចាត់វិធានការដែលមានអង្គហេ​តុផលរបស់តុលាការត្រឹមត្រូវ។ ដូច្នេះ ចំពោះរាជរដ្ឋាភិបាលគ្មានអំណាចអ្វីទៅពាក់ព័ន្ធទៅក្នុងការអំពាវនាវនេះទេ»

ឆ្លើយតបនឹងការដោះលែងនេះ អតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា លើកឡើងក្នុងសំណេរលើទំព័រ Facebook ផ្លូវការរបស់លោកថា ការដោះលែងលោកពីការឃុំខ្លួនក្នុងផ្ទះ ជាជំហានមួយមិនទាន់ផ្តល់យុត្តិធម៌ដល់រូបលោកនៅឡើយ។ លោក កឹម សុខា ថ្លែងក្នុងសំណេរនោះថា៖

«ក្នុងនាមជាបុគ្គលស្អាតស្អំម្នាក់ដែលត្រូវបានរងការឃុំខ្លួនទាំងគ្មានកំហុស២ឆ្នាំមកហើយ ខ្ញុំនៅតែបន្តទាមទារឲ្យទម្លាក់ចោលបទចោទប្រកាន់មកលើរូបខ្ញុំ។ ខ្ញុំរំពឹងថា សេចក្តីសម្រេចក្នុងថ្ងៃនេះគឺជាជំហ៊ានទី១ ប៉ុន្តែ រូបខ្ញុំក៏ដូចជាពលរដ្ឋខ្មែរដទៃទៀតដែលបានបាត់បង់សិទ្ធិសេរីភាពនយោបាយនៅតែត្រូវការដំណោះស្រាយ និងយុត្តិធម៌ពិតប្រាកដ»។

អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ ចាត់ទុកការសម្រេចឱ្យលោក កឹម សុខា រួចពីការឃុំខ្លួនក្នុងផ្ទះលោក ជាជំហានវិជ្ជមានមួយ តែលោកស្រីចាត់ទុកថា នេះមិនមែនជាការដោះលែងឱ្យមានសេរីភាពទេ ដរាបណាបទចោទលើរូបលោកមិនទាន់ត្រូវបានទម្លាក់ចោល។ លោកស្រី មូរ សុខហួរ មានប្រសាសន៍ប្រាប់ វីអូឌី តាមប្រព័ន្ធ WhatsApp ថា៖

«ដោះលែងលោកមកវិញ ដោយមានលក្ខណៈគ្រប់គ្រាន់ ជាប្រធានគណបក្សសង្គ្រោះជាតិ ទើបយើងខ្ញុំអាចទទួលយកបាន។ ក៏ប៉ុន្តែយ៉ាងហោចណាស់ ក៏យើងខ្ញុំឃើញថា មានការជំរុញមួយជំហានជាវិជ្ជមានខ្លះដែរ ហើយយើងចង់ឱ្យលោក ហ៊ុន សែន ជំរុញជំហាននោះឱ្យចប់ទៅ ដើម្បីមានការផ្សះផ្សាជាតិ និងមានការរួបរួមជាតិ ដោះស្រាយបញ្ហាជាតិ​ទាំងមូល»។    

នៅព្រឹកមិញនេះ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឱ្យរួចពីការឃុំខ្លួនក្នុងគេហដ្ឋានរបស់លោកនៅក្នុងខណ្ឌទួលគោក ប៉ុន្តែ នៅតែហាមលោកមិនឱ្យធ្វើសកម្មភាពនយោ​បាយ និងចាកចេញពីប្រទេសកម្ពុជា ក្រោមហេតុផលដើម្បីអនុញ្ញាតឱ្យលោកអាចទៅពិនិត្យសុខភាព និងព្យាបាល។

លោក កឹម សុខា អាយុ ៦៦​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​​ចាប់​ខ្លួន​កាល​ពី​​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ឯពន្ធនាគារ​ត្រពាំង​ផ្លុង ស្ថិត​នៅ​ជិត​ព្រំដែន​កម្ពុជា-វៀតណាម មុន​នឹង​លោក​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ