ក្រុម​អ្នក​តាម​ដាន​ថា ការ​ដោះ​លែង​លោក កឹម សុខា ជា​វិធី​បន្ថយ​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ

លោក កឹម សុខា ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល នៅគេហដ្ឋាន​របស់​លោក នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (បញ្ញា ឆពណ្ណ)

សង្គមស៊ីវិល និងអ្នកវិភាគ លើក​ឡើង​ថា កម្ពុជានៅតែប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ​ផ្ដល់​ឱ្យ​ដោយ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ប្រសិន​បើ​រដ្ឋាភិបាលមិនទម្លាក់​ចោល​ការ​ប្រកាន់លើអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា និងបើកឱ្យគណបក្ស​សង្គ្រោះ​ជាតិ​នេះ មានសិទ្ធិធ្វើនយោបាយទៅតាមការចង់បានរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនោះ។

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង​អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឱ្យរួចពីការឃុំខ្លួនក្នុងគេហដ្ឋានរបស់លោកនៅក្នុងខណ្ឌទួលគោក ក្រោមហេតុផលថា ដើម្បីអនុញ្ញាតឱ្យលោកអាចទៅពិនិត្យ និងព្យាបាល​សុខភាព ប៉ុន្តែ នៅតែហាមលោកមិនឱ្យធ្វើសកម្មភាពនយោបាយ និងចាកចេញពីប្រទេសកម្ពុជា។

ប៉ុន្តែ រដ្ឋាភិបាលអាមេរិក បានចាត់ទុកការដោះលែងអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ឱ្យរួចពីការឃុំខ្លួនក្នុងផ្ទះថា ជាជំហានឆ្ពោះទៅមុខដ៏មានកម្រិតមួយរបស់រដ្ឋាភិបាលកម្ពុជា។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​នៃ​ស្ថានទូត​អាមេរិក​នៅ​រាជ​ធានី​ភ្នំពេញ។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅតែទាមទារយ៉ាងទទូចឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ស្តារឡើងវិញយ៉ាងពិតប្រាកដនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោះលែង និងទម្លាក់ចោលបទចោទអ្នកទាំងឡាយណាដែលអាមេរិកចាត់ទុកថា ធ្វើឡើងក្រោមហេតុផលនយោបាយ។ ក្នុងសំណេរដដែលនោះ អាមេរិកថ្លែងថា៖

«សហរដ្ឋអាមេរិក​ អំពាវនាវឲ្យមានការដោះលែងដោយឥតលក្ខខណ្ឌ​ចំពោះអ្នកទាំ​ងឡាយណា​ ដែលត្រូវបានចាប់ឃុំខ្លួនដោយទំនើងចិត្ត ​និងខុសច្បាប់​ដោយរួមទាំងអ្នកសារព័ត៌មាន​ សកម្មជនសង្គមស៊ីវិល​ និងអ្នកគាំទ្រ​ ព្រមទាំងសមាជិកនៃគណបក្សនយោបាយប្រឆាំងនានា​»

អ្នកឃ្លាំមើលបញ្ហានយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា វិធានការដោះលែងលោក កឹម សុខា ឱ្យរួចពីការឃុំខ្លួនក្នុងនៅផ្ទះរបស់រដ្ឋាភិបាល ធ្វើឡើងដើម្បីបន្ថយសម្ពាធពីសហគមន៍អន្តរជាតិដែលកំពុងធ្វើការតាមដានវាយតម្លៃអំពីស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។

លោកបន្តថា ការដែលតុលាការដោះលែងលោក កឹម សុខា មិនទាន់ធ្វើតាមការចង់បានរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកឡើយ ដោយសារ​តុលាការមិនទាន់ទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា  និងដោះលែងមន្ត្រី រួមទាំងសកម្មជនផ្សេងទៀត ឱ្យមានសេរីភាពក្នុងការធ្វើនយោបាយ។ លោក ឡៃ ម៉ុងហៃ៖

«គេទាមទារច្រើនទៅទៀត ឱ្យគណបក្សសង្គ្រោះជាតិកកើតឡើងវិញ ព្រោះអាហ្នឹង គឺការរំលាយ គំរាមកំហែងគណបក្សសង្គ្រោះជាតិ និងហាមឃាត់គេមិនឱ្យទៅចូលរួមបោះឆ្នោតឆ្នាំ២០១៨ ហ្នឹងក៏ជាមូលហេតុមួយដែលគេដាក់សម្ពាធព្យួរ​ EBA ផងដែរ ជាទាមទារទី២។ ទី៣ ឱ្យអ្នកដែលតុលាការហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយ១១៨នាក់ហ្នឹង គឺឱ្យមានសិទ្ធិសេរីភាពក្នុងការធ្វើសកម្មភាពនយោបាយឡើងវិញ»

អ្នកវិភាគ​នយោបាយ​ លោក​ ឯម​ សុវណ្ណ​រ៉ា​ មើលឃើញថា ការដោះលែងលោក កឹម សុខា ឱ្យរួចពីការឃុំខ្លួនក្នុងនៅផ្ទះមិនទាន់គ្រប់គ្រាន់ឡើយ ដោយសារ សេរីភាពធ្វើនយោបាយរបស់លោកនៅទទួលរងការហាមឃាត់។

លោកបន្តថា ប្រសិនបើរដ្ឋាភិបាលមិនទម្លាក់បទចោទប្រកាន់លើលោក កឹម សុខា បើកសិទ្ធិសេរីភាពឱ្យមន្ត្រី និងអនុញ្ញាតឱ្យអ្នកនៅក្រៅប្រទេសវិលចូលកម្ពុជាដើម្បីធ្វើនយោបាយវិញនោះ លោកថា កម្ពុជានឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP នៅពេលខាងមុខនេះ។ លោក ឯម សុវណ្ណរ៉ា មាន​ប្រសាសន៍​ថា៖

«ខ្ញុំគិតថា នៅក្នុងរយៈពេលពីថ្ងៃនេះទៅ​ គឺថ្ងៃទី១២ ខែក្រោយនេះ នឹងមានស្ថានភាពប្រែប្រួលច្រើន អាចនឹងសង្ឃឹមថា នឹងមានភាពធូរស្រាល​ និងទម្លាក់បទចោទប្រកាន់លើ លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ ប៉ុន្តែអត់ទម្លាក់ទេ អត់ឆ្លើយតបទេ ទៅនឹងអ្វីដែលសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកលើកឡើងទេ។ ខ្ញុំគិតថា កម្ពុជាអាចប្រឈមនឹងបាត់បង់ [EBA និង GSP]»។

លោក​ អៀ សុផល សាស្រ្តាចារ្យរងផ្នែកការទូត និងកិច្ចការពិភពលោក​នៅ​ឯ​ Occidental College នៅ​សហរដ្ឋ​អាមេរិក យល់ឃើញថា ការសម្រេចរបស់តុលាការក្រុងភ្នំពេញ ធ្វើឡើងដើម្បីបន្ធូរបន្ថយសម្ពាធពីសហគមន៍អន្តរជាតិដែលកំពុងធ្លាក់ទៅលើរដ្ឋាភិបាល ហើយវិញទៀត វាអាចជាយុទ្ធសាស្ត្រមួយរបស់រដ្ឋាភិបាល ដើម្បីបំបែកបាក់លោក កឹម សុខា និងលោក សម រង្ស៊ី។ លោក​ អៀ សុផល មាន​ប្រសាសន៍​ថា​៖

«ខ្ញុំយល់ថា ការបន្ធូរបន្ថយនេះ មិនអាចបន្ធូរបន្ថយសម្ពាធអន្តរជាតិដែលដូចជាទឹកកំពុងពុះនោះបានទេ។ ប៉ុន្តែ វាអាចបានត្រឹមតែ១ដឺក្រេប៉ុណ្ណោះ។ អាមេរិក និងសហភាពអឺរ៉ុប គួរតែបង្កើនការដាក់សម្ពាធលើរដ្ឋាភិបាលក្រុងភ្នំពេញបន្ថែមទៀត ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរ១៨០ដឺក្រេជាចាំបាច់ ដោយការរួមគ្នាបង្កើតរបាំងយក្សមួយ។ បើរដ្ឋាភិបាលក្រុងភ្នំពេញនៅតែមានៈដើរឆ្លង ពួកគេនឹងបុករបាំងនោះ ហើយចាំបាច់ត្រូវត្រឡប់ក្រោយវិញទើបជាការល្អប្រសើរ»

សហភាពអឺរ៉ុប បានយកប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា ឱ្យស្ដារប្រជាធិបតេយ្យ ដោះលែងលោក កឹម សុខា និងឱ្យអតីតគណបក្សប្រឆាំងបានដំណើរការឡើងវិញ ជាថ្នូរនឹងការរក្សាទុកប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មនេះ។

អ្នកនាំពាក្យរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន បានច្រានចោលការលើកឡើងនោះ ដោយថា ការដោះលែងលោក កឹម សុខា មិនមែនដើម្បីបន្ធូរបន្ថយសម្ពាធអន្តរជាតិឡើយ។ លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា​៖

«រឿងនេះមិនមែនជារឿងនយោបាយទេ ជារឿងការងារយុត្តិធម៌របស់តុលាការដែលត្រូវបន្ធូរបន្ថយ លក្ខខណ្ឌតុលាការ​ទៅលើជនសង្ស័យតែប៉ុណ្ណឹងទេ អត់មានរឿងអីទៅណាទៀតទេ។ ដូច្នេះ កុំនិយាយ​យករឿងលោក កឹម សុខា ទៅពាក់ព័ន្ធនឹង EBA និង GSP។ អ្នកដែលយកលោក កឹម សុខា ទៅពាក់ព័ន្ធហ្នឹង បានន័យថា លោក កឹម សុខា ជាចំណាប់ខ្មាំងនៃរឿងនយោបាយរបស់ពួកគាត់ទាំងអស់ហ្នឹង។ ដូច្នេះ សូមអភ័យទោស កុំថា អ៊ីចឹង ត្រូវគោរពសិទ្ធិលោក កឹម សុខា ជាមនុស្សធម្មតា ក៏ប៉ុន្តែ គោលការណ៍ចោទប្រកាន់ គឺតុលាការ»

ការបាត់បង់ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មពីសហភាពអឺរ៉ុបនេះ សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅ​កាត់​ថា GMAC បាន​​លើក​ឡើង​ថា នឹងធ្វើឱ្យប៉ះពាល់ដល់កម្មកររោងចក្រ ៧៥ម៉ឺននាក់ និងប៉ះពាល់ដល់ពលរដ្ឋខ្មែរ ៣លានគ្រួសារផ្សេងទៀតដោយប្រយោល។

អតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា បានលើកឡើងក្នុងសំណេរលើទំព័រ Facebook ផ្លូវការរបស់លោកកាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ការដោះលែងលោកពីការឃុំខ្លួនក្នុងផ្ទះ គ្រាន់តែជាជំហានមួយ ប៉ុន្តែ មិនទាន់បានផ្តល់យុត្តិធម៌ដល់រូបលោកនៅឡើយ។

លោកទាមទារឱ្យតុលាការទម្លាក់បទចោទប្រកាន់លើរូបលោក ដោយថា លោកជាបុគ្គលស្អាតស្អំម្នាក់ ប៉ុន្តែ បែរ​ជាត្រូវរងការឃុំខ្លួនទាំងគ្មានកំហុស ២ឆ្នាំទៅវិញ។ លោក កឹម សុខា ថ្លែងក្នុងសំណេរនោះថា៖

«ក្នុងនាមជាបុគ្គលស្អាតស្អំម្នាក់ដែលត្រូវបានរងការឃុំខ្លួនទាំងគ្មានកំហុស២ឆ្នាំមកហើយ ខ្ញុំនៅតែបន្តទាមទារឲ្យទម្លាក់ចោលបទចោទប្រកាន់មកលើរូបខ្ញុំ។ ខ្ញុំរំពឹងថា សេចក្តីសម្រេចក្នុងថ្ងៃនេះគឺជាជំហានទី១ ប៉ុន្តែ រូបខ្ញុំក៏ដូចជាពលរដ្ឋខ្មែរដទៃទៀតដែលបានបាត់បង់សិទ្ធិសេរីភាពនយោបាយនៅតែត្រូវការដំណោះស្រាយ និងយុត្តិធម៌ពិតប្រាកដ»។

លោក កឹម សុខា អាយុ ៦៦ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបានបញ្ជូនទៅឃុំខ្លួននៅឯពន្ធនាគារត្រពាំងផ្លុង ស្ថិតនៅជិតព្រំដែនកម្ពុជា-វៀតណាម មុននឹងលោកត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ