លោក កឹម សុខា ជួប​ជជែក​ដំបូង​គេ​ជាមួយ​អគ្គ​រដ្ឋ​ទូត​បារាំង​មួយ​ថ្ងៃ​ក្រោយ​ត្រូវ​បាន​ដោះ​លែង​

លោក កឹម សុខា ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល ចាប់​ដៃ​ជាមួយ​អគ្គរដ្ឋ​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី Eva Nguyen Binh នៅ​ឯ​គេហដ្ឋាន​របស់​លោក នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (បញ្ញា ឆពណ្ណ)

មេដឹកនាំ​អតីត​បក្ស​ប្រឆាំង លោក កឹម សុខា ជួប​ពិភាក្សា​ជាមួយ​អគ្គ​រដ្ឋ​ទូត​បារាំង​នៅ​ព្រឹក​ថ្ងៃ​នេះ ជា​ជំនួប​ដំបូង​របស់​លោក​ជាមួយ​មន្ត្រី​ការទូត​បរទេស​ ក្រោយ​ពី​រូប​លោក​ត្រូវ​បាន​ដោះ​លែង​ឱ្យ​រួច​ផុត​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ។

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា វ័យ ៦៦​ឆ្នាំ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​សម្រេច​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អនុញ្ញាត​ឱ្យ​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ និង​ចាក​ចេញ​ពី​គេហ​ដ្ឋាន​របស់​លោក​ហើយ ប៉ុន្តែ មិន​អនុញ្ញាត​ឱ្យ​លោក​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស និង​ធ្វើ​សកម្មភាព​នយោបាយ​នោះ​ឡើយ។

មួយ​ថ្ងៃ​ក្រោយ​ពី​ត្រូវ​បាន​ដោះ​លែង មេដឹកនាំ​អតីត​បក្ស​ប្រឆាំង​រូប​នេះ បាន​ជួបជជែក​ជាមួយ​អ្នកស្រី Eva Nguyen Binh អគ្គរដ្ឋ​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា នៅ​ម៉ោង​ខ្ទង់ ១០​កន្លះ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​នេះ។

នេះ​គឺ​ជា​ជំនួប​លើក​ដំបូង​របស់​លោក កឹម សុខា ជាមួយ​មន្ត្រី​ការរទូត​បរទេស​ប្រចាំ​នៅ​កម្ពុជា មួយ​ថ្ងៃ​ក្រោយ​ពី​រូប​លោក​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មាន​សេរីភាព​ធ្វើ​ដំណើរ​លើស​ពី​ព្រំ​ប្រទល់ ដែល​ត្រូវ​បាន​កំណត់​ដោយ​តុលាការ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក។

តែ​យ៉ាងណា លោក​ កឹម សុខា មិន​បាន​ថ្លែង​អ្វី​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​​ដែលបាន​តាម​ដាន​ជំនួប​នេះ​នោះ​ឡើយ បន្ទាប់​ពី​លោក​បាន​ចេញ​មក​ទទួល​អគ្គរដ្ឋ​ទូត​បារាំង។

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ចាប់​ខ្លួន​ទាំង​យប់​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ឯពន្ធនាគារ​ត្រពាំងផ្លុង ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ នៅ​ជិត​ព្រំដែន​កម្ពុជា-វៀតណាម រហូត​ដល់​​លោក​ត្រូវ​បាន​បញ្ជូន​មក​ដាក់​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ