សហគមន៍អន្តរជាតិ ជំរុញជាថ្មីឱ្យផ្តល់សេរីភាពដល់លោក កឹម សុខា ឡើងវិញទាំងស្រុង

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ចាប់​ដៃ​ជាមួយ​អគ្គរដ្ឋ​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី Eva Nguyen Binh នៅ​ឯ​គេហដ្ឋាន​របស់​លោក នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ រូបថត៖ ស្រី សុភ័ក្រ

សហគមន៍អន្តរជាតិ មានសហភាពអឺរ៉ុប (EU) ជប៉ុន និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ បានអំពាវនាវជាថ្មីឱ្យ​​ដោះលែងលោក កឹម សុខា មានសេរីភាពឡើងវិញទាំងស្រុង និងស្តារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សពេ​ញ​​​លេញនៅកម្ពុជា។

ការអំពាវនាវនេះ ធ្វើឡើងព្រមៗគ្នាក្រោយតុលាការរាជធានីភ្នំពេញបន្ធូរលក្ខខណ្ឌត្រួតពិនិត្យលើអតីតមេបក្សប្រ​ឆាំ​ង លោក កឹម​ សុខា កាលពីថ្ងៃអាទិត្យ ដោយអនុញ្ញាតឱ្យលោកអាចដើរហើរសេរី តែហាមធ្វើសកម្មភាពនយោបាយ ឬចេ​ញ​ពី​​ព្រំដែនសីមាកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍ពីទីក្រុងព្រុចសែល ចុះថ្ងៃទី១១ ខែវិច្ឆិកា អ្នកនាំពាក្យសហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេស និងនយោ​បាយស​ន្តិ​សុខ លោកស្រី Maja Kocijancic លើកឡើងថា ការបន្ធូរបន្ថយនេះ ជាជំហានវិជ្ជមានមួយ។ លោកស្រី Maja Kocijancic ថ្លែងថា៖

«យើងរំពឹងថា លោក កឹម សុខា នឹងត្រូវបានដោះលែង និងផ្តល់សិទ្ធិនយោបាយឡើងវិញទាំងស្រុង ដូច្នេះ លោកអាចប្រឡូកក្នុងជីវិតនយោបាយមួយពេញលេញ។ យើងក៏រំពឹងថា អាជ្ញាធរកម្ពុជានឹងផ្តល់សិទ្ធិធ្វើន​យោ​បាយដល់សមាជិកបក្សប្រឆាំងទាំងអស់ឡើងវិញ ព្រមទាំងដោះលែងសមាជិក អ្នកគាំទ្រ និងសកម្មជនបក្សនេះ ដែលបានដាក់ឱ្យនៅក្រោមការឃាត់ខ្លួនថ្មីៗ»។

ក្នុងលិខិតដដែលនោះ EU ក៏ជំរុញផងដែរឱ្យរដ្ឋាភិបាលកម្ពុជា បើកលំហនយោបាយជាបន្ទាន់សម្រាប់អតីតបក្សប្រឆាំង និងផ្តួចផ្តើមឱ្យមានការសន្ទនាឈានទៅរកការផ្សះផ្សាជាតិ។

ដោយឡែក លេខាធិការទី១ នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា កញ្ញា Kaori Tanabe ឱ្យដឹងថា ជប៉ុនសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា នឹងចាត់វិធានការរឹងមាំបន្ថែមទៀតសម្រាប់ការពង្រឹងលទ្ធិប្រជាធិបតេយ្យ។ កញ្ញា Kaori Tanabe ប្រាប់ វីអូឌី តាមសារអេឡិចត្រូនិចថា៖

«ជប៉ុនក៏សង្ឃឹមដែរថា សេរីភាព និងសិទ្ធិមនុស្សនឹងត្រូវបានធានាតា​ម​រយៈការសន្ទនាដែលប្រកបដោយផ្លែផ្កា និងសន្តិវិធី ក្នុងចំណោមតួអង្គអ្នកនយោបាយមកពីគ្រប់និន្នាការ ដើម្បីលើកស្ទួយដំណើរការលទ្ធិប្រជាធិបតេយ្យក្រោមការរួបរួមនៃប្រជាជនកម្ពុជា»។   

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោកស្រី រ៉ូណាល់ ស្មីត បានលើកឡើងក្នុងលិខិតមួយបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកស្រី​ ដោយសម្តែងការសោកស្តាយដែលតុលាការរាជធានីភ្នំពេញ មិនទម្លាក់ចោលបទចោទទាំង​ស្រុងទៅលើលោក កឹម សុខា រួមទាំងមនុស្ស៨៥នាក់ដែលត្រូវបានចាប់ឃាត់ខ្លួន។ ក្នុងលិខិតដដែលនោះ លោកស្រីមានប្រសាសន៍ថា៖

«ខ្ញុំសូមប្រកាសការអំពាវនាវរបស់ខ្ញុំម្តងទៀតទៅកាន់រដ្ឋាភិបាលកម្ពុជា និងគ្រប់ភាគីគណបក្សនយោបាយ ឱ្យកាត់បន្ថយការកើនឡើងនៃភាពតានតឹង ហើយស្វែងរកការសន្ទនាក្នុងបរិយាកាសសន្តិភាព ដើម្បីបង្កើនភាពចម្រុះនៃសំឡេងនយោបាយ ហើយចៀសវាងការរឹតត្បឹតទៅលើសិទ្ធិក្នុងការបញ្ចេញមតិ និងជួបជុំដោយសន្តិវិធីបន្ថែមទៀត»។ 

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន លើកឡើងថា ការលើកឡើងរបស់សហគមន៍អន្តរជាតិទាំងនោះ គឺធ្វើឡើងតាមមនោសញ្ចេតនារបស់ពួកគេចំពោះអតីតមេបក្សប្រឆាំង និងអ្នកគាំទ្រប៉ុណ្ណោះ។ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា៖

«មិត្តបរទេសហ្នឹង គឺលើកឡើងទៅតាមមនោសញ្ចេតនារបស់ពួកគេទេ។ រាជរដ្ឋាភិបាលគោរពនូវនិត្យានុកូលភាព (ភាពស្របច្បាប់) និងដំណើរការយុត្តិធម៌។ ការបន្ធូរបន្ថយជាលក្ខខណ្ឌ ជាអំណាចរបស់តុលាការ ដែលគាត់បន្ធូរបន្ថយ មិនមែនឋិតនៅក្រោមសម្ពាធរបស់អ្នកណា ហើយបំណងរបស់អ្នកណាទេ អាស្រ័យតែតុលាការ ឈរលើមូលដ្ឋានអង្គហេតុ និងអង្គច្បាប់»

កាលថ្ងៃទី១០ ខែវិច្ឆិកា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្ធូរបន្ថយការដាក់ឱ្យនៅក្រោមការពិនិត្យរបស់តុលាការលើមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប៉ុន្តែ នៅតែហាមលោកមិនឱ្យធ្វើសកម្មភាពនយោ​បាយ និងចាកចេញពីប្រទេសកម្ពុជា ក្រោមហេតុផលដើម្បីអនុញ្ញាតឱ្យលោកអាចទៅពិនិត្យសុខភាព និងព្យាបាល។

លោក កឹម សុខា អាយុ៦៦​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​​ចាប់​ខ្លួន​កាល​ពី​​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ឯពន្ធនាគារ​ត្រពាំង​ផ្លុង ស្ថិត​នៅ​ជិត​ព្រំដែន​កម្ពុជា-វៀតណាម មុន​នឹង​លោក​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ