លោក សម រង្ស៊ី បានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌូនេស៊ីហើយនៅព្រឹកនេះ

លោក សម រង្ស៊ី ឈរអមជាមួយ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​លោក ម៉ែន សុថាវរិន្ទ (ឆ្វេង) និងលោក តុ វ៉ាន់ចាន់ (ស្ដាំ) នៅព្រលានយន្តហោះគូឡាឡាំពួ ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក Mu Sochua

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឱ្យ​ដឹង​ថា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បានធ្វើដំណើរមកដល់ប្រទេសឥណ្ឌូនេស៊ីហើយ​កាល​ពី​ព្រឹក​មិញ​នេះ ក្រោយ​ពី​ពុំ​បាន​​ហោះហើរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

កាលពីថ្ងៃម្សិលមិញ ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយ​ថា ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានឃាត់ខ្លួនលោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ មិនឱ្យឡើងយន្តហោះចាកចេញពីទីក្រុងគូឡាឡាំពួ ទៅកាន់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីឡើយ។

បើ​តាម Reuters ដំណើរ​របស់​លោក សម រង្ស៊ី ត្រូវ​បាន​ហាម​ឃាត់​បែប​នេះគឺ​ទៅ​តាម​​ការណែនាំរបស់អាជ្ញាធរឥណ្ឌូណេស៊ី។

អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ បានអះអាងថា លោក សម រង្ស៊ី បានធ្វើដំណើរចូលដល់ទឹកដីប្រទេសឥណ្ឌូនេស៊ីរួចរាល់ហើយកាលពីព្រឹកមិញនេះ។

ភ្ជាប់នឹងរូបថតមួយសន្លឹកដែលបង្ហាញវត្តមានរបស់លោក សម រង្ស៊ី ឈរអមជាមួយ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក តុ វ៉ាន់ចាន់ និង​លោក ម៉ែន សុថាវរិន្ទ លោកស្រី សុខហួរ បានសរសេរបញ្ជាក់ថា លោក សម រង្ស៊ី គ្រោង​ជួបតំណាងរាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ីថែមទៀតផង។ លោកស្រី មូរ សុខហួ បញ្ជាក់ប្រាប់​តាម​បណ្ដាញ​សង្គម​ថា៖

«លោកប្រធានស្តីទី សម រង្ស៊ី បានអញ្ជើញមកដល់ទីក្រុងហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ីដោយមានសុវត្ថិភាព ហើយកំពុងតែជួបប្រជុំជាមួយអ្នកតំណាងរាស្ត្រនៅពេលនេះ។ ចាស៎ នៅពេលនេះ ១៤ វិច្ឆិកា»

ទាក់ទងនឹងការផ្អាកដំណើររបស់លោក សម រង្ស៊ី កាលពីថ្ងៃម្សិលមិញ VOD មិនអាចទំនាក់ទំនងសុំការពន្យល់ពីក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី និងស្ថានទូតឥណ្ឌូនេស៊ីបានទេ ដោយផ្ញើសំណួរតាមរយៈសារអេឡិចត្រូនិច តែពុំទទួលបានការឆ្លើយតបឡើយ។

មុន​ដំណើរ​លោក សម រង្ស៊ី ទៅ​កាន់​ទីក្រុង​ហ្សាកាតា​នោះ អ្នកស្រី មូរ សុខហួរ បាន​ធ្វើ​ដំណើរ​ទៅ​ម្ដង​រួច​មក​ហើយ និង​បាន​រៀបចំ​សន្និសីទ​កាសែត​នៅ​ទីនោះ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ប៉ុន្តែ សន្និសីទ​កាសែត​នោះត្រូវ​បាន​រារាំង​ពី​សំណាក់​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ក្រុង​ហ្សាកាតា លោក ហោ ណាំបូរ៉ា ជា​កូន​ប្រុស​អតីត​រដ្ឋ​មន្ត្រី​ការបរទេស លោក ហោ ណាំហុង។

វីអូឌី​បាន​ទំនាក់​ទំនង​ទៅ​លោក ហោ ណាំបូរ៉ា ដើម្បី​សាក​សួរ​អំពី​ប្រតិកម្ម​របស់​លោក​ទៅ​នឹង​វត្តមាន​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​លើ​ទឹក​ដី​ឥណ្ឌូនេស៊ី​ផង​ដែរ ប៉ុន្តែ គ្មាន​ការ​ឆ្លើយ​តប​នោះ​ឡើយ​មក​ដល់​រសៀល​ថ្ងៃ​នេះ។

ដំណើរទៅដល់ប្រទេសឥណ្ឌូនេស៊ីរបស់លោក សម រង្ស៊ី នាថ្ងៃនេះ គឺក្រោយពេលរូបលោកបានជួបប្រជុំជាមួយសមាជិករដ្ឋសភា និងរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី កាលពីថ្ងៃទី១២ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់តំណាងរាស្ត្រម៉ាឡេស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ