លោក រ៉ាត់ រត្នមុនី ប្រកាសដាក់ជីវិតថាខ្លួនមិនមែនជាផលិតករភាពយន្តឯកសារ«ម្តាយខ្ញុំលក់ខ្ញុំ»នោះទេ

ប្រធានសហជីពកម្មករសំណង់លោក រ៉ាត់ រត្នមុនី។ រូបភាព៖ ហ្វេសប៊ុក Rath Rott Mony

លោក រ៉ាត់ រត្នមុនី បានប្រកាសដាក់ជីវិតថា លោកពុំមែនជាអ្នកផលិតខ្សែភាពយន្តឯកសារ «ម្តាយខ្ញុំលក់ខ្ញុំ» នោះឡើយ។

ការប្រកាស​របស់​លោក រ៉ាត់ រ័ត្នមុនី ធ្វើឡើងក្នុងពេល​ជំនុំជម្រះនៅសាលាឧទ្ទរណ៍កាលពីព្រឹកមិញនេះ។

«ម្តាយខ្ញុំលក់ខ្ញុំ» ជាខ្សែភាពយន្តឯកសារដែលផលិតដោយសារព័ត៌មាន Russia Today (RT) មានរយៈពេលប្រមាណ២៨នាទី ជាភាសាអង់គ្លេស បង្ហាញអំពីការរស់នៅរបស់ពលរដ្ឋមួយចំនួនដែលមានប្រាក់ចំណូលប្រចាំថ្ងៃទាបជាង១ដុល្លារ ប្រឈមនឹងការលំបាក រហូតមានអ្នកខ្លះសម្រេចចិត្តលក់ព្រហ្មចារីយ៍កូនដើម្បីជីវភាពរស់នៅ។

ក្រោយបញ្ចប់ការផលិត ខ្សែភាពយន្តឯកសារនេះត្រូវគេយកមកផ្សព្វផ្សាយបន្តគ្នាតាមបណ្តាញសង្គមហ្វេសប៊ុក(Faebook) ដោយទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកទស្សនា។ រដ្ឋាភិបាលកម្ពុជា ថាវីដេអូដែលផ្សព្វផ្សាយនេះនាំឱ្យមានការរើងអើង និងប៉ះពាល់ដល់កិត្តិយសជាតិ ហើយសម្រចឱ្យមានការតាមចាប់ខ្លួនអ្នកបកប្រែជាជនជាតិខ្មែរ គឺលោក រ៉ាត់ រ័ត្នមុនី រហូតប្រទេសថៃតែម្តង។

លោក រ៉ាត់ រ័ត្នមុនី អ្នកបកប្រែឱ្យទូរទស្សន៍RT ក្នុងសវនាការនៅឯសាលាឧទ្ធរណ៍កាលពីព្រឹកមិញនេះ ថ្លែងបដិសេធជាថ្មីថា ខ្លួនពុំមែនជាអ្នកដឹកនាំការផលិតវីដេអូឯកសារ «ម្តាយខ្ញុំលក់ខ្ញុំ» ទេ លោកគ្រាន់ជាអ្នកធ្វើការបកប្រែភាសាឱ្យអ្នកសារព័ត៌មានរបស់រុស្ស៊ី ដោយទទួលកម្រៃ១២០ដុល្លាក្នុងមួយថ្ងៃ។ លោកបន្តថា​ មុនផ្តើមការងារ លោកដឹងត្រឹមថាក្រុមការងារ គេថតវីដេអូឯកសារដែលមានចំណងជើងថា «កម្ពុជាក្រោយរបបខ្មែរក្រហម» ការជ្រើសអ្នកសម្ភាសន៍ និងការសួរសំណួរទាំងឡាយ សុទ្ធជាការដឹកនាំរបស់បរទេសទាំងអស់។

លោក មុនី ថាក្រោយថតចប់ លោកក៏ទៅបំពេញការងារបន្តនៅថៃ ពុំដឹងពីការកាត់តផលិតវីដេអូ និងការដាក់ចំណងជើងរឿងថ្មីឡើយ។ លោកលើកឡើងក្នុងអង្គសវនាការនោះថា ការចោទប្រកាន់របស់ដើមបណ្តឹងទាំងឡាយថាលោកបានលួងលោម និងដឹកនាំឱ្យពួកគេសម្ដែង គឺជារឿងមិនពិត ព្រោះក្រៅពីអ្នកស្រី កែវ ម៉ាឡៃ ជាអតីតជនរងគ្រោះព្រោះទំនាស់ដីនៅតំបន់បឹងកក់ ប្រភពផ្សេងទៀតលោកពុំធ្លាប់បានស្គាល់ពីមុនមកឡើយ។

មេធាវីការពារក្តី លោក រ៉ាត់ រ័ត្នមុនី លោកមេធាវី​ សំ ទិត្យសីហា បានលើកយក៥ចំណុចសំខាន់ៗអះអាងបញ្ជាក់ទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដើម្បីទម្លាក់ចោលបទចោទចំពោះកូនក្តីរបស់លោក។ លោក លើកឡើងថា​ទី១ RTបានចេញលិខិតបញ្ជាក់ទៅក្រសួងព័ត៌មានថា វីដេអូឯកសារគឺជាកម្មសិទ្ធរបស់គេ ទី២ លោក មុនី មាននាទីជាអ្នកបកប្រែ ទី៣ ដើមចោទបានត្រឹមនិយាយគ្មានមូលដ្ឋាន អត់ភស្តុ​តាងបញ្ជាក់ ទី៤កូនក្តីខ្លួនហ៊ានប្រកាសដាក់ជីវិតបដិសេធមិនបានធ្វើដូចការចោទ ទី៥ ជនជាប់ចោទមិនបានស្គាល់ ឬណែនាំប្រភពមុនថតឡើយ។

ដើមបណ្តឹង​ដែល​ជា​ប្រភពក្នុង​ភាពយន្តឯកសារ​«ម្តាយខ្ញុំលក់ខ្ញុំ» មិនមាន​វត្តមាន​នៅ​ក្នុងអង្គសវនាការព្រឹកមិញនេះទេ។

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោស កាលពីថ្ងទី២៦ ខែមិថុនា ឱ្យរូបលោកជាប់ពន្ធនាគារ២ឆ្នាំ ក្រោមបទចោទ «ញុះញង់ឱ្យមានការរើសអើង»

លោក មុនី ត្រូវប៉ូលីសថៃចាប់ឃាត់ខ្លួន នៅទីក្រុងបាងកក នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ខណៈលោកកំពុងសុំសិទ្ធជ្រកកោននៅឯការិយាល័យសុំទិដ្ឋាការទៅប្រទេសហូឡង់។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានបញ្ជាក់ទៅលោក រ៉ាត់ រ័ត្នមុនី ថាភស្តុតាងដាក់បន្ទុកលោក ទី១ គឺវីដេអូឯកសារដែលមានដាក់ឈ្មោះលោកជាអ្នកផលិត និងទី២ ដើមបណ្តឹងសុទ្ធអះអាងថា លោកជាអ្នកលួងលោមដឹកនាំឱ្យពួកគេសម្ដែងដើម្បីថត ខុសរឿងពិតដែលពួកគេជាសិស្សសាលា និងមានគ្រួសារត្រឹមត្រួវ។

មុនប្រកាសបិទសវនាការ​នៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញកាលពីព្រឹកមិញនេះ លោក រ៉ាត់ រត្នមុនី បានសំណូមពរខ្លីទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះសូមទម្លាក់ចោលបទចោទទាំងស្រុងចំពោះរូបលោក។ សាលាឧទ្ធរណ៍នឹងប្រកាសសាលដីការសំណុំរឿងលោក រ៉ាត់ រត្នមុនី នាថ្ងៃទី២៩ ខែវិច្ឆិកា ខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ