ហ៊្វុនស៊ិនប៉ិច​បណ្ដេញ​​មន្ដ្រី​ជាន់​ខ្ពស់​បួន​រូប​​​ ចំពេលរៀបចំ​​រួបរួម​ជា​ថ្មី​នឹង​ក្រុម​​លោក ញឹក ប៊ុនឆៃ

ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងសមាជគណបក្សនាពេលកន្លងមក (FN)

​មន្ត្រី​ជាន់​ខ្ពស់​៤​រូប​នៃ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច បាន​ទាមទារ​ទៅ​ថ្នាក់​ដឹកនាំ​ខ្លួន​ ឱ្យ​បក​ស្រាយ​ពី​មូល​ហេតុ​នៃ​ការ​បញ្ឈប់​ពួកគេ​ពី​តួនាទី​ដឹកនាំ​នៅ​ក្នុង​បក្ស​ ខណៈ​បក្ស​មួយ​នេះ និង​គណបក្ស​ដឹកនាំដោយ​លោក ញឹក ប៊ុនឆៃ បាន​ចាប់​ផ្ដើម​ជជែក​អំពី​លទ្ធភាព​នៃ​ការ​ប្របាច់​បញ្ចូល​គ្នា​ជាថ្មី​។

មន្ត្រី​ជាន់​ខ្ពស់​ ៤​រូប​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​អគ្គ​លេខាធិការ លោក ពេជ្រ សូដេថ្ថា អគ្គលេខាធិការ​រង លោក រស់ សាផន អគ្គលេខាធិការ​រង លោក ណុប សុធារិទ្ធ និង​អ្នកស្រី កង បូរាណ នាយ​ខុទ្ទកាល័យ​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ ត្រូវ​បាន​បញ្ឈប់​ពី​តួនាទី​ដឹកនាំ​របស់​បក្ស​កាល​ចាប់​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។

​សេចក្ដី​សម្រេច​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​​ប្រធាន​ស្តីទី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ព្រះ​អង្គ​ម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ ដែល​ជា​បុត្រា​ច្បង​របស់​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ។

លោក ណុប សុធារិទ្ធ ដែល​កាន់​តំណែង​អ្នក​នាំ​ពាក្យ​បក្ស​មុន​សេចក្ដី​សម្រេច​នេះ​កើត​ឡើង​នោះ បានអះអាងថា លោក​ពុំ​បាន​ដឹង​អំពី​មូល​ហេតុ​នៃ​ការ​បញ្ឈប់​រូប​លោក​នោះ​ឡើយ ហើយ​លោក​ចាត់​ទុក​សេចក្ដី​សម្រេច​នេះ​ថា ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​«ខុស​ច្បាប់»

លោក ណុប សុធារិទ្ធ ប្រាប់ថា៖ «ខ្ញុំយល់ឃើញថា សកម្មភាពដែលធ្វើមកលើពួកខ្ញុំនេះ ជារឿងអយុត្តិធម៌។ ខ្ញុំអត់មានប្រព្រឹត្តិកំហុសអីទេ។ ខ្ញុំសោកស្តាយដែរ នាល្ងាចថ្ងៃទី១៦ហ្នឹង ប្រធានស្តីទីគណបក្សបានយកកងកម្លាំងទៅព័ទ្ធទីស្នាក់ការបក្សហ្វុនស៊ិនប៉ិចតែម្តង»

លោក សុធារិទ្ធ បាន​ប្រាប់​ទៀត​ថា ប្រការ២៤ នៃ​លក្ខន្តិកៈរបស់គណបក្ស បាន​កំណត់​ថា អ្នកដែលធ្វើប្រធានស្តីទីបានលុះត្រាតែអ្នកហ្នឹងឆ្លងកាត់ពីអនុប្រធាន ហើយមានការផ្ទេរសិទ្ធឱ្យទៅជាប្រធានស្តីទី​ពី​សំណាក់​ព្រះ​ប្រធាន​គណបក្ស​ដែរ ប៉ុន្តែ លោក​ថា គណបក្ស​នេះ​មិន​ដែល​មាន​ប្រធាន​ស្ដី​ទី​នោះ​ឡើយ។

VOD មិនអាចទំនាក់ទំនង​ប្រធានស្តីទីគណបក្សហ្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ស្រាយបំភ្លឺអំពីមូលហេតុនៃការបញ្ឈប់​សមាជិក​ជាន់​ខ្ពស់​របស់​បក្ស​បាន​នោះ​ទេ​នៅ​ថ្ងៃ​នេះ ព្រោះ​ទូរសព្ទ​មិន​ចូល។

លោក ផន ចន្ថា ដែល​ប្រាប់​ថា ជា​អគ្គ​លេខាធិការ​រង​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​បដិសេធ​ធ្វើការ​បក​ស្រាយ​បន្ថែម​ជុំ​វិញ​បញ្ហា​នេះ ដោយ​លោក​ប្រាប់​ឱ្យ​រង់ចាំ​ការ​បក​ស្រាយ​ពី​អ្នក​នាំ​ពាក្យ​ថ្មី​របស់​បក្ស ដែល​លោក​ថា នឹង​ត្រូវ​បាន​តែង​តាំង​នា​ពេល​ខាង​មុខ។

លោក ផន ចន្ថា ប្រាប់ថា៖«ចំណែកសំណួរក្មួយសួរមិញហ្នឹង ខ្ញុំមិនអាចឆ្លើយបានទេ ព្រោះគ្មានការអនុញ្ញាត ក៏ប៉ុន្តែ ចាំមានអ្នកគេនាំពាក្យអី អាចនឹងបកស្រាយជូនណា៎ក្មួយណា»

សេចក្ដី​សម្រេច​បញ្ឈប់​សមាជិកភាព​មន្ត្រី​ជាន់​ខ្ពស់​បក្ស​នេះ បាន​កើត​ឡើង​ជិត ១​ខែ​ក្រោយ​ពី​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ និង​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ បាន​ផ្ដួច​ផ្ដើម​ឱ្យ​​គណបក្ស​ទាំង​នេះ​ច្របាច់​បញ្ចូល​គ្នា​ជា​ថ្មី។

គណបក្ស​រាជា​និយម​មួយ​នេះ ត្រូវ​បាន​បំបែក​ជា​ពីរ​កាល​ពី​ឆ្នាំ​២០០៦ បន្ទាប់​ពី​លោក ញឹក ប៊ុនឆៃ ដែល​កាល​នោះ​ជា​អគ្គលេខាធិការ​បក្ស បាន​សម្រេច​ប្ដឹង​សម្ដេចក្រុម​ព្រះ នរោត្ដម រណឫទ្ធិ ជុំ​វិញ​ការ​ចោទ​ថា បាន​លក់​ទីស្នាក់ការ​បក្ស​នៅ​រង្វល់​មូល​គល់​ស្ពាន​ជ្រោយ​ចង្វា​កាល​ពី​ឆ្នាំ​២០០៥ ហើយ​យក​លុយ​នោះ​ដាក់​ចូល​ហោ​បៅ​ផ្ទាល់​ខ្លួន។

លោក ញឹក ប៊ុនឆៃ បាន​ឡើង​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចាប់​តាំង​ពី​ពេល​នោះ​រហូត​ដល់​ឆ្នាំ​២០១៦​ ខណៈ​ដែល​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ បាន​បង្កើត​គណបក្ស​ថ្មី​ដែល​ដាក់​ឈ្មោះ​តាម​ព្រះ​នាម​របស់​ព្រះ​អង្គ។

ក្រុម​អ្នក​នយោបាយ​ដឹកនាំ​ដោយ​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ និង​លោក ញឹក ប៊ុនឆៃ បាន​ព្យាយាម​បង្រួប​បង្រួម​បញ្ចូល​គ្នា​វិញ​ជា​បន្ត​បន្ទាប់​ ក្រោយ​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ​បាត់​បង់​ការ​គាំ​ទ្រ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក។ ប៉ុន្តែ សម្ព័ន្ធភាព​រវាង​ក្រុម​ទាំង​ពីរ មិន​បាន​ស្ថិត​ស្ថេរ​យូរ​អង្វែង​នោះ​ឡើយ។

សម្ដេច​ក្រុម នរោត្ដម រណឫទ្ធិ បាន​វិល​ត្រឡប់​ទៅ​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ​នៅ​ឆ្នាំ​២០១៥ បន្ទាប់​ពី​គណបក្ស​នេះ​បាន​​បាត់​បង់​អាសនៈ​ទាំង​អស់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣។

អគ្គលេខាធិកាគណបក្សខ្មែររួបរួមជាតិ លោក សុខ វិសាល បានបញ្ជាក់ថា លោកមិនច្បាស់ទេថា ការបញ្ចប់សមាជិកភាពរបស់សមាជិកគណបក្សហ្វុនស៊ិនប៉ិចនាពេលថ្មីៗនេះ មានជាប់ទាក់ទងនឹងផែនការច្របាច់បញ្ជូលគ្នារបស់បក្សទាំងពីរនាពេលអនាគត ឬ​យ៉ាង​ណា​នោះ។

លោក​លើក​ឡើង​បន្ត​ថា ការបញ្ឈប់អ្នកនយោបាយមួយចំនួនពីក្នុងជួរបក្ស ឬការលាឈប់របស់សមាជិកបក្សនានា ជារឿងធម្មតាដែល​តែងកើតមានក្នុងជីវិតអ្នកនយោបាយ ពេលស្ថានភាពរបស់បក្សមានភាពប្រែប្រួល។

លោក សុខ វិសាល ប្រាប់ថា៖«អានេះក៏ជាកំណែទម្រង់មួយដែរសម្រាប់គណបក្សហហ្វុនស៊ិនប៉ិច ព្រោះការងារប្រព្រឹត្តិទៅចឹង វាមានអ្នកមិនសប្បាយចិត្ត វាមានអ្នកតវ៉ា រឺទាមទារស្អីអីចឹង។ គណបក្សប្រជាធិបតេយ្យ វាតែងតែជួបបែបហ្នឹងហើយ។ វិធានការណ៍របស់គាត់ស្របតាមលក្ខន្តិកៈរបស់គាត់ដែលយើងមិនអាចដឹងបានណា៎ក្មួយ»

អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានថ្លែងថា លោកពុំចាប់អារម្មណ៍ឡើយចំពោះរបត់នយោបាយថ្មីរបស់គណបក្សហ៊្វុនស៊ិនប៉ិច ហើយ​លោក​ថា សូម្បីការច្របាច់បញ្ជូលគ្នារវាងគណបក្ស​ទាំង​ពីរ​នេះ ក៏ពុំ​ជួយឱ្យនយោបាយប្រទេសកម្ពុជាមានភាពប្រែប្រួលផ្លាស់ប្តូរគួរឱ្យកត់សម្គាល់អ្វីឡើយ។

លោក ឡៅ ម៉ុងហៃ ប្រាប់ថា៖«ឈប់ទៅ! ចាស់ៗអស់ហើយ ឈប់ទៅ! នេះជាទស្សនៈចេញពីដួងចិត្តខ្ញុំ គឺអីចឹងឯង»

សេចក្ដី​កែ​តម្រូវ៖ ​វីអូឌី (VOD) សូម​កែ​តម្រូវ​ថា លោក ផន ចន្ថា មិន​មែន​ជា​អគ្គលេខាធិការ​ថ្មី​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះទេ។ លោក ផន ចន្ថា បាន​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃ​នេះ​​ថា លោក​​កាន់​តួនាទី​ជា​អគ្គលេខាធិការ​រង​ និង​ជា​ព្រឹទ្ធាចារ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ