លោក សម រង្ស៊ី អំពាវនាវទៅពលរដ្ឋតស៊ូអហិង្សា ដើម្បីឱ្យអឺរ៉ុបរក្សាប្រព័ន្ធអនុគ្រោះពន្ធកម្ពុជា

លោក សម រង្ស៊ី ពេលផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ (រ៉យទ័រ)

មេដឹកនាំអតីតបក្សប្រឆាំងអំពាវនាវទៅប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យ​តស៊ូដោយអហិង្សា ដើម្បីផ្តួលរំលំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើមិនព្រមបើកផ្លូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យ​ដំណើរការឡើងវិញ តាមការទាមទាររបស់សហភាពអឺរ៉ុប។

លោក សម រង្ស៊ី អំពាវនាវបែបនេះស្របពេលដែលសហភាពអឺរ៉ុប​ផ្ញើរបាយការណ៍បឋម​មួយ ក្នុងដំណើរឈានទៅដល់ការព្យួរប្រព័ន្ធ EBA ពីកម្ពុជា​ ទៅរដ្ឋាភិបាលពិនិត្យ និងឆ្លើយតប កាលពីថ្ងៃទី១៤ ខែវិច្ឆិកានេះ។

បើតាម​នីតិវិធី កម្ពុជាមានពេល​ ១ខែ គិតចាប់ពីថ្ងៃទទួល ដើម្បីធ្វើការពិនិត្យ និងឆ្លើយតប ហើយគណៈកម្មការ​អឺរ៉ុប​ នឹងបិទបញ្ចប់របាយការ​ណ៍ និងធ្វើការសម្រេចចិត្តនៅខែ​កុម្ភៈ ឆ្នាំ២០២០។

លោក សម រង្ស៊ី លើកឡើងលើបណ្តាញសង្គមហ្វេសប៊ុកខ្លួន​ថា សហភាពអឺរ៉ុប បានដាក់ឱសានវាទឱ្យលោក ហ៊ុន សែន បើកផ្លូវឱ្យលទ្ធិប្រជាធិបតេយ្យដំណើរការឡើងវិញ ឱ្យបានមុនថ្ងៃ១២ ខែធ្នូ ឆ្នាំ២០១៩ នេះ។

ខ្លឹមសារលើហ្វេសប៊ុកលោក សម រង្ស៊ី រៀបរាប់ថា៖ «យើងចង់រក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ដើម្បីរក្សាឆ្នាំងបាយរបស់កម្មករ​ប្រមាណ ៨​សែននាក់។ យើងនឹងតស៊ូ​ដើម្បីផ្តួលរំលំរបប ហ៊ុន សែន បើលោក ហ៊ុន សែន ខ្លួនឯង មិនព្រមកែខ្លួន ហើយមិនព្រមបើកផ្លូវឱ្យលទ្ធិប្រជាធិបតេយ្យដំណើរការឡើងវិញ តាមការទាមទាររបស់សហភាពអឺរ៉ុប»

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍ថា មិនចាប់អារម្មណ៍​នឹង​ការលើកឡើងរបស់លោក សម រង្ស៊ី ទេ ពីព្រោះការលើកឡើងនោះ គ្រាន់តែចង់បានផលចំណេញពីការគាំទ្រពីកម្មករតែប៉ុណ្ណោះ​។ លោកបន្តថា ដំណាក់កាលនេះ រដ្ឋាភិបាលមានតែចាំមើលសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបជុំវិញការព្យួរ EBA នោះ។

លោក កុយ គួង ប្រាប់ថា៖ «ដូចជាយើងអត់មានមតិអ្វីទៀតផង បើគេឱ្យរបាយការណ៍មកយើង បើយើងមានមតិទៅលើរបាយការណ៍ហ្នឹង គ្រាន់តែមើលមតិរបស់យើងទៀត ដូចអត់មានអ្វីពិភាក្សាទៀតផង ព្រោះចន្លោះពេលហ្នឹង ចន្លោះខែ១២ រហូតដល់ខែ២ ប្រហែលជាគេអាចចេញសេចក្តីសម្រេច​ជាក់ច្បាស់នៅក្នុងខែ១២ ក្នុងឆ្នាំ២០២០»

​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​​នយោបាយ​កម្ពុជា លោក គឹម សុខ មានប្រសាសន៍ថា ដំណាក់កាលនេះ រដ្ឋាភិបាលមិនព្រមទទួលយកតាមការទាមទាររបស់សហភាពអឺរ៉ុបទាំងអស់នោះទេ ពីព្រោះរដ្ឋាភិបាលខ្លាចចាញ់ដៃគូប្រកួតរបស់ខ្លួន។

លោក គឹម សុខ និយាយ​ថា៖ «លោក ហ៊ុន សែន មិនហ៊ានផ្តល់ឱ្យទាំងសំណុំបែបហ្នឹងក្នុងរយៈពេលមួយខែ ​ឬពីរខែ ឬបីខែនោះទេ ដោយសារការរស់ឡើងវិញនៃសេរីភាពនយោបាយនៃសកម្មជន និងថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិទាំងអស់ និងការរស់ឡើងវិញនៃគណបក្សសង្គ្រោះជាតិទាំងសំណុំមូល។ អញ្ចឹង មានន័យថា លោកហ៊ុន សែន ត្រូវប្រឈមនឹងគណបក្សប្រឆាំងដ៏ខ្លាំងមួយ ដែលខ្ញុំគិតថា លោក ហ៊ុន សែន មិនហ៊ានប្រថុយលេងទេ អាចនាំឱ្យគាត់បាត់អំណាចឆាប់»

ប្រធានសមាគមរោងចក្រកាត់ដេរ​កម្ពុជា (GMAC) អះអាងថា ការ​ដក​ហូត​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ​ពីកម្ពុជា កម្មករ​ជាង ​៧៥​ម៉ឺននាក់ នឹងរងផលប៉ះពាល់ដោយ​ផ្ទាល់ ហើយពលរដ្ឋ​ជាង៣លាន​គ្រួសារ នឹងរងផលប៉ះពាល់ដោយប្រយោល។

ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ឬ​ហៅកាត់​ថា​ EBA ត្រូវបានមន្ត្រីជំនាញ​រដ្ឋាភិបាលប៉ាន់ប្រមាណថា ជួយ​ឱ្យ​កម្ពុជា​ចំណេញ​ ៧០០​លាន​ដុល្លារ​ក្នុងមួយឆ្នាំ​តាម​រយៈ​ការ​មិនបង់ពន្ធ​គយ​លើ​ការ​នាំ​ចូល​ទំនិញ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប៕


រាយការណ៍បន្ថែម៖ លោក ប៉ាន់ បូរិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ