អតីតមន្ត្រី និងសកម្មជនបក្សប្រឆាំងស្នើទៅតុលាការទម្លាក់បទចោទប្រកាន់លើពួកគេ

អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ក្រោយត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ (សាញ់ ប៊ុនហឿន)

អតីតមន្ត្រី និងសកម្មជនគណបក្សប្រឆាំងដែលត្រូវបានដោះលែង បាន​ស្នើទៅតុលាការឱ្យ​ទម្លាក់ចោល​បទចោទប្រកាន់ទៅ​លើពួកគេ ដោយថា ដើម្បីឱ្យពួកគេមានសិទ្ធិសេរីភាពធ្វើនយោបាយវិញ។

តុលាការបានសម្រេចដោះលែងអតីតមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់ ក្រោយពីលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ទៅក្រសួងយុត្តិធម៌ឱ្យធ្វើការជាមួយតុលាការ ដើម្បីដោះលែងអ្នកគាំទ្រអតីតបក្សប្រឆាំង។

ប្រាប់វីអូឌីបន្ទាប់ចេញពីពន្ធនាគារព្រៃ​ស កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ អតីតសមាជិកក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ លោក ហេង ច័ន្ទសុទ្ធី ថាពួកគាត់ទាំងអស់គ្នាមិនទាន់មានសិទ្ធិសេរីភាពឡើយ ប្រសិនបើតុលាការមិនទម្លាក់បទចោទប្រកាន់លើពួកគាត់នោះ។ លោកស្នើទៅរដ្ឋាភិបាល និងតុលាការឱ្យទម្លាក់បទចោទប្រកាន់លើពួកគាត់ ដោយថា ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

«ការដោះលែងនេះមិនបានផ្ដល់សិទ្ធិឱ្យខ្ញុំពេញលេញ​ក្នុងការធ្វើនយោបាយ [ព្រោះខ្ញុំ] រងការត្រួតពិនិត្យតុលាការ»។

អតីតក្រុមប្រឹក្សាខេត្តបាត់ដំបង លោក ជា ជាវ ចាត់ទុកការចាប់ខ្លួនលោក និងសកម្មជនដទៃទៀតថា ជាការបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ លោក ជា ជាវ មានប្រសាសន៍ថា លោកនឹងចូលរួមធ្វើនយោបាយបន្តទៀត ប្រសិនពួកគេមានសេរីភាពឡើងវិញ។

«ប្រាកដណាស់ ខ្ញុំចង់ឱ្យទម្លាក់ចោលបទចោទប្រកាន់មកលើខ្ញុំ សហការីរបស់ខ្ញុំ ហើយនិងបងប្អូនស្រឡាញ់សេរីភាព និងយុត្តិធម៌»។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក សួស វិទ្យារ៉ាឌី និងលោក អ៊ី រិន្ទ បានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងលោក គឹម សន្តិភាព បានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។

សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាង ៨០នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទ «រួមគំនិត» នៅក្នុងអ្វីដែលអាជ្ញាធរកម្ពុជាហៅថា «ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល» ប៉ុន្តែ ពួកគេត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញកាលពីថ្ងៃទី១៤ ខែវិច្ឆិកា កន្លងមក។

អ្នកវិភាគ​នយោបាយ​ លោក​ ឯម​ សុវណ្ណ​រ៉ា និយាយថា នៅ​ពេល​រដ្ឋាភិបាលមិនបើកលំហសិទ្ធិសេរីភាពដល់គណបក្សប្រឆាំងពេញលេញទេ កម្ពុជានៅតែទទួលរងការគំរាមកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ​ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» ឬហៅកាត់ថា (EBA) ពីសហភាពអឺរ៉ុបនៅពេលខាងមុខនេះ។

«ទស្សនៈប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យដែលសហគមន៍អឺរ៉ុបចង់បាន គឺធានាសេរីភាពពេញលេញតាមគោលការណ៍ប្រជាធិបតេយ្យ តាមគោលការណ៍ច្បាប់ ធម្មនុញ្ញអង្គការសហប្រជាជាតិ។ ប៉ុន្តែ បើយើងអត់បង្ហាញនូវភាពពេញលេញហ្នឹងទេ បានន័យថា អ្វីដែលយើងធ្វើ វាអត់ឆ្លើយតបនឹងការលើកឡើងរបស់សហភាពអឺរ៉ុបពេញលេញទេ»។

សហភាពអឺរ៉ុប បាន​ទាម​ទារ​ឱ្យ​កម្ពុជា​ស្ដារ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លំហ​ប្រជាធិតេយ្យ​ឡើង​វិញ ជាថ្នូរនឹងការរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មនេះ។

សហភាពអឺរ៉ុបបញ្ជូនមករដ្ឋាភិបាល​កម្ពុជា​នូវ​របាយការណ៍​ស៊ើប​អង្កេត​បឋម​មួយ​អំពី​ស្ថានភាព​​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​តម្រូវ​ឱ្យ​កម្ពុជា​ឆ្លើយ​តប​នៅ​ក្នុង​រយៈ​ពេល ១​ខែ មុន​នឹង​សហភាព​អឺរ៉ុប​សម្រេច​ថា ព្យួរ ឬ​មិន​ព្យួរ​ EBA នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ។

ស្ថានភាព​មិន​ច្បាស់​លាស់​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធផ្នែកពាណិជ្ជកម្ម​នេះ បាន​ជំរុញ​ទៅ​សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC បង្ហាញក្ដីបារម្ភ​របស់​ពួកគេ​ទៅ​កាន់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ខែ​ឧសភា​កន្លង​មក ដោយ​ថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មពីសហភាពអឺរ៉ុបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់កម្មកររោងចក្រ ៧៥ម៉ឺននាក់ និងប៉ះពាល់ដល់ពលរដ្ឋខ្មែរ ៣លានគ្រួសារផ្សេងទៀតដោយប្រយោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ