លោក ហ៊ុន សែន នឹងទៅចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិននៅខែក្រោយ

ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ ខ្សែ នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ (ហ្វេសប៊ុក​លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេ​រីជាមួយប្រទេ​ស​ចិន នៅថ្ងៃទី៣-៤ ខែធ្នូ ខាងមុខ ដោយលោករំពឹងថា កិច្ចព្រមព្រៀងនោះ នឹងអាចបញ្ចប់ក្នុងរយៈពេលដ៏ខ្លី។

ដំណើរនេះ ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសឡើងនៅអំឡុងសុន្ទរកថាមួយក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៧ខ្សែ នៅក្រុងព្រះសី​ហ​នុ កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ លើកឡើងថា ដំណើរទស្សនកិច្ចនោះ គឺឋិតក្នុងដំណាក់កាលដំបូងក្នុងការច​រចា និងពិនិត្យលទ្ធភាពបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងចិន។ លោកបញ្ជាក់ថា កិច្ចចរចាពា​ណិជ្ជកម្មសេរី គឺធ្វើឡើងដោយរួមបញ្ចូលទាំងកិច្ចចរចាលើពាណិជ្ជកម្មផ្នែក​សេវាកម្ម វិនិយោគ និងការសម្រួលពាណិជ្ជកម្មមួយចំ​នួ​នទៀត។

លោកបន្ថែមថា នៅពេលកិច្ចព្រមព្រៀងនេះសម្រេចបាន កម្ពុជានឹងបើកចំហរលំហូរទំនិញគ្រប់មុខពីប្រ​ទេ​សចិន តែលើកលែងប្រភេទមុខទំនិញមួយចំនួន ដោយអាស្រ័យលើការចរចា។

លោក ស៊ាង ថៃ មានប្រសាសន៍ថា៖ «ចំពោះទំនិញ វាមានរាប់ម៉ឺនមុខ។ ដូច្នេះ គេតែងតែមានមុខទំនិញដែលលើកលែង។ ឧទា​ហ​រណ៍ ដូចជា ទំនិញដែលពាក់ព័ន្ធទៅនឹងសន្តិសុខជាតិ ពាក់ព័ន្ធនឹងវប្បធម៌ប្រពៃណីរបស់ប្រទេសមួយៗ»

យ៉ាងណា លោកទទួលស្គាល់ថា កម្ពុជា​នាំចេញទំនិញទៅកាន់ប្រទេសចិន តិចជាងចិននាំទំនិញចូលមកកម្ពុជា ប៉ុន្តែ រដ្ឋាភិបាល​កំពុងព្យាយាមជំរុញការផ្សព្វផ្សាយទំនិញថ្មីៗរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។

ពាក់ព័ន្ធកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជា លោក​បណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងកាលពីថ្មីៗនេះថា វានឹងបើកចំហរសេដ្ឋកិច្ចកម្ពុជាសម្រាប់ប្រទេសចិន ដែលនឹងជំរុញកំណើននៃការនាំចេញ-នាំចូលទំ​និញរវាងប្រទេស​ទាំងពីរ។

យ៉ាងណា លោកថា កម្ពុជា​គួរធ្វើយ៉ាងណាបណ្តុះបណ្តាលធនធានមនុស្ស និងលើកទឹកចិត្តដល់វិស័យសហគ្រាសខ្នាតតូច និងមធ្យម ក្នុងការជំរុញផលិតកម្មកែច្នៃផលិតផលកសិកម្មក្នុងស្រុក សម្រាប់ការនាំចេញទៅកាន់ទីផ្សារដ៏ធំរបស់ប្រទេសមួយនេះ។

លោក គី សេរីវឌ្ឍន៍ មានបន្ថែមថា៖ «យើងជំរុញឧស្សាហកម្មអេឡិចត្រូនិច ព្រោះមានន័យថា វាគឺជាវិវឌ្ឍនៃបែបផែនពាណិជ្ជកម្មដែលប្រទេសចិនរីកចម្រើនទូទៅ។ ចឹងបន្តិចទៀតទៅ គ្រឿងអេឡិចត្រូនិចនឹងត្រូវឈប់ផលិតនៅប្រទេសចិនហើយ ត្រូវរត់មកប្រទេសអាស៊ីអាគ្នេយ៍វិញម្តង […] ចឹងយើងនឹងទាញឱ្យ លើកទឹកចិត្តឱ្យការវិនិយោគមកលើវិស័យអេឡិចត្រូនិច យកទូរស​ព្ទ យកទូរទស្សន៍អី មកផលិតនៅស្រុកខ្មែរ ដើម្បីជំរុញឱ្យមានកំណើន(ការនាំចេញទៅទីផ្សារចិន)»

យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម កម្ពុជានាំទំនិញទៅចិនមានទំហំទឹកប្រាក់ចំនួន ៧៥៦លានដុល្លារ ឯចិនវិញនាំទំនិញចូលកម្ពុជាមានទំហំទឹកប្រាក់ចំនួន ៥ ៥៥៣លានដុល្លារ នេះគិតត្រឹមរយៈពេល ៩ខែដំបូងឆ្នាំ២០១៩។

ដោយឡែក នៅឆ្នាំ២០១៨ ការនាំចេញរបស់កម្ពុជាទៅចិនមាន ៨៦៤លានដុល្លារ កើនពី ៧៥៣លានដុល្លារ នៅឆ្នាំ២០១៧ ឯចិនវិញនាំចូលមកកម្ពុជាបានចំនួន ៦ ១៤៤លានដុល្លារ កើនពី៥ ២៨៧លានដុល្លារ នៅឆ្នាំមុន។ 

ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​ចិន​កាល​ពី​ខែមករា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះ​អាង​ថា រូប​លោកផ្ទាល់ និង​ប្រធានាធិបតី​ចិន លោក ស៊ី ជិនភីង បានប្ដេជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឲ្យ​ដល់​ចំនួន ១០​ពាន់​លាន​ដុល្លារ​ នៅ​ត្រឹម​ឆ្នាំ​២០២៣​ខាង​មុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ