មេធាវីថា អ្នក​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង​១៦​នាក់​ទៀត​មិន​ទាន់​ត្រូវ​បាន​ដោះ​លែង​នៅ​ឡើយ

អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ក្រោយត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ (សាញ់ ប៊ុនហឿន)

មេធាវីការពាក្ដីឱ្យ​ក្រុម​អ្នក​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង អះអាងថា អតីតមន្ត្រី និងសកម្មជនចំនួន ១៦​នាក់នៅ​មិនទាន់ត្រូវ​បានតុលាការ​ដោះលែងនៅឡើយ ដោយសារ​សំណុំរឿងរបស់ពួកគេសិ្ថតក្នុងនីតិវិធីជំនុំជម្រះ ហើយអ្នកខ្លះទៀតត្រូវបានតុលាការកាត់ទោសរួចហើយ។

លោក សំ សុគង់ មេធាវីការពាក្ដីឱ្យមន្ត្រី និងសកម្មជននៃ​គណបក្សសង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​ទៅ​ហើយ​នោះ ប្រាប់​វីអូឌីនៅថ្ងៃនេះថា តុលាការបានដោះលែងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិជាង ៧០នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ការ​ចោទ​ថា បាន«រួម​គំនិត​ក្បត់» នៅ​ក្នុង​គម្រោង​វិល​ត្រឡប់​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​នេះ។

មេធាវី​រូប​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា ប៉ុន្តែ សកម្មជន និង​អ្នក​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង ១៦​រូប​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ប្រកាន់​ផ្សេង​ខុស​ពី​បទ​ចោទ​ប្រកាន់ «រួម​គំនិត​ក្បត់» បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ឡើយ។

«អ្នកដែល​ស្ថិតនៅក្នុងដៃចៅក្រមជំនុំជម្រះ យើងបានដាក់ពាក្យសុំនៅក្រៅឃុំបណ្ដោះអាសន្ន ដើម្បីឱ្យចៅក្រមជម្រះគាត់ពិចារណា​ពាក្យសុំ[យើង]។ ទី២ អ្នកដែលបានកាត់ទោសហើយ ហើយគាត់មានសាលក្រមហ្នឹង ខ្ញុំចង់សុំឱ្យខាងរដ្ឋាភិបាលសុំទៅព្រះមហាក្សត្រ ដើម្បីសុំលើកលែងទោសវិញ»។

លោក សំ សុគង់ បន្តថា ក្នុងចំណោមអ្នកទាំង ១៦​នាក់ដែលតុលាការមិនទាន់ដោះលែងនោះ គឺនៅពោធិ៍សាត់ ៦នាក់ ភ្នំពេញ ៥​នាក់ ខេត្តកំពង់ចាម ២​នាក់ និង​ម្នាក់ៗ​នៅ​ខេត្ត​ត្បូងឃ្មុំ បន្ទាយមានជ័យ និង​សៀមរាប។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក សួស វិទ្យារ៉ាឌី សុំមិនទាន់ធ្វើអត្ថាធិប្បាយ ដោយសុំពេលសួរទៅ​ក្រុម​ការងារ​​សិន ប៉ុន្តែ នៅពេលវីអូឌីទំនាក់ទំនងម្ដងទៀត លោកមិនលើកទូរសព្ទ។

«ខ្ញុំសួរក្រុមការងារសិន»

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​អះ​អាង​ថា ក្រុម​អ្នក​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ប្រកាន់ «រួម​គំនិត​ក្បត់» ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​អស់​ហើយ។

លោក ជិន ម៉ាលីន ប្រាប់​តាម​តេឡេក្រាម​ថា​៖ «អ្នកដែលត្រូវឃុំខ្លួនពីបទរួមគំនិតក្បត់ ត្រូវ​បានដោះលែងអស់ហើយ ដោយដាក់ឱ្យ​ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ»

អគ្គ​នាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​របស់​ក្រសួង​មហាផ្ទៃ លោក នុត សវនា មានប្រសាសន៍ថា​ សកម្មជន និង​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ៧០​នាក់​ហើយ ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា នៅ​ពេល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ដោះ​លែង និង​បញ្ឈប់​ការ​ចាប់​ខ្លួន​ក្រុម​អ្នក​គាំ​ទ្រ​​បក្ស​ប្រឆាំង។

លោក នុត សវនា បន្ថែម​ថា ក្រុម​អ្នក​គាំទ្រ​ដទៃ​របស់​បក្ស​ប្រឆាំងនៅ​មិន​ទាន់​ត្រូវ​បាន​ដោះ​លែង​នៅ​ឡើយ​ទេ ដោយសារ​ពួកគេ​មិនបានដាក់ពាក្យស្នើសុំនៅក្រៅឃុំ។​

«សំណើរបស់សម្ដេចនាយក គាត់ឱ្យខាងក្រសួងយុត្តិធម៌​​​ពិនិត្យលិទ្ធភាពមើល ដល់ពេលអ៊ីចឹងយើងបានទទួលការណែនាំមកថា ឱ្យសាម៉ីខ្លួនធ្វើលិខិតស្នើសុំនៅក្រៅឃុំ ប៉ុន្តែ ខ្ញុំឃើញករណី​មួយនៅសៀមរាប ជនពិការម្នាក់នោះ គាត់នៅជាប់ឃុំនៅឡើយដោយសារ​គាត់មិនបានដាក់ពាក្យស្នើសុំ។ អ៊ីចឹង វាអត់បំពេញនីតិវិធីដែលតម្រូវមក។ អ៊ីចឹង យើងអត់អាចដោះលែងគាត់បាន បើគាត់ស្នើ គាត់ចេញរួចហើយ ខ្ញុំសួរទៅគាត់អត់ស្នើ»

អ្នក​គាំ​ទ្រ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​សៀមរាប លោក ធុន យុទ្ធ ដែល​ជា​ជន​ពិការ​ផង​នោះ ​ត្រូវបានសាលាដំបូងខេត្តសៀមរាប​កាត់ទោសឱ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ (១៨​ខែ) កាលពីថ្ងៃ៣១ ខែតុលា​កន្លង​មក​នេះ បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពី​បទ​ «ញុះញង់ និង​ជេរ​ប្រមាថជា​សាធារណៈ» កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា​កន្លង​មក​។

អ្នកស្រី មុំ វិត ភរិយា​លោក ធុន យុទ្ធ ប្រាប់ថា អ្នកស្រីបានដាក់លិខិតស្នើសុំឱ្យដោះលែងស្វាមីតាំងពីថ្ងៃទី១៥ ខែវិច្ឆិកា ប៉ុន្តែ រហូតមកដល់ថ្ងៃនេះ ស្វាមីគាត់មិនទាន់បានដោះលែងនៅឡើយ។

អ្នកស្រី មុំ វិត និយាយ​ថា​៖ «ខ្ញុំដាក់ឯកសារអស់ហើយ តែចាំមើលអ្នកនៅភ្នំពេញគេទម្លាក់ឯកសារមកសិន។ គេថា ដោះលែងថ្ងៃណា គេនឹងតេប្រាប់»

អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា​ មានប្រសាសន៍ថា តុលាការគួរតែធ្វើការដោះលែងអ្នកផ្សេងៗទៀតដែលត្រូវ​បានសមត្ថកិច្ចឃាត់ខ្លួនកាលពីពេលកន្លងមក ពាក់ព័ន្ធនឹងរឿងនយោបាយនោះ ​ឱ្យមានសេរីភាពវិញ។

«​រដ្ឋាភិបាលហើយនិងតុលាការ គេអាចធ្វើការជាមួយគ្នាបាន ដើម្បីធ្វើការដោះលែងអាហ្នឹង អាហ្នឹងគួរតែធ្វើការពិនិត្យទៅលើបញ្ហាហ្នឹង ដើម្បីដោះលែងឱ្យមានសេរីភាពទៅ»។

អតីតសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាង ៨០នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទ «រួមគំនិត​ក្បត់» នៅក្នុងអ្វីដែលអាជ្ញាធរកម្ពុជាហៅថា «ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល» ប៉ុន្តែ ពួកគេត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញកាលពីថ្ងៃទី១៤ ខែវិច្ឆិកា កន្លងមក។

ការដោះលែងអតីតមន្ត្រី និងសកម្មជនជាបន្តបន្ទាប់នេះ ត្រូវ​បាន​ធ្វើ​ឡើង​ពីរ​ថ្ងៃ​ក្រោយ​ពី​សហភាពអឺរ៉ុប ប្រកាស​ថា បានបញ្ចប់ និង​បញ្ជូន​មក​រដ្ឋាភិបាល​កម្ពុជា​នូវ​របាយការណ៍​ស៊ើប​អង្កេត​មួយ ដែល​បង្ហាញ​ពីកង្វល់​ជុំ​វិញការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

សហភាព​អឺរ៉ុប​បាន​តម្រូវ​ឱ្យ​រដ្ឋាភិបាល​ឆ្លើយតប​នឹង​របាយការណ៍​នេះ​នៅ​ក្នុង​រយៈ​ពេល ១​ខែ​ ​មុន​នឹងឈាន​ទៅ​សម្រេច​ថា ព្យួរ ឬ​មិន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» (EBA) នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ