វិភាគ៖ មូលហេតុ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ផលិត​អំបិល​មិន​គ្រប់​តម្រូវ​ការ

រូបភាពនៅស្រែអំបិលមួយកន្លែង។ (បណ្ដាញសង្គម)

​កម្ពុជា​​នាំ​ចូល​អំបិល​ចំនួន​៥​ម៉ឺន​តោន​ពី​បរទេសក្នុងឆ្នាំ​២០១៩​នេះ​ ដើម្បីបំពេញបន្ថែមឱ្យគ្រប់តម្រូវការផ្គត់ផ្គង់ក្នុងស្រុក ដែលត្រូវការ១០ម៉ឺនតោនក្នុង១ឆ្នាំ។​ ​

អំបិល ឬ​ក្នុង​ភាសា​​គីមី​វិទ្យា​ហៅ​ សូដ្យូម​ក្លរីក (Sodium Chloride) NaCl មាន​តួនាទី​សំខាន់​សម្រាប់​រាងកាយ​មនុស្ស​ ដោយ​សារ​រាងកាយ​មនុស្ស​ត្រូវ​ការ​សារធាតុ​នេះ​ដើម្បី​បង្កើន​ថាមពល ការ​រំលាយ​អាហារ សម្រួល​ការ​ដក​ដង្ហើម​ សម្ពាធ​ឈាម សកម្មភាព​ខួរក្បាល និង​លំហូរ​ធាតុ​ទឹក​ក្នុង​ខ្លួន​មនុស្ស​ ជា​ដើម។​ កង្វះ​សូដ្យូម​ក្លរីក​ក្នុង​ខ្លួន​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ក្អួត​ចង្អោរ រមួល​សាច់ដុំ វិលមុខ បាត់បង់ស្មារតី និង​ឈាន​ដល់​ស្លាប់​ផង​ដែរ។

យោង​តាម​គេ​ហទំព័រ អ្នក​សង្កេតការ​​សេដ្ឋកិច្ច​ oec.world ឱ្យ​ដឹងថា ​ក្នុង​មួយ​ឆ្នាំ ​ជំនួញ​អំបិល​មាន​តម្លៃ​ជាង​២ពាន់លានដុល្លារ ដែល​ប្រទេស​​៥​ ​ទទួល​ប្រយោជន៍ពី​ការ​នាំ​ចេញ​នេះ​មាន ប្រទេស​អូស្ត្រាលី ហូឡង់ ឥណ្ឌា អាល្លឺម៉ង់ និងម៉ិចសិកូ។ ​

កម្ពុជាត្រូវការអំបិលប្រមាណ១០ម៉ឺនតោនសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកក្នុង១ឆ្នាំៗ តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ អំបិលដែលផលិតបានកាន់តែថយចុះ និងត្រូវការនាំចូលពីក្រៅប្រទេសបន្ថែម។ ឆ្នាំ២០១៧ កម្ពុជាត្រូវនាំចូលប្រមាណ ៣ម៉ឺនតោន ឆ្នាំ២០១៨ ប្រមាណ ៣ម៉ឺនតោន ខណៈនៅឆ្នាំ២០១៩ នាំចូលប្រមាណ៥ម៉ឺនតោន បើគិតតម្លៃជាមធ្យមត្រឹម៩០ដុល្លារក្នុងមួយតោននោះ ក្នុងរយៈពេល៣ឆ្នាំនេះកម្ពុជាត្រូវចំណាយជិត១០លានដុល្លារដើម្បីទិញអំបិលពីក្រៅប្រទេស។

ហេតុ​អ្វី​បាន​ជា​ប្រទេស​មាន​​សមុទ្រ​ដូច​កម្ពុជា​មិន​អាចផលិតអំបិលបានគ្រប់គ្រាន់?

ប្រធាន​សមាគមផលិត​​អំបិល​កម្ពុជា​ លោក ប៊ុន បារាំង មាន​ប្រសាសន៍​ថា អំបិល​ទាំង​នោះ​មាន​តម្លៃ​១តោន ​៩៤​ដុល្លារ​បូក​ទាំង​ថ្លៃ​ដឹក​ជញ្ជូន។ លោក​បន្ថែម​ថា ​បច្ចុប្បន្ន​បញ្ហា​អាកាស​ធាតុ និង​កង្វះ​កម្លាំង​ពលកម្ម​​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ជា​ខ្លាំង​ដល់​ការ​ផលិត​អំបិលក្នុង​ស្រុក។

លោក​ ប៊ុន បារាំង៖ «ការងារ​ស្រែ​អំបិល​គឺ​ជា​ការងារ​ក្ដៅ​ខ្លាំង​ណាស់ ខុស​ពី​ការងារ​ស្រែ​ស្រូវធ្វើ​ខែ​វស្សា​បាន តែ​អំបិល​យើង​ត្រូវ​ធ្វើ​ក្នុង​ខែ​ប្រាំង អញ្ចឹង​វា​ក្ដៅ។ ហើយ​វា​ក្ដៅ​ទៀត​បាន​យើង​បាន​អំបិល វា​ខុស​ វា​ផ្ទុយគ្នា​ជា​មួយ​ស្រែ​ស្រូវ អញ្ចឹង​កម្មករ​គ្នា​វា​លំបាក​ណាស់​ ទោះ​បី​យើង​ប៉ូវ​លុយ​ឱ្យ​គាត់​ប៉ុណ្ណា​ក៏​ទៅមិន​រួច ព្រោះ​កម្លាំង​យើង​មាន​ប៉ុណ្ណឹង វា​មិន​អាច​ទៅ​លើស​ហ្នឹង​រួច » ។

កម្ពុជា​ជួបប្រទះ​បញ្ហា​ខ្វះខាត​អំបិល​ចំនួន ៣ឆ្នាំ​ហើយ​ ពោល​គឺ​ចាប់តាំងពី​ឆ្នាំ២០១៧មក​ ខណៈ​ក្នុង​ឆ្នាំ២០១៨​ សមាគម​ផលិត​អំបិល​កំពត​-កែប​ បាន​ដាក់​លិខិត​ទៅ​ក្រសួង​ឧស្សាហកម្ម​ ដើម្បី​រំលាយសមាគមនេះខ្លួនឯង ​ចោល​ផង​ដែរ​ តែ​ក្រសួង​មិន​អនុញ្ញាត​។

​ប្រធាន​សមាគម​កសិកម្មឈ្លាសវ៉ៃ​ លោកបណ្ឌិត សាន ប៊ុននីកា មានប្រសាសន៍​​ថា ​បញ្ហា​នៃ​ការផលិត​អំបិល​មិនបាន​គ្រប់​គ្រាន់​នៅ​កម្ពុជា ​មិនមែន​បណ្ដាលមកពី​បញ្ហា​អាកាសធាតុ​នោះ​ទេ ព្រោះ​ឆ្នាំ​នេះ​ក្នុង​រដូវ​ប្រាំង​មាន​កម្តៅ​ខ្លាំងដែល​ធ្វើ​ឱ្យ​អំបិល​កើន​កំហាប់​ខ្ពស់។ លោក​ថា ​មូល​ហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ជួប​ប្រទះ​បញ្ហា​នេះ គឺ​​មក​ពី​​កង្វះ​កម្លាំង​ពលកម្ម ដែល​បណ្ដាល​មក​ពី​ការ​ឱ្យ​តម្លៃ​ទាប​នៃ​ពលកម្ម​អំបិល ខណៈ​ដែល​តម្លៃ​ដី​នៅ​តំបន់​ស្រែ​អំបិល​នោះ​ឡើង​ថ្លៃ​ជា​បន្តបន្ទាប់ផង​នោះ ​មិន​មានកសិករ​ស្រែ​អំបិល​ណា​ចង់​ធ្វើអំបិល​ទៀត​នោះ​ទេ។

លោក​ថា៖ «យើង​អត់​ខ្វះ​ទេ​អំបិល​ តែ​យើង​ខ្វះ​ពលករ​ មូល​ហេតុ​ដែល​ខ្វះ​ពល​ករ ដោយ​សារប្រាក់​ចំណាយ​លើ​ពលករ​វា​តិច​ពេក​ ហើយ​អំបិល​ខ្មែរ​យើង​លក់​ចេញ​គឺ​វា​ថោក​ទៀត តែ​មក​ដល់​ផ្សារ​នៅ​ភ្នំពេញ​វិញ​គឺ​ថ្លៃ​ណាស់។ ១គីឡូ ខ្លះ​១៥០០រៀល ដល់​២០០០រៀល​ទៅ​ហើយ យើង​គិត​មើល​ពី​មុន​១​បាវ​៨០​គីឡូ ហើយ​១​គីឡូ​តែ​៧ទៅ៨រយរៀល​ យើង​គិត​មើល​ហេតុ​អី​គេ​រស់​បាន គេ​ផលិត​បាន? »

ប្រធាន​សម្ព័ន្ធ​កសិករ​កម្ពុជា​ លោក ថេង សាវឿន មាន​ប្រសាសន៍​ថា ​កត្តា​ដែលធ្វើ​ឱ្យ​កម្ពុជាខ្វះ​អំបិល​ប្រើប្រាស់​នោះ​គឺ​បណ្ដាល​មក​ពីកង្វះ​ធនធាន​បច្ចេកទេស ខ្វះ​ការ​លើក​ទឹក​ចិត្ត​ និងទុន​ពី​រាជរដ្ឋាភិបាល​លើ​វិស័យ​អំបិល​នេះ។ លោក​ថា​ បញ្ហា​នេះ​ហើយ​ធ្វើ​ឱ្យ​អ្នក​ផលិត​អំបិល និង​កម្មករ​អំបិល​កាន់​តែ​បោះបង់​ការងារ​ស្រែ​អំបិល​ខ្លួន​ចោល។

លោក​ថា៖ «កន្លង​មក​ ការ​ផលិត​អំបិល​អាច​នាំ​ចេញ​ ប៉ុន្តែនៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​បែ​រ​ជា​នាំ​ចូល​នូវ​ការ​ផលិត​អំបិល នេះ​វា​​សរបញ្ជាក់​​ថា​ បច្ចេកទេស​នៃ​ការ​គាំពារក៏ដូចជា​ បច្ចេក​ទេស​នៃ​ការ​ផលិត​អំបិល​នៅ​កម្ពុជា​នៅមាន​កម្រិត​ ជា​ពិសេស​គឺ​ការ​គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល​វា​ទៅ​លើ​សហគមន៍​អំបិល​ដែល​កំពុង​ធ្វើ​ការ​ផលិត​ហ្នឹង»។

ខណៈដែលប្រទេស​មួយ​ចំនួនបាន​ទាញ​យក​អំបិល​ដោយ​វិធី​ទំនើបតាម​ម៉ាស៊ីនហើយ​ក៏​ដោយ​ ក៏​ការ​ផលិត​អំបិល​នៅ​កម្ពុជា​នៅ​ប្រព្រឹត្តិ​តាម​បែប​ប្រពៃណី​ដដែល។

បច្ចុប្បន្ន​ កម្ពុជា​មាន​កសិដ្ឋាន​ផលិត​អំបិល ៧កន្លែង​ក្នុង​ខេត្ត​កែប​ និង​កំពត​ ដោយមាន​ផ្ទៃដី​សរុប​ចំនួន ៤៦០០ហិកតា​ ក្នុង​នោះ​មាន​ក្រុម​ផលិតករ​ជាង​ ២០០នាក់​។

ប្រធាន​សមាគម​អំបិល​ លោក ប៊ុន បារាំង​ មាន​ប្រសាសន៍​ថា​ រហូត​មក​ដល់​ពេល​នេះ​ការ​ធ្វើ​ស្រែ​អំបិល​នៅ​កម្ពុជា​មិន​មាន​បច្ចេក​ទេស​ទំនើប​ធ្វើ​នោះ​ទេ។

លោក​ថា៖ «យើង​អត់​មាន​បច្ចេក​ទេស​ណា​ដែល​យើង​យក​ទៅ​ធ្វើ​ទំនើប​ដូច​គេ​បាន​ទេ! ដោយ​សារ​ទី​មួយ ផ្ទៃ​ដី​ពួក​យើង​ម្នាក់​បន្ដិចៗ​អត់​មាន​ដី​ធំ​បាន ហើយ​យើង​ចង់​ធ្វើ​គ្រឿង​ចក្រ​ បើ​យើង​យក​គ្រឿង​ចក្រ​មក​ធ្វើ​រត់​បត់តែ​មួយ​ជុំ​ផុត​ដី​ហើយ​ម្នាក់ៗ អញ្ចឹង​យើង​មិន​អាច​យក​គ្រឿង​ចក្រ​ទៅ​ធ្វើ​បាន​ទេ។ ធ្វើ​បាន​ដោយ​កម្លាំង​ពលកម្ម​ប៉ុណ្ណោះ ដោយ​កម្លាំង​មនុស្ស យើង​មិន​អាច​ធ្វើ​ឱ្យ​ទំនើប​ដូច​ប្រទេស​គេ​តែ​ម្តង​អត់​បាន​ទេ»។ ​

បើ​តាម​លោក ប៊ុន បារាំង តម្លៃ​ក្នុង​ការ​ប្រមូល​អំបិល​ក្នុង​មួយ​ស្រែ​គឺ​អាស្រ័យ​លើ​កម្មករទទួល​ម៉ៅរែក ដែល​លោក​ថា​ជាមធ្យម​ប្រមាណ​៥ម៉ឺនរៀល​ក្នុង​មួយ​ស្រែ។

ប្រធាន​សម្ព័ន្ធ​កសិករ​កម្ពុជា​ លោក ថេង សាវឿន ជម្រុញ​រដ្ឋាភិបាល​ឱ្យ​ផ្ដល់​ហិរញ្ញវត្ថុ​សម្រាប់​សហគមន៍​អំបិល​ក្នុង​ការ​រៀប​ចំ​ការ​ងារក៏​ដូច​ជា​ដំឡើង​ថ្លៃ​ពលកម្ម​ដល់​កម្ម​ករ​បន្ថែម​ទៀត លើក​ទឹក​ចិត្ត​ដល់​សមាគម​បង្កើន​ការ​ផលិត ជា​ពិសេសជម្រុញ​ដល់​ពលរដ្ឋ​ឱ្យ​ងាក​មក​គាំទ្រ​អំបិល​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើនរួម​ទាំង​តម្លៃ​ផង​ដែរ។

លោក​ថា៖ «ប្រសិន​បើ​រដ្ឋជួយ​លើ​ទុន បច្ចេកទេស​នៃ​ការ​វេចខ្ចប់​ និង​ការ​លើក​ទឹក​ចិត្ត​ ខ្ញុំ​គិត​ថា​ ក្រុម​ហ៊ុន​អំបិល​គាត់​អាច​មាន​លទ្ធភាព​បន្ថែម​ទៀត​ក្នុង​ការ​តម្លើង​​ប្រាក់​កម្រៃ​សម្រាប់​កម្មករនៅ​ក្នុង​វិស័យ​ហ្នឹង​ឱ្យ​បាន​ល្អ​ប្រសើរទៀត​ ហើយ​នាំ​លក់​ទៅ​កាន់​ទីផ្សារ​អំបិល​កម្ពុជា ហើយនិង​ការ​ប្រើប្រាស់​ក្នុង​ស្រុក​នោះ គឺ​ខ្ញុំ​គិត​ថា​ យើង​អាច​ដោះស្រាយ​បញ្ហា​ទាំង​នេះ។ យើង​ដឹង​ថា ​មុខ​របរ​នេះ​វា​ក្ដៅ​ ក៏​ប៉ុន្តៃ​ប្រាក់​ចំណូល​​ដែល​ទទួល​បាន​ពី​វិស័យ​ហ្នឹង​តិច អញ្ចឹង​យើង​អាច​តម្លើង​​ប្រាក់​កម្រៃ​លើ​វិស័យ​នេះ​ជាជាង​ទិញ​អំបិល​ពី​ក្រៅ​ប្រទេស​មក​ប្រើប្រាស់​» ។

អនុរដ្ឋលេខាធិការ​​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ទទួល​បន្ទុក​កិច្ច​ការ​អំបិល ​លោក សុន សេនហួត បញ្ជាក់ថា ថ្ងៃនេះក្រសួងប្រជុំពីរបាយការណ៍អំបិលនេះ ហើយលោកមិនអាចផ្តល់បទសម្ភាសន៍អ្វីបន្ថែមបានទេ ព្រោះជាប់ចូលរួមប្រជុំដែរ។​

លោក​ថា៖ «ខ្ញុំ​រវល់​ជាប់​ប្រជុំ​លើ​របាយការណ៍​អំបិលហ្នឹង​ហើយ ចាំ​ខ្ញុំ​ប្រជុំ​ចប់»។  

ជា​រួម​ អ្នក​តាម​ដាន​យល់​ថា ​បញ្ហាកង្វះ​អំបិល​នៅ​កម្ពុជា​កើត​ឡើង​បណ្ដាល​មក​ពី​ភាព​ទន់​ខ្សោយ​របស់​រដ្ឋាភិបាល​ដែល​មិន​សូវ​គិត​គូរ​ច្រើន​លើ​សិប្បកម្ម​អំបិល​នេះ ខណៈ​គ្មាន​ការ​លើក​ទឹក​ចិត្ត​ណា​មួយ​ដល់​កម្មករ​ផលិត​អំបិល​ផង​នោះ។

លោកបណ្ឌិត សាន ប៊ុននីកា ​ព្រមាន​ថា​ ប្រសិនជា​កម្ពុជា​នៅតែ​មាន​បញ្ហា​នេះ​បន្ត​ទៀត​នោះ ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អនាគត​អំបិល​កម្ពុជា​ ដែល​ធ្វើ​ឱ្យ​មានការ​នាំចូល​ច្រើនជាង​ការផលិត​ ឬនាំចូល​សុទ្ធ​ ហើយ​​នៅពេល​នោះ​ហើយ ​ធ្វើ​ឱ្យ​តម្លៃ​អំបិល​នៅ​លើ​ទីផ្សារ​ គឺ​ត្រូវ​​​កំណត់​តាម​អ្នកនាំ​ចូល​វិញ​ម្តង​។

បណ្ឌិត សាន ​ប៊ុន​នី​កា​ ប្រាប់​ថា៖ «យ៉ាង​យូរ​ប្រាំ​ឆ្នាំ​ទៀត ​គឺ​អំបិល​លែង​មាន​ហើយ​។ យើង​ចាប់ផ្ដើម​ទិញ​អំបិល​ពី​គេ​ហើយ​ ហើយ​អំបិល​ គឺជា​វត្ថុធាតុ​មួយ​ដែល​មនុស្ស​ត្រូវការ​បំផុត​ ហើយ​គេ​អាច​ខ្ទប់​ច្រមុះ​យើង​យ៉ាង​ងាយ​ ព្រោះ​អំបិល​អ្នកណា​ក៏​ត្រូវការ​ដែរ​។ លោក​សម្លឹង​មើល​ប្រទេស​ឡាវ​អត់មាន​អំបិល​នឹងគេ​ទេ​! ដូច្នេះ ​គេ​ចង់ថា ​តម្លៃ​ប៉ុន្មាន​ក៏បាន​ដែរ ​យើង​ត្រូវតែ​ទិញ​ដាច់ខាត​។ ដូច្នេះ​ គួរតែ​រក្សា​អំបិល​របស់​យើង​ឱ្យ​មានបាន​ ព្រោះ​បើ​យើង​មិន​ថែរក្សា​ទេ​ គេ​យក​ដី​ហ្នឹង​ទៅ​ធ្វើ​ផ្ទះល្វែង​ ទៅ​ធ្វើជា​រមណីយដ្ឋាន​អី​ហើយ​ ហើយ​ចុងក្រោយ​យើង​គ្មាន​អី​ទេ​!»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ