លោក ផៃ ស៊ីផាន អំពាវនាវដល់បណ្តាញសារព័ត៌មានឱ្យបញ្ឈប់ការចុះផ្សាយព័ត៌មានជុំវិញបញ្ហាប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មអឺរ៉ុបសម្រាប់ប្រទេសកម្ពុជា ដោយថា ការចុះផ្សាយបែបនេះ គឺជាការបំភិតបំភ័យប្រជាពលរដ្ឋ និងជារឿងអាម៉ាស់របស់ស្ថាប័នសារព័ត៌មាននោះ។
លោក ផៃ ស៊ីផាន បានលើកឡើងបែបនេះនៅក្នុងសន្និសីទកាសែតមួយនៅព្រឹកថ្ងៃនេះ នៅឯទីស្ដីការគណៈរដ្ឋមន្ត្រី ដែលនិយាយអំពីទិដ្ឋភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាគ្រោងធ្វើឡើងជាមួយប្រទេសចិននាពេលខាងមុខ។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ លើកឡើងថា ការធ្លាក់ចុះនៃផលប្រយោជន៍ដែលទទួលបានពីប្រព័ន្ធអនុគ្រោះពន្ធ គឺជារឿងមិនគួរឱ្យបារម្ភ ខណៈកម្ពុជាមានកំណើនសេដ្ឋកិច្ចរឹងមាំក្នុងកម្រិតខ្ពស់។ យ៉ាងណា លោកថា រដ្ឋាភិបាលនៅតែខិតជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត។
លោក ផៃ ស៊ីផាន ថ្លែងថា៖ «បណ្តាញសារព័ត៌មានកុំឱ្យយក EBA ហ្នឹង វាជាព្រាយបិសាចមួយសម្រាប់មកបន្លាចកម្ពុជា បន្លាចប្រជាពលរដ្ឋកម្ពុជា។ សម្តេចថា បើសិនជាកម្មករកុំបារម្ភ នៅតែធ្វើការនៅតែមានប្រាក់ខែបើក ហើយបើកក្នុង ១ខែ ២ដងទៅទៀត នៅតែកំណើនប្រាក់បៀរវត្សរ៍តទៅទៀត កុំចាប់អារម្មណ៍នឹងអ្វីដែលអ្នកដែលគេយក EBA មកបំភិតបំភ័យ។ ប៉ុន្តែ អ្នកទាំងអស់នោះ គេមិនមែនយកចិត្តទុកដាក់ពលីគ្រប់បែបយ៉ាងដូចរដ្ឋាភិបាលទេ។ អាហ្នឹងគឺជាចំណុចសំខាន់»។
សហភាពអឺរ៉ុប បានបញ្ចប់ និងបញ្ជូនមករដ្ឋាភិបាលកម្ពុជានូវរបាយការណ៍ស៊ើបអង្កេតមួយទៅលើកង្វល់ជុំវិញការធ្លាក់ចុះការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយទុកពេល ១ខែសម្រាប់កម្ពុជាឆ្លើយតបទៅនឹងកង្វល់ទាំងនោះ មុននឹងឈានទៅសម្រេចថា ដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA នៅក្នុងខែកុម្ភៈឆ្នាំក្រោយនេះ។
កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនបញ្ជាទិញផលិតផលកាត់ដេរធំៗរបស់អឺរ៉ុប Primark និង H&M បានព្រមានថា ពួកគេនឹងដកអាជីវកម្មខ្លួនចេញពីប្រទេសកម្ពុជា ហើយងាកទៅរកប្រទេសដទៃទៀតក្នុងតំបន់ ប្រសិនបើ EBA ត្រូវបានដកហូតពីកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ លើកឡើងក្នុងសន្និសីទកាសែតដដែលនោះថា មកទល់ពេលនេះ លោកមិនទាន់ឃើញសញ្ញាណណាមួយនៃការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នោះទេ ដោយលោកអះអាងថា កម្ពុជាមានហេតុផលល្អៗដើម្បីធ្វើការឆ្លើយរួចហើយ។ លោកបន្ថែមថា ព័ត៌មានដកការបញ្ជាទិញពីរោងចក្រនៅកម្ពុជាថ្មីៗនេះ គឺជាពាក្យចចាមអារ៉ាម។
លោក ប៉ែន សុវិជាតិ ថ្លែងថា៖ «ព្រោះមកដល់ឥឡូវ យើងមិនទាន់សន្និដ្ឋានថា យើងនឹងបាត់(EBA)ទេ ហើយពាក្យចចាមអារ៉ាមមួយចំនួនដែលថា ក្រុមហ៊ុនបញ្ជាទិញនេះដកចេញ ក្រុមហ៊ុនបញ្ជាទិញនោះដកចេញ គឺជារឿងចចាមអារ៉ាម។ ជាក់ស្តែង រោងចក្រកាត់ដេរទាំងអស់ នៅដំណើរការធម្មតា នៅផលិតនាំចេញធម្មតា»។
អតីតតំណាងរាស្រ្តមកពីអតីតគណបក្សសង្រ្គោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន លើកឡើងថា ការផ្សព្វផ្សាយ ក៏ដូចជាការវិភាគអំពីបញ្ហាប្រឈមផ្សេងៗ ដែលអាចនឹងកើតឡើងក្នុងសង្គម គឺជារឿងល្អ ដើម្បីឱ្យអ្នកពាក់ព័ន្ធដឹង និងបានធ្វើការត្រៀមខ្លួនជាមុន។
លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា៖ «មិនគួរទៅហាមឃាត់មិនឱ្យផ្សាយនោះទេ ព្រោះអាហ្នឹងវាជាអ្វីដែលយើងបម្រុងនឹងប្រឈម។ អ្វីដែលសំខាន់តើរដ្ឋាភិបាលធ្វើយ៉ាងម៉េចដើម្បីបញ្ចៀសនូវបញ្ហាដែលត្រូវប្រឈមខាងមុននោះ»។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ម៉ៃ ទិត្យថារ៉ា លើកឡើងថា អ្នកសារព័ត៌មានព្យាយាមរាយការណ៍ព័ត៌មានទៅតាមស្ថានភាពជាក់ស្តែងដែលកំពុងកើតឡើងក្នុងសង្គម។ លោកថា កិច្ចការនេះមិនមែនជាការបំភិតបំភ័យដល់ប្រជាពលរដ្ឋនោះទេ តែជាអ្វីដែលពួកគេគួរដឹង។
លោក ម៉ៃ ទិត្យថារ៉ា មានប្រសាសន៍ថា៖ «ខ្ញុំគិតថា ពលរដ្ឋទូទៅ ពួកគាត់គួរតែបានដឹងនូវអ្វីដែលកើតឡើងនៅក្នុងសង្គមរបស់ខ្លួន ហើយយើងដឹងហើយថា បច្ចុប្បន្ន នៅកម្ពុជាយើង បញ្ហាអ្វីដែលសំខាន់ ហើយបញ្ហាអ្វីដែលកំពុងកើតឡើង គឺមានការព្រួយបារម្ភយ៉ាងខ្លាំងពាក់ព័ន្ធនឹងបញ្ហា EBA នេះ ដោយសារតែឥឡូវនេះ គេទុករយៈពេលតែមួយខែទៀតសម្រាប់រដ្ឋាភិបាលធ្វើការឆ្លើយតបទៅនឹងរបាយការណ៍របស់គេ»។
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា ការអំពាវមិនឱ្យប្រព័ន្ធផ្សព្វផ្សាយលើកយកបញ្ហា EBA ទៅផ្សព្វផ្សាយ គឺហាក់បីដូចជារដ្ឋាភិបាលមិនចង់កែលម្អបញ្ហាលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
លោក អំ សំអាត មានប្រសាសន៍ថា៖ «ការរំឭក EBA គឺបានន័យថា ចង់ឱ្យមានការកែលម្អអំពីលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ហើយបើសិនជាយើងមិនឱ្យនិយាយអំពី EBA បានន័យថាម៉េច? បានន័យថា តើយើងមិនចង់ធ្វើការកែលម្អទៅតាមលក្ខខណ្ឌ EBA របស់សហគមអឺរ៉ុបឬអត់?»។
សមាគមរោងចក្រកាត់ដេរកម្ពុជា GMAC បានបង្ហាញក្ដីបារម្ភថា បើកម្ពុជាមិនអាចរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបនេះបានទេ កម្មករកាត់ដេរខ្ទង់ ៧៥ម៉ឺននាក់ និងពលរដ្ឋកម្ពុជាពាក់ព័ន្ធប្រហែល ៣លានគ្រួសារផ្សេងទៀត នឹងត្រូវរងផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល៕