NGOចំនួន​៦​ស្ថាប័ន​ព្រមានពីបរាជ័យនៃគោលដៅអភិវឌ្ឍន៍ជាតិឆ្នាំ២០៣០ បើមិនខ្វល់ពីសិទ្ធិកុមារ

កុមារា​កម្ពុជា​ម្នាក់ ជួយ​មិត្ត​រួម​ថ្នាក់​រៀន​អាន​អក្សរ និង​មុខ​វិជ្ជា​គណិតវិទ្យា នៅ​ក្នុង​ថ្នាក់​រៀន​ នៃ​សាលា​បឋម​សិក្សា​មួយ​នៅ​ជនបទ​កម្ពុជា កាល​ពី​ឆ្នាំ​២០១៤។ (Save the Children)

អង្គការអន្តរជាតិចំនួន៦ ដែលធ្វើការងារលើកកម្ពស់សិទ្ធិកុមារ ចេញរបាយការណ៍សិក្សាស្រាវជ្រាវមួយនៅសប្ដាហ៍នេះ ដោយព្រមានថា គោលដៅអភិវឌ្ឍន៍ជាតិ២០៣០ ដែលកម្ពុជាចង់ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិត​ទាបនោះ អាចនឹងបរាជ័យ ប្រសិនបើ​រដ្ឋាភិបាល ព្រងើយកន្តើយលើការគោរពសិទ្ធិកុមារ។

របាយការណ៍សិក្សាស្រាវជ្រាវ​ «កូនសោអនាគត់កម្ពុជា» កម្រាស់ជិត ៤០ទំព័រនេះ ត្រូវបានចងក្រងឡើងដោយអង្គការអន្តរជាតិចំនួន៦ រួមមាន អង្គការ​សម្ព័ន្ធ​មូលនិធិ​កុមារ (Child Fund Alliance) អង្គការ​ភ្លែនអន្តរជាតិ (Plan International) អង្គការ​ជួយ​សង្គ្រោះ​កុមារ (Save the Children) ភូមិកុមារអេសអូអេសកម្ពុជា (SOS Children’s Villages Cambodia)  អង្គការ Terre De Hommes Netherlands និងអង្គការទស្សនៈពិភពលោក (World Vision)។

របាយការណ៍នេះលើកឡើងថា ការគោរពសិទ្ធិកុមារជាកូនសោដ៏សំខាន់ដើម្បីសម្រេចក្ដីប្រាថ្នារបស់កម្ពុជា ដែលចង់ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

របាយការណ៍បន្តថា វិសមភាពនៃការបែងចែកផលនៃកំណើនសេដ្ឋកិច្ច និងបរិបទនៃការផ្លាស់ប្ដូរក្នុងសង្គម គឺ​ជា​ឧបសគ្គ​ធំៗ​ពីរ ដែល​បានរារាំងការរីកលូតលាស់នៃផ្នែករាងកាយ និងប្រាជ្ញាស្មារតីរបស់កុមារ។

របាយការណ៍នេះកត់សម្គាល់ថា ថ្វីត្បិតតែកំណើនសេដ្ឋកិច្ចកម្ពុជាកើនឡើងរហូតក្នុង​រយៈពេល ៣០ឆ្នាំ​ចុង​ក្រោយ​មក​នេះ បាននាំឱ្យកុមារមួយចំនួនរស់នៅក្នុងគ្រួសារធូរធារ មានភាពស្រណុលស្រួល ឆាប់ធំធាត់ និងទទួលបានការអប់រំស្ដង់ដារខ្ពស់ សេវាសុខភាពល្អ ។ល។ ប៉ុន្តែ កុមារកើតក្នុងគ្រួសារក្រីក្ រកុមារតាមទីជនបទដាច់ស្រយាល ជនជាតិភាគតិច និងកុមារពិការ ពិបាកក្នុងការទទួលបានសិទ្ធិជាមូលដ្ឋានរបស់ខ្លួន។

កុមារកម្ពុជាត្រឹម ១១​ភាគរយ​នៅជនបទ និង៣៦ភាគរយ​នៅ​ភ្នំពេញ ទទួលបានការសិក្សាក្នុងកម្មវិធីអប់រំកុមារតូច។ ក្មេងជំទង់ ៤ភាគរយ​រៀនចប់ត្រឹមអនុវិទ្យាល័យ។ កុមារក្រិសក្រិនមានចំនួន ៣៤ភាគរយ​នៅជនបទ និង២៤ភាគរយ​នៅភ្នំពេញ។ កុមារជិត៣០ភាគរយ​រស់នៅខ្វះ​អនាម័យ និងទឹកស្អាតប្រើប្រាស់ ព្រមទាំងបន្ទោរបង់ពាសវាលពាសកាល។

ចំពោះបញ្ហាប្រឈមថ្មីៗវិញ កុមារកម្ពុជាមួយចំនួនក៏ប្រឈមនឹងការកេងប្រវ័ញ្ចនានាបណ្ដាលមកពីការរីកចម្រើននៃបច្ចេកវិទ្យា ការកេងប្រវ័ញ្ចផ្លូវភេទ ពិសេសក្នុងវិស័យទេសចរណ៍ ការរស់នៅខ្វះភាពកក់ក្ដៅបណ្ដាលមកពីការចំណាកស្រុករបស់ឪពុកម្ដាយ ឬគ្រួសារ បម្រែបម្រួលអាកាសធាតុទឹក និងអនាម័យ។

ម្យ៉ាងទៀត នៅពេលឆ្នាំ២០៣០មកដល់ ជំនួយអភិវឌ្ឍន៍ពីភាគីម្ចាស់ជំនួយអន្តរជាតិ ដើម្បីជួយកុមារកាន់តែតិចទៅៗ ជាហេតុនាំឱ្យស្ថានភាពជាទូទៅនៃកុមារងាយរងគ្រោះកាន់តែមានភាពមិនច្បាស់លាស់។

មន្ត្រីសម្របសម្រួលផ្នែកទំនាក់ទំនងរបស់អង្គការសម្ព័ន្ធ​មូលនិធិ​កុមារ លោក ឃុន ពិសី ប្រាប់តាមរយៈសារតេឡេក្រាមថា ក្រុមអង្គការសង្គមស៊ីវិល បានផ្ញើរបាយការណ៍ជាទូទៅទៅកាន់ស្ថាប័នទូត ក្រសួងពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ និងសាធារណជន រួមទាំងក្រុមកុមារ និងយុវជន។

លោក ឃុន ពិសី ប្រាប់​បន្តថា៖ «គោលបំណងសំខាន់របស់យើង គឺចង់អបអរសាទរនូវកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធទាំងអស់ រួមទាំងរាជរដ្ឋាភិបាលផងដែរ ដែលបានខិតខំសម្រេចបាននូវសមិទ្ធិផលជាច្រើនផ្នែកសិទ្ធិកុមារ និងពញ្ញាក់អារម្មណ៍ឱ្យមានការយកចិត្តទុកដាក់ពីអ្នកពាក់ព័ន្ធបន្ថែមទៀតលើបញ្ហាសំខាន់ៗនៃសិទ្ធិកុមារ។ ក្រុមការងារកំពុងបន្តជួបប្រជុំគ្នាបន្ទាប់ពីបញ្ចប់ការផ្សព្វផ្សាយរបាយការណ៍ ដើម្បីពិភាក្សាពីយុទ្ធសាស្ដ្របន្តទៀត»

របាយកាណ៍សិក្សាស្រាវជ្រាវនេះ បានបង្ហាញពីការងារអាទិភាពចំនួន​ ៦ ដើម្បីវិនិយោគលើសិទ្ធិកុមាររួមមាន ការកែលម្អលទ្ធភាពគុណភាព និងការទទួលបានសេវាអប់រំកុមារតូច ប្រយុទ្ធប្រឆាំងនឹងកង្វះលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព ដោះស្រាយបញ្ហាកិច្ចការពារកុមារដែលមានអត្រាខ្ពស់ កាត់បន្ថយឱ្យបានច្រើនបំផុតនូវអត្រាកុមារខ្វះអាហាររូបត្ថម្ភ កែលម្អលទ្ធភាពទទួលបានសេវាទឹកផឹកមូលដ្ឋាន និងអនាម័យ និងបង្កើនការចូលរួមសម្រេចចិត្តរបស់កុមារ។

ផែនការសកម្មភាពជាតិស្ដីពីការអភិវឌ្ឍកុមារពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨  របស់គណៈកម្មាធិការជាតិដើម្បីកុមារកម្ពុជា បង្ហាញថា បញ្ហាកុមារកម្ពុជា ផ្សារភ្ជាប់កត្តាសំខាន់ចំនួន ២ គឺ​កត្តាគ្រួសារ និងសង្គមជាតិ។

ស្ថាប័នជំនាញនេះ ដាក់ចេញនូវយុទ្ធសាស្ដ្រចំនួន៥ ដើម្បីលើកកម្ពស់សិទ្ធិកុមារ ដែលរួមមាន ការលើកកម្ពស់គុណភាពអប់រំ និងជំនាញវិជ្ជាជីវៈ ការលើកកម្ពស់សុខុមាលភាពកុមារ ពង្រឹងកិច្ចគាំពារកុមារ ពង្រឹងកិច្ចសហការអនុវត្តគោលនយោបាយ និងច្បាប់នានា ពង្រឹងយន្តការអនុវត្តឱ្យមានប្រសិទ្ធភាព។

ការសិក្សា និងអង្កេតនានា​របស់តំណាងរដ្ឋាភិបាល និងតំណាងអង្គការសហប្រជាជាតិ ដែល​ធ្វើការងារលើកកម្ពស់សិទ្ធិកុមារ បង្ហាញថា ក្នុងរយៈពេលជិត ៣០ឆ្នាំចុងក្រោយនេះ ស្ថានភាពសិទ្ធិកុមារមានការវិវត្តល្អគួរសម​។

សូចនាករទាំងនោះរួមមាន អត្រាមរណភាព​ទារកពី ១១៦នាក់នៅឆ្នាំ១៩៩២ មកនៅត្រឹមជាង ៣០នាក់នៅឆ្នាំ២០១៦។ អត្រាមរណភាព​មាតា (១សែនករណី) ក្នុងពេលសម្រាលកូនចំនួន ៨៩៦នាក់នៅឆ្នាំ១៩៩២ ថយចុះមកនៅ ១៦១នាក់ក្នុងឆ្នាំ២០១៥។

អត្រាកុមារក្រិសក្រិនបាន​ធ្លាក់​ចុះ​ពី​ជាង ៥៦ភាគរយ​នៅឆ្នាំ១៩៩៦ មកនៅជាង ៣២ភាគរយ​នៅឆ្នាំ២០១៤ ខណៈ​អត្រាភាព​ក្រីក្រ បាន​ថយ​ចុះ​ពី​អត្រា ៤៧​ភាគរយ​នៅឆ្នាំ២០០៧ មកនៅ​ជាង ១៣ភាគរយ​នៅឆ្នាំ២០១៤ ហើយចំណូលជាតិសរុបសម្រាប់​មនុស្ស​ម្នាក់ បានកើន​ឡើង​ពី​ចំនួន ២៥០ដុល្លារនៅឆ្នាំ១៩៩៥ មកដល់១ ៣៨០ដុល្លារ នៅក្នុងឆ្នាំ២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ