ទូតអាមេរិក​ជួបនាយករដ្ឋមន្ត្រីលើកទី២ ជជែកពីបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដេីម្បីបន្តការពិភាក្សារបស់យេីង ពីការគាំទ្ររបស់អាមេរិក ចំពោះពលរដ្ឋកម្ពុជា និងប្រជាធិបតេយ្យ ព្រមទាំងបន្តជំហានលើបញ្ហាសិទ្ធិមនុស្ស ដែលនឹងជួយពង្រឹងទំនាក់ទំនងទ្វេភាគី ។ (ហ្វេសប៊ុក U.S. Embassy Phnom Penh, Cambodia)

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាដែលទើបចូលកាន់តំណែងថ្មី បានជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាលើកទី២ ជជែកលើបញ្ហាដដែលគឺការពង្រឹងការគោរពសិទ្ធិមនុស្ស និងស្តារលទ្ធិប្រជាធិបតេយ្យ ដើម្បីបន្តពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

តាមហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានសសេរថា កាលពីថ្ងៃទី២១ ខែវិច្ឆិកានេះ ឯក​អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាដែលទើបចូលកាន់តួនាទីថ្មី លោក Patrick Murphy បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាលើកទី២ ក្នុងការបន្តពិភាក្សាពីការគាំទ្ររបស់អាមេរិកចំពោះពលរដ្ឋកម្ពុជា និងប្រជាធិបតេយ្យ ព្រមទាំងបញ្ហាសិទ្ធិមនុស្ស ដើម្បីជួយពង្រឹងទំនាក់ទំនងទ្វេភាគី។

ខ្លឹមសារលើហ្វេសប៊ុកស្ថានទូតអាមេរិក៖ «លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបន្តការពិភាក្សារបស់យើង ពីការគាំទ្ររបស់អាមេរិកចំពោះពលរដ្ឋកម្ពុជា និងប្រជាធិបតេយ្យ ព្រមទាំងបន្តជំហានលើបញ្ហាសិទ្ធិមនុស្ស ដែលនឹងជួយពង្រឹងទំនាក់ទំនងទ្វេភាគី ។»

កាលពីថ្ងៃទី២៥ ខែតុលា លោក Patrick Murphy បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចម្តងមកហើយ ដោយក្នុងជំនួបកាលណោះ ឯកអគ្គរដ្ឋទូតរូបនេះ បានប្រាប់ទៅលោក ហ៊ុន សែន ឲ្យពង្រឹងប្រជាធិបតេយ្យឡើងវិញ ដោយថា ការស្តារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងសិទ្ធិសេរីភាពពេញលេញ នឹងជួយដល់ការរីកចម្រើនផ្នែកការទូតរបស់កម្ពុជាជាមួយនឹងសហគមន៍អន្តរជាតិ។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ប្រសាសន៍ថា កម្ពុជា និងអាមេរិកមានជំហរចង់បានលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សដូចគ្នា ដោយលោកថា រហូតមដល់ពេលនេះ កម្ពុជាដើរលើគន្លងប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្សបានមួយចំនួនធំរួចទៅហើយ។

លោក ផៃ ស៊ីផាន៖ «រហូតដល់ពេលឥលូវនេះ យើងបានរៀបចំការងារនៅក្នុងវិស័យសិទ្ធិមនុស្សហ្នឹងឲ្យចូលទៅក្នុងច្បាប់។ រាល់ការតាក់តែងច្បាប់គឺត្រូវតែមានវិស័យសិទ្ធិមនុស្សមើលនៅក្នុងហ្នឹង ដែលជាច្បាប់មួយការពារសិទ្ធិមនុស្ស និងផ្តល់សិទ្ធិដល់ប្រជាពលរដ្ឋ។ ទី២ ការពង្រឹងសិទ្ធិមនុស្សគឺការថែរក្សាសន្តិភាព។ កាលណាស្រុកច្របូកច្របល់គឺថា គ្មានសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌលសម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​ លោ​ក មឿន​ តុលា​ មានប្រសាសន៍ថា ករណីអាមេរិកចូលជួបជាមួយប្រមុខរដ្ឋាភិបាល និងជំរុញឲ្យកម្ពុជាពង្រឹងប្រធិបតេយ្យ និងគោរពសិទ្ធិមនុស្សនោះ គឺជាសារមួយបង្ហាញថា អាមេរិកជាប្រទេសមហាអំណាច និងជាប្រទេសអហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលមហាអំណាចមួយនេះមិនឈរអោបដៃមើលការរំលោភសិទ្ធិមនុស្សនៅកម្ពុជាឡើយ។

លោក មឿន តុលា៖ «ស្ថានទូតអាមេរិកនៅកម្ពុជាហ្នឹងធ្លាប់បាននិយាយហើយថា ដោយសារអាមេរិកមានកាតព្វកិច្ចមួយគឺអាមេរិកជាប្រទេសអហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។ អីចឹង អាមេរិកមានកាតព្វកិច្ចមួយក្នុងការជំរុញឲ្យកម្ពុជាដើរលើគន្លងប្រជាធិបតេយ្យ»

ប្រាប់អ្នកសារព័ត៌មានក្រោយជួបជាមួយលោក កឹម សុខា កាលពីថ្ងៃទី១១ ខែវិច្ឆិកានោះ លោក W. Patrick Murphy បានបង្ហាញការសោកស្ដាយដែលសេរីភាពរបស់មេបក្សប្រឆាំងរូបនេះត្រូវបានហាមឃាត់នៅក្នុងរយៈពេល២ឆ្នាំមកនេះ។ អគ្គរដ្ឋទូតអាមេរិករូបនេះ បានជំរុញទៅរដ្ឋាភិបាលកម្ពុជាឱ្យផ្ដល់សេរីភាពពេញលេញដល់លោក កឹម សុខា និងអ្នកនយោបាយដទៃទៀត។​

បច្ចុប្បន្ន កម្ពុជាក៏កំពុងប្រឈមមុខជាមួយសហភាពអឺរ៉ុបដែលព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយចោទថា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ច្រានចោលការចោទប្រកាន់ទាំងនេះថា ជាការចោទប្រកាន់ក្រោមរូបភាពនយោបាយខុសពីការពិតនៅកម្ពុជា។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ