មន្ត្រីកិច្ចការសាធារណៈនៃវិទ្យុអាស៊ីសេរី បានប្រាប់ថា វិទ្យុអាមេរិកមួយនេះ នៅមិនទាន់ធ្វើសេចក្ដីសម្រេចចិត្តណាមួយជុំវិញការបើកការិយាល័យរបស់ខ្លួនឡើងវិញនៅកម្ពុជានៅឡើយទេ បន្ទាប់ពីមានជំនួបមន្ត្រីជាន់ខ្ពស់ស្ថាប័នសារព័ត៌មានមួយនេះជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា។
នាយកគ្រប់គ្រងការិយាល័យអាស៊ីសេរីប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ លោក Matthew Pennington បានជួបជជែកជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រកន្លងមកនេះ អំពីការបើកការិយាល័យវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរនៅក្នុងប្រទេសកម្ពុជាឡើងវិញ។
មន្ត្រីកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យវិទ្យុអាស៊ីសេរីប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Rohit Mahajan បានអះអាងប្រាប់វីអូឌីតាមអ៊ីម៉ែលថា លោកពុំទាន់ទទួលបានសេចក្ដីសម្រេចណាមួយនៅឡើយទេជុំវិញបញ្ហានេះ។
លោក Rohit Mahajan បានប្រាប់តាមអ៊ីម៉ែលកាលពីថ្ងៃម្សិលមិញថា៖ «បើសិនជាទទួលបានព័ត៌មានពិស្ដារ ខ្ញុំនឹងផ្ដល់ព័ត៌មានជូនអ្នក»។
អ្នកនាំពាក្យរូបនេះ មិនបានបកស្រាយលម្អិតបន្ថែមទៀតឡើយជុំវិញជំនួបរវាងតំណាងស្ថាប័នរបស់ខ្លួនជាមួយនឹងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ប៉ុន្តែ លោកបានចង្អុលបង្ហាញឱ្យផ្អែកតាមខ្លឹមសារដែលត្រូវបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ។
បើផ្អែកតាមខ្លឹមសារដែលត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកនោះ ក្រៅពីជជែកអំពីការវិលត្រឡប់មកវិញនៃវិទ្យុអាស៊ីសេរីនៅក្នុងប្រទេសកម្ពុជានោះ លោក Matthew Pennington ក៏បានជជែកផងដែរអំពីការទម្លាក់ចោលបទចោទប្រកាន់ទៅលើអតីតអ្នកយកព័ត៌មានពីររូបរបស់លោកវិទ្យុមួយនេះ មានលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ។
ស្ថានទូតអាមេរិក បានរៀបរាប់ថា៖ «ប្រការនេះ អាចជួយដល់អ្នកសារព័ត៌មានទាំងឡាយ រួមទាំងអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីនាថ្ងៃអនាគត ឱ្យមានទំនុកចិត្តថា ពួកគេត្រូវធ្វើការងាររបស់គេដោយមានសុវត្ថិភាព និងស្ថិតក្នុងបរិយាកាសអំណោយផលដល់សេរីភាពសារព័ត៌មាន និងនីតិរដ្ឋ។ ស្ថានទូតអាម៉េរិក រង់ចាំមើលនូវវឌ្ឍនភាពបន្ថែមទៀតលើសេរីភាពសារព័ត៌មាន ក្នុងប្រទេសកម្ពុជា» ។
ជំនួបមួយនេះ បានកើតឡើងមួយសប្ដាហ៍ក្រោយពីជំនួបរវាងលោក ខៀវ កាញារីទ្ធ និងអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy ដែលបានជជែកអំពីការបើកឱ្យវិទ្យុក្នុងស្រុកមួយចំនួនជួលម៉ោងផ្សាយដល់វិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ(VOA) ដែលជាប្រព័ន្ធផ្សព្វផ្សាយមួយទៀតទទួលបានជំនួយគាំទ្រថវិកាពីរដ្ឋាភិបាលអាមេរិក។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ មានប្រសាសន៍ប្រាប់វីអូឌីថា ភាគីវិទ្យុអាស៊ីសេរីស្នើសុំឱ្យជួយសម្រួលឱ្យ RFA បើកការិយាល័យរបស់ខ្លួនឡើងវិញនៅភ្នំពេញ។ លោកបន្តថា រដ្ឋមន្ត្រីតម្រូវឱ្យវិទ្យុអាស៊ីសេរីសុំច្បាប់សុំអាជ្ញាប័ណ្ណពីក្រសួងព័ត៌មាន និងលុបចោលនូវការប្រើប្រាស់ពាក្យ «របបក្រុងភ្នំពេញ» ឬពាក្យ «របបលោក ហ៊ុន សែន» ចេញពីសេចក្ដីរាយការណ៍របស់ខ្លួន។
លោក មាស សុភ័ណ្ឌ មានប្រសាសន៍ថា៖ «ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា អាស៊ីសេរីអាចធ្វើការនៅកម្ពុជាវិញបាន ប៉ុន្តែ ត្រូវតែកែនូវពាក្យដែលខ្លួនបានប្រើ មួយទៀតត្រូវបំពេញឱ្យបាននូវឯកសារគតិយុត្តិអ៊ីចឹង។ ឯកឧត្តមក៏មិនជំទាស់ពីការជួលម៉ោងផ្សាយដែរ តែមិនត្រូវប្រើពាក្យរបបៗហ្នឹងទេ» ។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា លោក ម៉ៃ ទិត្យថារ៉ា មើលឃើញថា នេះគឺជាដំណើរវិវត្តន៍វិជ្ជមានមួយនៃស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ប៉ុន្តែ លោកក៏ចង់ឃើញលំហសេរីភាពសារព័ត៌មានត្រូវបានបើកចំហថែមទៀត។
លោក ម៉ៃ ទិត្យថារ៉ា ប្រាប់ថា៖ «យើងចង់ឃើញការបើកចំហរថែមទៀតចំពោះសារព័ត៌មាននៅកម្ពុជា។ បើមានការបើកឱកាសអ៊ីចឹង នឹងនាំឱ្យពលរដ្ឋទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ហើយនាំឱ្យសារព័ត៌មានបំពេញការងារដោយគ្មានការភ័យខ្លាចទៀតផង» ។
វិទ្យុអាស៊ីសេរីបានប្រកាសបិទការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ដោយថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការបង្ក្រាបមកលើសំឡេងឯករាជ្យឥតស្រាកស្រាន្តពីសំណាក់រដ្ឋាភិបាលកម្ពុជា។
វិទ្យុអាស៊ីសេរីបានសម្រេចចិត្តបែបនេះ បន្ទាប់ពីក្រសួងព័ត៌មានបានសម្រេចហាមឃាត់វិទ្យុក្នុងស្រុកចំនួនជាង ៣០ស្ថានីយ៍ មិនឱ្យផ្សាយបន្តផ្ទាល់នូវកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD)ផងដែរ។
វិទ្យុមួយនេះ បានប្រកាសបិទការិយាល័យរបស់ខ្លួនតែមួយសប្ដាហ៍ប៉ុណ្ណោះក្រោយពីកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែលចេញផ្សាយប្រចាំថ្ងៃជាភាសាអង់គ្លេសនោះ បានសម្រេចបញ្ឈប់ការចេញផ្សាយរបស់ខ្លួនផងដែរជុំវិញបញ្ហាពន្ធ ៦.៣លានដុល្លារ ដែលរដ្ឋាភិបាលកម្ពុជាអះអាងថា កាសែតមួយនេះមិនបានបង់ពន្ធក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។
បន្ទាប់ពីអាស៊ីសេរីបិទទ្វារនៅភ្នំពេញមិនបានប៉ុន្មានផង អតីតបុគ្គលិករបស់ខ្លួនពីរនាក់ ត្រូវបានចាប់ខ្លួនក្រោមបទចោទធ្វើចារកម្មបម្រើឱ្យរដ្ឋបរទេស ហើយអតីតបុគ្គលិកមួយចំនួនទៀត ត្រូវបង្ខំចិត្តគេចខ្លួន ឬបោះបង់អាជីពជាអ្នកសារព័ត៌មានទៀតផង។
វិទ្យុអាស៊ីសេរី ចាប់ផ្តើមផ្សាយជាភាសាខ្មែរតាំងពីឆ្នាំ១៩៩៧មកម្ល៉េះ។ ក្រៅពីផ្សាយព័ត៌មានវិទ្យុនេះ ក៏បានផ្តល់ឱកាសឱ្យយុវជនសិក្សារៀនសូត្រលើជំនាញសារព័ត៌មាន តាមរយៈការបណ្ដុះបណ្ដាល និងទទួលយកអ្នកហាត់ការជាដើម។
កាលពីឆ្នាំ២០១៤ វិទ្យុនេះ ត្រូវបានដាក់ក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយចោទថាជាស្ថាប័នព័ត៌មានកាន់ជើងបក្សប្រឆាំង និងមានចេតនាអាក្រក់មកមើលរដ្ឋាភិបាលកម្ពុជា៕