ម្ចាស់វិទ្យុក្នុងស្រុកមួយចំនួន ដែលធ្លាប់ជួលម៉ោងផ្សាយឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) បានបង្ហាញការសាទររបស់ពួកគេចំពោះការវិលត្រឡប់មកវិញរបស់វិទ្យុអាមេរិកទាំងពីរនេះ បន្ទាប់ពីវិទ្យុទាំងពីរនេះបានស្វែងរកការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា ឱ្យបើកការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញ។
នាយកគ្រប់គ្រងការិយាល័យអាស៊ីសេរីប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ លោក Matthew Pennington បានជួបជជែកជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រកន្លងមកនេះ អំពីការបើកការិយាល័យវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរនៅក្នុងប្រទេសកម្ពុជាឡើងវិញ។
ជំនួបមួយនេះ បានកើតឡើងមួយសប្ដាហ៍ក្រោយពីជំនួបរវាងលោក ខៀវ កាញារីទ្ធ និងអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy ដែលបានជជែកអំពីការបើកឱ្យវិទ្យុក្នុងស្រុកមួយចំនួនជួលម៉ោងផ្សាយដល់វិទ្យុអាស៊ីសេរី និងវីអូអេ ដែលជាប្រព័ន្ធផ្សព្វផ្សាយមួយទៀតទទួលបានជំនួយគាំទ្រថវិកាពីរដ្ឋាភិបាលអាមេរិក។
នាយកស្ថានីយ៍វិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ បានប្រាប់ថា លោកស្វាគមន៍ដំណើរវិវត្តន៍វិជ្ជមានដែលទើបកើតឡើងថ្មីៗនេះ ហើយលោកប្រាប់ថា លោកកំពុងស្ថិតក្នុងដំណាក់កាលជជែកពិភាក្សាជាមួយវិទ្យុ VOA អំពីការជួលម៉ោងផ្សាយសម្រាប់វិទ្យុមួយនេះ។
លោក ម៉ម សូណង់ដូ ដែលជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងជាសមាជិកមួយរូបនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ផងនោះ ចាត់ទុកដំណើរវិវត្តន៍ចុងក្រោយនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញការចូលរួមពីគ្រប់ស្ថាប័នផលិតព័ត៌មានចម្រុះនៅក្នុងវិស័យផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា។
លោក ម៉ម សុណង់ដូ មានប្រសាសន៍ថា៖«ក្រោយពីការជួបហើយ បានខ្ញុំអាចធ្វើពាក្យសំណើរទៅជម្រាបក្រសួងព័ត៌មាន។ តើការផ្សាយហ្នឹងវាយ៉ាងម៉េចទៅតាមកម្មវិធីរបស់ VOA ហ្នឹង ចាំទុកឱ្យក្រសួងគេជាអ្នកសម្រេចទៅ។ មិនមានបញ្ហាអ្វីចំពោះខ្ញុំទេ ប៉ុន្តែ ខ្ញុំធ្វើអ្វីមួយតោងមានការអនុញ្ញាតពីក្រសួងព័ត៌មាន។ គេសុខចិត្តឱ្យខ្ញុំធ្វើ បើគេមិនសុខចិត្ត ហើយគេមិនឱ្យ ក៏ខ្ញុំមិនអាចធ្វើប៉ាតណាប៉ាតណីបានដែរ។ ខ្ញុំមិនចង់មានបញ្ហាជាមួយក្រសួងព័ត៌មានទេ ព្រោះយើងធ្វើការនៅក្នុងការគ្រប់គ្រងរបស់ក្រសួងព័ត៌មាន»។
ស្ថានីយ៍វិទ្យុក្នុងស្រុកជាច្រើន និងទូរទស្សន៍មួយចំនួន ក្នុងនោះមានទូរទស្សន៍ជាតិកម្ពុជា (TVK) ផងដែរ បានជួលម៉ោងផ្សាយ និងទទួលផ្សាយកម្មវិធីព័ត៌មានផលិតឡើងដោយវិទ្យុ វីអូអេ និងវិទ្យុអាស៊ីសេរី នៅមុនការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើប្រព័ន្ធផ្សព្វផ្សាយកាលពីខែវិច្ឆិកាឆ្នាំ២០១៧កន្លងមក។
អ្នកស្រី ជា ស៊ុនដាណែត នាយិកាវិទ្យុ FM១០២ នាពេលបច្ចុប្បន្ន និងជាអតីតអ្នកគ្រប់គ្រងនៃមជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានឱ្យដឹងថា មានតែវិទ្យុ វីអូអេ តែមួយគត់ ដែលកំពុងស្ថិតក្នុងដំណាក់កាលជជែកគ្នាសម្រាប់ការជួលម៉ោងផ្សាយនេះ ហើយភាគីទាំងពីរនឹងជួបជជែកអំពីរឿងនេះនៅចុងខែវិច្ឆិកានេះ។
អ្នកស្រី ជា ស៊ុនដាណែត មានប្រសាសន៍ថា៖«ខ្ញុំត្រូវធ្វើលិខិតទៅក្រសួង ហើយសរុបសេចក្តីទៅ គឺ VOA អត់មានទទួលខុសត្រូវចំពោះក្រសួងទេ ព្រោះគេបានចុះបញ្ជីអីហ្នឹងហើយ។ ម្ចាស់ស្ថានីយ នៅពេលយើងផ្តល់ឱ្យគេហើយ យើងត្រូវស្តាប់ ត្រូវត្រួតពិនិត្យ យើងត្រូវស្តាប់ យើងត្រូវអីហ្នឹង។ ប្រសិនបើការនិយាយហ្នឹង វាមិនប្រកបដោយវិជ្ជាជីវៈអីហ្នឹង យើងត្រូវទទួលខុសត្រូវ»។
ប៉ុន្តែ សម្រាប់កិច្ចសហការជាមួយវិទ្យុអាស៊ីសេរីវិញ អ្នកស្រី ស៊ុនដាណែត ឱ្យដឹងថា មិនទាន់មានសំណើរណាមួយនៅឡើយទេ ខណៈដែលវិទ្យុអាស៊ីសេរី ត្រូវបានតម្រូវឱ្យអនុវត្តតាមច្បាប់របស់កម្ពុជា។
មជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ដែលផ្សាយសំឡេងនៅលើហ្វ្រេកង់ FM១០២ មុននឹងប្ដូរមកហ្វ្រេកង់ ១០៣.៥ នាពេលសព្វថ្ងៃនេះ បានជួលម៉ោងផ្សាយរបស់ខ្លួនទៅវិទ្យុអាស៊ីសេរី វិទ្យុ វីអូអេ និងវិទ្យុបារាំងអន្តរជាតិផ្សាយជាភាសាខ្មែរផងដែរនៅមុនឆ្នាំ២០១៧កន្លងមក។
នាយិកាមជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជា អ្នកស្រី វួន សុវិរីយ៍ បានបដិសេធជជែកអំពីកិច្ចការនេះ នៅពេលត្រូវបានទាក់ទងសុំព័ត៌មាននៅល្ងាចថ្ងៃចន្ទនេះ។
ក្នុងជំនួបជាមួយប្រធានវិទ្យុអាស៊ីសេរីប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Matthew Pennington កាលពីសប្ដាហ៍មុននោះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានប្រាប់ថា រដ្ឋមន្ត្រីព័ត៌មាន លោក ខៀវ កាញារីទ្ធ តម្រូវឱ្យវិទ្យុអាស៊ីសេរីសុំច្បាប់ពីក្រសួង និងលុបចោលនូវការប្រើប្រាស់ពាក្យ «របបក្រុងភ្នំពេញ» ឬពាក្យ «របបលោក ហ៊ុន សែន» ចេញពីសេចក្ដីរាយការណ៍របស់ខ្លួនន។
វិទ្យុស្ទឹងសែន FM១០០MHz ដែលស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក៏បានជួលម៉ោងផ្សាយរបស់ខ្លួនទៅដល់វិទ្យុអាស៊ីសេរីផងដែរនៅមុនឆ្នាំ២០១៧កន្លងមក។
នាយិកាវិទ្យុស្ទឹងសែន អ្នកស្រី គឹម សុបញ្ញា បានប្រាប់ថា អ្នកស្រីសប្បាយរីករាយ ក្រោយពីទទួលបានព័ត៌មានថា វិទ្យុអាស៊ីសេរី អាច មកបើកការិល័យរបស់ខ្លួននៅកម្ពុជាឡើងវិញ។
អ្នកស្រី សុបញ្ញា អះអាងថា ការជួលប្រេកង់វិទ្យុទៅដល់វិទ្យុអាមេរិកមួយនេះ មិនត្រឹមតែផ្ដល់ចំណូលសម្រាប់វិទ្យុរបស់អ្នកស្រីនោះទេ ប៉ុន្តែ វាក៏បន្ថែមនូវប្រភពព័ត៌មានចម្រុះដល់អ្នកស្ដាប់ថែមទៀតផងដែរ។
អ្នកស្រី គឹម សុបញ្ញា ប្រាប់ថា៖ «ពីអារម្មណ៍របស់ខ្ញុំ បើសិនជាមានក៏ល្អ ប៉ុន្តែ គ្រាន់ថា ដូចពីមុនចឹងណា៎បង ខ្លាចតែវាមានផលប៉ះពាល់ពេលដែលយើងផ្សាយៗ គាត់បើកផ្លូវ ស្រាប់តែគាត់បិទផ្លូវ គាត់បិទតែម្តង»។
កម្មវិធីព័ត៌មានសំឡេងប្រជាធិបតេយ្យ (VOD) របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ក៏ត្រូវបានផ្សព្វផ្សាយនៅលើវិទ្យុក្នុងស្រុកមួយចំនួនផងដែរ នៅមុនចុងឆ្នាំ២០១៧កន្លងមក។
នាយកផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ណុប វី បានប្រាប់ថា លោកមើលឃើញដំណើរវិវត្តន៍វិជ្ជមាននាពេលថ្មីៗនេះ ហើយស្ថាប័នរបស់លោកនឹងស្វែងរកកិច្ចសហការឡើងវិញជាមួយស្ថានីយ៍វិទ្យុក្នុងស្រុកផងដែរ ដើម្បីផ្សព្វផ្សាយកម្មវិធីព័ត៌មានរបស់ខ្លួនឡើងវិញ។
លោក វី បានប្រាប់បន្តថា ប៉ុន្តែ លោកចង់ឃើញលំហសេរីភាពកាន់តែទូលាយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា អាចធ្វើសេចក្ដីសម្រេចចិត្តដោយគ្មានការភ័យខ្លាច ដើម្បីផ្សព្វផ្សាយព័ត៌មានគ្រប់ជ្រុងជ្រោយទៅដល់ប្រជាពលរដ្ឋ។
លោក ណុប វី ប្រាប់ថា៖ «យើងចង់ឃើញថា រដ្ឋាភិបាលគាត់បើកចំហរនៅក្នុងការផ្ដល់សេរីភាពពេញលេញសម្រាប់ការសម្រេចចិត្តរបស់ម្ចាស់ស្ថានីយ៍វិទ្យុទាំងអស់ហ្នឹង ដើម្បីធ្វើម៉េចធានាថា ពួកគាត់មានការសម្រេចចិត្តដោយមិនមានការភ័យខ្លាចក្នុងការផ្សព្វផ្សាយកម្មវិធីដែលអាចឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មាន ទទួលបានដំណឹងអីផ្សេងៗគ្រប់និន្នាការ ឬក៏ព័ត៌មានដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយសម្រាប់ពួកគាត់ ជាជាងអ្វីដែលពួកគេទទួលបានព័ត៌មានតែពីម្ខាងៗ»។
វិទ្យុអាស៊ីសេរី បានសម្រេចបិទការិយាល័យរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងមក ដោយថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការបង្ក្រាបមកលើសំឡេងឯករាជ្យឥតស្រាកស្រាន្តពីសំណាក់រដ្ឋាភិបាលកម្ពុជា។
វិទ្យុអាស៊ីសេរីបានសម្រេចចិត្តបែបនេះ បន្ទាប់ពីក្រសួងព័ត៌មានបានសម្រេចហាមឃាត់វិទ្យុក្នុងស្រុកចំនួនជាង ៣០ស្ថានីយ៍មិនឱ្យផ្សាយបន្តផ្ទាល់នូវកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD)ផងដែរ។
វិទ្យុមួយនេះ បានប្រកាសបិទការិយាល័យរបស់ខ្លួនតែមួយសប្ដាហ៍ប៉ុណ្ណោះក្រោយពីកាសែតឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែលចេញផ្សាយប្រចាំថ្ងៃជាភាសាអង់គ្លេសនោះ បានសម្រេចបញ្ឈប់ការចេញផ្សាយរបស់ខ្លួនផងដែរជុំវិញបញ្ហាពន្ធ៦.៣លានដុល្លារ ដែលរដ្ឋាភិបាលកម្ពុជាអះអាងថា កាសែតមួយនេះមិនបានបង់ពន្ធក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។
បន្ទាប់ពីអាស៊ីសេរីបិទទ្វារនៅភ្នំពេញមិនបានប៉ុន្មានផង អតីតបុគ្គលិករបស់ខ្លួនពីរនាក់ ត្រូវបានចាប់ខ្លួនក្រោមបទចោទធ្វើចារកម្មបម្រើឱ្យរដ្ឋបរទេស ហើយអតីតបុគ្គលិកមួយចំនួនទៀត ត្រូវបង្ខំចិត្តគេចខ្លួន ឬបោះបង់អាជីពជាអ្នកសារព័ត៌មានទៀតផង៕