កម្ពុជា ចុះកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតស៊ីគ្នាជាមួយកូរ៉េខាងត្បូង

រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន(ស្តាំ) និងរដ្ឋមន្រ្តីការបរទេសសាធារណរដ្ឋកូរ៉េ លោកស្រី កាង ឃ្យុង-វ៉ា នៅអំឡុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ ថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ប្រភពៈ គេហទំព័ររក្រសួងការបរទេសកូរ៉េខាងត្បូង)

កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតស៊ីគ្នាជាមួយសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងកិច្ចព្រមព្រៀង៤ផ្សេងទៀត អំឡុងកិច្ចប្រជុំអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅថ្ងៃច័ន្ទទី២៥ ខែវិច្ឆិកាម្សិលមិញ នាទីក្រុងប៊ូសាន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងការ​បរទេសកូរ៉េខាងត្បូង កិច្ចព្រមព្រៀងទាំងនោះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងរដ្ឋមន្រ្តីការបរទេសសាធារណរដ្ឋកូរ៉េ លោកស្រី កាង ឃ្យុង-វ៉ា និងធ្វើឡើងដើម្បីរួមគ្នាជំរុញ និងពង្រីកទំហំពាណិជ្ជកម្ម និងវិនិយាគរវាងប្រទេសទាំងពីរ។

តាមប្រភពដដែល កិច្ចព្រមព្រៀងចំនួន៥នោះ រួមមាន «កិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតស៊ីគ្នា ដោយទៅលើពន្ធលើប្រាក់ចំណូល និងការបង្កាការគេចវេស និងចៀសវៀងពន្ធ», «សន្ធិសញ្ញាស្តីពីជំនួយផ្នែកច្បាប់ទៅវិញទៅមកក្នុងសំណុំរឿងព្រហ្មទណ្ឌ», «បន្តអនុស្សារណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម», «មូលនិធិកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច” និងការចាប់ផ្តើមសិក្សារួមគ្នាស្វែងយល់លើលទ្ធភាពបង្កើត«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ»។

តាមប្រភពពីក្រសួងការបរទេសកូរ៉េខាងត្បូងដដែលនេះ ជារៀងរាល់ឆ្នាំ ប្រជាជនកម្ពុជា និងកូរ៉េខាងត្បូងចំនួនជាង៣០០ ០០០ នាក់ បានធ្វើដំណើរទៅមករវាងប្រទេសទាំង២។

យោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជាដែល​ចេញ​កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង មានប្រមាណ៧៥៦លានដុល្លារ នៅក្នុងឆ្នាំ២០១៨ កើនប្រមាណ១៤,៦៩ភាគរយ ធៀបនឹងឆ្នាំ២០១៧។ ទំនិញសំខាន់ៗដែលកម្ពុជានាំទៅប្រទេសនេះមានអាវយឺត សម្លៀកបំពាក់បុរស គ្រឿងអេឡិចត្រូនិច និងកៅស៊ូធម្មជាតិ ជាដើម។ ​ឯកូរ៉េខាងត្បូងវិញ នាំចូលមកកម្ពុជានូវរថយន្តដឹកទំនិញ ក្រណាត់ចាក់ ទឹករ៉ែធម្មជាតិ គ្រឿងចក្រ និងគ្រឿងអេឡិចត្រូនិច ជាដើម៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ