ក្រសួងមហាផ្ទៃបញ្ជាក់ថា អគ្គលេខាបក្សសិទ្ធិមនុស្សជាអ្នកសុំពន្យារពេលបញ្ជូនសមាសភាពថ្នាក់ដឹកនាំ

ក្រុមអ្នកគាំទ្រគណបក្សសិទ្ធិមនុស្សធ្វើយុទ្ធនាការឃោសនាបក្សក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២។ (បញ្ញា ឆពណ្ណ)

មន្ត្រីជាន់ខ្ពស់អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ទម្លាយឱ្យដឹងថា អ្នកដែលដាក់លិខិតស្នើសុំពន្យារពេលបញ្ជូនសមាសភាពថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្ស ទៅកាន់ក្រសួងមហាផ្ទៃ គឺអគ្គលេខាធិការគណបក្សសិទ្ធិមនុស្ស លោក តាំង សារៈ។ ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីប្រធានគណបក្សសិទ្ធិមនុស្ស លោក សឺន ស៊ូប៊ែរ្តិ៍ បដិសេធតាមរយៈសារព័ត៌មានថា ខ្លួនមិនបានដឹងពីការសុំពន្យារពេលបញ្ជូនសមាសភាពថ្នាក់ដឹកនាំទៅកាន់ក្រសួងមហាផ្ទៃនេះទេ។

អគ្គលេខាធិការរងទទួលបន្ទុករដ្ឋបាល នៃក្រសួងមហាផ្ទៃ លោក ឈឹម កាន ប្រាប់វីអូឌីថា ក្រសួងមហាផ្ទៃបានទទួលលិខិតរបស់អគ្គលេខាគណបក្សសិទ្ធិមនុស្ស លោក តាំង សារៈ កាលខែតុលា ដើម្បីស្នើសុំពន្យារពេលបញ្ជូនបញ្ជីឈ្មោះសមាសភាពថ្នាក់ដឹកនាំគណបក្សនេះទៅកាន់ក្រសួង ហើយក្រសួងក៏អនុញ្ញាតតាមការស្នើសុំនៅខែវិច្ឆិកានេះ។

លោក ឈឹម កាន មានប្រសាសន៍ថា៖ «លោក តាំង សារៈ ហ្នឹងគាត់ជាអ្នកដាក់លិខិតសុំពន្យារ ព្រោះក្រសួងជូនដំណឹងឱ្យគណបក្សនេះរៀបចំបញ្ជីឈ្មោះសមាសភាពថ្នាក់ដឹកនាំបក្ស ដាក់ជូនក្រសួងតាមច្បាប់គណបក្សនយោបាយ។ ខ្ញុំមិនអាចបង្ហាញលិខិតស្នើសុំរបស់បក្សគាត់ហ្នឹងជាសាធារណៈទេ ព្រោះជាលិខិតផ្ទៃក្នុងរបស់គាត់។

ទាក់ទងនឹងបញ្ហានេះ ប្រធានគណបក្សសិទ្ធិមនុស្ស លោក ស៊ឺន ស៊ូបែរ្តិ៍ មានប្រសាសន៍ថា លោកមិនបានដឹងថាអ្នកណាជាអ្នកស្នើសុំពន្យារពេលបញ្ជូនសមាសភាពបក្សសិទ្ធិមនុស្សនេះទៅកាន់ក្រសួងមហាផ្ទៃនោះទេ ម្យ៉ាងទៀត លោកក៏មិនបានទទួលលិខិតជាផ្លូវការពីក្រសួងមហាផ្ទៃនោះដែរ។

លោក សឺន ស៊ូប៊ែរ្តិ៍ មានប្រសាសន៍ថា៖ «ខ្ញុំអត់បានឃើញផង ឱ្យខ្ញុំឆ្លើយតប មានតែអស់លោកអ្នកសារព័ត៌មានមកសួរ បើខ្ញុំអត់បានឃើញផង ឱ្យខ្ញុំឆ្លើយយ៉ាងម៉េច? កាលសមាជ២០១៣ (សមាជបក្សសិទ្ធិមនុស្ស) ក្រសួងគេនៅអត់ជឿ គេថាខុស មិនដឹងខុសកន្លែងណា បើសមាជសម្រេច (រំលាយ) អ៊ីចឹងហើយ»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ្រ មានប្រសាសន៍ថា ការសម្រេចរបស់ក្រសួងនេះធ្វើឡើងតាមការស្នើសុំរបស់គណបក្សសិទ្ធិមនុស្ស តែគណបក្សនេះជាអ្នកធ្វើខុសលក្ខន្តិក្កៈដែលដាក់តម្កល់នៅក្រសួងមហាផ្ទៃ។

លោក ខៀវ សុភ័គ្រ លើកឡើងថា៖ «ប្រាប់ឱ្យអ្នកឯងធ្វើត្រឹមត្រូវ តាមលក្ខន្តិក្កៈបក្សដែលដាក់តម្កល់នោះ បើបក្សសិទ្ធិមនុស្សរំលាយទាល់តែធ្វើតាមលក្ខន្តិក្កៈបក្ស លក្ខន្តិក្កៈបក្សរំលាយត្រូវធ្វើម៉េចនោះត្រូវមានស្អីៗខ្លះនោះ?»

វីអូឌី មិនអាចទាក់ទងលោក តាំង សារៈ ដើម្បីបកស្រាយបំភ្លឺបញ្ហានេះបានទេនៅថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០១៩នេះ។

អតីតអគ្គលេខាបក្សសិទ្ធិមនុស្ស និងបច្ចុប្បន្នជាអ្នកនយោបាយអតីតគណបក្សសង្គ្រោះជាតិ ដែលភៀសខ្លួនទៅក្រៅប្រទេស លោក ហ៊ីង សុខសាន្ត បានអះអាងថា ការដាក់ពាក្យសុំពន្យារពេលបញ្ជូនបញ្ជីឈ្មោះរបស់គណបក្សសិទ្ធិមនុស្សនេះ ជាកិច្ចការរដ្ឋបាលសុទ្ធសាធ ឆ្ពោះទៅរំលាយគណបក្សសិទ្ធិមនុស្សនៅពេលឆាប់ៗខាងមុខ។

លោក ហ៊ីង សុខសាន្ត ប្រាប់ថា៖ «ខ្ញុំមិនដឹងច្បាស់ថា អ្នកណាដាក់លិខិតសុំពន្យារនេះទេ។ តែខ្ញុំសុំបញ្ជាក់ថា បើគណបក្សសិទ្ធិមនុស្សអាចរំលាយ ស្អែកត្រូវរំលាយភ្លាម។យើងអត់ទៅដឹកនាំបក្សនោះវិញទេ។ យើងធ្វើនយោបាយក្នុងនាមជាគណបក្សសង្គ្រោះជាតិ យើងរងការធ្វើទុក្ខបុកម្នេញគ្រប់យ៉ាង យើងត្រូវទាមទារយុត្តិធម៌ ក្នុងនាមគណបក្សសង្គ្រោះជាតិ។ ពួកយើងត្រូវបានទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក្នុងនាមជាបក្សសង្គ្រោះជាតិ»។

បើតាមលោក ហ៊ីង សុខសាន្ត គឺគណបក្សកាន់អំណាចកំពុងចង់បំបែកគណបក្សសង្គ្រោះជាតិជាពីរ គឺម្ខាងអ្នកគាំទ្រលោក កឹម សុខា និងម្ខាងអ្នកគាំទ្រលោក សម រង្ស៊ី។ លោកថា ការដែលចាកចោលបក្សសង្គ្រោះជាតិ ទៅបក្សសិទ្ធិមនុស្សវិញ ជាយុទ្ធសាស្ដ្រធ្វើតាមបំណងរបស់បក្សកាន់អំណាច។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានច្រាន​ចោលការលើកឡើងរបស់លោក​ ហ៊ីង សុខសាន្ត ដោយលោក​ថា​ ករណី​នេះ​ជានីតិវិធី​របស់​ក្រសួងមហាផ្ទៃប៉ុណ្ណោះ។ លោក បន្ថែមថា ​គណបក្សសិទ្ធិ​មនុស្ស​នៅ​តែមាន​ឈ្មោះ​ក្នុងក្រសួងមហាផ្ទៃ ហើយរឿងបែកបាក់​នោះ បក្សនេះបាន​បែកបាក់រួច​ទៅហើយ។

គណបក្សសិទ្ធិមនុស្សបានផ្ញើលិខិតទៅកាន់ក្រសួងមហាផ្ទៃដោយប្រកាសរំលាយខ្លួនឯងនៅថ្ងៃទី២៨ ខែមករាឆ្នាំ២០១៨។ កាលនោះ លោក កឹម សុខា តាមរយៈទំព័រហ្វេសប៊ុក​ផ្លូវការរបស់ខ្លួន បានបញ្ជាក់ថា ការប្រកាសរំលាយគណបក្សសិទ្ធិមនុស្សគឺដោយសារតែហេតុផលបីយ៉ាង ដែល​ទី១ បញ្ជាក់ពីជំហរនៃការរួបរួមក្រោមផ្លាកគណបក្សសង្គ្រោះជាតិតែមួយគត់ មិនមានការបែកបាក់ ទី២ មិនធ្វើតាមអ្វីដែលគូប្រកួតឱ្យដើរ គឺក្រោយពីការរំលាយគណបក្សសង្រ្គោះជាតិ និងទី៣ គឺគោរពឆន្ទ:របស់ប្រជាពលរដ្ឋ និងម្ចាស់ឆ្នោតជាង ៣លាននាក់ដោយនៅជាមួយគណបក្សសង្រ្គោះជាតិ។ ទោះជាបែបនេះក្ដី ការប្រកាសរំលាយខ្លួនឯងនេះមិនត្រូវបានអនុញ្ញាតពីក្រសួងមហាផ្ទៃឡើយ ដោយសំអាងថា ការប្រកាសរំលាយមិនត្រូវតាមលក្ខខន្តិក្កៈគណបក្សសិទ្ធិមនុស្សខ្លួនឯង។

បើតាមលោក ហ៊ីង សុខសាន្ត គណបក្សសិទ្ធិមនុស្សបានរងពិន័យពីក្រសួងមហាផ្ទៃ កាលពីខែកក្កដា ឆ្នាំ២០១៩ ដោយសារតែខកខានមិនបានផ្ញើរបាយការណ៍សកម្មភាពទៅកាន់ក្រសួងមហាផ្ទៃ និងខកខានមិនបានផ្ញើរបាយការណ៍ហិរញ្ញវត្ថុទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោក សុខសាន្ដ ទទួលស្គាល់ថា គណបក្សសិទ្ធិមនុស្សពិតជាមិនបានធ្វើតាមលក្ខន្តិក្កៈរបស់ខ្លួនមែន ដោយសារតែសមាសភាពថ្នាក់ដឹកនាំភាគច្រើនលើសលុបមកបម្រើជីវភាពនយោបាយជាមួយគណបក្សសង្គ្រោះជាតិ។

គណបក្សសិទ្ធិមនុស្សត្រូវបានបង្កើតឡើងដោយលោក កឹម សុខា កាលពីឆ្នាំ២០០៧។ គណបក្សសិទ្ធិមនុស្ស បានឈ្នះអាសនៈសភាចំនួន៣អសនៈ នៅឆ្នាំ២០០៨។ នៅឆ្នាំ២០១២ លោក កឹម សុខា បានរួមគ្នាជាមួយលោក សម រង្ស៊ី ដោយចាប់ដៃគ្នាបង្កើតបានជាគណបក្សសង្រ្គោះជាតិ ដើម្បីអាចប្រកួតប្រជែងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការច្របាច់បញ្ចូលគ្នានេះ ទទួលបានសំឡេងកើនឡើងគួរឱ្យកត់សម្គាល់ គឺទទួលបានកៅអីតំណាងរាស្ត្ររហូតដល់៥៥រូប ក្នុងចំណោម១២៣រូប នៅឆ្នាំ២០១៣។ ចំណែកក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០១៧ គណបក្សសង្រ្គោះជាតិបានកើនឡើងចំនួនក្រុមប្រឹក្សាឃុំ-សង្កាត់ជាង១០ដង រហូតដល់ ៥០០៧នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ