លិខិត​​មេដឹកនាំ​អាមេរិក​ផ្ញើ​ជូន​លោក ហ៊ុន សែន ត្រូវ​បាន​បក​ស្រាយ​ផ្សេងៗ​នៅ​កម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

អ្នកវិភាគ និងអ្នកតាមដាន​នយោបាយកម្ពុជា លើកឡើងថា លិខិតមេដឹកនាំ​អាមេរិក​​ផ្ញើជូនលោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បង្កប់នូវ​ខ្លឹមសារចង់ឱ្យមេដឹកនាំកម្ពុជា វិលទៅរកគន្លងប្រជាធិបតេយ្យសេរីពហុបក្ស ខណៈអ្នកនាំពាក្យរដ្ឋាភិបាលថា សារនោះបញ្ជាក់ថា អាមេរិកគាំទ្រអធិបតេយ្យកម្ពុជា និងឆន្ទៈពលរដ្ឋខ្មែរ។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើសារលិខិតពីរ​ច្បាប់ចុះថ្ងៃទី០១ ខែ​វិច្ឆិកា មកកាន់លោក ហ៊ុន សែន ហើយ​លិខិត​នោះ​ត្រូវ​បាន​អគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក Patrick Murphy ​យក​ទៅ​​ប្រគល់​ជូន​លោក​នាយករដ្ឋ​មន្ត្រី​ដោយ​ផ្ទាល់ ​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​កន្លង​មក​នេះ។

ក្រៅ​ពី​អញ្ជើញ​លោក ហ៊ុន សែន ទៅ​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន-អាមេរិក​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ​ហើយ​នោះ មេដឹកនាំ​អាមេរិក​ក៏​បាន​លើក​ឡើង​អំពី​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​លិខិត​នោះ​ផង​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​បក​ស្រាយ​ផ្សេងៗ​គ្នា​ក្នុង​ចំណោម​អ្នក​តាម​ដាន​នយោបាយ​កម្ពុជា។

សាស្រ្តាចារ្យនយោបាយ លោក ឯម សុវណ្ណរ៉ា លើកឡើងថា ខ្លឹមសារក្នុងលិខិតនោះ គឺអាមេរិកចង់ជម្រះមន្ទិលដែលកម្ពុជាថា ខ្លួនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និងក្រើនរំឭកដល់លោក ហ៊ុន សែន ឱ្យអនុវត្តលទ្ធិប្រ​ជាធិបតេយ្យដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា៖ «គេ [អាមេរិក] គាំទ្រថា មិនឱ្យផ្លាស់ប្តូររបប បានន័យថា បើកម្ពុជាប្រកាន់លើរបបសេរីពហុបក្សប្រជាធិបតេយ្យរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ អាមេរិកគេនៅតែគោរ​ព គាំទ្រ និងមិនប្រកាន់ឱ្យផ្លាស់ប្តូររ​បបទេ។ ប៉ុន្តែ មិនមានន័យថា ដូចអ្នកសារព័ត៌មានមួយចំនួនថា មិនឱ្យមានការផ្លាស់ប្តូរអ្នកដឹកនាំទេ»

អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ យល់ឃើញថា ក្នុងលិខិតនោះ ប្រធានាធិបតីអាមេរិក​ចង់បង្ហា​ញ​ពីជំហរបោះដៃជួយកម្ពុជា បើលោក ហ៊ុន សែន ប្តូរចិត្តវិលមករកគន្លងប្រជាធិបតេយ្យ ហើយព្រមានពីហានិភ័យនៃកិច្ចស​ហប្រតិបត្តិការជាមួយចិន ដោយងាកចេញពីប្រទេសលោកខាងលិច។

លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា៖ «សូមឱ្យលោក ហ៊ុន សែន ពិចារណាសារឡើងវិញទៅលើការដែលសេចក្តីសម្រេចរបស់លោក ហ៊ុន សែន ដែលកន្លែងនេះ គាត់និយាយច្បាស់ គាត់និយាយ គឺទៅលើរឿងដែលលោក ហ៊ុន សែន ជ្រើសយកកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន គម្រោងជាមួយប្រទេសចិន ដែលអាចប៉ះពាល់ទៅលើបូរណភាពទឹកដីនៃប្រទេសកម្ពុជា»

អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័​ន្ទរ័ត្ន មើលឃើញថា សារលោក ដូណាល់ ត្រាំ ចង់បញ្ជាក់ជំហរមិនគាំទ្រការផ្លាស់ប្តូររបបប្រជាធិបតេយ្យនៅកម្ពុជាតាមមធ្យោបាយហិង្សា។

លោក អ៊ូ ច័ន្ធរ័ត្ន មានប្រសាសន៍ថា៖ «ជារឿងមួយដែលគេចង់បញ្ជាក់ជំហររបស់គេ គឺមានពីរយ៉ាង។ ទី១ គេមិនគាំទ្រលោកប្រ​ធា​ន សម រង្ស៊ី ក្នុងការផ្លាស់ប្តូររបបនោះ ប្រើអំពើហិង្សា ដូចជា មានការអំពាវនាវឱ្យមានការបះបោរ​ដោយប្រើកម្លាំងយោធាក្តី នោះ គេមិនគាំទ្រទេ។ ទី២ គេក៏ចង់បញ្ជាក់ដែរថា គេមិនគាំទ្រទេចំពោះការចោទប្រកាន់ទៅលើលោកប្រធាន កឹម សុខា ដែលថា ចង់ប្តូររបបដោយមានការគាំទ្រពីសហរដ្ឋអាមេរិកអីហ្នឹង»

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល សរសេរលើហ្វេសប៊ុក​​របស់​លោក​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា ខ្លឹមសារក្នុងលិខិតនោះ​ជាភាសាការទូតដែលបង្កប់អត្ថន័យស្នូលសំខាន់ ២ចំណុច។

លោក ព្រាប កុល សរសេរថា៖ «ទី១ អាមេរិកគាំទ្រកម្ពុជាក្នុងបុព្វហេតុថែរក្សា និងការពារអធិប​តេយ្យភាពរបស់កម្ពុជា។ ខ្លួនមិនគាំទ្រឱ្យមានការផ្លាស់ប្តូររបបប្រជាធិបតេយ្យសេរីពហុបក្ស ឱ្យទៅជារបប​កុម្មុយនីស្ត ឬរបបផ្តាច់ការឡើយ។

លោក ព្រាប កុល បន្ត​ថា​៖ «ទី២ ខ្លួនមា​ន​ការបារម្ភចំពោះកម្ពុជាដែលផ្តេកផ្តួល អាចរងឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយពីប្រទេសចិន ដែល​នេះអាចត្រូវបានអាមេរិកមើលឃើញថា កម្ពុជាកំពុងប្រឈមនឹងការបាត់បង់អធិបតេយ្យភាពដោយសារអំណាចគ្របដណ្តប់របស់មហាអំណាចចិន»

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន លើកឡើងថា សារលិខិតរបស់លោក ដូណាល់ ត្រាំ បានបង្ហា​ញថា សហរដ្ឋអាមេរិក​ និងកម្ពុជាមានគោលជំហរ និងគោលដៅដូចគ្នា ក្នុងការកសាងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែ​លកម្ពុជាបានបាត់បង់ក្នុងសម័យសង្គ្រាម តាមយន្តការកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូនឹងគ្នា។

លោកបន្ថែមថា នេះគឺជាលើកទី១ហើយដែលប្រធានាធិបតីនៃប្រទេសមហាអំណាចមួយនេះ ទទួលស្គាល់អធិបតេយ្យរបស់កម្ពុជា និងឆន្ទៈពលរដ្ឋក្នុងការគាំទ្រការដឹកនាំរបស់រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត។

លោក ផៃ ស៊ីផាន មានប្រសាសន៍ថា៖ «អាហ្នឹងវាមិនដែលមានទេពាក្យពីរហ្នឹង។ សូម្បីតែការប្រយុទ្ធប្រឆាំងជំនាន់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ហ្នឹង ចង់ឱ្យសហរដ្ឋអាមេរិកទទួលស្គាល់អធិបតេយ្យភាពខ្មែរ គេមិនទទួលស្គាល់ គេអត់និយាយ។ តាំងពីហ្នឹងរហូតមកដល់ឥឡូវនេះ នៅក្នុងជំនាន់នាយករដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហ្នឹង គឺមានការទទួលស្គាល់។ ប្រើពាក្យអធិបតេយ្យ ទទួលស្គាល់អធិបតេយ្យ ទទួលស្គាល់អ្វីជាឆន្ទៈប្រជាពលរដ្ឋ»

សាស្រ្តាចារ្យផ្នែកកិច្ចការអន្តរជាតិនៃសកលវិទ្យាល័យ Occidental រដ្ឋកាលីហ្វ័រញ៉ា លោក អៀ សុផល យល់ឃើញថា សារលោកប្រធានាធិបតីអាមេរិក ផ្តល់នូវពន្លឺល្អបំផុតសម្រាប់ស្ថានការនៅកម្ពុជា។

លោកបន្តថា ខ្លឹមសារ ៩០​ភាគរយក្នុងលិខិតនោះ គឺចង់ឱ្យលោក ហ៊ុន សែន ផ្លាស់ប្តូរមធ្យោបាយដឹកនាំរបស់លោក តែអ្នកគាំទ្ររដ្ឋាភិបាលលើកយកចំណុចវិជ្ជមានដ៏តិចតួចមកបកស្រាយ។

លោក អៀ សុផល ប្រាប់ វីអូឌី តាមអ៊ីមែលទៀតថា៖ «អ្វីដែលជាបញ្ហាពិតប្រាកដ គឺអាមេរិកចង់ឱ្យកម្ពុជាវិលត្រឡប់មកកាន់មាគ៌ាអភិបាលកិច្ចតាមបែបលទ្ធិប្រជាធិបតេយ្យ»

ក្នុងលិខិតរបស់លោក ដូណាល់ ត្រាំ នោះបានលើកឡើងថា អាមេរិកគោរពឆន្ទៈអធិបតេយ្យភាពនៃប្រជាជនកម្ពុជា ហើយខ្លួនមិនចង់ស្វែងរកការផ្លាស់ប្តូររបបឡើយ។ រដ្ឋាភិបាលរបស់លោក ចង់ស្វែងរកទំនាក់ទំនងមួយជាមួយរដ្ឋាភិបាលកម្ពុជា ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក។

លិខិតរបស់​លោក ត្រាំ រៀបរាប់​ថា សហរដ្ឋអាមេរិកនឹងបន្តគូសបញ្ជាក់អំពីជំនឿស្នូលរបស់ខ្លួនថា ការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យ សេរីភាពបុគ្គល និងនីតិរដ្ឋ ជាមាគ៌ាល្អបំផុតឆ្ពោះទៅកាន់សន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់គ្រប់ប្រជាជាតិ។

លិខិត​ដដែល​នោះ រៀបរាប់​បន្ត​ថា ការ​ដឹកនាំ​កម្ពុជា​វិល​ត្រឡប់​ទៅ​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​វិញ មាន​សារៈ​សំខាន់​សម្រាប់​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាងប្រទេស​ទាំង​ពីរ​នា​ពេល​អនាគត។

ឃ្លា​មួយ​នៃ​លិខិត​ជា​ភាសា​អង់គ្លេស​នោះ ត្រូវ​បាន​បក​ប្រែ​ជា​ភាសា​ខ្មែរ​​ថា​៖ «ជា​ជំហាន​ដំបូង ខ្ញុំ​សង្ឃឹម​ថា អ្នក [ហ៊ុន សែន]​ នឹង​វាយ​តម្លៃ​ឡើង​វិញ​នូវ​ការ​សម្រេច​ចិត្ត​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​អ្នក​បាន​ប្រកាន់​យក ដែល​​សហរដ្ឋ​អាមេរិក​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា ការ​សម្រេច​ចិត្ត​ទាំង​នោះ ធ្វើ​ឱ្យ​មាន​ហានិភ័យ​ធំ​ធេង​ចំពោះ​អធិបតេយ្យភាព ស្ថេរភាព និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​យូរ​អង្វែង​របស់​ព្រះ​រាជាណា​ចក្រ​កម្ពុជា»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ