លោក​ សម​ រង្ស៊ី​ ផ្ញើ​សារ​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​រួមគ្នា​ទើប​អាច​ឈ្នះ​ការបោះឆ្នោត​

លោក​ កឹម​ សុខា​ និង​លោក​ សម​ រង្ស៊ី​ ចូលរួម​ជាមួយ​អ្នកគាំទ្ររាប់ម៉ឺននាក់ ​តវ៉ា​ចំពោះ​លទ្ធផល​បោះឆ្នោត​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ខែកញ្ញា​ ឆ្នាំ២០១៣។​ (រូបភាព​៖ ស្រី​ សុ​ភ័ក្រ្ត)

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​និរទេស​ខ្លួន​ លោក​ សម​ រង្ស៊ី​  បាន​អំពាវនាវ​កុំឱ្យ​អ្នក​ប្រជាធិបតេយ្យ​បែកបាក់​គ្នា​ ទើប​អាច​ឈ្នះ​ការបោះឆ្នោត​លើ​ដៃគូ​ប្រកួត​បាន​ ដោយ​ថា​ បក្ស​កាន់អំណាច​គ្មាន​ជម្រើស​ក្រៅពី​ទទួលយក​លក្ខខណ្ឌ​របស់​សភាព​អឺរ៉ុប​ បើកផ្លូវ​ឱ្យ​គណបក្ស​ប្រឆាំង​ដំណើរការ​ឡើងវិញ​នោះ​ទេ​។

គិត​ត្រឹម​ថ្ងៃពុធ​នេះ​ រដ្ឋាភិបាល​កម្ពុជា​ មាន​ពេល១៥ថ្ងៃ​ទៀត​ សម្រាប់​ឆ្លើយតបទៅនឹង​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ ដែល​អឺរ៉ុប​ទាមទារ​ឱ្យ​ស្តារប្រ​ជា​ធិប​តេយ្យ​ឡើងវិញ​ ជា​ថ្នូរ​នឹងការ​រក្សាទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«អ្វី​ៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ​» ហៅ​ EBA​

តាម​វីដេអូ​រយៈពេល​ជាង១៥នាទី​ បង្ហោះ​លើ​ហ្វេ​សប៊ុ​ក នា​ថ្ងៃទី២៧ ខែវិច្ឆិកា​នេះ​ លោក​ សម​ រង្ស៊ី​ អះអាង​ថា​ មេដឹកនាំ​បក្ស​កាន់អំណាច​ គ្មាន​ជម្រើស​អ្វី​ក្រៅពី​ទទួលយក​លក្ខខណ្ឌ​របស់​សភាព​អឺរ៉ុប​ ដើម្បី​បើកផ្លូវ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ​នោះ​ទេ​ បើ​មេដឹកនាំ​រូប​នេះ​គិត​ពី​ប្រយោជន៍ជាតិ​ ដែល​លោក​ប្រើពាក្យ​ថា​«មិន​វាយ​បំបែក​ឆ្នាំង​បាយ​កម្មករ​ និង​ពលរដ្ឋ​ច្រើន​លាន​នាក់​នោះ​»

លោក​ សម​ រង្ស៊ី​ លើកឡើង​ទៀត​ថា​ ក្នុង​កាលៈទេសៈ​នេះ​ អ្នក​ប្រជាធិបតេយ្យ​មិន​ត្រូវ​បែកបាក់​គ្នា​តាម​ការ​ញុះញង់​ និង​អូសទាញ​របស់​បក្ស​កាន់អំណាច​ឡើយ​។ លោក​លើក​ហេតុផល​ថា​ ការ​បែកបាក់​នឹង​មិន​ឈ្នះ​គណបក្ស​កាន់អំណាច​បានទេ​ បើ​មានការ​បោះឆ្នោត​ត្រឹមត្រូវ​មួយ​កើតឡើង​នោះ​ ។

លោក​ថា​៖ «អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ​និង​អ្នក​ប្រជាធិបតេយ្យ​ទាំងអស់​យល់​ច្បាស់​ថា​ កឹម​ សុខា​ និង​ សម​ រង្ស៊ី​ ត្រូវតែ​នៅជា​មួយ​គ្នា​ជានិច្ច​ បើ​យើង​បែកបាក់​គ្នា​គឺ​យើង​មិន​អាច​ទទួល​ជ័យ​ជម្នះលើ​របប​ ហ៊ុន​ សែន​ បានទេ ​ក្នុង​ការបោះឆ្នោត​ណាមួយ​ខាងមុខ​»។

អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ មាជ​ សុវណ្ណារ៉ា​ ហៅ​សារ​ក្រើន​រំឭក​នេះ​ថា​ បាន​ឆ្លុះបញ្ចាំង​ភាព​បរាជ័យ​របស់​អ្នក​ប្រជាធិបតេយ្យ​ពីអ​តី​តកាល​ ដោយសារតែ​ការ​បែកបាក់​គ្នា​។ ប៉ុន្តែ​ លោក​ថា​ ការ​រួបរួម​របស់​អ្នក​ប្រជាធិបតេយ្យ​ពេលនេះ​ ត្រូវការ​ភាព​ស្មោះត្រង់​ និង​ត្រូវ​បង្កើត​វប្បធម៌​សន្ទនា​ជាមួយ​ដៃ​គូ​ប្រកូ​ត។

លោក​ថា​៖ «ឆ្នាំ​១៩៩៣ គឺ​អ្នក​ប្រជាធិបតេយ្យ​បាន​ឈ្នះ​ឆ្នោត ​ប៉ុន្តែ​ ដោយសារតែ​គូ​ប្រកួត​ម្ខាង​ៗគ្មាន​ភាព​ស្មោះត្រង់​ លេង​​តែល្បិចនយោបាយ​ទុច្ចរិត​ហ្នឹងហើយ​ បាន​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​បែកបាក់​ រហូត​បច្ចុប្បន្ន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​គេ​រំលាយ​ អាហ្នឹង​ហើយដែល​យើង​ឃើញថា ​ភាព​ខ្សោយ​នៃ​អ្នក​ប្រជាធិបតេយ្យ​ ធ្វើ​ឱ្យ​យើង​ខ្សោយ​ទៅៗ​នៃ​កម្លាំង​នយោបាយ​»។

អតីត​តំណាង​រា​ស្ត្រគណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អ៊ូ​ ច័ន្ទ​រ័ត្ន​ បង្ហាញ​ការយល់ឃើញ​ប្រហាក់​ប្រហែល​ដែរ​។ ប៉ុន្តែ​ លោក​ថា​ មកដល់ពេលនេះ​ លោក​ហាក់​មើល​មិនទាន់​ឃើញ​ពី​ការ​វិវឌ្ឍ​នៃ​ការ​រស់​ឡើងវិញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ​ទេ​។

លោក​ថា​៖ «ការ​រួបរួម​មិន​អាច​រួបរួម​ជុំវិញ​បុគ្គល​បានទេ​ ត្រូវ​រួបរួម​ជុំវិញ​គោលការណ៍​។ម៉្លោះ​ហើយ​ យើង​អត់​ទាន់​ឃើ​ញ​​គោលការណ៍​ជាក់លាក់​ ជាពិសេស​បុគ្គល​មួយចំនួន​អត់​ទាំង​បាន​គោរព​គោលការណ៍​បក្ស​ផង​។ ម៉្លោះហើយ​ មិន​អា​ច​ទៅ​​រួបរួម​ធ្វើ​ម៉េច​កើត​ទេ​ ទាល់តែ​យើង​មាន​គោលការណ៍​ច្បាស់លាស់​ ហើយ​អនុវត្ត​គោលការណ៍​ហ្នឹង​ច្បាស់​លា​ស់​ ពិសេស​ថ្នាក់​ដឹក​នាំ​មួយ​ៗហ្នឹង​»។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​ជា​មេដឹកនាំ​បក្ស​កាន់អំណាច​ផង​នោះ​ បាន​បញ្ជា​ក់​ជំហរ​ថ្មីទៀត​កាលពី​សប្តាហ៍​មុន​ ពាក់ព័ន្ធ​ទៅ​នឹង​លក្ខ​ខណ្ឌ​របស់​សហភាព​អឺរ៉ុប​នេះ​ថា​ រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​ធ្វើអ្វី​គ្រប់យ៉ាង​ដែល​សហភាព​អឺរ៉ុប​ទាមទារ​នោះ​ទេ​។

លោក​ថា​៖ «យើង​មិន​អាចយ​កអធិបតេយ្យ​របស់​យើង​ទៅ​ដោះដូរ​ជាមួយនឹង​ជំនួយ​ណាមួយ​នោះ​ទេ​ អ្វី​ដែល​យើង​ធ្វើ​បាន​​ យើង​ធ្វើ​ អ្វី​ដែល​យើង​ធ្វើ​មិនបាន​ អត់ទេ​»។

សហភាព​អឺរ៉ុប​ធ្លាប់​ទាមទារ​ឱ្យ​ដោះលែង​លោក​ កឹម​ សុខា​ ត្រូវ​ប្រគល់​សង​អាសនៈ​ឃុំ​-សង្កាត់​ ចំនួន៥០០៧​ មកវិញ​ និង​ត្រូវ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​តាម​យន្តការ​ប្រជា​ធិ​តេយ្យ​ មាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​កម្ពុជា​រំលាយ​នោះ​ បាន​ចូល​រួម​ប្រកួត​ឡើងវិញ​ ជាដើម​។

អ្នកវិភាគ​នយោបាយ ​លោក​ ឯម​ សុវណ្ណ​រ៉ា​ បង្ហាញ​ការយល់ឃើញ​ថា​ វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​លើ​ទីលាន​ប្រកួត​ដោយ​តម្លាភាព​ដែល​សហភាព​អឺរ៉ុប​ជំរុញ​នោះ​ ជា​ក្ដី​បារម្ភ​របស់​បក្ស​កាន់អំណាច​លើ​ភាព​មិន​ច្បាស់លាស់​នៃការ​បន្ត​គ្រប់គ្រង​អំណាច​។

លោក​ថា​៖ «ការបោះឆ្នោត​ឃុំ​-សង្កាត់ ​(ឆ្នាំ២០១៧​) យើង​ឃើញថា​ សំឡេង​គាំទ្រ​វា​ខុសគ្នា​តែ​ជាង៥សែន​សំឡេង​ទេ​។ ​អ៊ី​ចឹង​ ជា​សំឡេង​មួយ​ដែល​ធ្វើ​ឱ្យ​គណបក្ស​កាន់អំណាច​បារម្ភ​»

យ៉ាងនេះ​ក្ដី​ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ​GMAC ​បង្ហាញ​ក្ដី​បារម្ភ​ថា​ បើ​កម្ពុជា​មិន​អាច​រក្សា​ប្រ​ព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ របស់​សហភាព​អឺរ៉ុប​នេះ​បានទេ​ GMAC​ ថា​កម្មករ៧៥ម៉ឺន​នាក់​ក្នុង​វិស័យ​កាត់ដេរ​នឹង​រង​ផល​ប៉ះពាល់​ និង​ពលរដ្ឋខ្មែរ៣លាន​គ្រួសារ​ផ្សេងទៀត​ប៉ះពាល់​ដោយប្រយោល​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ