ពលរដ្ឋមួយក្រុមទៀតមានជម្លោះដីធ្លីនៅកោះកុង​ជាមួយ UDG តវ៉ាឱ្យដោះស្រាយបញ្ចប់វិវាទ

ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ពលរដ្ឋប្រមាណជាង ៤០នាក់ ដែលអះអាងថា តំណាង​ឱ្យ​អ្នក​ភូមិ ១២៨គ្រួសារ​ ដែល​កំពុងមានជម្លោះដីធ្លីជាមួយ​ក្រុមហ៊ុន​ចិន ​ញូ​ញៀន​ ឌឹវើ​លុប​មែន​ គ្រុប​ (Union​ Development​ Group​) ខេត្តកោះកុង ដែល​មកពីភូមិចំនួន៤ ស្ថិតក្នុងឃុំតានូន ក្នុងស្រុកបុទុមសាគរ បាននាំគ្នាឡើងមកស្នាក់នៅវត្តសាមគ្គីរង្សី និង​ដាក់ញត្តិនៅក្រសួងរៀបចំដែនដីជាថ្មីទៀត ក្នុងគោលបំណងជំរុញទៅរដ្ឋមន្ត្រីក្រសួងរៀនចំដែនដី លោក ជា សុផារ៉ា ឱ្យពន្លឿនដំណោះស្រាយបញ្ចប់វិវាទដីធ្លីជូនពួកគេ។ (ហ៊ី ឆាយ)

ពលរដ្ឋប្រមាណជាង ៤០នាក់ ដែលអះអាងថា តំណាង​ឱ្យ​អ្នក​ភូមិ ១២៨គ្រួសារ​ ដែល​កំពុងមានជម្លោះដីធ្លីជាមួយ​ក្រុមហ៊ុន​ចិន ​ញូ​ញៀន​ ឌឹវើ​លុប​មែន​ គ្រុប​ (Union​ Development​ Group​) ខេត្តកោះកុង បានជំរុញទៅរដ្ឋាភិបាលឱ្យពន្លឿនដោះស្រាយបញ្ចប់វិវាទដីធ្លីជូនពួកគេ ខណៈជម្លោះនោះអូសបន្លាយជាង ១០ឆ្នាំ។

តំណាងប្រជាពលរដ្ឋ​ទាំង​នោះ ដែល​មកពីភូមិចំនួន៤ ស្ថិតក្នុងឃុំតានូន ក្នុងស្រុកបុទុមសាគរ បាននាំគ្នាឡើងមកស្នាក់នៅវត្តសាមគ្គីរង្សី និង​ដាក់ញត្តិនៅក្រសួងរៀបចំដែនដីជាថ្មីទៀតនៅថ្ងៃនេះ ក្នុងគោលបំណងជំរុញទៅរដ្ឋមន្ត្រីក្រសួងរៀនចំដែនដី លោក ជា សុផារ៉ា ឱ្យពន្លឿនដំណោះស្រាយបញ្ចប់វិវាទដីធ្លីជូនពួកគេ។

អ្នកស្រី គុណ សៅរ៍ ដែលអះអាងថា ជាតំណាងប្រជាពលរដ្ឋ​នោះ ប្រាប់វីអូឌីថា ដីស្រែចម្ការ និងដីលំនៅឋាន​ទំហំ​ ៤១៧.៧៥ ហិកតារបស់អ្នកភូមិ ត្រូវបានក្រុមហ៊ុន ញូញៀន ឈូសឆាយរំលោភយកអស់តាំងពីឆ្នាំ២០១០​ ដោយអ្នកភូមិបានរកកិច្ចអន្តរាគមន៍ពីស្ថាប័នរដ្ឋកំពូលៗជាច្រើនដងដែរ ប៉ុន្តែ រហូតមកដល់ពេលនេះ មិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ។

អ្នកស្រី គុណ សៅរ៍ ប្រាប់ថា៖ «ពួកខ្ញុំមកតវ៉ាម្តងអត់ ពីរដងអត់ ដោយអាជ្ញាធរមិនទាន់បានជំរុញដោះស្រាយជូនពលរដ្ឋឱ្យបានលឿនទេ។ អីចឹងពួកខ្ញុំមកនេះ គឺដើម្បីឱ្យក្រសួងក៏ដោយ សម្តេចតេជោ ហ៊ុន សែន ក៏ដោយ ត្រូវជួយដោះស្រាយជូនប្រជាពលរដ្ឋឱ្យលឿន ដើម្បីឱ្យប្រជាពលរដ្ឋគាត់បានធ្វើស្រែវិញ ព្រោះប្រជាពលរដ្ឋគាត់អត់ណាស់»

តំណាងពលរដ្ឋរូបនេះបន្តថា ដីធ្លីអ្នកភូមិដែលក្រុមហ៊ុនចិនរំលោភយកនោះ ជាដីដែលពួកគាត់បានទៅរស់នៅតពីដូនតារហូតមក និងមានឯកសារកាន់កាប់ទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវ ហើយថា អ្នកភូមិមួយ​គ្រួសារ បានបាត់បង់ដីចន្លោះពី ៣ ទៅ ១០ហិកតា។

អ្នកស្រី ហាក់ សុអេង ពលរដ្ឋម្នាក់​រស់នៅភូមិ​បាក់រនាស់ និយាយថា គ្រួសារគាត់​គ្មាន​ដី​សម្រាប់​រស់នៅ និង​ធ្វើ​ស្រែ​ចម្ការ​នោះ​ឡើយ បន្ទាប់​ពី​ដី​ភូមិ​ទំហំ ៥​ហិកតា និង​ដី​ស្រែ​ទំហំ ៥​ហិកតា​របស់​អ្នកស្រី ត្រូវ​បាន​ក្រុមហ៊ុន​ចិន​រំលោភ​យក។

អ្នកស្រីបន្ថែមថា កាលពីជាង ១០ឆ្នាំមុន ក្រុមហ៊ុនចិនបានដាក់គ្រឿងចក្រឈូសឆាយផ្ទះ និងដំណាំផ្សេងៗអស់ ដែលបណ្តាលឱ្យគ្រួសារគាត់ធ្លាក់ខ្លួនក្រីក្រ។

អ្នកស្រី ហាក់ សុអេង និយាយថា​៖ «មីងមិនឈប់តវ៉ាទេ ប្រសិនបើអត់ដោះស្រាយឱ្យពួកខ្ញុំ។ មីងនៅតែនិយាយអ៊ីចឹង ទោះបីគេមកបាញ់មីង ១គ្រាប់ឱ្យងាប់ ក៏មីងមិនខ្លាចដែរ ព្រោះអភិបាលស្រុកថា ដីរបស់មីងមិនចូលក្នុងក្រុមហ៊ុនចិនទេ ចុះហេតុអីបានជាក្រុមហ៊ុនមកឈូសឆាយដីខ្ញុំដែរ»

ពលរដ្ឋម្នាក់ទៀត អ្នកស្រី វ៉ន ធា រស់នៅភូមិទួលពោធិ៍ ឱ្យដឹងថា គ្រួសារគាត់បាត់បង់ដីស្រែអស់ ៥ហិកតា ហើយថា ក្រោមគម្រោងផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនចិននេះ បានធ្វើឱ្យគ្រួសារគាត់បាត់បង់មុខរបរ ធ្លាក់ខ្លួនក្រីក្រ និងជំពាក់បំណុលគេគ្រប់កន្លែងថែមទៀត។

អ្នកស្រី វ៉ន ធា និយាយថា៖ «កាលក្រុមហ៊ុនមិនទាន់យកដី គ្រួសារខ្ញុំមិនដែលចេះជំពាក់លុយអង្គការទេ ប៉ុន្តែ ឥលូវជំពាក់អង្គការជុំទិស ពីព្រោះពីមុន ខ្ញុំមានស្រែមានស្រូវ ហើយខ្ញុំនេសាទរកត្រីរកក្តាមលក់ និងបានហូបខ្លួនទៀត។ ខ្ញុំមិនដែលជំពាក់អង្គការផង។ ខ្ញុំសុំឱ្យសម្តេចជួយដោះស្រាយពួកខ្ញុំបានដីស្រែមកវិញផង»

មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ុល សុខយស បានចុះ​ទៅ​ជួប​ប្រជា​ពលរដ្ឋ​នៅឯ​វត្ត​សាមគ្គីរង្សី​ដោយ​ផ្ទាល់ ហើយ​បាន​ជួយ​កែ និង​ទទួល​ញត្តិ​​របស់​ប្រជា​ពលរដ្ឋ​នៅ​ទីនោះ​ផង​ដែរ។

ក្រោយទទួលញត្តិ មន្ត្រីក្រសួងរៀបចំដែនដីរូបនេះ បានប្រាប់ឱ្យប្រជាពលរដ្ឋត្រឡប់ស្រុកវិញ ដោយលោកថា ករណីវិវាទដីធ្លីរបស់ពលរដ្ឋទាំងនោះ គឺមន្ត្រីជំនាញរបស់ក្រសួងកំពុងចុះស្រាវជ្រាវ និងធ្វើអត្តសញ្ញាណកម្មដី ដើម្បីឈានទៅរកការដោះស្រាយបញ្ចប់។

លោក អ៊ុល សុខយស ប្រាប់ថា៖ «រឿងដីហ្នឹង ក្រុមការងារបច្ចេកទេស គេចុះទៅវាស់វែង គេចុះទៅពិនិត្យមើលរួចអស់ហើយ។ គ្រាន់តែថា នៅតែបំពេញនីតិវិធីតើ! នៅបំពេញនីតិវិធីហ្នឹង ថាតើវាជាប់ជាមួយក្រុមហ៊ុនមែន ឬក៏ប្រជាពលរដ្ឋដែលគាត់ទាមទារហ្នឹងត្រូវច្បាប់ ឬក៏ខុសច្បាប់។ គេធ្វើអ្វីក៏ដោយ គឺគេតោងរកផ្លូវច្បាប់អនុវត្ត ឬដោះស្រាយ»

វីអូឌីមិនអាចសុំការឆ្លើយតបពីតំណាងក្រុមហ៊ុន ញូញៀន បានទេជុំវិញករណីវិវាទដីធ្លីមួយនេះ។

អភិបាលរងខេត្តកោះកុង លោក សុខ សុធី មានប្រសាសន៍ថា ជម្លោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុន ញូញៀន គឺហួសពីសមត្ថកិច្ចរបស់អាជ្ញាធរខេត្តក្នុងការដោះស្រាយ ដោយថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនអភិវឌ្ឍនោះ គឺថ្នាក់ជាតិជាអ្នក​សម្រេច។

តំណាងពលរដ្ឋ អ្នកស្រី គុណ សៅរ៍ និយាយថា អ្នកភូមិទាមទារ​យក​ដី​ទំហំ ៣​ហិកតា​ត្រឡប់​មក​វិញ​ និង​ថវិកា​សំណង ៥​ពាន់ដុល្លារ​ក្នុង​មួយ​គ្រួសារ។

ជុំវិញវិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចិនញូញៀននេះ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៅអង្គការលីកាដូប្រចាំខេត្តកោះកុង លោក ប៉ែន វុទ្ធា បាន​លើក​ឡើងកាល​ថ្ងៃ​ចន្ទ​កន្លង​មក​​ថា រដ្ឋាភិបាលហាក់ពុំមានការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ចប់វិវាទជូនពលរដ្ឋនោះទេ ដែលបណ្តាលឱ្យជម្លោះនោះបន្តអូសបន្លាយរាប់ឆ្នាំបែបនេះ។

លោក ប៉ែន វុទ្ធា បានជំរុញទៅរដ្ឋាភិបាលត្រូវដោះស្រាយបញ្ចប់វិវាទជូនពលរដ្ឋឱ្យបានឆាប់ ដោយលោកថា វិវាទនោះកើតឡើងដោយសារតែរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍ។

លោក ប៉ែន វុទ្ធា ប្រាប់ថា៖ «ក្នុងនាមជាអាជ្ញាធរ ដែលជាអ្នកបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅដល់ក្រុមហ៊ុនទាំងអស់ហ្នឹង អ៊ីចឹងត្រូវតែទទួលខុសត្រូវ ឆាប់ដោះស្រាយបញ្ចប់រឿងហ្នឹង»

កាលពីថ្ងៃទី២៥ វិច្ឆិកា ក៏មានតំណាងពលរដ្ឋ២៦គ្រួសារ ស្ថិត​ក្នុង​ស្រុកគិរីសាគរ ខេត្តកោះកុង ឡើងមករកកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឱ្យជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេជាមួយក្រុមចិនញូញៀនដែរ។

កាលពី​ឆ្នាំ២០០៨​ រដ្ឋាភិបាល​បានសម្រេច​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទំហំ​ ៣ ម៉ឺន​ ៦ពាន់​ហិ​កតា​ ស្ថិតនៅ​ក្នុង​ស្រុក​បុទុម​សាគរ​ និង​ស្រុក​គិរីសាគរ​ ខេត្តកោះកុង​ ទៅដល់​ក្រុមហ៊ុន​ចិន Union​ Development​ Group​ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​ និង​រមណីយដ្ឋាន​ទេសចរណ៍។

របាយ​កា​រ​ណ៍​ និង​ការវិភាគ​ផ្លូវច្បាប់​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ (CLEC​) ឆ្នាំ២០១២​ បាន​រក​ឃើញថា​ គម្រោង​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​ ញូ​ញៀន​ (UDG​) បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ១​,១៤៣គ្រួសារ​ ត្រូវ​បង្ខំ​ឱ្យ​បោះបង់ចោល​ដីធ្លី​ប្រមាណ​ជាង ១ម៉ឺនហិ​កតា​ និង​ផ្ទះ ១៥០០ខ្នង​ ត្រូវ​បង្ខំ​ឱ្យ​រុះរើ​ និង​ឈូស​ឆាយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered