World Bank ​ព្រមាន​ពីហានិភ័យ​លើ​សេដ្ឋកិច្ច​កម្ពុជា បើ​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ត្រូវ​បាន​ដក​ហូត

វាគ្មិនក្នុងកិច្ចពិភាក្សាអំឡុងពិធីប្រកាសចេញរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចុងក្រោយរបស់ធនាគារពិភពលោក នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ភ្នំពេញ ថ្ងៃទី២៧វិច្ឆិកា ឆ្នាំ២០១៩។ (ពីឆ្វេងទៅស្តាំៈ កញ្ញា Michelle Zhao, លោក គឹម វរ៉ា, លោក ជា សុភ័ក្រ, និងកញ្ញា Claire Honore Hollweg អ្នកសម្របសម្រួលពីធនាគារពិភពលោក)។ (ត្រាន់ តិចសេង)

ធនាគារពិភពលោក World Bank ព្រមានថា កំណើន​សេដ្ឋកិច្ចកម្ពុជា​ នឹង​ថម​ថយ​នៅ​ឆ្នាំ​ក្រោយ ប្រសិនបើមិនអាចរក្សាប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម «ទំនិញគ្រប់មុខលើកលែងសព្វាវុធ» ឬហៅកាត់ថា EBA ផ្ដល់​ឱ្យ​ដោយ​សហភាពអឺរ៉ុបទេនោះ។

ក្នុង​របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចេញ​​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ធនាគារ​ពិភព​លោកបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចកម្ពុជានឹងថយពី ៧.៥ភាគរយ ​នៅឆ្នាំ២០១៨ មកនៅ​ត្រឹម​កំណើន ៧ភាគរយនៅឆ្នាំនេះ ហើយនឹងបន្តធ្លាក់ចុះ​មក​នៅ​ត្រឹម ៦.៨ភាគរយនៅឆ្នាំក្រោយ​នេះ។

ស្ថាប័ន​អន្តរជាតិ​មួយ​នេះ បាន​លើក​ឡើង​ក្នុង​របាយការណ៍​នោះ​ថា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនេះ បណ្តាលមកពីលទ្ធភាពនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដែ​ល​​​សហភាព​អឺរ៉ុបគ្រោងនឹងសម្រេចនៅដើមឆ្នាំក្រោយ និងការថមថយនៃកំណើន​សេដ្ឋកិច្ចចិន ដែលអាចនឹងប៉ះពាល់ដល់ទំហំវិនិយោគផ្ទាល់ពីប្រទេសនេះ ដែលកម្ពុជាពឹងអាស្រ័យមួយភាគធំ។

សហភាព​អឺរ៉ុប បានផ្ញើរបាយការណ៍ស៊ើបអង្កេតបឋមអំពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ទៅកាន់រដ្ឋាភិបាល​កម្ពុជា ​​​កាលពីថ្ងៃទី១២ ខែ​វិច្ឆិកា។

តាម​នីតិវិធី កម្ពុជាមានពេល១ខែ គិតចាប់ពីថ្ងៃទទួល ដើម្បីពិនិត្យ និងឆ្លើយតប មុ​ន​សហភាព​អឺរ៉ុប​សម្រេច​ថា ​​ព្យួរ ឬក៏​មិនព្យួរប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅខែ​កុម្ភៈ ឆ្នាំ២០២០។

ក្នុងរបាយការណ៍នោះដែរ លើកឡើងថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការកញ្ចប់ប្រាក់សន្សំរដ្ឋដែលអាចនឹងដាក់ចេញនៅឆ្នាំ២០២០ ដើម្បីសម្រាលដល់ការប៉ះទង្គិចជាអវិជ្ជមានដែលបណ្តាលមកពីការបាត់បង់ EBA និងបានជួយសម្រួលការធ្វើពា​ណិ​ជ្ជកម្ម កាត់​បន្ថយ​តម្លៃ​ដឹកជញ្ជូនទំនិញ និងកាត់បន្ថយការិយាធិបតេយ្យជាដើម។

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដដែល ផ្តល់ជាអនុសាសន៍ថា កម្ពុជាគួរបង្កើនកិច្ចព្រមព្រៀងពាណិជ្ជកម្ម លុប​បំបាត់រ​បាំង​ពាណិជ្ជកម្មស​ម្រាប់​ការ​នាំ​ចូល​ទំនិញ កែលម្អគុណភាពវិស័យអប់រំ និងកម្លាំងពលកម្មជំនាញ និងចាប់យកសេដ្ឋកិច្ចឌីជីថល ដើ​ម្បីបង្កើនតម្លៃនៃការនាំចេញ ដើម្បីបង្ការហានិភ័យសេដ្ឋកិច្ចរបស់ខ្លួន។

លោក ជា សុភ័ក្រ អនុ​ប្រធាន នៃ​នាយកដ្ឋានគោលនយោបាយសារពើពន្ធ និងម៉ាក្រូសេដ្ឋកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែង​កាល​ពី​ម្សិលមិញ​ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA ពិតជាសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា តែលទ្ធភាពដើម្បីរក្សាវាទុក គឺហួសពីអ្វីដែលកម្ពុជាអាចធ្វើបាន ហើយ​លោ​កថា កម្ពុជាគួរតែរួមគ្នាប្រឹងប្រែងធ្វើយ៉ាងណាឈរជើងដោយខ្លួនឯងនៅពេលដែលគ្មាន EBA។

លោក ជា សុភ័ក្រ មានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំ EBA គឺបីដូចជាពោងទឹកអ៊ីចឹង។ បើយើងពាក់អាវពោងនោះ ប្រហែលយើងមិនចេះហែលទឹករហូត។ បើយើងមិនដោះវាចេញទេ យើងប្រាកដជាមិនដឹងថា យើងចេះហែលទឹកទេ។ បើសិនជាអត់មាន សាកមើលថា តើយើងអាចហែលបាន ឬអត់។ យើងអាចនឹងឈ្លក់ទឹកពេលដំបូង»

នាយកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កញ្ញា Michelle Zhao លើកឡើងក្នុងពិធីនោះដែរថា ម្ចាស់រោងចក្រផលិតសម្លៀកបំពាក់មកពីប្រទេសចិនម្នាក់ដែលបានជួលដីតំបន់សេដ្ឋកិច្ច និងមានកម្មករប្រមាណ ១ម៉ឺននាក់ បានប្រាប់កញ្ញាថា ពួកគេនឹងប្តូរគោលដៅនាំទំនិញពីសហភាពអឺរ៉ុបទៅអាមេរិកវិញ និងបង្កើនសមត្ថភាពផលិតដើម្បីបង្កើនកម្រៃបន្ថែម បើសិន EBA ត្រូវបានដកមែន។

កញ្ញា Michelle Zhao ថ្លែងថា៖ «ខ្ញុំបានសួរគេ ប្រសិនជាគេដក EBA ហើយអ្វីដែលគេប្រាប់ខ្ញុំ ទី១ គេនឹងជំរុញការនាំចេញទៅសហរដ្ឋអាមេរិក ហើយទី២ គេនឹងបង្កើនសមត្ថភាពរបស់គេតាមរយៈការផលិត។ អ៊ីចឹង គេនឹងមានតម្លៃបន្ថែមកាន់តែខ្ពស់ ដែលអាចកាត់កងទៅនឹងពន្ធ»

សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក គឹម វរ៉ា លើកឡើងថា ការបាត់បង់ EBA អាចនឹងធ្វើឱ្យកម្ពុជាមានបញ្ហាខ្លះ ប៉ុន្តែ កម្ពុជាគួរតែព្យាយាមបន្សាំខ្លួនទៅនឹងបញ្ហាប្រឈមផ្សេងៗ។

លោក គឹម វរ៉ា មានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំជាគ្រូនេះ ខ្ញុំមិនដឹងថា ឆ្លើយថាម៉េចដែរ តែជាទូទៅ យើងគួរតែធ្វើអីមួយឱ្យវាមានលក្ខណៈ Resilience ផ្សាំទៅនឹងអ្វីមួយ ដូចជា យើងអនុវត្តច្បាប់ឱ្យតឹងតែងអីផ្សេងៗសម្រាប់ការវិនិយោគ ការអីហ្នឹង»

ក្រៅពី​ធនាគារពិភពលោក ស្ថាប័ន​អន្តរជាតិ​ផ្សេង​ទៀត ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី និង​ស្ថាប័នស្រាវជ្រាវក្នុងស្រុកមួយចំនួន សុទ្ធតែព្រមានពីហានិភ័យសេដ្ឋកិច្ចកម្ពុជា ដែលអាចនឹងកើតមានឡើងបន្ទាប់ពីអឺរ៉ុបកាត់ផ្តាច់ប្រព័ន្ធអនុ​គ្រោះពន្ធ EBA។

សមាគមរោងចក្រកាត់ដេរនៅ​កម្ពុជា ហៅ​កាត់​ថា GMAC ព្រមាន​កាល​ពី​ខែ​ឧសភា​កន្លង​មក​ថា កម្មកររោងចក្រជិត ១លាននាក់​ នឹងមានផល​ប៉ះពាល់ពីបញ្ហានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ