ជនជាតិដើមភាគតិច​កួយ​នៅ​ព្រះវិហារស្នើរដ្ឋាភិបាល​ពន្លឿនការចុះបញ្ជីដីសមូហភាព

ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​មក​ពី​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (ឃុន វ៉ាន់ដា)

ប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយរស់នៅក្នុងសហគមន៍ចំនួនបីនៃខេត្តព្រះវិហារ បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​ពន្លឿន​ការ​ចុះ​បញ្ជី​ដី​សហគមន៍​របស់​ពួកគេ ខណៈ​ដែល​ដី​ធ្លី​សមូហភាព​របស់​ពួកគេ បាន​ធ្លាក់​ទៅ​ក្នុង​វិវាទ​ជាមួយ​ក្រុមហ៊ុន​ចិន ដែល​ទទួល​បាន​ដី​សម្បទាន​សម្រាប់​ដាំ​ដំណាំ​អំពៅ។

ការ​​ស្នើ​ឡើង​បែប​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​នេះ​ នៅ​ក្នុង​សិក្ខា​សាលា​មួយ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ ជា​ទី​ដែល​ពលរដ្ឋ​ប្រហែល ២០​នាក់ តំណាង​ឱ្យ​ជន​ជាតិ​ដើម​ភាគ​តិច​កួយ ៣៦៧​គ្រួសារ រស់​នៅ​ក្នុង​សហគមន៍​ភូមិ​ស្រែព្រាង សហគមន៍​ភូមិ​បុះ​ធំ និង​សហគមន៍​ភូមិ​ប្រមេរុ ស្ថិត​ក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ។

ពលរដ្ឋ​ទាំង​នោះ អះ​អាង​ថា ជនជាតិដើមភាគតិចកួយ ៣៦៧គ្រួសារ គឺ​ជា​ជនរងគ្រោះនៃគម្រោងដីសម្បទានសេដ្ឋកិច្ចរបស់​ក្រុមហ៊ុន​ចិនឡានហ្វេង និងរូយហ្វេង ស្ថិត​ក្នុងស្រុកត្បែងមានជ័យ។

ពលរដ្ឋ​មក​ពី​សហគមន៍​ភូមិ​បុះធំ លោក ណែម ថី បាន​អះ​អាង​ថា ជីវភាពគ្រួសារលោកបានធ្លាក់ដុនដាបជាលំដាប់ បន្ទាប់​ពី​បាត់បង់ដីស្រែ និងដីព្រៃធ្លាប់អាស្រ័យផលធម្មជាតិ​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក។ លោក​បន្ថែម​ថា សព្វថ្ងៃដីកប់សព ដីអាស្រ័យផល ដីដាំដំណាំវិលជុំ និងដីព្រៃជំជឿរបស់សហគមន៍លោក បានបាត់បង់អស់ទាំងស្រុងហើយ។

លោក ណែម ថី បានរៀបរាប់ថា៖«ឥឡូវជនជាតិកួយគេចំណាកស្រុកទៅថៃ ទៅកូរ៉េ ទៅម៉ាឡេអស់មួយចំនួនហើយ ប្រហែល ៣០ ទៅ​ ៤០នាក់អីហើយ។ ខ្ញុំវិញមិនឱ្យកូនចេញទេ បើថា តវ៉ាមិនឈ្នះសុខចិត្តងាប់គរជើងគ្នាតែម្តងទៅកុំឱ្យពិបាក»

ជាពលរដ្ឋជនជាតិដើមភាគតិចកួយរស់នៅក្នុងសហគមន៍ភូមិស្រែព្រាង អ្នកស្រី នួន ម៉ុន បានអះអាងថា ពលរដ្ឋខ្លះក្នុងចំណោមអ្នក​ភូមិ​ជនជាតិដើមភាគតិចកួយប្រមាណជាង ១០០គ្រួសាររស់នៅក្នុងសហគមន៍​អ្នកស្រី បាន​បាត់​បង់​ដីធ្វើស្រែតែម្តង។

អ្នក​ភូមិ​រូប​នេះ បន្ត​ថា ជនជាតិដើមបច្ចុប្បន្ន បានប្រែខ្លួនពីម្ចាស់ទឹកដីក្លាយ ទៅ​ជាកម្មករពឹង​ផ្អែក​សំខាន់លើចំណូលពីការស៊ីឈ្នួល ជាជាងប្រកបរបរជាកសិករ។

អ្នកស្រី នួន ម៉ុន និយាយ​ថា៖«ខ្ញុំសូមសំណូមពរឱ្យរដ្ឋាភិបាលជួយដោះស្រាយដីដែលក្រុមហ៊ុនបានយកហ្នឹង។ សូមជួយកាត់ដីមួយចំនួនណាទុកឱ្យប្រជាពលរដ្ឋវិញផង ព្រោះសព្វថ្ងៃនេះអត់មានទេ គេយកទាំងអស់។ បើអត់ដី វាពិបាករស់នៅណាស់ ហើយគ្មានលុយគ្មានកាក់ឱ្យកូនចៅរៀនសូត្របានខ្ពង់ខ្ពស់ទេ»

អ្នកស្រី សឹង សាំ ពលរដ្ឋរស់នៅសហគមន៍ភូមិប្រមេរ បាន​ឱ្យ​ដឹង​ថា សព្វថ្ងៃនេះ ពលរដ្ឋជនជាតិដើមភាគតិចកួយ បាត់បង់​ដី​ធ្លី​របស់​ខ្លួន​ហើយ​ថែមទាំងរងនូវការ​គំរាមកំហែងពីអជ្ញាធរដែនដីថែមទៀត។ អ្នកស្រីថា ប៉ូលីសតែងចេញចូលឃ្លាំមើលសកម្មភាពប្រជាជនញឹកញាប់រហូតដល់ផ្ទះ ហើយមានដីកា​កោះ​ហោះហៅពីតុលាការឱ្យពលរដ្ឋចូលបំភ្លឺរឿងទំនាស់ដីជាមួយក្រុមហ៊ុនចិន​ផង​ដែរ។

អ្នកស្រី សឹង សាំ និយាយថា៖«ចំពោះខ្ញុំតែងដើរទៅណេះទៅណោះប្រជុំរឿងដីសហគមន៍ផង រឿងដាក់ញ្ញាតិដាក់អី។ ដល់ប៉ូលិសគេដឹង ឱ្យតែព្រឹកឡើងម៉ោង ៦ ដឹងតែមកហើយនៅមុខផ្ទះខ្ញុំ មកគេអើតមើល។ ព្រឹកឡើងម៉ោង ៦ទៀត គេមកទៀត រាល់ថ្ងៃ»

វីអូឌី​មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បាន​ទេ​នៅ​ថ្ងៃ​នេះ ព្រោះទូរសព្ទចូល តែគ្មានអ្នកទទួល។

ចំណែក​ឯ​រដ្ឋ​មន្ត្រី​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​ប្រាប់​ថា លោក​កំពុង​ជាប់​បំពេញ​ការងារ​នៅ​ឯ​ខេត្ត​ព្រះសីហនុ នៅ​ពេល​វីអូឌី​ស្វែង​រក​ការ​បក​ស្រាយ​អំពី​ករណី​វិវាទ​ដី​ធ្លី​មួយ​នេះ។

ប្រធានកម្មវិធីដីធ្លី និងព្រៃឈើ នៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) លោក ភាព សុភា បានបញ្ជាក់ថា កន្លងមក សង្គម​ស៊ីវិល​បានចូលរួមក្រសួងធ្វើការជាច្រើន ជំរុញ​ឱ្យ​មាន​ការចុះបញ្ជីកម្មសិទ្ធដីសមូហភាពជូនពលរដ្ឋជនជាតិដើមភាគតិចកួយក្នុងស្រុកត្បែងមានជ័យ ប៉ុន្តែ វិវាទ​ដី​ធ្លី បាន​រាំង​ស្ទះ​ដល់​ដំណើរការ​នេះ។

លោក ភាព សុភា និយាយ​ថា៖«គំនិតរបស់ក្រសួងក៏ចង់ឱ្យមានការពារធនធានធម្មជាតិ។ ឯគំនិតរបស់សហគមន៍ក៏ចង់ឱ្យមានការអភិរក្សការពារធនធានធម្មជាតិនៅហ្នឹង ប៉ុន្តែ គាត់ចង់ទាញផលពីធនធានធម្មជាតិដើម្បីជីវភាពរបស់គាត់។ អ៊ីចឹងចំណុចរួមគ្នា គឺទាក់តងនឹងធនធានធម្មជាតិហ្នឹងហើយ។ អ៊ីចឹង ត្រូវឱ្យភាគីទាំងពីរហ្នឹងគាត់ប្រជុំជជែកពិភាក្សាគ្នាដើម្បីរកចំណុចណាជាចំណុចរួម ចំណុចណាដែលខ្វែងគ្នា ដើម្បីពិភាក្សារកដំណោះស្រាយបន្តទៀត»

តួលេខ​​ដែល​ចង​ក្រង​ដោយ​អង្គការ​ទិន្នន័យ​កម្ពុជា (ODC) បាន​បង្ហាញ​ថា រដ្ឋាភិបាលកម្ពុជាបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទំហំជាង ២២ម៉ឺន ៧ពាន់ហិចតាឱ្យទៅក្រុមហ៊ុនឯកជនវិនិយោគក្នុងខេត្តព្រះវិហារ ចាប់តាំងពីឆ្នាំ២០០៩ រហូតដើមឆ្នាំ២០១៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ