ក្រសួង​មហាផ្ទៃ​ចាត់​ទុក​វីដេអូ​លីកាដូ​ថា មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៃ​ស្ថានភាព​ពន្ធនាគារ

ប្លង់មួយក្នុងវិដេអូរបស់អង្គការលីកាដូ​ ដែល​បង្ហាញ​ពី​ជីវិត​ស្ត្រី​ជា​ម្ដាយ​នៅ​ក្នុង​ពន្ធនាគារ។ (លីកាដូ/Screenshot)

អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានបដិសេធចំពោះខ្សែវីដេអូរបស់អង្គការលីកាដូ​ ដែល​បង្ហាញ​ពី​ជីវិត​ស្ត្រី​ជា​ម្ដាយ​នៅ​ក្នុង​ពន្ធនាគារ ដោយចាត់​ទុក​​វីដេអូថា​នេះ មិនបានឆ្លុះបញ្ចាំងពីការពិតនៃស្ថានភាព​ទូទៅក្នុងដំណើរការគ្រប់គ្រងពន្ធនាគារទូទាំងប្រទេសនាពេលបច្ចុប្បន្ន។

អង្គការលីកាដូ បានចេញផ្សាយវីដេអូមួយដែលមានរយៈពេល ៤នាទី​ ក្រោមចំណងជើងថា «ជីវិតជាម្ដាយក្នុងពន្ធនាគារ» កាលពីថ្ងៃ​ចន្ទ​កន្លង​មក​នេះ ដោយក្នុងវីដេអូនេះ បង្ហាញអំពីផលលំបាករបស់ស្ត្រីមានផ្ទៃពោះម្នាក់ អំឡុងពេលជាប់ឃុំ និងបានសម្រាលកូនក្នុងពន្ធនាគារ។

វីដេអូ បង្ហាញនូវ​ស្ត្រី​ម្នាក់​ដែល​អះ​អាង​ថា គាត់​ត្រូវ​បាន​ដាក់​ឃុំ​ ក្រោយ​ចាប់​ខ្លួន​ក្រោម​ការ​ចោទ​ថា ជាប់​ពាក់​ព័ន្ធ​នឹង​​បទ​ល្មើស​គ្រឿង​ញៀន។

ស្ត្រី​រូប​នេះ បាន​និយាយ​អំពី​ការរំលោភ​សិទ្ធិមនុស្ស​ជាមូលដ្ឋាន​ទៅលើស្ត្រីនៅក្នុងពន្ធនាគារ មានដូចជា​ កង្វះខាត​នៃអាហារ​ហូបចុក​ ទឹកស្អាត​ ពេលវេលា​នៅក្រៅ​បន្ទប់ឃុំឃាំង​ និង​ការការពារ​ផ្លូវច្បាប់​ ហើយជីវិតពិតរស់នៅក្នុង​ពន្ធនាគារ​ ប្រសិនបើ​អ្នកជាប់ឃុំ​គ្មានប្រាក់បង់ទេ​ អ្នកទាំងនោះក៏​មិនទទួលបាន​សារៈសំខាន់​មូលដ្ឋានផងដែរ។​

ស្ត្រីមានផ្ទៃពោះ៖ «យើងពិបាកគ្រប់សព្វគ្រប់បែបយ៉ាង ពេលខ្ញុំទម្ងន់ គេអត់សូវមើលខ្ញុំដិតដល់ទេ។ ពេលយើងប្រាប់ថា យើងធ្លាក់ឈាមតិចតួច​អីអ៊ីចឹង គេអត់យកយើងទៅពេទ្យទេ។ អេកូ ទាល់តែយើងគ្រប់ខែបាន​គេយកយើងទៅ។ គេអត់សូវបានមើលយើងទេ ​ពេលយើងនៅក្នុងហ្នឹង ឧបមា​ ពេលកូនកើតកូនអីអ៊ីចឹងទៅ។ ​ពេលវាឈឺវាអី​ គេអត់យកយើងទៅពេទ្យដែរ។ ឈឺធ្ងន់ធ្ងរម៉េចក៏ដោយ ​មានតែថ្នាំប៉ារ៉ា។ ពេលដែលខ្ញុំជិតឆ្លងទន្លេ គេនាំខ្ញុំទៅពេទ្យ គេនាំខ្ញុំទៅពេទ្យក្រៅ គេឱ្យខ្ញុំដេកតែពីរ​ទៅបីថ្ងៃទេ។ ពេលខ្ញុំចូលមកវិញបានពីរ​ទៅបីថ្ងៃ គេជាប់​ពន្ធនាគារក្នុងហ្នឹង បានគេជួយមើលថែខ្ញុំ​បាន ៤ ទៅ ៥​ថ្ងៃដែរ​។ យើងអត់បានដេកសុខស្រួលទេ យើងត្រូវតែធ្វើការខ្លួនឯង។ បើយើងអត់ដាំស្លខ្លួនឯង អត់បានហូបទេ»​។​

នៅ​ក្នុង​វីដេអូ​នោះ​ដែរ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ផ្ដល់​អនុសាសន៍​ទៅ​អាជ្ញាធរ ឱ្យផ្ដល់អាទិភាពនីតិវិធី​សុំនៅក្រៅឃុំ​ចំពោះស្ត្រីមានផ្ទៃពោះ​ និងម្ដាយ​ដែលមានកូនតូច​នៅជាមួយ ​រួមទាំងអ្នកជាប់ឃុំ​ជាអនីតិជន​ ដើម្បីធានាថា ការឃុំខ្លួនបណ្ដោះអាសន្នរបស់សមត្ថកិច្ច គឺធ្វើឡើងត្រឹមត្រូវ ដោយអនុលោមទៅ​តាមគោលការណ៍​សន្មត់​ថាគ្មានទោស។​

ប៉ុន្តែ មួយថ្ងៃក្រោយថ្ងៃនៃការផ្សាយវីដេអូរបស់អង្គការលីកាដូ អគ្គនាយកដ្ឋានពន្ធនាគារបានចេញលិខិតបំភ្លឺមួយ ដោយចាត់ទុកវីដេអូរបស់អង្គការលីកាដូ ដែលបានជួបសម្ភាសជាមួយអតីតស្រ្តីជាប់ឃុំថា​ មិនបានឆ្លុះបញ្ចាំង​ពីការពិតនៃស្ថានភាព​ទូទៅក្នុងដំណើរការគ្រប់គ្រងពន្ធនាគារទូទាំងប្រទេសនាពេលបច្ចុប្បន្នឡើយ។

អគ្គនាយកដ្ឋានពន្ធនាគារ អះ​អាង​ថា ខ្លួន​តែងតែសហការលើកកម្ពស់អភិបាលកិច្ចល្អ ការ​គោរពសិទ្ធិមនុស្ស និងឃ្លាំមើលចំណុចអវិជ្ជមាននានា ដើម្បីធ្វើការកែលម្អឡើងវិញ។

លិខិតបំភ្លឺ​ថា៖ «អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ស្នើទៅអង្គការលីកាដូ ពិចារណាពិនិត្យឡើងវិញនូវអទិដ្ឋភាពជារួម និងងាកមកពិភាក្សាក្នុងនាមជាដៃគូអភិវឌ្ឍន៍ សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ សិទ្ធិជាមូលដ្ឋាន និងសុខុមាលភាពរបស់មន្ត្រី និងជនជាប់ឃុំ ផ្អែកលើគោលការណ៍សមភាព និងសមធម៌ ជាពិសេសសម្រាប់ជនដែលងាយរងគ្រោះ»

នាយករងអង្គការលីកាដូ លោក អំ សំអាត អះ​អាង​ថា ការផលិតវីដេអូនេះ​ ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ ​១៦ថ្ងៃ​ជា​សាកល​ក្នុង​ការ​ទប់ស្កាត់​អំពើហិង្សា​លើ​ស្រ្តី។ លោកបន្តថា ក្នុងខឹ្លមសារនៃវីដេអូដែលអង្គការលីកាដូផលិតនេះ គឺផ្ញើសារទៅស្ត្រីផ្សេងៗទៀត កុំឱ្យប្រព្រឹត្តអ្វីខុសនឹងច្បាប់តែប៉ុណ្ណោះ។

លោក អំ សំអាត ប្រាប់​ថា​៖ «ចង់បង្ហាញពី​ផលលំបាកដែលកើតឡើងចំពោះស្ត្រី ដែលមានផ្ទៃពោះ និងស្ត្រីដែលមានកូនតូចតាមម្ដាយនៅក្នុងពន្ធនាគារថា តើជីវិតរស់នៅក្នុងពន្ធនាគារគាត់ជួបផលលំបាកអ្វីខ្លះ ដើម្បីឱ្យពលរដ្ឋពិចារណា​ ជាពិសេសគឺខាងស្ត្រីទាំងអស់ ពលរដ្ឋត្រូវគិតថា ថ្ងៃក្រោយគួរតែចៀសវាង​ថា កុំឱ្យប្រព្រឹត្ត​អ្វីដែលវាផ្ទុយអំពីច្បាប់ ហើយនាំឱ្យ​ជួបផលលំបាករស់នៅ​ក្នុងពន្ធនាគារ ថាវាមិនដូចការដែលយើងស្នាក់នៅខាងក្រៅទេ»​

របាយការណ៍របស់​អង្គការលីកាដូ​​ចេញ​ដំណាល​គ្នា​នឹង​ការ​ចេញ​ផ្សាយ​វីដេអូ​នេះ បង្ហាញ​ថា អង្គការនេះ បានឃ្លាំមើល​នៅក្នុងពន្ធនាគារ​ចំនួន ១៨​ទីតាំង ដែលមានអ្នកជាប់ឃុំជាង​ ២៩០០០នាក់​។

លីកាដូ លើក​ឡើង​ថា ក្នុងឆ្នាំ២០១៨ ចំនួនស្ត្រីមានផ្ទៃពោះ និងម្ដាយមានកូនតូចជាប់ជាមួយ បានជាប់ឃុំនៅក្នុងពន្ធនាគារមានចំនួនខ្ពស់បំផុត ក្នុងនោះ ស្រ្តីមានផ្ទៃពោះចំនួន ៥៥​នាក់ និងម្ដាយជាប់កូនតូចចំនួន ២០៣នាក់ ដោយអ្នកជាប់ឃុំទាំងនោះពីបទល្មើសគ្រឿងញៀន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ