មន្ត្រី​ស្និទ្ធ​លោក​ កឹម​ សុខា​ ច្រាន​ចោល​ថា គ្មាន​កិច្ច​​សន្ទនា​​តាម​ទូរសព្ទ​ជាមួយ​លោក សម រង្ស៊ី

លោក កឹម សុខា និងលោក សម រង្ស៊ី។ (បណ្ដាញសង្គម)

អតីត​នាយក​ខុទ្ទកាល័យ​របស់លោក​ កឹម​ សុខា​ គឺ​លោក​ មុត ចន្ថា​ បាន​ច្រានចោល​នូវ​ការ​លើកឡើង​ថា​ មេដឹកនាំ​គណបក្ស​នេះ​ បាន​ជួប​សន្ទនា​​តាម​ទូរ​សព្ទ​​ជា​មួយ​អតីត​មេបក្ស​ប្រឆាំង លោក សម រង្ស៊ី។

លោក​ មុត​ ចន្ថា​ បាន​បដិសេធ​ការ​អះអាង​របស់​ប្រធាន​ចលនា​យុវជន​​នៃ​ចលនា​សង្រ្គោះ​ជាតិ​ លោក​ Sok​ Paul​ Pen​ នៅ​សហរដ្ឋ​អាមេរិក​ ដែល​ថា លោក​ កឹម​ សុខា​ និង​លោក​ សម​ រង្ស៉ី​ បាន​សួរសុខទុក្ខ​គ្នា​តាម​ទូរ​សព្ទ​។

លោក​ មុត​ ចន្ថា​ ចាត់ទុកការ​អះអាង​នេះ​ថា ​មានបំណង​មិនល្អ​លើ​​លោក​ កឹម​ សុខា​ ហើយ​ស្នើ​ឱ្យ​ធ្វើការ​កែតម្រូវ​ជាបន្ទាន់​។

VOD ​មិន​អាច​ទាក់ទង​ម្ចាស់​គណនី​ហ្វេសប៊ុក Sok​ Paul​ Pen​ បានទេ ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ​ ប៉ុន្តែ ​លោក​បាន​សរសេរ​លើ​ហ្វេ​សប៊ុក​ កាលពី​ថ្ងៃពុធ​ថា៖

«មាន​អារម្មណ៍​សប្បាយ​ រំភើបចិត្ត​ស្ទើរតែ​ស្រក់​ទឹកភ្នែក​ បន្ទាប់ពី​បាន​ទទួល​ដំណឹង​ថា​ លោក​ទាំងពីរ​​ទូរ​សព្ទ​សួរសុខទុក្ខ​គ្នា​»

លោក​ មុត​ ចន្ថា​ សុំ​មិន​បញ្ជាក់​ថា​ ការ​​ប្រកាស​បដិសេធ​ពី​ការ​លើកឡើង​នេះ​នឹង​ប៉ះពាល់​អ្វីខ្លះ​​ដល់​លោក​ កឹម​ សុខា​ ដែល​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​នៅឡើយ​នោះ​ទេ​ ដោយ​ជំរុញ​ឱ្យ​ទៅ​សួរ​មេធា​វី​ការ​ពា​ក្ដី​លោក​ កឹម​ សុខា​ វិញ​។

លោក មុត ចន្ថា ប្រាប់​​ថា​៖ «សួរ​ទៅ​មេធាវី​ ព្រោះ​គាត់​ជា​ផលប្រយោជន៍​សិទ្ធិ​ និង​ផ្លូវច្បាប់​កូន​ក្ដី​គាត់​ គ្រាន់តែ​ខ្ញុំ​បញ្ជាក់​ថា ​អ្វី​ដែល​អ្នក​សរសេរ​ហ្នឹង ​គឺ​មិន​ពិត​ គឺជា​ការ​ប្រឌិត​។ អា​ហ្នឹង​ជា​ការ​ព្រួយបារម្ភ​របស់ខ្ញុំ​»

សហ​មេធា​វី​ការ​ពា​ក្ដី​ឱ្យ​លោក​ កឹម​ សុខា​ គឺ​លោក​ ផែង​ ហេង​ មានប្រសាសន៍​ថា​ មិន​ទទួល​បាន​ព័ត៌មាន​នេះ​ពី​កូន​​ក្ដី​នៅឡើយ​ ប៉ុន្តែ​ ថា​តុលាការ​មិនបាន​ហាម​កូន​ក្ដី​ពី​ការ​ទំនាក់ទំនង​តាម​ទូរ​សព្ទ​ទេ​ គ្រាន់តែ​ហាម​ធ្វើសកម្មភាព​នយោបាយ​។

លោក ផែង ហេង ប្រាប់​ថា​៖ «យើង​មើល​ដំណើររឿង​សព្វថ្ងៃ​ វា​អាស្រ័យ​ទៅលើ​ការ​បកស្រាយ​ច្បាប់​។ ដូច្នេះ​ សកម្មភាព​ណាមួយ​ដើម្បី​កុំ​ឱ្យ​មានការ​បកស្រាយ​ច្បាប់​ទូលំទូលាយ​មក​លើគាត់​ មានតែ​គាត់​ត្រូវ​ប្រុងប្រយ័ត្ន​ ការងារ​ណា​ដែល​មិន​គួរ ​យើង​មិនបាច់​ធ្វើ​។ ជា​រួម ​ខ្ញុំ​ក៏​គិត​ដូច​លោក​ ចន្ថា ដែរ។​ អ៊ីចឹង​ថា​ ឯកឧត្តម​ កឹម​ សុខា​ គាត់​មិន​មានហេតុ​ផល​ណាមួយ​ត្រូវ​ខល​ទៅ​រក​ ឬទាក់ទង​ទៅ​ទេ​ក្នុង​កាលៈទេសៈ​នេះនោះ​»

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ អ៊ី​ រិន​ សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ករណីនេះ​ ជំរុញ​ឱ្យ​ពិនិត្យមើល​ពី​សេច​ក្ដី​សម្រេច​របស់​តុលាការ​ចុះ​​ថ្ងៃទី១០ ខែ​វិច្ឆិកា​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដាក់​លក្ខខណ្ឌ​លើ​លោក​ កឹម​ សុខា​ នេះ​។

សេច​ក្ដី​សម្រេច​ចេញ​ដោយសា​លា​ដំបូង​​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​បន្ត​ដាក់​ឱ្យ​លោក​ កឹម​ សុខា​ ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ដោយ​មិន​អនុញ្ញាត​ឱ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ ចេញទៅ​ក្រៅប្រទេស​ មិន​ត្រូវ​ធ្វើសកម្មភាព​នយោបាយ​ និង​ត្រូវ​ឆ្លើយតប​នឹង​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច​។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ​លោក​ ជិន​ ម៉ា​លីន​ ពន្យល់​ថា​ ទំនាក់ទំនង​តាម​ទូរ​សព្ទ​ពាក់ព័ន្ធ​រឿង​នយោបាយ​ត្រូវ​ហាមឃាត់​។

លោក​ ជិន ម៉ាលីន ប្រាប់ថា​៖ «ក្នុ​ងហ្នឹង ​គឺ​ចៅក្រម​ គេ​ហាម​មិន​ឱ្យ​ធ្វើសកម្មភាព​នយោបាយ​។ អ៊ីចឹង​ទេ ​ក្នុង​ការ​ខល​ ឬជជែក​ក្នុង​ចេតនា​នយោបាយ​ត្រូវ​បាន​ហាមប្រាម​»

ទោះជាយ៉ាងណា​ ក្រោយពី​តុលា​កា​រប​ន្ធូ​របន្ថយ​លក្ខខណ្ឌ​ជិត ២០ថ្ងៃ​មកនេះ​​ លោក កឹម សុខា បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ការទូត​នៃ​ប្រទេស​លោក​សេរី​នានា ក្នុង​នោះ​មាន​តំណាង​សហរដ្ឋ​អាមេរិក​ បារាំង​ ជប៉ុង​ អាល្លឺម៉ង់​ អូស្ត្រាលី​ និងឯក​អគ្គរដ្ឋទូត​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ