សាលាឧទ្ធរណ៍សម្រេចតម្កល់សាល​ក្រមរបស់សាលាដំបូងក្នុង​សំណុំរឿងលោក​ រ៉ាត់ រត្នមុនី

លោក រ៉ាត់ រត្នមុនី (ឆ្វេង) ចូលក្នុងសវនាការសាលាឧទ្ធរណ៍ លើសំណុំរឿងវិដេអូ «ម្ដាយខ្ញុំលក់ខ្ញុំ» នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ផ្ដល់ឱ្យ)

សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ​ លើ​សំណុំ​រឿងអ្នកបក​ប្រែឲ្យផលិតករ​ភាពយន្តឯកសារ «ម្តាយ​ខ្ញុំ​លក់ខ្ញុំ» របស់​ទូរទស្សន៍រុស្ស៊ី RT។

ប្រធានក្រុមប្រឹក្សា​ជំនុំជម្រះចៅក្រម លោក ប្លង់ សំណាង ប្រកាស​តម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ​ គឺមាន័យថា លោក រ៉ាត់ រត្នមុនី ត្រូវជាប់ពន្ធនាគារ២ឆ្នាំ ពីបទ «ញុះញង់ឱ្យមានការរើសអើង» និងត្រូវបង់ប្រាក់ជំងឺចិត្តដល់ដើមបណ្តឹងរដ្ឋប្បវេណីពីរនាក់ក្នុងម្នាក់ៗចំនួន៣៥លានរៀលដដែល។

លោកចៅក្រម ប្លង់ សំណាង បញ្ជាក់​ក្នុងសវនាការនាសាលា​ឧទ្ធរណ៍កាលពីព្រឹកមិញនេះ ការសម្រេចតម្កល់សាលក្រមរបស់សាលាដំបូង ព្រោះផ្អែកសំខាន់លើភស្តុតាងរឹងមាំចំនួនពីរ។ លោក បញ្ជាក់ថា ​ភស្តុតាងទីមួយ គឺខ្សែភាពយន្តឯកសាររបស់សារព័ត៌មាន Russia Today (RT) មានដាក់ឈ្មោះបញ្ជាក់អំពីតួនាទីរបស់លោក រ៉ាត់ រ័ត្នមុនី ជាផលិតករ និងទីពីរ ចម្លើយរបស់កញ្ញា លឹម ស្រីទី និងកញ្ញា គៀង ស្រីម៉េច ជាដើមបណ្តឹង ហើយថែមទាំងជាតួអង្គក្នុងខ្សែភាពយន្តឯកសារនោះផង សុទ្ធតែបានអះអាងថា អ្នកបកប្រែភាសារូបនេះ ជាអ្នកនិយាយបង្គាប់បង្ហាត់បង្ហាញឱ្យពួកគេធ្វើត្រាប់តាមអំឡុងពេលថតទាំងអស់។

ចៅក្រមរូបនេះ លើកឡើងថា ចំពោះការលើកភស្តុតាងអំពីការដាក់លិខិតបញ្ជាក់របស់ RT ទៅក្រសួងព័ត៌មានថា ខ្សែភាពយន្តឯកសារ «ម្តាយខ្ញុំលក់ខ្ញុំ» ជាផលិតផលរបស់គេ និងការឆ្លើយបដិសេធរបស់លោក រត្នមុនី នាពេលកន្លងមក ជាការអះអាងដែលមិនអាចជឿជាក់ ព្រោះជាការលើកឡើងរបស់ជនជាប់ចោទតែម្នាក់ឯង គ្មានអំណះអំណាងត្រឹមត្រូវឡើយ។ ទោះយ៉ាងណាក៏ដោយ ចៅក្រមបានប្រកាសបើកសិទ្ធឱ្យលោក រ៉ាត់ រត្នមុនី ប្តឹងទាស់នឹងសាលដីការរបស់ឧទ្ធរណ៍ទៅតុលាការកំពូលបាន​។

លោក រ៉ាត់ រត្នមុនី បាននិយាយបញ្ជាក់ក្រោយបង្ហាញវត្តមានក្នុងបន្ទប់សវនាការនាសាលាឧទ្ធរណ៍ថា លោកនឹងដាក់ពាក្យបណ្តឹងទៅតុលាការកំពូលបន្តទៀត ព្រោះសេចក្តីសម្រេចរបស់​សាលាឧទ្ធរណ៍មិនបានផ្តល់នូវយុត្តិធម៌គ្រប់គ្រាន់សម្រាប់រូបលោកឡើយ។ លោកអះអាងថា វាជារឿងអយុត្តិធម៌ ព្រោះរូបលោកធ្វើការត្រឹមជាអ្នកបកប្រែឱ្យអ្នកយកព័ត៌មានរបស់ទូរទស្សន៍រុស្សី ដែលបាន​ជួយលាតត្រដាងរឿងរ៉ាវពិតរបស់ជនរងគ្រោះឱ្យសាធារណជនបានជ្រាប និងសិក្សាស្វែងយល់តែ​ប៉ុណ្ណោះ។

ជនជាប់ចោទរូបនេះបានបង្ហាញអំពីការសង្ស័យរបស់ខ្លួនថា បញ្ហាដែលច្រានលោកក្លាយជាអ្នកទោសដូចបច្ចុប្បន្ន ព្រោះការចែករំលែកខ្សែភាពយន្តឯកសាររបស់ RT តាមបណ្តាញទំនាក់ទំនងសង្គម ចំពេលដែលរដ្ឋាភិបាលដាក់គំនាបខ្លាំងលើសេរីភាពសារព័ត៌មានក្នុងស្រុក រហូតសារព័ត៌មានអន្តរជាតិមួយចំនួនសម្រេចបិទការិយាល័យរបស់ខ្លួនតែម្តង។ លោក បន្តថា ​បញ្ហាមួយទៀតគឺរដ្ឋាភិបាលព្យាយាមបង្ហាញទៅអន្តរជាតិថា កម្ពុជាមានការគោរពសិទ្ធមនុស្ស និងអភិវឌ្ឍន៍ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA តែភាពយន្តឯកសាររបស់ RT បែរជាបង្ហាញថា ពលរដ្ឋខ្មែររងគ្រោះព្រោះភាពក្រីក្ររហូតមានម្តាយខ្លះសម្រេចចិត្តលក់ព្រហ្មចារីយ៍កូនខ្លួនទៅវិញ។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមសិទ្ធមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានអះអាងថា ការសម្រេចសេចក្តីរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ទាក់ទងនឹងសំណុំរឿងរបស់លោក​ រ៉ាត់ រត្នមុនី សុទ្ធពុំបានផ្តល់នូវយុត្តិធម៌ពេញលេញដល់ជនជាប់ចោទឡើយ។ លោកថា មានសាក្សី និងដើមបណ្តឹងជាច្រើនរូបបានអវត្តមានក្នុងសវនាការនៅសាលាឧទ្ធរណ៍ ហើយចៅក្រមបានទុកចោលភស្តុតាងជាប្រយោជន៍សម្រាប់ជនជាប់ចោទមួយចំនួនមិនពិនិត្យ និងជជែកពិភាក្សាសើរើឡើងវិញឡើយ។

លោក ស៊ឹង សែនករុណា បន្តថា៖ «បើយើងពិនិត្យមើលអង្គហេតុនៃរឿងនេះ លោក រ៉ាត់ រត្នមុនី គ្រាន់តែអ្នកជួយបកប្រែ និងសម្របសម្រួលឯកសាររវាងអជ្ញាធរកម្ពុជា និងអ្នកកាសែត RT ប៉ុណ្ណោះ។ អីចឹង តួនាទីនេះ វាមិនសមណាមានការចាត់វិធានការមកលើរូបលោកទេ។ អ្នកដែលគេធ្វើ ចេញផ្សាយវីដេអូ ខ្លឹមសារទាំងអស់ហ្នឹង គឺជាអ្នកសារព័ត៌មាន RT នៅឯខាងប្រទេសរុស្ស៊ីឯណោះទេ»។

គិតត្រឹមថ្ងៃនេះ ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី បានជាប់ឃុំអស់រយៈពេលជិតមួយឆ្នាំហើយ ខណៈប្រពន្ធ និងកូនប្រុសរបស់លោកត្រូវរស់នៅនិរទេសខ្លួនឯក្រៅប្រទស។​

លោក រ៉ាត់ រត្នមុនី ត្រូវសមត្ថកិច្ច​ថៃចាប់ឃាត់ខ្លួននៅទីក្រុងបាងកក កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨។ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោកឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំក្រោមបទចោទ «ញុះញង់ឱ្យមានការរើសអើង» កាលពីថ្ងៃទី២៦ ខែមិថុនា តាមការចោទប្រកាន់របស់ដើមបណ្តឹងចំនួន៥នាក់ គឺលោក នាក់ សុទ្ធី នាយកសាលាឥន្ទ្រទេវី កញ្ញា គៀង ស្រីម៉េច កញ្ញា លឹម ស្រីទី អ្នកស្រី ទេព សាលីម និងអ្នកស្រី កែវ ម៉ាឡៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ