បទយកការណ៍៖ ក្រុមយុវជនធ្វើយុទ្ធនាការជិះកង់ ​ជំរុញឱ្យមានយន្តការជាក់លាក់ដើម្បីការពារព្រៃ​ព្រះរការ

សកម្មជនបរិស្ថាន និងជាសមាជិកស្នូលរៀបចំយុទ្ធនាការជិះកង់ដើម្បីព្រះរការ លោក សាន់ ម៉ាឡា។ (សូត សុខប្រាថ្នា/ថតនៅថ្ងៃទី ២៧ វិច្ឆិកា ២០១៩)

ព្រៃព្រះរការ ស្ថិតនៅខេត្តព្រះវិហារ ត្រូវបានប្រជាសហគមន៍ យុវជន ចាត់ទុកថាជាព្រៃមានសារសំខាន់មួយ​ ដូចបណ្តាព្រៃអភិរក្សធំៗផ្សេងទៀត ដូចជាព្រៃឡង់ ព្រៃតំបន់ភ្នំក្រវាញ ព្រៃតំបន់អារ៉ែង ជាដើម។

ប៉ុន្តែ ព្រៃអភិរក្សព្រះរការ​បច្ចុប្បន្នត្រូវបាន​ប្រជាសហគមន៍ យុវជន ដែលធ្លាប់ចុះដល់តំបន់នោះ រាយការណ៍ថា ព្រៃឈើតំបន់នោះកំពុងរងការកាប់បំផ្លាញ​ឥតឈប់ឈរ។

ដោយក្តីបារម្ភចំពោះវាសនាធនធានធម្មជាតិនៅតំបន់ព្រៃព្រះរការនេះហើយ ទើបបាន​យុវជនមួយក្រុម​ នាំគ្នាធ្វើយុទ្ធនាការជិះកង់ ក្រោមប្រធានបទ«ជិះកង់ដើម្បីព្រៃព្រះរការ» ដោយចេញដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះវិហារតែម្តង ក្នុងចម្ងាយផ្លូវជាង៣រយគីឡូម៉ែត្រ។

សកម្មជនបរិស្ថាន និងជាសមាជិកស្នូលរៀបចំយុទ្ធនាការជិះកង់ដើម្បីព្រៃព្រះរការ លោក សាន់ ម៉ាឡា មានប្រសាសន៍ថា យុទ្ធនាការ​ជិះកង់មានរយៈពេល៥ថ្ងៃ ដែលចាប់ផ្តើមនៅថ្ងៃទី ២៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២ ខែធ្នូ។ លោកបន្តថា ដោយឡែកពេលទៅដល់ខេត្តព្រះវិហារ ក្រុមយុវជននឹងចូលល្បាតព្រៃព្រះរការជាមួយប្រជាសហគមន៍រយៈពេល៣ ថ្ងៃបន្ថែមទៀត។

សកម្មជនបរិស្ថានដដែល បញ្ជាក់ថា យុទ្ធនាការជិះកង់ដើម្បីព្រៃព្រះរការនេះ មានគោលបំណងផ្សព្វផ្សាយ​​អំពីសក្តានុពល និងបញ្ហាប្រឈមដែលកើតឡើងនៅតំបន់ព្រៃអភិរក្សមួយនេះដល់សាធារណជន ពិសេសជាការផ្ញើសារទៅកាន់រដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធឱ្យរៀបចំយន្តការជាក់លាក់​ការពារតំបន់ព្រៃមួយនេះ។

លោកមានប្រសាសន៍ថា៖ «សកម្មភាពដែល​យើង​ធ្វើការ​ជិះកង់ គោលបំណងរបស់យើងចម្បង​ហ្នឹង​គឺ​ដើម្បីធ្វើការផ្សព្វផ្សាយ​ប្រាប់ប្រជាពលរដ្ឋថា ​ក្រៅពី​យើង​មានព្រៃឡង់ ក្រៅពីយើង​មានព្រៃ​អារ៉ែង​ ក៏យើង​នៅមាន​ព្រៃពិសេសមួយទៀតដែរ​គឺព្រៃព្រះរការ។ យើងកៀរគរឱ្យប្រជាពលរដ្ឋ​យើងចូលរួម​​ជាកម្លាំង​ចិត្ត​ដូចជា​គាត់​បានទៅលេង បាន​ដឹងឮ ពិសេសយើង​ធ្វើបច្ចុប្បន្នថា ព្រៃតំបន់នោះមានអ្វីកើតឡើង។ គោលបំណងទី៣ចុងក្រោយហ្នឹង គឺស្នើឱ្យក្រសួងមានយន្តការជាក់លាក់ជាងមុនដើម្បីការពារ​»។

អ្នករៀបចំយុទ្ធនាការដដែល ឱ្យដឹងថា សម្រាប់អ្នកចូលរួម​គ្រោងមានចំនួនជាង១០នាក់ ដោយពួកគាត់​នឹងចែកខិតបណ្ណ ឬរូបថតអំពីព្រៃព្រះរការ ជូនពលរដ្ឋនៅតាមដងផ្លូវ​ដើម្បីឱ្យគាត់បានដឹង បានស្គាល់​ពីព្រៃអភិរក្សមួយនេះបន្ថែមទៀត។

​ស្ត្រីមួយរូប មានវ័យជាង២០ឆ្នាំ ជាសមាជិកចូលរួមយុទ្ធនាការជិះកង់នេះដែរ និយាយដោយទឹកមុខញញឹមផងនោះ កញ្ញា ងួន យ៉ែមវតី រៀបរាប់ថា ខ្លួនបានទៅដល់តំបន់ព្រៃព្រះរការចំនួន៥ដង រួចមកហើយ ដោយបានឃើញថា ​តំបន់នេះនៅមានសក្តានុពលធនធានធម្មជាតិច្រើននៅឡើយ។

យ៉ាងនេះក្តី កញ្ញា មានការសោកស្តាយជាខ្លាំង ក្រោយពេលព្រៃឈើនៅតំបន់នោះរងការកាប់បំផ្លាញពីសំណាក់ក្រុមជនល្មើសឥតឈប់ឈរ។ ប្រភពដដែលបញ្ជាក់ថា ការសោកស្តាយ និងការស្រលាញ់ធនធានធម្មជាតិនៅតំបន់នោះហើយ បានជំរុញឱ្យកញ្ញាចូលរួមយុទ្ធនាការនេះ ដោយពេញចិត្ តនិងគ្មានការភ័យខ្លាច។ ​

កញ្ញា វតី បន្តថា៖ «សម្រាប់ខ្ញុំ អត់មាន​ក្តីព្រួយបារម្ភ​អីទេចំពោះការជិះកង់នេះ។ ដោយសារខ្ញុំមានចិត្ត​ចង់ជួយ​ ហើយក៏ចង់​ធ្វើខ្លួន​ឱ្យក្លាយ​ជាគម្រូមួយដល់អ្នកដទៃ ​ឱ្យគេមើលឃើញថា​ យើងជាមនុស្សស្រីមិនត្រឹមហ៊ាន​ចុះល្បាតទេ ប៉ុន្តែ​ យើងថែមទាំងហ៊ានជិះកង់​ឆ្លងពីរបីខេត្តទៅដល់ខេត្តព្រះវិហារ​។ ទោះបីជាយើងមិនដឹង​ថា នឹងមានបញ្ហាអីកើតឡើងនៅតាមផ្លូវ​ ប៉ុន្តែ ខ្ញុំនៅតែជម្នះចង់ទៅ​»។

ព្រៃព្រះរការមានទំហំជិត១០ម៉ឺនហិកតា លាតសន្ធឹងជាប់ស្រុកចំនួនបីក្នុងខេត្តព្រះវិហារ រួមមានស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប។ តំបន់ព្រៃអភិរក្សមួយនេះត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់ជាដែនជម្រកសត្វព្រៃព្រះរការ កាលពីខែឧសភា ឆ្នាំ២០១៦។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍ប្រាប់VOD ថា តំបន់ព្រៃព្រះរការគឺជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។

លោកបន្តថា យុទ្ធនាការជិះកង់របស់ក្រុមយុវជននេះ គឺជាសិទ្ធិសេរីភាពរបស់ពួកគាត់ ប៉ុន្តែ លោកស្នើសុំឱ្យក្រុមយុវជន​ទាំងនោះ​ធ្វើសកម្មភាពដោយមានច្បាប់ទម្លាប់ត្រឹមត្រូវ។

អ្នកនាំពាក្យរូបនេះបន្ថែមថា ​ច្បាប់ស្តីពីតំបន់ការពារ​ធម្មជាតិ​គឺតម្រូវឱ្យមានការសុំច្បាប់ ឬការអនុញ្ញាតិ មុនពេលពួកគេចូលធ្វើសកម្មភាពអ្វីមួយនៅតំបន់​​ទាំងនោះ ប៉ុន្តែ លោកក៏ស្វាគមន៍សកម្មភាពរបស់ក្រុមយុវជនទាំងនេះផងដែរ។

លោកមានប្រសាសន៍ថា៖ «ក្រសួង​បរិស្ថាន​យើងស្វាគមន៍​ចំពោះរាល់​សកម្មភាព​ទាំងឡាយ​ដែល​ចូលរួម​ក្នុងការការពារ និងអភិរក្ស​ធនធានធម្មជាតិ។ ទោះបីជាមិនមានសកម្មភាពហ្នឹងក៏ដោយ សកម្មភាពជិះកង់ ឬសកម្មភាព​អ្វីផ្សេងៗ​ពីសាធារណជនក៏ដោយ ប៉ុន្តែ ក្រសួងរបស់​យើង​ក៏បានរៀបចំយន្តការក្នុងការអភិរក្ស​ការពារតំបន់​ព្រៃការពាររបស់យើង​​​​» ។

លោក នេត្រ ភក្ត្រា អះអាងថា រាល់ការអនុវត្តវិធានការច្បាប់ទៅលើក្រុមជនល្មើស គឺមន្ត្រីជំនាញ​ធ្វើឡើង​ដោយគ្មានការយោគយល់​ ឱ្យតែជននោះបានចូលរួម ឬធ្វើសកម្មភាពបំផ្លាញធនធានធម្មជាតិ។

បណ្តាញស្នូលសហគមន៍ព្រៃព្រះរការរស់នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ អ្នកស្រី ពឿន ជឿន អះអាងថា សកម្មភាពបទល្មើសព្រៃឈើនៅតំបន់ព្រៃអភិរក្សមួយនេះកើតឡើងឥតឈប់ឈរ ដោយថារាល់យប់មានគោយន្តដឹកឈើចេញពីព្រៃចន្លោះពី១០ ទៅ ២០គ្រឿង។

អ្នកស្រីអះអាងថា សកម្មភាពកាប់បំផ្លាញឈើនៅតំបន់ព្រៃព្រះរការ​កើតឡើងតាំងពីឆ្នាំ២០១៤ ហើយនៅឆ្នាំ២០១៨ និង ២០១៩ សកម្មភាពបទល្មើសកើតមានកាន់តែខ្លាំង រីឯការអនុវត្តច្បាប់គ្មានប្រសិទ្ធភាពឡើយ។ ​

អ្នកស្រីបន្តថា ៖ «តាមមើល​ខាងបរិស្ថាន​ គាត់ចុះល្បាតរាល់ថ្ងៃ​ ប៉ុន្តែ បើគាត់​ចុះ​ជាមួយសហគមន៍​ផង​ គាត់[មន្ត្រីបរិស្ថាន] ចាប់បាន ចាប់មែន[ចាប់ជនល្មើស]។ ប៉ុន្តែនៅពេលគាត់ចុះល្បាតតែឯង ឃើញឈើរួចមកដល់ភូមិបាន។ ខ្ញុំឆ្ងល់ដែរ?»។

ចំណែកសកម្មជនបរិស្ថាន លោក សាន់ ម៉ាឡា ដដែល កត់សម្គាល់ថា ការប្តេជ្ញាចិត្តរបស់​មន្ត្រីរដ្ឋាភិបាល ព្រមទាំង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង ចំពោះកិច្ចការពារព្រៃឈើនៅកម្ពុជា គឺមិនទាន់មានប្រសិទ្ធភាពឡើយ។ លោកថា ជាក់ស្តែងព្រៃឈើនៅកម្ពុជាចេះតែបាត់បង់ជាបន្តបន្ទាប់ ពិសេសព្រៃឈើនៅតំបន់ព្រៃការពារតែម្តង។  ​

លោក សាន់ ម៉ាឡា បញ្ជាក់ថា ក្រោយពេលបញ្ចប់យុទ្ធនាការជិះកង់ដើម្បីព្រៃព្រះរការហើយត្រឡប់មកដល់ក្រុងភ្នំពេញ ខាងលោកនឹង​ធ្វើញ្ញត្តិមួយ​ផ្ញើទៅកាន់ក្រសួងបរិស្ថាន ដើម្បីស្វែងរកដំណោះស្រាយច្បាស់លាស់ចំពោះកិច្ចការពារ​តំបន់ជម្រកសត្វព្រៃមួយនេះ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ