ក្រុម​អ្នក​ឃ្លាំ​មើល​​ស្នើ​ទៅ​រដ្ឋាភិបាល​លុប​ចោល​ការ​ផ្ដល់​ដី ៤០​​ហិកតា​ដល់​ជន​អន្តោប្រវេសន៍​វៀតណាម​

ផ្ទះជនជាតិវៀតណាម នៅខេត្តកំពង់ឆ្នាំង។ (វីអូឌី)

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជំរុញទៅរដ្ឋាភិបាល​ឱ្យ​ដោះស្រាយបញ្ហាដីធ្លីឱ្យមានតម្លាភាពរវាងពលរដ្ឋវៀតណាមខុសច្បាប់ និងពលរដ្ឋម្ចាស់ស្រុក​។

ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដី​ទំហំ​ ៤០ហិកតា នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឱ្យប្រជាពលរដ្ឋចំនួន ៤,៥៦៣គ្រួសារដែលរស់នៅលើផ្ទះបណ្តែតទឹកលើដងទន្លេសាប បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​ជម្លៀស​ពី​រស់​នៅ​លើ​ផ្ទៃ​ទឹក​ទន្លេ​សាប​នៅ​ក្នុង​ខេត្ត​នេះ។ ក្នុង​ចំណោម​ប្រជាពលរដ្ឋជាង ៤​ពាន់​គ្រួសារ​នោះ​ គឺមានពលរដ្ឋជន​ជាតិ​វៀតណាម ២,៣៨៧​គ្រួសារ។

ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន​​ចុះថ្ងៃទី២ ខែធ្នូ​នេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា​បានច្រានចោលចំពោះសេចក្ដីសម្រេចរបស់រដ្ឋាភិបាលដែលបានផ្ដល់ដី ៤០​ហិកតា ឱ្យជនអន្តោប្រវេសន៍ ដោយថា​ រដ្ឋាភិបាលត្រូវពិនិត្យមើលឡើងវិញ ចំពោះជនអន្តោប្រវេសន៍វៀតណាមដែលទទួលបានសញ្ជាតិខ្មែរ ​និងជនអន្តោប្រវេសន៍រស់នៅខុសច្បាប់។

«រដ្ឋាភិបាលកម្ពុជាមិនត្រូវផ្ដល់ដីធ្លីដល់ជនអន្តោប្រវេសន៍វៀតណាម​ណាម្នាក់ធ្វើជាលំនៅឋានដាច់ខាត។ សម្រាប់ជនជាតិវៀតណាមដែលទទួលបានសញ្ជាតិខ្មែររួចហើយ ពួកគេត្រូវតែរកលទ្ធភាពទិញ ឬ​ជួលផ្ទះសម្រាប់ស្នាក់នៅដោយខ្លួន‍‍‍‍‍(ឯង)»

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ឱ្យដឹងថា រដ្ឋាភិបាលត្រូវបញ្ជូនជនអន្តោប្រវេសន៍វៀតណាមដែលរស់នៅកម្ពុជាដោយខុសច្បាប់ទៅប្រទេសដើមកំណើតរបស់ខ្លួន ជាជាងការសម្រេចផ្ដល់ដីឱ្យជនអន្តោប្រវេសន៍វៀតណាមទាំងនោះធ្វើជាលំនៅឋាន ហើយត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋខ្មែរដែលត្រូវបានអ្នកមានអំណាច និងក្រុមឈ្មួញខិលខូចរំលោភបំពានដីធ្លី។

តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា ការផ្ដល់ដីរបស់រដ្ឋាភិបាលឱ្យជនអន្តោប្រវេសន៍វៀតណាមស្នាក់នៅនេះ កំពុងធ្វើឱ្យប្រទេសជាតិប្រឈមនឹងហានិភ័យ ដោយសារ វៀតណាមជាប្រទេសនៅជាប់ព្រំដែនកម្ពុជា និង​មាន​ប្រវត្តិ​យក​ទឹក​ដី​កម្ពុជា​នា​ពេល​អតីត​កាល។

«ក្នុងអំឡុងពេល ៣០ឆ្នាំ ទៅ ៥០ឆ្នាំខាងមុខ ពេលហ្នឹង កម្ពុជាយើងនឹងមានហានិភ័យខ្ពស់មែនទែន អាចបង្កើតរដ្ឋក្នុងរដ្ឋ។ អាហ្នឹងដែលជាបញ្ហាចោទមែនទែន»

អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ ប្រាប់វីអូឌីនៅថ្ងៃនេះថា នៅក្នុងប្រទេសកម្ពុជា មិនមានច្បាប់​តម្រូវឱ្យរដ្ឋាភិបាលផ្ដល់ដីឱ្យអន្តោប្រវេសន៍សម្រាប់ធ្វើលំនៅឋានទេ។ លោកបន្តថា រដ្ឋាភិបាលផ្ដល់ដី ៤០​ហិកតា ដើម្បីបញ្ចៀសការរិះគន់ថា រដ្ឋាភិបាលរំលោភសិទ្ធិមនុស្សដែលបណ្ដោយឱ្យប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹក មិនមានអនាម័យ មិនមានសាលារៀន និង​មិនគិតអំពីបរិស្ថាននៅដងទន្លេសាប។

«យើងរៀបចំពីទឹកមក​គោក​នេះ ដើម្បីបរិស្ថាន ជីវៈចម្រុះនៅក្នុងទន្លេឱ្យមានភាពប្រសើរ ការគ្រប់គ្រងជនអន្តប្រវេសន៍មានប្រសិទ្ធភាព និងមានលក្ខណៈពិសេសច្រើនទៀត ដែលពាក់ព័ន្ធនឹងការនៅលើគោកនេះ វាល្អជាងនៅក្នុងទឹក។ នៅក្នុងទឹកនេះ បើយើងទុកពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជននៅបឹងទន្លេសាប វាចេះតែច្រើនៗទៅ អ៊ីចឹងបរិស្ថាននៅបឹងទន្លេសាប វាកាន់តែកខ្វក់ទៅៗ។ អ៊ីចឹង សូម្បីតែនៅទីនេះ ខេត្តខ្ញុំនេះ បើសិននៅខែ៣ និង​ខែ៤ ខាប់ដូចទឹកគ្រឿងអ៊ីចឹង ភាពកខ្វក់ អ៊ីចឹងសូម្បីតែត្រីក៏នៅមិនបានដែរ»

អ្នកជំនាញផ្នែកច្បាប់ លោក​មេធាវី សុក សំអឿន មានប្រសាសន៍ថា រដ្ឋាភិបាលមានសិទ្ធិសម្រេចក្នុងការផ្ដល់ដីដល់ជនអន្តោប្រវេសន៍ដែលរស់នៅក្នុងប្រទេសស្របច្បាប់ ប៉ុន្តែ បើសិនជនអន្តោប្រវេសន៍ទាំងអស់នោះ រស់នៅខុសច្បាប់ លោកថា រដ្ឋាភិបាលត្រូវចាប់បញ្ជូនពួកគេទៅប្រទេសកំណើតវិញ។

«បើសិនជាអន្តោប្រវេសន៍ស្របច្បាប់ ហើយជាអន្តោប្រវេសន៍ស្នាក់នៅយូរ អាហ្នឹង រដ្ឋាភិបាលមានសិទ្ធិចាត់ចែង តែបើសិនជាអន្តោប្រវេសន៍ខុសច្បាប់ អាហ្នឹង វាអត់ត្រូវវិញ ព្រោះបើសិនជាយើងធ្វើអ៊ីចឹង ដូចទទួលស្គាល់ខុសច្បាប់ទៅជាស្របច្បាប់វិញ»

ទោះជាយ៉ាងណា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាអំពាវនាវទៅរដ្ឋាភិបាលលុបចោល ចំពោះសេចក្ដីសម្រេចការផ្ដល់ដី ៤០​ហិកតាដល់ជនអន្តោប្រវេសន៍វៀតណាម ដើម្បីជាការឆ្លើយតបនឹងការទាមទាររបស់ប្រជាពលរដ្ឋខ្មែរ នៅលើបណ្ដាញសង្គម។

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំបានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបកស្រាយពីការផ្ដល់ដី ៤០ហិកតា ឱ្យប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកលើដងទន្លេសាប បម្លាស់ទីទៅរស់នៅលើដីគោកចំនួន ៤៥៦៣គ្រួសារ ដោយក្នុងនោះ មានទាំងខ្មែរ ខ្មែរ-អ៊ីស្លាម និងវៀតណាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ