ក្រុមយុវជនថា យុទ្ធនាការសង្គ្រោះព្រៃព្រះ​រការ​រងការគំរាមកំហែងពីអាជ្ញាធរ

ក្រុមយុវជនធ្វើយុទ្ធនាការជិះកង់ដើម្បីសង្គ្រោះព្រៃព្រះរការ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩។ (Ma Chettra)

ក្រុមយុវជនធ្វើយុទ្ធនាការជិះកង់ដើម្បីសង្គ្រោះព្រៃព្រះរការ លើកឡើងថា សកម្មភាពការពារបរិស្ថានរបស់ពួកគេ បានរងការ​​គំរាមកំហែង និងបំភិតបំភ័យពីសំណាក់អាជ្ញាធរដែនដី ប៉ុន្តែ ការអះអាងនេះត្រូវបានអាជ្ញាធរច្រានចោល។

យុវជនមួយក្រុម បានធ្វើយុទ្ធនាការក្រោមប្រធានបទ «ជិះកង់សង្គ្រោះព្រៃព្រះរការ» ដើម្បីផ្សព្វផ្សាយពីស​ក្តានុពល និងបញ្ហាប្រ​ឈមកំពុងកើតមាននៅតំបន់ព្រៃអភិរក្សព្រះរការ ដើម្បី​ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការជាក់លា​ក់ក្នុងការទប់ស្កា​ត់ការបំផ្លាញព្រៃឈើនៅតំបន់ការពារធនធានធម្មជាតិមួយនេះ។

យុទ្ធនាការរបស់ពួកគេ ធ្វើឡើងដោយការជិះកង់ពីភ្នំពេញទៅខេត្តព្រះវិហារ លើចម្ងាយផ្លូវជាង ៣០០​គីឡូម៉ែត្រ និងគ្រោងចំ​ណា​យពេល៥ថ្ងៃ ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែ​ធ្នូ ដោយមានសមាជិកចូលរួម ១០រូប។

តំណាងក្រុមយុវជន លោក សាន់ ម៉ាឡា បានឱ្យ​វីអូឌី​ដឹងនៅព្រឹកថ្ងៃនេះថា សកម្មភាពរបស់ពួកគេ ត្រូវបានអាជ្ញាធរធ្វើការសាកសួរ និងមានការដាក់ពង្រាយកម្លាំងឃ្លាំមើល និងថតតាមផ្លូវ ពេលពួកគេធ្វើដំណើរជិតដល់គោលដៅកំណត់ ដែលស្ថិត​នៅឃុំប្រមេរ។

លោកបន្ថែមថា សកម្មភាពទាំងនេះ គឺបង្ហាញពីរូបភាពគំរាមកំហែង និងបំភិតបំភ័យរបស់សមត្ថកិច្ចចំពោះសកម្មភាពស្របច្បាប់របស់ក្រុមខ្លួន និងអ្នកភូមិដែលគាំទ្រសកម្មភាពរបស់ពួកគេ ក្រោមហេតុផលដើម្បីការពារសុវត្ថិភាព។

លោក សាន់ ម៉ាឡា៖ «វាជារូបភាពនៅក្នុងការគំរាមកំហែងដល់អ្នកភូមិ​ ហើយវាជាការគំរាមកំហែងដល់ក្រុមយុវជនអ្នកជិះកង់យើងមួយចំនួនដែរ។ គាត់ឃើញប៉ូលិសច្រើន គាត់ភ័យ​ ទាំងដែលយើងកំពុងធ្វើសកម្មភាពស្របច្បាប់។ ដូច្នេះ ប៉ូលិសគួរតែនៅខាងយើង ហើយគួរតែទៅថតពីទិដ្ឋភាពក្នុងព្រៃវិញថា តើព្រៃហ្នឹងវាបាត់បង់យ៉ាងម៉េច? អ្នកណាខ្លះជាឧក្រិដ្ឋជន ទើបបានជារឿងមានប្រយោជន៍ចំពោះប្រទេសជាតិ»

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ លើកឡើងថា ពុំមានការបញ្ជាឱ្យមានការដាក់ពង្រាយកម្លាំងសមត្ថកិច្ចឱ្យតាមថត និងឃ្លាំមើលក្រុមយុវជននោះទេ។

លោក ប្រាក់ សុវណ្ណ មានប្រសាសន៍ថា៖ «អត់មានទេ ខ្ញុំអត់មានដាក់កម្លាំងទេបាទ! ចាំមើលខ្ញុំស៊ើបសួរសារជាថ្មី»។

មន្ត្រីសាលាខេត្តព្រះវិហារមួយរូប​​ដែល​ប្រាប់​ត្រឹម​ឈ្មោះ​ថា បញ្ញា បានចុះសម្របសម្រួលជួបជាមួយក្រុមយុវជន ហើយ​បានបដិសេធចំពោះការចោទប្រកាន់ខាងលើ។ លោកថា វត្តមានរបស់អាជ្ញាធរ ពុំមែនដើម្បីរារាំងសកម្មភាពក្រុមយុវជននោះទេ តែដើម្បីការពារសុវត្ថិភាពរបស់ពួកគេប៉ុណ្ណោះ​។

លោក បញ្ញា ប្រាប់មូលហេតុដែលសមត្ថកិច្ចថតសកម្មភាពរបស់ក្រុមយុវជនថា ដោយសារពួកគេមិនបានជូនដំណឹងដល់អាជ្ញាធរដែនដីឱ្យបានដឹងជាមុន។

លោក បញ្ញា ប្រាប់​វីអូឌី​តាមទូរសព្ទថា៖ «ប្អូនៗហ្នឹង ដោយសារតែយើងមិនបានដាក់ពាក្យដាក់អីមកខេត្ត។ ដល់ពេលចឹង ប្អូនចេះតែរអារទៅ ពីព្រោះកាលណាប្អូនផ្សព្វផ្សាយតាមវិទ្យុអ៊ីចឹង គេដឹងហើយ។ មិនអ៊ីចឹង? គេដឹងគេឮអ៊ីចឹងទៅ ប្អូនៗមានសុទ្ធតែដងទង់ជាតិអី វប្បធម៌ជាតិយើងហ្នឹង។ ពេលចឹងទៅ វាត្រូវតែគេមើលឃើញ គេថតគេអ៊ីចឹងហើយ ជារឿងធម្មតាទេ»

បើតាមលោក សាន់ ម៉ាឡា បទល្មើសនៅដែនជម្រកសត្វព្រៃព្រះរការ កើតឡើងក្រោមរូបភាពក្នុងទ្រង់ទ្រាយតូចៗ ដោយការកាប់ និងដឹកជញ្ជូនឈើតាមគោយន្តពីប្រជាជន ដើម្បីទៅលក់ឱ្យឈ្មួញទទួលទិញ ដឹកទៅលក់បន្តទៅប្រទេសវៀតណាម។

លោក សាន់ ម៉ាឡា និយាយ​ថា៖ «បច្ចុប្បន្ន យើងឃើញថា សត្វព្រៃជាច្រើន គឺមិនសូវបានគេជួបប្រទះនៅក្នុងព្រៃទេ ហើយមានមួយចំនួនហ្នឹងត្រូវបានជាប់អន្ទាក់ រត់ចេញពីព្រៃមកភូមិដោយសារតែមិនអាចរស់នៅក្នុងព្រៃបាន។ វារំខាននឹងសំឡេងរណារយន្ត សំឡេងគោយន្តដឹកឈើ»

បណ្តាញស្នូលសហគមន៍ព្រៃព្រះរការរស់នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ អ្នកស្រី ពឿន ជឿន បានអះអាងប្រាប់ វីអូឌី កាលពីសប្តាហ៍មុនថា សកម្មភាពបទល្មើសព្រៃឈើនៅតំបន់ព្រៃអភិរក្សមួយនេះ កើតឡើងឥតឈប់ឈរ ជាពិសេសនៅឆ្នាំ២០១៩ នេះ ដោយថា រាល់យប់មានគោយន្តដឹកឈើចេញពីព្រៃចន្លោះពី១០ ទៅ ២០គ្រឿង ហើយការអនុវត្តច្បាប់ គឺគ្មានប្រសិទ្ធភាពឡើយ។

ទាក់ទងនឹងបញ្ហាបទល្មើសព្រៃឈើនេះ អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី លើកឡើងថា ការលើកឡើងរបស់ក្រុមយុវជន និងបណ្តាញសហគមន៍ព្រៃព្រះរការ អំពីបទល្មើសព្រៃឈើ គឺជាសិទ្ធិបញ្ចេញមតិរបស់ពួកគេ។

លោកបន្ថែមថា អាជ្ញាធរដែនដីទាំង២៥ខេត្ត-ក្រុង គឺជាសមាជិករបស់គណៈកម្មការជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ដែលពួកគេអាចដាក់ពាក្យបណ្តឹងបាន បើរកឃើញករណីបទល្មើសណាមួយ។

លោក អេង ហ៊ី មានប្រសាសន៍ថា៖ «ចំពោះមតិ វាគ្រាន់តែជាមតិ ក៏ប៉ុន្តែ បើសិនជាពួកគាត់ឃើញមែន អ៊ីចឹងសុំឱ្យគាត់ប្តឹងអាជ្ញាធរដែនដីនៅហ្នឹងទៅបាទ»

ព្រៃព្រះរការមានទំហំជិត១០ម៉ឺនហិកតា លាតសន្ធឹងជាប់ស្រុកចំនួនបីក្នុងខេត្តព្រះវិហារ រួមមានស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប។ តំបន់ព្រៃអភិរក្សមួយនេះត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់ជាដែនជម្រកសត្វព្រៃព្រះរការ កាលពីខែឧសភា ឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ