បទយកការណ៍៖ ពិព័រណ៍រូបភាព បញ្ជ្រាបការយល់ដឹងឈានទៅបញ្ឈប់អំពើហិង្សាលើស្ត្រីក្នុងគ្រួសារ

ពិព័រណ៍រូបថតបែបកែច្នៃតាមទម្រង់សិល្បៈដែលរៀបចំឡើងដោយអង្គការ អ៊ិនជីអូស៊ីដ(GNO-CEDAW) នៅមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា ចាប់ពីថ្ងៃទី ២៦វិច្ឆិកា ដល់ថ្ងៃទី ៩ ធ្នូ ២០១៩។ (សូត សុខប្រាថ្នា)

តាមរយៈគោលនយោបាយជាតិ និងអន្តរជាតិ ស្ត្រីត្រូវបានលើកកម្ពស់​ក្រោមពាក្យ​ស្លោកផ្សេងៗ ដូចជា«ស្ត្រី​ជាឆ្អឹងខ្នងនៃសង្គម» «ស្ត្រីជាមាតានៃពិភពលោក» «មានស្ត្រី គឺ មានការអភិវឌ្ឍ» ជាដើម។ ប៉ុន្តែ ក្រុមបណ្តាញស្ត្រី​​លើកឡើងថា ស្ត្រីនៅកម្ពុជានៅតែរងការរំលោភបំពាន ឬការប្រើប្រាស់អំពើហិង្សាទាំងក្នុងគ្រួសារ និងក្នុងសង្គម។

ពិព័រណ៍រូបថតបែបកែច្នៃតាមទម្រង់សិល្បៈដែលរៀបចំឡើងដោយអង្គការ អ៊ិនជីអូស៊ីដ (GNO-CEDAW) នៅមជ្ឈមណ្ឌលសោតទស្សន៍​បុប្ផាណា ដែលជាស្នាដៃផលិតដោយយុវជនមួយក្រុម​​ ក្រោមចំណងជើងថា «ទ្រាំ» គឺបានបង្ហាញ​ពី​ទិដ្ឋភាព​​ជីវិតស្ត្រីក្នុងគ្រួសារ​ រស់ក្រោមចំណងអាពាហ៍ពិពាហ៍​ ប៉ុន្តែ ត្រូវរស់នៅដោយក្តីឈឺចាប់ និងភាពភ័យខ្លាច។

អគ្គលេខាធិការ​​គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាល​កម្ពុជា​ដើម្បីអនុសញ្ញាលុបបំបាត់​រាល់ទម្រង់​នៃការរើសអើងលើស្ត្រីភេទ ហៅកាត់ថា GNO-CEDAW អ្នកស្រី ជឹម ចាន់នាង មានប្រសាសន៍ថា​ ពិព័រណ៍រូបថតនេះ ​រៀបចំឡើង​ក្នុងគោលបំណង​ចូលរួម​ក្នុងទិវា«អន្តរជាតិ១៦ថ្ងៃ​​ដើម្បី​បញ្ឈប់​ហិង្សា​លើស្ត្រី»។

លើសពីនេះ កម្មវិធីពិព័រណ៍ដដែលក៏មានគោលបំណង​ផ្សព្វផ្សាយ​ឱ្យសាធារណជនបាន​ដឹង​អំពីមូលហេតុ​ផ្សេងៗដែលនាំឱ្យមានអំពើហិង្សាក្នុងគ្រួសារ និងបញ្ហាប្រឈមរបស់ស្ត្រីក្នុងសង្គមផងដែរ។

អគ្គលេខាធិកាគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ ហៅកាត់ថា GNO-CEDAW អ្នកស្រី ជឹម ចាន់នាង ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត។ (សូត សុខប្រាថ្នា)
អគ្គលេខាធិកាគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ ហៅកាត់ថា GNO-CEDAW អ្នកស្រី ជឹម ចាន់នាង ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត។ (សូត សុខប្រាថ្នា)

អ្នកស្រីមានប្រសាសន៍បន្តថា៖ «គោលបំណងរបស់យើងមួយ​ទៀតហ្នឹង​គឺយើងចង់ទាក់ទាញ​ចំណាប់អារម្មណ៍​ទៅដល់សាធារណជន នូវកង្វះខាតមួយចំនួន​ក្នុងការអនុវត្តច្បាប់​អំពើហិង្សា​នៅក្នុងគ្រួសារ​យើងបច្ចុប្បន្ន ដែលអត់ទាន់បានជួយ​ដល់ជនរងគ្រោះ​បានគ្រប់គ្រាន់។ អីចឹង អ៊ិនជីអូស៊ីដ ក៏ឆ្លៀតឱកាស​ក្នុងការស្វែងរកការគាំទ្រ​ពីសាធារណជន​ ដើម្បីស្នើសុំ​ឱ្យមាន​ការធ្វើវិសោធនកម្មទៅលើច្បាប់​ទប់ស្កាត់​អំពើហិង្សាក្នុងគ្រួសារនៅក្នុងប្រទេសយើងបច្ចុប្បន្នផងដែរ​»។

កម្មវិធីដាក់តាំងពិព័រណ៍រូបថតកែច្នៃបែបសិល្បៈក្រោមប្រធានបទ «ទ្រាំ» ត្រូវបានរៀបចំឡើងរយៈពេល១៤ថ្ងៃ ដោយចាប់ផ្តើមបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ហើយដាក់បង្ហាញរហូតដល់ថ្ងៃទី៩ ខែធ្នូ។

ពិព័រណ៍នេះរៀបចំឡើងដោយ NGO-CEDAW និងត្រូវបានគាំទ្រដោយសហភាពអឺរ៉ុប និង DCA តាមរយៈគម្រោងសំឡេងដើម្បីសមភាពយេនឌ័រ និងមូលនិធិ Heinrich Boll ព្រមទាំងសហការជាមួយមជ្ឈមណ្ឌលបុប្ផាណាផងដែរ។

រូបថតដែលដាក់បង្ហាញក្នុងពិព័រណ៍នោះមានចំនួន១១សន្លឹក ដោយរៀបរាប់តាមលំដាប់លំដោយនៃខ្សែជីវិតតួសម្តែងក្នុងរូប អំពីទិដ្ឋភាពស្ត្រីក្នុងគ្រួសារដែលរងអំពើហិង្សា ហើយត្រូវរស់នៅក្រោមសម្ពាធប្រពៃណីវប្បធម៌ គ្រួសារជាដើម។

ពិធីនោះ ក្រៅពីការទស្សនារូបថត អ្នកចូលរួមកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ក៏បានទស្សនាខ្សែភាពយន្តខ្លីអំពីបញ្ហារបស់ស្ត្រីអ្នកបួស និងស្ត្រីក្រីក្រ ព្រមទាំងកិច្ចពិភាក្សាក្រោមប្រធានបទ “បញ្ហាប្រឈម និងការផ្លាស់ប្តូរសម្រាប់ស្ត្រី និងគ្រួសារ” ផងដែរ។

អ្នកដឹកនាំក្រុមផលិតរូបថតដែលត្រូវបានយកដាក់តាំងពិព័រណ៍ មានវ័យជាង២០ឆ្នាំ កញ្ញា ថា ម៉ាលីនដា ឱ្យដឹងថា​ ដោយសារខ្លួន​បានមើលឃើញពីបញ្ហាប្រឈម​របស់ស្ត្រីក្នុងគ្រួសារមួយចំនួន ចំពោះបញ្ហាអំពើហិង្សាទាំងនោះ។  បន្ថែមពីនេះ កញ្ញាក៏ចង់ចូលរួមចំណែក​ជួយ​បញ្ជ្រាប​ការយល់ដឹងដល់ពលរដ្ឋ ដើម្បីឈានទៅលុបបំបាត់ទម្រង់អំពើហិង្សាលើស្ត្រីនេះហើយ ទើបក្រុមកញ្ញា​បានរួមគ្នា​ចៃ្នប្រឌិតរូបភាព​ទាំងនេះឡើង។

អ្នកដឹកនាំក្រុមផលិតរូបថតដែលត្រូវយកបានដាក់តាំងពិព័រណ៍ កញ្ញា ថា ម៉ាលីនដា ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត។ (សូត សុខប្រាថ្នា)
អ្នកដឹកនាំក្រុមផលិតរូបថតដែលត្រូវយកបានដាក់តាំងពិព័រណ៍ កញ្ញា ថា ម៉ាលីនដា ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត។ (សូត សុខប្រាថ្នា)

កញ្ញា ថា ម៉ាលីនដា បន្តថា ៖«ខ្ញុំថាខ្ញុំមកខ្មែរ ខ្ញុំចង់ធ្វើរឿងអីមួយដែលអាចជួយ​សង្គម​បាន​ ហើយ​បើបញ្ហា​អំពើ​ហិង្សាហ្នឹងកើតឡើង​ តើខ្ញុំអាចជួយដោយ​របៀបណា? អីចឹងខ្ញុំក៏យល់ព្រម​ចូលរួម​ក្នុងពិព័រណ៍នេះមួយ ដើម្បី​យកកិច្ចពិភាក្សាហ្នឹងមកនិយាយ​។ ចង់ថារឿងហ្នឹងនឹងអាចបញ្ចប់បាន​នៅពេលខាងមុខ»។

រូបថត១១សន្លឹកបានរៀបបង្ហាញពីជីវិតស្ត្រីមួយរូប​ក្នុងគ្រួសារ​ ត្រូវបន្តរស់នៅជាមួយប្តី​ទាំងលំបាក​ ភ័យខ្លាច និងរងការប្រើប្រាស់អំពើហិង្សា​ ក្រោមហេតុផលនៃពាក្យថា ទ្រាំ ។  ​

ជាម្ចាស់រូបថត ហើយបច្ចុប្បន្នជាអ្នកបម្រើការងារនៅស្ថានទូតបារាំង មានទឹកមុខញញឹមរួសរាយរាក់ទាក់ ខុសពីទឹកមុខក្នុងរូបថតដែលស្រពាប់ស្រពោននោះ កញ្ញា តូ ម៉ាលីនដា យល់ថា​ តាមរយៈរូបថតដែលក្រុមការងាររបស់ខ្លួន​យកមកចូលរួមដាក់បង្ហាញ នឹងបញ្ជ្រាបការយល់ដឹងដល់សាធារណជនបន្ថែមទៀត ដើម្បីឈានទៅលុបបំបាត់ទម្រង់ប្រើអំពើហិង្សាលើស្ត្រី។

បន្ថែមពីនេះ កញ្ញាថា តាមរយៈរូបទាំងនោះដែរ នឹងជួយឱ្យជនរងគ្រោះដោយអំពើហិង្សានឹងបានធូរស្បើយក្នុងចិត្ត ត្បិតរឿងរ៉ាវរបស់ពួកគាត់ត្រូវបានគេយកមកនិយាយដើម្បីរកដំណោះស្រាយ។

កញ្ញាបន្ថែមថា៖ «ខ្ញុំគិតថា សង្គមយើងនឹង​វិវឌ្ឍតាមរយៈអ្វីដែល​ពួកយើងបានចូលរួម​ម្នាក់បន្តិចៗ ប្រាកដជានឹងធ្វើឱ្យស្ថានភាព(អំពើហិង្សាលើស្ត្រី)ទៅថ្ងៃមុខ វានឹង​បាន​ប្រសើរឡើង។»

ចំណែកលោក ឃួន វិសិដ្ឋ ដែលជាមិត្តរួមក្រុមផលិតរូបថតសម្រាប់ចូលរួមតាំងពិព័រណ៍មួយរូបដែរ លើកឡើងថា ​បុរសមានតួនាទីសំខាន់ណាស់​ក្នុងការបញ្ឈប់អំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម។

លោក ឃួន វិសិដ្ឋ ដែលជាមិត្តរួមក្រុមផលិតរូបថតសម្រាប់តាំងចូលរួមតាំងពិព័រណ៍ ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត។ (សូត សុខប្រាថ្នា/ ថតថ្ងៃទី ២៦ វិច្ឆិកា២០១៩)
លោក ឃួន វិសិដ្ឋ ដែលជាមិត្តរួមក្រុមផលិតរូបថតសម្រាប់តាំងចូលរួមតាំងពិព័រណ៍ ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត។ (សូត សុខប្រាថ្នា/ ថតថ្ងៃទី ២៦ វិច្ឆិកា២០១៩)

លោកបន្តថា៖ «ក្នុងនាមយើងជា​បុរស​ យើង​ត្រូវប្រាប់​ខ្លួនឯង​ថា ​អំពើហិង្សា​វាមិនមែន​ជាដំណោះស្រាយ​ទេ។ បើទោះបីជាពេលខ្លះ​យើងគិតថា​ ការប្រើប្រាស់​អំពើហង្សាហ្នឹង​វាជារឿងធម្មជាតិ។ ពេលខ្លះយើងគិតថា យើងកើតឡើងនៅក្នុងសង្គមមួយ​ដែលប្រើប្រាស់អំពើហិង្សា វាជារឿងមួយ​ដែលយើងខុសពីសត្វ ដោយសារយើងមានសភាវគតិ យើងមានវិចារណញ្ញាណ យើងអាចគិតថា អំពើហិង្សា​វាមិនមែនជាដំណោះស្រាយទេ»។

របាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ រយៈពេល១០ខែ ឆ្នាំ២០១៩ ដោយគិតសម្រាប់ការិយាល័យលីកាដូនៅខេត្ត-រាជធានីចំនួន១៤ ​ទូទាំងប្រទេស បានឱ្យដឹងថា​ អំពើហិង្សាលើស្ត្រីក្នុងគ្រួសារ​មានចំនួនជិត៦០ករណី។  ​

នាយិកាប្រតិបត្តិអង្គការក្លាហាន កញ្ញា បុណ្យ រចនា មានប្រសាសន៍ថា កញ្ញាមិនអាចវាយតម្លៃបានថា តើអំពើហិង្សា​​បច្ចុប្បន្នមានការកើនឡើង ឬថយចុះនោះឡើយ ប៉ុន្តែ កញ្ញាកត់សម្គាល់ថា​ ទម្រង់នៃអំពើហិង្សា​ ការរំលោភបំពានលើស្ត្រីដែលកើតឡើងបច្ចុប្បន្ន គឺមានសភាពកាចសាហាវ ឬគួរឱ្យបារម្ភជាងពេលមុន។

កញ្ញាលើកឡើងទៀតថា នៅពេលអំពើហិង្សា ការរំលោភបំពានលើស្ត្រីកើតឡើងកាន់តែ​ច្រើន គឺបង្ហាញពី​សីលធម៌ ឬគុណភាពជីវិតរបស់ពលរដ្ឋ​កាន់តែថយចុះ​ ពិសេសបង្ហាញថា សង្គមនោះមានភាពអសន្តិសុខ និងមិនមានសន្តិភាពពេញបរិបូរណ៍នោះឡើយ។

នាយិកាដដែលផ្តល់អនុសាសន៍ថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ ត្រូវចាប់ផ្តើមពីការ​ពង្រីកគុណភាពអប់រំ​ដល់កុមារតាំងពីថ្នាក់បឋមសិក្សា អំពីសមភាពយេនឌ័រ និងផ្លូវភេទ ព្រមទាំងពង្រឹងការអនុវត្តច្បាប់បន្ថែមទៀត

នាយិការប្រតិបត្តិអង្គការក្លាហាន កញ្ញា បុណ្យ រចនា
នាយិការប្រតិបត្តិអង្គការក្លាហាន កញ្ញា បុណ្យ រចនា

«មួយទៀត​ ទាក់ទង​ការរឹតបន្តឹងការអនុវត្តច្បាប់​។ មានន័យថា​ នៅពេលច្បាប់វាមានលក្ខណៈមិនទាន់គ្រប់គ្រាន់​នៅឡើយ យើងត្រូវធ្វើការកែសម្រួល ហើយសម្រាប់ច្បាប់ដែលយើងមិនទាន់មានអីចឹង ដែលនិយាយពីការរើសអើង ការបៀតបៀន​ រដ្ឋាភិបាល​ត្រូវបង្កើត។ ហើយត្រូវធានាថា​ រដ្ឋបាន​បែងចែក​ធនធានថវិកា​ពីកញ្ចប់ថវិកាជាតិហ្នឹង​ ដើម្បីធ្វើការកសាងសមត្ថភាព ឬក៏បណ្តុះបណ្តាល​ដល់មន្ត្រីដែលទទួលបន្ទុកអនុវត្តន៍ច្បាប់​ហ្នឹង​ ឱ្យគាត់ជ្រាប​អំពីតម្រូវការយេនឌ័រ ហើយធានាថា សេវាទាំងអស់ហ្នឹង​ ទាំងការគាំពារផ្លូវច្បាប់ ការប្រឹក្សា​អីហ្នឹង ស្ត្រីរងគ្រោះហ្នឹងគាត់អាចរកបាន​ »។

កាលខែធ្នូ ឆ្នាំ២០១៧ អង្គការការពារសិទ្ធិមនុស្សលីកាដូ បានចេញរបាយការណ៍មួយ ក្រោមចំណងជើងថា ​ “បើ​គ្មាន​ការ​ផ្តន្ទាទោស គឺ​ គ្មាន​ការ​ការពារ​ ៖ ការ​ឆ្លើយ​តប​ចំពោះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​កម្ពុជា​” ​។​ របាយការណ៍​នេះបង្ហាញ​ពីភាព​ទន់ខ្សោយ​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជា​ ក្នុង​ការ​ការពារ​ជនរងគ្រោះ​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ​ ក៏​ដូចជា​ការផ្ដន្ទាទោស​ឱ្យ​បាន​ត្រឹមត្រូវ​លើ​ជនល្មើស​ដែល​ប្រព្រឹត្ត​អំពើហិង្សា។​

របាយការណ៍​នេះ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើការ​ពិនិត្យ​ឡើងវិញ​នៃ​សំណុំរឿង​អំពើហិង្សា​ក្នុង​គ្រួសារ​ដែល​ត្រូវ​បាន​បិទ​បញ្ចប់​ចំនួន​ ២៣៧​ករណី​ ដែល​លីកាដូ​បាន​ឃ្លាំមើល​ចាប់ពី​ដើមឆ្នាំ​២០១៤​ ដល់​ចុងឆ្នាំ​២០១៦​។

ក្នុងចំណោមករណីទាំងនេះ លីកាដូរកឃើញថា មានជាង​៤០ភាគរយ​ ​ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ជនរងគ្រោះ​នៃ​អំពើហិង្សា​ ត្រឡប់​ទៅរស់​នៅ​ជាមួយ​ដៃគូ​ដែល​មាន​ចរិត​ហិង្សា​វិញ​ ហើយ​មាន​តែ២០​ភាគរយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​បណ្ដឹង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​ជនល្មើស។​

ករណី​ក្រៅពីនេះ​ផ្សេងទៀត​ ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ប្ដី​ប្រពន្ធ​រស់នៅ​ផ្សេងគ្នា​ ឬ​លែងលះ​គ្នា ប៉ុន្តែ​មិនមាន​បណ្ដឹង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​ជនល្មើស​ទេ។

របាយការណ៍​ដដែល​បង្ហាញ​ពី​មូលហេតុ​ដែលនាំឱ្យ​ករណី​ជាច្រើន​ត្រូវបាន​បិទ​បញ្ចប់​ដោយ​ជនរងគ្រោះ​ និង​ជនល្មើស​នៅតែ​បន្ត​រស់នៅ​ជាមួយ​គ្នាគឺ អាច​បណ្ដាល​មក​ពី​កត្តាផ្សេងៗ​ដូចជា​​ សម្ពាធ​គ្រួសារ​ ជំនឿ​សាសនា​ ភាព​ក្រីក្រ​ ការ​ខ្វះខាត​ធនធាន​ និង​អំពើ​ពុករលួយ​នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌​ ជាដើម។​ របាយការណ៍​នេះ​ក៏បាន​រកឃើញថា​ ​អាជ្ញាធរ​ជាច្រើន​ដូចជា​ មេឃុំ​-ចៅសង្កាត់​ និង​នគរបាល​ តែង​ជួយ​សម្រប​សម្រួល​ឱ្យ​ប្ដី​ប្រពន្ធ​ផ្សះផ្សាគ្នា​វិញផងដែរ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ