របាយការណ៍រកឃើញថា ក្រុមហ៊ុន​ចិន​អភិវឌ្ឍលើដីជាង៤ម៉ឺនហិកតានៅព្រះវិហារប៉ះពាល់ពលរដ្ឋ២៥ភូមិ

ទីប្រឹក្សា និងជាអ្នកផលិតព័ត៌មានស៊ើបអង្កេត លោក ម៉ម មុន្នីរត្នន៍ បានថ្លែងក្នុងវេទិកាផ្សព្វផ្សាយព័ត៌មានស៊ើបអង្កេតស្ដីពី “ការអភិវឌ្ឍ” របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា (CCIM) នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩។ (ហេង វិចិត្រ)

របាយការណ៍ស៊ើបអង្កេតរបស់អង្គការមួយ បានរកឃើញថា ក្រុមហ៊ុនចិនមួយទទួលបានដីសម្បទានសេដ្ឋកិច្ចនៅខេត្តព្រះវិហារទំហំជាង៤ម៉ឺនហិកតា ដែលធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋជនជាតិកួយជាង២០ភូមិ។

ទីប្រឹក្សា និងជាអ្នកផលិតព័ត៌មានស៊ើបអង្កេត លោក ម៉ម មុន្នីរត្នន៍ បានថ្លែងក្នុងវេទិកាផ្សព្វផ្សាយព័ត៌​មានស៊ើបអង្កេតរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា (CCIM) ស្តីពីការអភិវឌ្ឍ នាថ្ងៃនេះថា ក្រុមហ៊ុនចិនឈ្មោះ ហេងហ្វូ ទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលកាលពីឆ្នាំ២០១១ នៅក្នុងស្រុកចំនួន៣ នៅខេត្តព្រះវិហារ លើផ្ទៃដី៤ម៉ឺន២ពាន់៤២២ហិកតា ដើម្បីដាំអំពៅសម្រាប់ផលិតស្ករសនាំទៅអឺរ៉ុប និងឥណ្ឌា។

របាយការណ៍ស៊ើបអង្កេតដដែលបញ្ជាក់ថា រដ្ឋាភិបាលផ្តល់ដីសម្បទានជាង៤ម៉ឺនហិកតាបែបនេះ ផ្ទុយពីច្បាប់ភូមិបាល និង​ធ្វើឲ្យប៉ះពាល់ដល់ជនជាតិដើមភាគតិចកួយចំនួន២៥ភូមិផងដែរ។

លោកថ្លែងថា៖ «ក្រុមហ៊ុន ហេងហ្វូ ដើម្បីគ្រប់គ្រងដីរហូតដល់ជាង៤ម៉ឺនហិកតា ត្រូវ​ធ្វើយ៉ាងម៉េច​ដើម្បីឲ្យស្របទៅតាមគោលការណ៍ច្បាប់ គឺគេបំបែកក្រុមហ៊ុនតូចៗចំនួន៥ ក្រុមហ៊ុនទាំង៥នេះមានដីចាប់ពី៨ពាន់ហិកតាឡើងទៅ ក្នុងច្បាប់ភូមិបាលក៏បានបញ្ញត្តិទៀតថា មិនអាចឲ្យមនុស្សម្នាក់បំបែកក្រុមហ៊ុនតូចៗគ្រប់គ្រងបំបែកបែបហ្នឹងទេ យើងមើលលើសពីច្បាប់កំណត់ហើយ ខុសគោលការណ៍ច្បាប់វិនិយោគហើយ»។

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ សុំមិនធ្វើការបកស្រាយជុំវិញករណីនេះ ដោយលោកថា លោកទើបកាន់តំណែងថ្មី មិនទាន់ក្តោបរឿងនេះបានទេ។​

លោកមានប្រសាសន៍ថា៖ «អត់ទាន់បានជ្រាបទេ ដោយសារខ្ញុំទើបទៅថ្មី ខ្ញុំអត់ទាន់ដឹង ចាំខ្ញុំត្រឡប់ទៅវិញ ខ្ញុំសួរទៅមន្ទីរដែនដីសិនណា ខ្ញុំនៅប្រជុំ [ភ្នំពេញ]»។

ប្រធានមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តព្រះវិហារ លោក សំ សារឿន សុំមិនធ្វើការបកស្រាយជុំវិញករណីនេះ ដោយលោកបង្វិលសំនួរឲ្យទៅសួរប្រធានមន្ទីរកសិកម្មខេត្តវិញ ដោយលោកថា ករណីនេះ ផុតពីដៃលោកហើយ។

វីអូឌី មិនអាចសុំការបំភ្លឺពីប្រធានមន្ទីរកសិកម្មខេត្តបានទេនៅរសៀលនេះ។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ស៊ើបអង្កេតដដែលបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងការប៉ះពាល់នោះ មិនទទួលបានសំណងនោះឡើយ ហើយក្រុមហ៊ុននេះ ក៏មិនបានសិក្សាពីផល​ប៉ះពាល់ដល់បរិស្ថាន និងសង្គមពេញលេញនោះទេ មុននឹងធ្វើការវិនិយោគរបស់ខ្លួន។​ របាយការណ៍បន្តថា ក្រុមហ៊ុននេះទើបតែធ្វើការសិក្សានៅឆ្នាំ២០១៦តែប៉ុណ្ណោះ មានន័យថា ៥ឆ្នាំបន្ទាប់ពីឈូសឆាយរួច ទើបនៅអំឡុងឆ្នាំ២០១២ ក្រុមហ៊ុនចាប់ផ្តើមចេញរបាយការណ៍សិក្សាពីមូលហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញទៅវិញ។

ក្នុងរបាយការណ៍ស៊ើបអង្កេតរបស់CCIM ចុះផ្សាយនៅថ្ងៃទី៤ ខែធ្នូនេះ បានរកឃើញថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនចិនឈ្មោះ ហេងហ្វូ ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៩នេះ ធ្វើឲ្យប៉ះពាល់ដល់ជនជាតិដើមកួយចំនួនប្រមាណ២០០០គ្រួសារ ស្មើប្រមាណ១ម៉ឺននាក់ ស្ថិតនៅក្នុងភូមិចំនួន២៥ភូមិ ចំណុះឃុំចំនួន១០ និងស្រុកចំនួន៣ រួមមាន ត្បែងមានជ័យ ស្រុកជ័យសែន និងស្រុកឆែប ខេត្តព្រះវិហារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ