អ្នករៀបចំមិនរំពឹងថា ពិព័រណ៌សៀវភៅឆ្នាំនេះមានអ្នកចូលរួមលើសឆ្នាំមុនទេ

ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មការរៀបចំការតាំងពិព័រណ៍ ថ្លែងក្នុងវេទិកាសន្និ​សី​ទកាសែតស្ដីពីពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៨នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅបរិវេណបណ្ណាល័យជាតិ។ (ហ៊ី ឆាយ)

អ្នករៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៨ ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ មិនរំពឹងថានឹងមានអ្នកចូលរួមច្រើនជា​ង​​ឆ្នាំមុន ដោយសារទីតាំងសម្រាប់រៀបចំដាក់តាំងស្តង់ និងទីធ្លាសម្រាប់អ្នកចូលរួមនៅមានកម្រិត។

ប្រធានសមាគមបណ្ណារក្ស និងឯកសារវិទូកម្ពុជា​ និងជានាយកអង្គការស៊ីប៉ា លោក ហុក សុទ្ធិ លើកឡើងក្នុងវេទិកាសន្និ​សី​ទកាសែតនៅព្រឹកថ្ងៃនេះថា ពិព័រណ៍សៀវភៅឆ្នាំនេះ នឹងមានស្តង់ចំនួន១៤២ កើនលើសឆ្នាំមុនដែលមានចំនួនស្តង់១១០។ ទោះយ៉ាងណា លោកមិនរំពឹងថា នឹងមានអ្នកចូលរួមច្រើនជាងឆ្នាំមុននោះទេ ដោយសារទីតាំងមានភាពតូចចង្អៀត។

លោក ហុក សុទ្ធិ មានប្រសាសន៍ថា៖ «ឆ្នាំហ្នឹង យើងមិនហ៊ានគិតថា នឹងដល់១៣ម៉ឺននាក់ទៀតទេ។ ខ្ញុំគិតថា ប្រហែល១០ម៉ឺននាក់ហ្នឹង ប្រហែលជាអាចបាន ព្រោះយើងអត់ចង់ចេះតែបង្កើនថែមទៀតទៅ។ លោភលន់ទៅ យើងគ្រប់គ្រងអត់បាន ព្រោះឆ្នាំទៅ ណែនមែនទែន។ ទីតាំងយើងប៉ុណ្ណឹង យើងសង្ឃឹមថា អាច១០ម៉ឺននាក់ ឬក៏យ៉ាងច្រើន១៣ម៉ឺនដូចឆ្នាំទៅ

លោកបន្ថែមថា បើទោះជាចំនួនអ្នកមកទស្សនាអាចនឹងមានតិចជាង​ ឬស្មើឆ្នាំមុនក៏ដោយ ក៏តួលេខនេះគឺឋិតនៅក្នុងកម្រិតខ្ពស់បំផុត បើធៀបនឹងពិព័រណ៌ដទៃដែលមានរយៈពេល៣ថ្ងៃដែរ។

ពិព័រណ៍សៀវភៅថ្នាក់ជាតិប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងចំនួន៧លើកមកហើយ គិតចាប់ពីឆ្នាំ២០១១​ ហើយមួយលើកៗមានរយៈពេល៣ថ្ងៃ និងជ្រើសយកបរិវេណនៃអគារបណ្ណាល័យជាតិខាងលិចវត្តភ្នំសម្រាប់ការដាក់តាំងស្តង់សៀវភៅ និងរៀបចំកម្មវិធីពាក់ព័ន្ធផ្សេងៗ។

កម្មវិធីលើកស្ទួយសៀវភៅ និងជំរុញការអាននេះ កាលពីឆ្នាំមុន មានចំនួនស្តង់១១០ និងទាក់ទាញអ្នកចូលរួមចំនួន១៣ម៉ឺននាក់ កើនជាងពិព័រណ៍នៅឆ្នាំ២០១៧ ដែលមានចំនួនអ្នកចូលរួម៥ម៉ឺន២ពាន់នាក់។ នេះបើតាមការលើកឡើងរបស់លោក សុទ្ធិ អំឡុងសន្និសីទ។

ប្រធានក្រុមផ្នែកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃពិព័រណ៍សៀវភៅកម្ពុជា កញ្ញា រស់ ច័ន្ទវល័ក្ខ ឱ្យបានដឹង គណៈកម្មការរៀបចំពិព័រណ៍នៅឆ្នាំនេះ បានពង្រីកការដាក់តាំងស្តង់នៅក្រៅបរិវេណបណ្ណាល័យជាតិ ផ្នែកខាងមុខ ដើម្បីសម្រួលដល់ការចង្អៀ​​តណែននៃអ្នកចូលរួមដែលបានកើតឡើងកាលពីពិព័រណ៍ឆ្នាំ២០១៨។

កញ្ញាបន្ថែមថា ការសម្រេចបន្តជ្រើសរើសទីតាំងដដែល ដែលមានលក្ខណៈតូចចង្អៀត ដោយមិនជ្រើសយកទីតាំងផ្សេងដែលធំទូលាយ ដូចជានៅកោះពេជ្រ គឺដោយសារមួយផ្នែកលើបញ្ហាថវិកា និងមួយផ្នែកទៀត គឺចង់ផ្សព្វផ្សា​យពីបណ្ណាល័យជាតិដល់​អ្នកចូលរួម។

កញ្ញា រស់ ច័ន្ទវល័ក្ខ និយាយថា៖ «អ្នក Sponsor [ក្រុមហ៊ុនឧបត្ថម្ភ] ភាគច្រើន គាត់ឱ្យជា In kind [កញ្ចប់ឧបត្ថម្ភដែលមិនមែនជាលុយ] អីច្រើនជាង។ ដល់ពេលជាសាច់លុយ ជាទឹកប្រាក់ វារាងអត់សូវ Generous [ច្រើន]។ ណាមួយ ដោយសារបណ្ណាល័យជាតិ គឺអ្វីដែលយើងចង់ឱ្យគាត់ [អ្នកចូលរួម] ចូលស្គាល់អំពីបណ្ណាល័យ ដែលជាបណ្ណាល័យ General [ទូទៅ]»

កញ្ញាបន្ថែមថា បើពិព័រណ៍ឆ្នាំនេះ ក្រុមការងាររៀបចំអាចគ្រប់គ្រងបាន នៅឆ្នាំក្រោយគណៈកម្មការនឹងពិចា​រណាលើលទ្ធភាពពង្រីកទីធ្លាបន្ថែមនៅពីចំហៀងបណ្ណាល័យ។

កម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី៨ រៀបចំឡើងក្រោមប្រធានបទ”ផ្តើមក្តីស្រមៃ ដៃកាន់សៀវភៅ” ហើយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅបរិវេណបណ្ណាល័យជាតិ ខាងលិចរមណីយដ្ឋានវត្តភ្នំ និងទល់មុខសួនវត្តភ្នំ។ គួរបញ្ជាក់ថា ពិព័រណ៍នេះ ឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន។ នេះបើតាមលិខិតជូនដំណឹងដែល វីអូឌី ទទួលបាននៅថ្ងៃនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ