តំណាងពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកោះកុង អះអាងថា ពួកគេគ្រោងប្រារព្ធទិវាសិទ្ធិមនុស្សនៅសប្ដាហ៍ក្រោយនេះ ប៉ុន្តែ អាជ្ញាធរខេត្តកោះកុង មិនទទួលយកលិខិតជូនដំណឹងរបស់ពួកគេអំពីការជួបជុំនេះនោះឡើយ។
ប្រជាសហគមន៍មានជម្លោះដីធ្លីនានា ស្ថិតនៅស្រុកបុទុមសាគរ បានដាក់លិខិតទៅរដ្ឋបាលស្រុក និងខេត្តកោះកុងកាលពីម្សិលមិញនេះ ដើម្បីជូនដំណឹងទៅអាជ្ញាធរអំពីគម្រោងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូខាងមុខនេះ នៅក្នុងបរិវេណវត្តមួយ ស្ថិតក្នុងសហគមន៍របស់ពួកគេ។
អ្នកស្រី អ៊ិត តឹង ដែលអះអាងថា ជាតំណាងប្រជាពលរដ្ឋ និងជាអ្នកយកលិខិតទៅដាក់សាលាស្រុក និងខេត្តផ្ទាល់ ប្រាប់វីអូឌីនៅថ្ងៃនេះថា អ្នកភូមិមានជម្លោះដីធ្លី គ្រោងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ដោយគ្រោងហែក្បួន និងជួបជុំគ្នានៅវត្តមួយ ស្ថិតក្នុងភូមិកណ្ដោល ឃុំកណ្តោល។
តំណាងពលរដ្ឋរូបនេះបន្តថា អាជ្ញាធរស្រុក និងខេត្តបានច្រានចោលដោយមិនព្រមចុះហត្ថាលេខា និងទទួលយកលិខិតនោះឡើយ ក្រោមហេតុផលថា លិខិតនោះធ្វើមិនត្រូវតាមបែបបទរដ្ឋបាល។
អ្នកស្រី អ៊ិត តឹង ប្រាប់ថា៖ «រដ្ឋបាលស្រុក និងខេត្តហ្នឹងគេថា គេអត់ទទួល គេអត់បោះត្រាឱ្យទេ។ ហើយគេថា ចង់ធ្វើអីធ្វើទៅ បើសិនមានការចាប់ខ្លួន គេមិនទទួលខុសត្រូវទេ។ ខាងអាជ្ញាធរហ្នឹងពួកគាត់ដូចជាមិនសប្បាយចិត្តជាមួយពួកយើង ដែលនាំគ្នាធ្វើពិធីគោរពសិទ្ធិមនុស្សចឹងទេ»។
តំណាងពលរដ្ឋម្នាក់ទៀត លោក ឆាន់ ឈឿន ដែលកំពុងប្រឈមមុខនឹងបណ្ដឹងនៅតុលាការ ជុំវិញជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការអំពៅ ហេង ហ៊ុយ នោះ និយាយថា ទោះបីជាអាជ្ញាធរមិនព្រមទទួលយកលិខិតជូនដំណឹងរបស់ពួកគាត់ក៏ដោយ ក៏អ្នកភូមិនៅតែរក្សាជំហរប្រារព្ធទិវាសិទ្ធិអន្តរជាតិដដែល នៅថ្ងៃទី៩ ខែធ្នូខាងមុខនេះ ដោយមិនបារម្ភពីការចោទប្រកាន់ ឬការចាប់ខ្លួនឡើយ។
តំណាងរូបនេះបន្តថា ក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូនេះ គឺមានប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីសហគមន៍ចំនួន៤ ដែលគ្រោងមានមនុស្សប្រហែល៨០០នាក់ចូលរួម ហើយថា ក្នុងកម្មវិធីនោះ បានការជួបជុំញ៉ាំនំបញ្ចុក និងកម្មវិធីសួរសំណួរពាក់ព័ន្ធការយល់ដឹងអំពីសិទ្ធិមនុស្សប៉ុណ្ណោះ។
លោក ឆាន់ ឈឿន ប្រាប់ថា៖ «សហគមន៍ដែលបានចងគ្នាហ្នឹង បានប្ដេជ្ញាចិត្តនៅតែប្រារព្ធទិវាសិទ្ធិមនុស្សនៅថ្ងៃទី៩នោះ ឱ្យខានតែបាន ព្រោះកាលណាយើងមិនបានគោរពសិទ្ធិមនុស្សរបស់យើង មានន័យថា យើងមិនមែនជាមនុស្សទេ។ បើគេមិនឱ្យគោរពទិវាសិទ្ធិមនុស្ស មានន័យថា រំលោភសិទ្ធិមនុស្សហើយ»។
អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី មានប្រសាសន៍ថា លោកមិនទាន់ទទួលព័ត៌មាននេះទេ ដោយថា លោករវល់ប្រជុំ ហើយរដ្ឋបាលក៏មិនទាន់ជូនដំណឹងទៅលោកអំពីរឿងនេះដែរ។
អភិបាលរងខេត្តកោះកុងរូបនេះ បន្តថា អាជ្ញាធរពុំមានការហាមឃាត់ ឬរារាំងមិនឱ្យពលរដ្ឋប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ នោះទេ។
លោក សុខ សុទ្ធី បន្តថា៖ «យើងចាំពិនិត្យជាក់ស្តែងសិនថា តើវាជាការអនុវត្តផ្ទុយពីគោលការណ៍យ៉ាងម៉េចខ្លះ។ តើពួកគាត់ប្រមូលផ្តុំហ្នឹងមានគ្នាប៉ុន្មាន? អីប៉ុន្មាន? ហើយយើងក៏ការពារសុវត្ថិភាពជូនពួកគាត់ដែរ»។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូប្រចាំខេត្តកោះកុង លោក ប៉ែន វុទ្ធា យល់ថា ក្រុមអាជ្ញាធរមានការរើសអើងចំពោះពលរដ្ឋរងគ្រោះដីធ្លី និងមិនបានបំពេញកាតព្វកិច្ចបម្រើសេវាសាធារណៈជូនពលរដ្ឋពិតប្រាកដនោះទេ។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរូបនេះ បន្តថា អាជ្ញាធរហាក់មានចេតនាមិនចង់ឱ្យប្រជាពលរដ្ឋនាំគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូនេះឡើយ ហើយលោកថា បើសិនជាអាជ្ញាធររារាំង និងហាមឃាត់មិនឱ្យអ្នកភូមិប្រារព្ធវិធីនេះ វាគឺជាការរំលោភសិទ្ធិមនុស្ស។
លោក ប៉ែន វុទ្ធា បន្ថែមថា៖ «ប្រជាពលរដ្ឋគាត់បានធ្វើលិខិតជូនដំណឹងហើយ។ គាត់អញ្ជើញអាជ្ញាធរឱ្យចូលរួមកម្មវិធីហ្នឹងទៀត។ អ៊ីចឹង អាជ្ញាធរគួរតែបង្ហាញឆន្ទៈមួយក្នុងការចូលរួមជាមួយប្រជាពលរដ្ឋ ដើម្បីស្តាប់ពីកង្វល់របស់ប្រជាពលរដ្ឋ ហើយអាជ្ញាធរថ្នាក់មូលដ្ឋាន ឬថ្នាក់ខេត្តហ្នឹង អាចពាំនាំពីកង្វល់ប្រជាពលរដ្ឋប្រាប់ទៅដល់ថ្នាក់ជាតិទៀត ដើម្បីធ្វើយ៉ាងដោះស្រាយបញ្ហាជូនពលរដ្ឋឱ្យបានឆាប់»៕