ក្រុមសិទ្ធិមនុស្សរបស់រដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិល គ្រោងរៀបចំទិវាសិទ្ធិមនុស្ស ១០ ធ្នូ នៅថ្ងៃដាច់ដោយឡែកពីគ្នា និងក្រោមប្រធានបទផ្សេងគ្នាផងដែរនាពេលខាងមុខនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានខ្លួន ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានប្រកាសថា ទិវាសិទ្ធិមនុស្ស នឹងត្រូវរៀបចំរួមគ្នាជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាក្រុមសិទ្ធិមនុស្សរបស់រដ្ឋាភិបាល និងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នៅថ្ងៃទី៧ ខែធ្នូនេះ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ ការប្រារព្ធពិធីសិទ្ធិមនុស្សដែលគ្រោងរៀបចំធ្វើឡើងបីថ្ងៃមុនទិវាសិទ្ធិមនុស្ស ១០ ធ្នូ នោះ នឹងត្រូវធ្វើឡើងក្រោមប្រធានបទសកល «យុវជនក្រោកឡើង ដើម្បីសិទ្ធិមនុស្ស» ចាប់ពីពេលរសៀលរហូតដល់ម៉ោង ៨យប់។
បើតាមសេចក្ដីប្រកាសព័ត៌មាន ប្រធានបទនេះ ជាការជួយរំលេចពីតួនាទីដឹកនាំរបស់យុវជន និងជាការជំរុញឱ្យកាន់តែប្រសើរក្នុងការចូលរួមរបស់យុវជន ដើម្បីជួយលើកកម្ពស់សិទ្ធិមនុស្ស និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ការរាប់បញ្ចូលគ្រប់គ្នានៅក្នុងសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច ដោយកាត់បន្ថយវិសមភាព និងទំនាស់ក្នុងសង្គម។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន មានប្រសាសន៍ថា ប្រធានបទនេះគឺជាការផ្ញើសារទៅយុវជនឱ្យចូលរួមធ្វើការផ្លាស់ប្ដូរសង្គមឱ្យស្របទៅតាមច្បាប់ ដោយសារការធ្វើសកម្មភាពរបស់យុវជនមួយចំនួនកន្លងមក លោកមើលឃើញថា ធ្វើទៅតាមអ្នកនយោបាយបញ្ជា។
«យើងឃើញយុវជនមានការចូលរួមច្រើន ក៏ប៉ុន្តែ យុវជនមួយចំនួនក៏មិនទាន់មានគុណភាពនៅឡើយ បានន័យថា គាត់ត្រូវបានអ្នកនយោបាយពង្វក់ ឬក៏ប្រើប្រាស់ជាឧបករណ៍ ជាឈ្នាន់នយោបាយក្នុងការសម្រេចមហិច្ឆិតារបស់ខ្លួន ដោយប្រើប្រាស់មនោគមវិជ្ជា រូបភាពសិទ្ធិ និងសេរីភាព ហើយទីបំផុតយុវជនទាំងអស់ហ្នឹង បានធ្លាក់ខ្លួនទទួលខុសក្នុងផ្លូវច្បាប់ ហើយអ្នកនយោបាយទាំងអស់នោះរត់យករួចខ្លួន ដោយមិនទទួលខុសត្រូវពីលទ្ធផលដែលខ្លួនជាអ្នករៀបចំនោះទេ»។
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានច្រានចោលការលើកឡើងរបស់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ហើយលោកថា អ្នកនយោបាយទៅវិញទេ តែងតែប្រើអំណាចដើម្បីគំរាមកំហែងយុវជន ពេលពួកគេចូលរួមកិច្ចការងារសង្គម និងសកម្មភាពនយោបាយ។
«យើងខ្វះការឱ្យតម្លៃដល់យុវជន។ អាហ្នឹង ជាតិយើងគ្រោះថ្នាក់ហើយ។ យើងមើលប្រទេសជាតិមួយ កាលណាយើងឱ្យយុវជនមិនដឹងរឿងឱ្យច្រើន មិនដឹងរឿងប្រវត្តិសាស្រ្ត អតីតកាលទេ នឹងគ្រោះថ្នាក់។ អ៊ីចឹង ខ្ញុំមើលឃើញឧទាហរណ៍ជាគំរូ គឺទឹកដីកម្ពុជាក្រោម គឺខុសពីប្រទេសថៃ គេសេរីភាព គេប្រាប់ប្រវត្តិសាស្រ្ត ការពិតឱ្យយុវជន ដើម្បីតម្រង់ទិសយុវជន កុំឱ្យជាតិគេអន្តរាយ ប៉ុន្តែ ស្រុកខ្មែរយើងហាមឃាត់យុវជនកុំឱ្យដឹងលឺនយោបាយ ហើយទីបំផុតយើងបាត់ឆន្ទៈជាតិ អ្នកបន្តវេន ទំពាំងស្នងឫស្សី យើងមានតែសុភាសិត»។
ទិវាសិទ្ធិមនុស្សអន្តរជាតិ ក៏ត្រូវបានគ្រោងរៀបចំឡើងដោយក្រុមអង្គការការពារសិទ្ធិមនុស្សក្នុងស្រុកផងដែរ ក្រោមប្រធានបទ «ការអភិវឌ្ឍត្រូវតែបម្រើសិទ្ធិមនុស្ស» នៅឯទីលានប្រជាធិបតេយ្យ នៅចំថ្ងៃទី១០ ធ្នូតែម្ដង។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធការពារសិទ្ធិមនុស្សកម្ពុជា លោក ណៃ វ៉ង់ដា បានប្រាប់ថា គម្រោងអភិវឌ្ឍន៍ ឬវិនិយោគកន្លងមក បានរំលោភបំពានលើសិទ្ធិមនុស្ស ដូចជា សិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋជាដើម។
លោក ណៃ វ៉ង់ដា ប្រាប់ថា៖ «យើងលើកយកប្រធានបទនេះ ដោយសារតែ កន្លងមកនេះ យើងតែងតែនិយាយថា ការធ្វើជំនួញត្រូវតែគិតគូរពីសិទ្ធិមនុស្ស ប៉ុន្តែ ឥឡូវនេះ យើងមិនចង់ឱ្យគ្រាន់គិតគូរទេ គឺចង់ឱ្យបម្រើបញ្ហាសិទ្ធិមនុស្សយកជាធំ។ អ៊ីចឹងបានជាយើងយកប្រធានបទនេះ។ យើងមើលឃើញថា ការអភិឌ្ឍ ឬការវិនិយោគ មានការបញ្ហាប្រឈមខ្លះទាក់ទងសិទ្ធិមនុស្ស សិទ្ធិដីធ្លីជាដើម»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បានឱ្យដឹងទៀតថា ក្រុមអង្គការសង្គមស៊ីវិលបានស្នើទៅអាជ្ញាធររាជធានីភ្នំពេញរួចមកហើយ អំពីគម្រោងជួបជុំប្រារព្ធទិវាសិទ្ធិមនុស្ស ដែលមនុស្សប្រហែល ២ពាន់នាក់ មកពីបណ្ដាញសហគមន៍មានជម្លោះដីធ្លី ក្រុមសហជីព ក្រុមកម្មករ និងក្រុមអ្នកការពារសិទ្ធិមនុស្ស ត្រូវបានរំពឹងថា នឹងចូលរួមប្រារព្ធពិធីមួយនេះ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានឱ្យដឹងថា អាជ្ញាធរបានយល់ព្រមឱ្យសង្គមស៊ីវិលបា្ររព្ធទិវាសិទ្ធិមនុស្សហើយ ប៉ុន្តែ ត្រូវសុំការអនុញ្ញាតពីក្រសួងមហាផ្ទៃបន្ថែមទៀត ដោយថា ចំនួនអ្នកចូលរួមក្នុងពិធីនេះ លើសពីដែនសមត្ថកិច្ចរបស់លោក។
លោក ឃួង ស្រេង មានប្រសាសន៍ថា៖ «សាលារាជធានីភ្នំពេញអាចកំណត់បានតែ២០០ នាក់ អ៊ីចឹងឡើងដល់ ២០០០ នាក់អ៊ីចឹង ទាល់ឆ្លងយោបល់ពីក្រសួងមហាផ្ទៃសិន ហើយខ្ញុំនឹងដាក់រៀបចំប្រជុំការងារហ្នឹង នៅមិនទាន់ដាក់ទៅក្រសួងមហាផ្ទៃ»៕