សមត្ថកិច្ច​កំពុង​ស្វែង​​រក​មេ​ខ្លោង​ ក្រោយ​បង្ក្រាប​​គ្រឿង​ញៀន​ជាង១០០​គីឡូក្រាម

ជន​សង្ស័យជា​ជន​ជាតិ​វៀតណាម ៤​រូប ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៩។ (នគរបាល​ជាតិ)

មន្ត្រី​នគរបាល​​កម្ពុជា អះ​អាង​ថា សមត្ថកិច្ច​កំពុង​ស៊ើប​អង្កេត​ស្វែង​រក​​មេ​ខ្លោង​ស្ថិត​នៅ​ពី​ក្រោយ​ការ​នាំ​ចូល​គ្រឿង​ញៀន​ និង​សារធាតុគីមី​ផ្សំ​ជាង១០០​គីឡូក្រាម ក្រោយ​ពី​សមត្ថកិច្ច​ចាប់​ខ្លួន​ជន​ជាតិ​វៀតណាម ៤​នាក់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

នាយក​រង​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន លោក អ៊ិន សុង បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះថា ជន​ជាតិ​វៀតណាម ៤​នាក់ ក្នុង​នោះ​មាន​ស្ត្រី ២​នាក់​ផង​ដែរ ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​នៅ​ក្នុង​ផ្ទះ​ជួល​មួយ ​ស្ថិត​ក្នុង​សង្កាត់​បឹងកេងកង ក្រោយ​ពី​សមត្ថកិច្ច​រក​ឃើញ​ថ្នាំ​ញៀនជាង៨៤​គីឡូ​ក្រាម និង​​សារធាតុ​គីមី​ផ្សំ​ជាង២៨​គីឡូ​ក្រាម។

មន្ត្រី​នគរបាល​រូប​នេះ បញ្ជាក់​ថា សមត្ថកិច្ចនឹងបញ្ចប់​ការ​កសាង​សំណុំ​រឿង និង​បញ្ជូនខ្លួនជនសង្ស័យជាជនជាតិវៀតណាមទាំង៤នាក់​នោះ ទៅតុលាការ​ថ្ងៃនេះ។

លោក អ៊ិន សុង ប្រាប់ថា៖ «សមត្ថកិច្ចយើងកំពុងតែស្រាវជ្រាវយ៉ាងញាប់ដៃ​ញាប់ជើង ដើម្បីរកមេខ្លោងនៅពីក្រោយខ្នង។ អ៊ីចឹង យើងកំណត់បានមុខសញ្ញាអស់ហើយ។ ទម្រាំបង្ក្រាបករណីនេះបាន សមត្ថកិច្ចជំនាញយើងប្រើពេលស៊ើបអង្កេតអស់ជាច្រើនខែមកហើយ»

សមត្ថកិច្ច​កម្ពុជា​រូប​នេះ បាន​អះ​អាង​ទៀត​ថា គ្រឿង​ញៀន​ចំនួន​ដ៏​ច្រើន​បែប​នេះ ត្រូវ​បាន​នាំ​ចេញ​ពី​តំបន់​ត្រីកោណ​មាស ចំណុច​ប្រសព្វ​នៃ​ប្រទេស​ថៃ​ ភូមា និង​ឡាវ មុន​នឹង​នាំ​ចូល​​ឆ្លង​កាត់​ព្រំដែន​កម្ពុជា-ឡាវ ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា។

លោក អ៊ិន សុង បន្តថា៖ «តាមលទ្ធផលដែលយើងធ្វើកោសល្យវិច័យ យើងពិនិត្យឃើញថា គ្រឿងញៀនប្រភេទមេតំហ្វេតាមីនហ្នឹង គឺវាមានប្រភពមកពីតំបន់ត្រីកោណមាសនេះឯង។ គ្រឿងនេះ វាឆ្លងកាត់ពីឡាវមក ហើយឆ្លងកាត់ព្រំប្រទល់ទិសឦសាននៃប្រទេសយើងហ្នឹង ចូលមកដល់ក្នុងផ្ទៃប្រទេសនេះឯង ហើយតាមការស៊ើបអង្កេតគ្រឿងញៀនមួយផ្នែកធំក៏បន្តទៅវៀតណាមផងដែរ»

តួលេខ​ផ្ដល់​ឱ្យ​ដោយ​មន្ត្រី​នគរបាល​រូប​នេះ ឱ្យ​ដឹង​ថា គិតចាប់តាំងពីខែមករា រហូតដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានបង្ក្រាបករណីគ្រឿងញៀនចំនួន ៨,៩៧២ករណី ចាប់បានគ្រឿងញៀនជាងកន្លះតោន ឃាត់ខ្លួនបានជនសង្ស័យចំនួន១៨,៧៧៨នាក់ ក្នុងនោះមានស្ត្រី ១,២៤៧នាក់ ហើយមានជនបរទេសចំនួន៣៨១នាក់ ចំណោមនោះមានស្ត្រីចំនួន៦៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ