អង្គការ​លី​កាដូ​៖ ១០ឆ្នាំ​មកនេះ​ សិទ្ធិ​ពលរដ្ឋ និង​​សិទ្ធិ​នយោបាយ​ រង​ការ​រំលោភ​បំពាន​ធ្ងន់​ធ្ងរ​ជាង​គេ

ក្រុម​សកម្មជន​ដី​ធ្លី និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ ប៉ះ​ទង្គិច​គ្នា​ជាមួយ​ក្រុម​សន្តិសុខ​សាលា​រាជ​ធានី​ភ្នំពេញ នៅ​ក្នុង​ការ​តវ៉ា​ជំទាស់​នឹង​សំណើ​ច្បាប់​អង្គការ​-សមាគម នៅ​មុខ​ព្រឹទ្ធ​សភា កាល​ពី​ឆ្នាំ​២០១៥។ (បញ្ញា ឆពណ្ណ)

មន្ត្រី​ជាន់ខ្ពស់​អង្គការ​លី​កាដូ​ អះអាង​ថា​ សេរីភាព​បញ្ចេញមតិ​ និង​សិទ្ធិ​នយោបាយ ​នៅតែ​រង​ការរំ​លោ​ភ​​​បំពាន​ពី​អាជ្ញាធរ​ដ្ឋ​​​នៅ​ក្នុង​រយៈ​ពេល ១០ឆ្នាំ​មកនេះ​ បើ​ទោះបីជា​កម្ពុជា​​ផ្តល់​សច្ចា​ប័នជាមួយ​អង្គការសហប្រជាជាតិ​ក៏ដោយ​ ដែល​ធ្វើ​ឱ្យ​កម្ពុជា​ប្រ​ឈម​ទៅ​នឹង​វិធានការ​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​ បាន​ជ្រើសរើស​យក​ការចូលរួម​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ធ្នូ ​ឆ្នាំនេះ​ ដោយ​បង្ហាញ​ឯកសារ​ចងក្រង​ព្រឹត្តិ​ការណ៍​​ស្តី​ពី​ការរំលោភ​សិទ្ធិមនុស្ស​សំ​ខាន់​ៗ​​ក្នុងរយៈពេល ១ទសវត្ស​ចុងក្រោយ​នេះ​។

របាយការណ៍​ចង​ក្រង​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ ដោយ​ដាក់​ចំណងជើង​ថា​ «ការពិនិត្យ​ឡើងវិញ​រយៈពេល ១០ឆ្នាំ ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​» ដោយ​ប្រើ​រយៈពេល ១០ថ្ងៃ​ ចាប់ពី​ថ្ងៃ១​ រហូតដល់​ថ្ងៃ១០ ខែធ្នូ​ ជា​ថ្ងៃ​ប្រា​រព្ធ​ពិធី​តែ​ម្ដ​ង។

នៅ​ក្នុង​របាយការណ៍​នេះ អង្គការ​លី​កាដូ​ បាន​ផ្តោត​ទៅលើ​ការរំលោភ​សិទ្ធិ​ដីធ្លី​ សិទ្ធិ​នយោបាយ​ សិទ្ធិ​ការងារ​ សង្គម​ស៊ីវិល​ និង​សិទ្ធិ​បញ្ចេញមតិ​។

នាយករង​អង្គការ​លី​កាដូ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ លោក​ អំ​ សំអាត​ ឱ្យ​VOD​ដឹង​បន្ថែម​ថា​ ការ​រំឭក​នេះ​ អង្គការ​​បារម្ភ​ថា​ ទៅ​ថ្ងៃ​អនាគត​ ពលរដ្ឋខ្មែរ​អាច​នឹង​ភ្លេច​គិត​ចូលរួម​ជំរុញ​ឱ្យ​មានការ​លើកកម្ពស់​សិទ្ធិមនុស្ស​ ព្រោះ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ១០ធ្នូ​នេះ ​ត្រូវ​រដ្ឋាភិបាល​លុបចោល​ពី​ប្រតិ​ទិន​ឈប់សម្រាកចាប់ពី​ឆ្នាំ២០២០ទៅ​។

លោក​ អំ​ សំអាត​ បន្ត​ថា​ មួយវិញទៀត​ ការ​រំឭក​នេះ​ចង់​បង្ហាញថា​ បញ្ហា​សិទ្ធិមនុស្ស​ដែល​បាន​កើតឡើង​ជាបន្តបន្ទាប់ ១០ឆ្នាំ​មកនេះ​ ទុកជា​មេរៀន​សម្រាប់​រដ្ឋាភិបាល​ពិចារណា​ធ្វើ​យ៉ាងណា​លើ​កកម្ពស់​សិទ្ធិ​បញ្ចេញមតិ​នេះ​ឱ្យ​បាន​ល្អ​ប្រសើរ​ ដោយ​ថា​ បញ្ហា​នេះ​វា​បាន​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​​ទាំង EBA​ របស់​សហភាព​អឺរ៉ុប​ និង ​GSP ​របស់​អាមេរិក​ ដែល​ថា​ វា​នឹង​ប៉ះពាល់​ដល់​សិទ្ធិ​រស់រាន​មានជីវិត​​ពលរដ្ឋ​រាប់​លាន​នាក់​។

លោក អំ សំអាត មាន​ប្រសាសន៍​ថា​៖ «អ៊ីចឹង​បាន​ជា​យើង​រំឭក​ដាស់តឿន ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​យើង​ដែល​ជារ​ដ្ឋ​ភាគី​នៃ​កតិកាសញ្ញា​ និង​អនុសញ្ញា​ជាច្រើន​ ដែល​យើង​ផ្តល់​សច្ចា​ប័ន​នេះ។ ​ភាគី​រដ្ឋ​យើង​នេះ​ ត្រូវតែ​មាន​កាតព្វកិច្ច​ក្នុង​ការអនុវត្ត​ ឆ្លើយតប​បទដ្ឋាន​ទាំងអស់​ហ្នឹង ​ឬឆ្លើយតបទៅនឹង​រដ្ឋធម្មនុញ្ញ​ ដែល​បទដ្ឋាន​ទាំងអស់​ហ្នឹង​បាន​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​»

បើ​តាម​ម​ន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ​ ១០ឆ្នាំ​មកនេះ​ សិទ្ធិពល​រដ្ឋ ​និង​សិទ្ធិ​នយោបាយ​ត្រូវ​បាន​រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ជាងគេ​ ដោយ​លើក​ឧទារ​ណ៍​ករណី​បង្ក្រាប​ទៅលើ​អ្នក​ប្រមូល​ផ្តុំ​ ឬធ្វើបាតុកម្ម​ដោយសន្តិវិធី​ និង​ការ​ចាប់​ឃុំខ្លួន​អ្នកនយោបាយ​ប្រឆាំង​ រួម​ទាំង​លោក​ កឹម​ សុខា​ និង​ចំណាត់ការ​រំលាយ​គណបក្ស​នេះ​ជាដើម​។

របាយការណ៍​អង្គ​ការ​​នេះ​ រំឭក​ថា​ នៅ​ខែកុម្ភៈ ​ឆ្នាំ២០១៣​ ពលរដ្ឋ​ប្រមាណ ៥០០នាក់​​នៅ​ខេត្ត​កំពង់​ឆ្នាំ​ង ត្រូវ​បាន​គំរាម​កំហែង​លុបឈ្មោះ​ពី​បញ្ជី​បោះឆ្នោត​ ប្រិ​សិន​បើ​ពួកគាត់​ចូលរួម​វេ​ទិ​កាសាធារណៈ​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹម​ សុខា​។

ក្រុម​អ្នក​តវ៉ា​សហគមន៍​បឹងកក់​​ ត្រូវ​បាន​វាយដំ​យ៉ាង​ព្រៃផ្សៃ​ដោយ​នគរ​បាល ប​ន្ទាប់​ពី​ពួកគាត់​ធ្វើការ​ជួបជុំគ្នា​នៅ​សួនច្បារ​សា​ធា​រណៈ​ក្បែរ​គេហដ្ឋាន​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​តវ៉ា​ស្នើសុំ​ដោះលែង​សកម្មជន​បឹងកក់​អ្នកស្រី​ យ៉ោ​ម បុប្ផា​ ជាដើម​ ដោយ​ថា​ ការ​បង្ក្រាប​នោះ​ យ៉ាងតិច​មនុស្ស ៥នាក់​បាន​រង​របួស​។

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល​ លោក​ កត្តា​ អ៊ន​ បាន​ច្រានចោល​ការ​លើកឡើង​នេះ​ ដោយ​លោក​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​បាន​វាយ​តម្លៃ​ថា ​មាន​ភាព​រីក​ចម្រើន​ដូច​របាយការណ៍​ផ្ញើ​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្សអង្គការ​សហ​ប្រជាជាតិ។

មន្ត្រី​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល​រូប​នេះ អះអាង​ទៀត​ថា​ ការដែល​រដ្ឋាភិបាល​មាន​ចំណាត់ការ​កន្លងមក​នេះ​ ដោយសា​រតែ​បុគ្គល​ទាំងនោះ ​បា​ន​​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​បំពានច្បាប់​ ដែល​លោក​ហៅ​វិធានការ​នេះ ​ដើម្បី​ពង្រឹង​នីតិរដ្ឋ​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​។

លោក​ កត្តា អ៊ន មាន​ប្រសាសន៍​ថា​៖ «កន្លងមក​នេះ​ គឺ​យើង​បាន​អនុវត្ត​ដ៏​ត្រឹមត្រូវ​ក្នុង​នីតិវិធី​ច្បាប់​ និង​នីតិវិធី​តុលាការ​ ហើយ​កំពុងតែ​ដំណើរការ​ករណី​ខ្លះទៀត​ វា​មិនមែន​ជា​ការរំលោភ​សិទ្ធិមនុស្ស​ វា​មិនមែន​ជា​ការ​បំបិទ​សិទ្ធិ​បញ្ចេញមតិ​ ឬលំហ​ប្រជាធិបតេយ្យ​ស្អី​នោះ​ទេ​»

អ្នកនាំពាក្យ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​រូប​នេះ​ អះអាង​បន្ត​​ថា​ សហភាព​អឺរ៉ុប​នឹង​មិន​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ដោយសា​រតែ​មនុស្សប៉ុន្មាននាក់ដែល​បំពានច្បាប់​នោះ​ទេ​ ហើយ​ថា​ ការ​លើកឡើង​របស់​អង្គការ​លី​កាដូ​ រដ្ឋាភិបាល​នឹង​ពិ​ចារ​ណលើ​ការ​ធ្វើ​កំណែទម្រង់​ បើ​ពិនិត្យ​ឃើញថា​ របាយការណ៍​នោះ​មាន​មូល​ដ្ឋា​នច្បាស់លាស់​។

រដ្ឋាភិបាល​កម្ពុជា​ មាន​ពេល​ត្រឹម​ថ្ងៃទី១២ ខែធ្នូ​នេះ​ សម្រាប់​ឆ្លើយតបទៅនឹង​វិធានការ​របស់​សហភាព​អឺរ៉ុប​ ដែល​អឺរ៉ុប​ទាមទារ​ឱ្យ​ស្ដា​រស្ថា​នភា​ពសិ​ទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​ឡើងវិញ​ តាម​លក្ខខណ្ឌ​របស់​ខ្លួន​ ក្នុង​នោះ​មាន​ទាំង​ទាមទារ​ឱ្យ​​ដោះលែង​មេ​ដឹក​បក្ស​ប្រឆាំង​ លោក​ កឹម​ សុខា​ និង​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​រំលាយ​បាន​ដំណើរការ​ឡើង​វិញ​ជាដើម​។

ការបាត់បង់​ EBA​ កម្ពុជា​អាច​នឹង​ខាតបង់​ទឹកប្រាក់​ប្រមាណ​ជិត ៧០០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ និង​ប៉ះពាល់​ដល់​ពលរដ្ឋ​ប្រមាណ​ជា​ជិត ៤លាន​នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ