អ្នកភូមិជិត២០០នាក់នៅកោះកុងប្រមូលផ្តុំមុខប៉ុសិ៍្តនគរបាលជីខលើ ដើម្បីគាំទ្រតំណាងរបស់​ខ្លួន​ដែលត្រូវ​ចូលឆ្លើយបំភ្លឺ

អ្នកភូមិប្រមាណជិត២០០នាក់ បានប្រមូលផ្តុំគ្នាមុខប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីគាំទ្រតំណាងរបស់ពួកគេ៣នាក់ ដែលត្រូវបាននគរបាលហៅឲ្យឆ្លើយបំភ្លឺនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩។ (ផ្ដល់ឱ្យ)

តំណាងពលរដ្ឋអះអាងថា អ្នកភូមិប្រមាណជិត២០០នាក់ បានប្រមូលផ្តុំគ្នាមុខប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីគាំទ្រតំណាងរបស់ពួកគេ៣នាក់ ដែលត្រូវបាននគរបាលហៅឲ្យឆ្លើយបំភ្លឺនៅថ្ងៃនេះ។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា មេប៉ុស្តិ៍នគរបាលឃុំជីខលើ លោក ឆាយ វៀង បានចេញលិខិតមួយកោះហៅតំណាងពលរដ្ឋចំនួន៣នាក់ ឲ្យចូលខ្លួនទៅប៉ុស្តិ៍នគរបាលនៅថ្ងៃនេះ ដើម្បីសាកសួររឿងផ្ទាល់ខ្លួន ទៅតាមបណ្តឹងរបស់បុគ្គលម្នាក់ឈ្មោះ ឆាយ វី។

តំណាង​ពលរដ្ឋ១៩៧គ្រួសារ អ្នកស្រី ដេត ហួរ ដែល​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ ជុំ​វិញ​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​អំពៅ ហេង ហ៊ុយ ប្រាប់វីអូឌីថា អ្នកភូមិមានជម្លោះដីធ្លីប្រមាណជិត២០០នាក់មកពី៤សហគមន៍ បានប្រមូលផ្តុំគ្នាមុខប៉ុស្តិ៍នគរបាលឃុំជីខលើ ដើម្បីគាំទ្រតំណាងពលរដ្ឋ៣នាក់ មានអ្នកស្រី ផាវ ញើង – អ្នកស្រី ខន ផុន និងអ្នកស្រី ចេង ស្រី។

តំណាងពលរដ្ឋរូបនេះបន្តថា ដោយសារបារម្ភខ្លាចមានការចាប់ខ្លួនតំណាង និងក្នុងនាមជាអ្នករងគ្រោះដីធ្លីដោយសារក្រុមហ៊ុន ហេង ហ៊ុយ រំលោភយកដូចគ្នាដែរនោះ ទើបពួកគាត់នាំគ្នាគាំទ្រ ដោយពួកគេជឿជាក់ថា តំណាងពលរដ្ឋទាំងនោះពុំមានកំ​ហុសឡើយ។

អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំនៅសហគមន៍ផ្សេងមែន ប៉ុន្តែ ខ្ញុំមានសិទ្ធិគាំទ្រគាត់ ព្រោះគាត់ជាទីប្រឹក្សាជួយបង្រៀនច្បាប់ និងផ្សព្វផ្សាយច្បាប់ដល់ពួកខ្ញុំបានដឹង។ ហើយពួកយើងបាត់បង់ដី គាត់ជួយគាំទ្រយើង ដល់ពួកគាត់បាត់បង់ដី យើងជួយគាំទ្រគាត់វិញ ព្រោះពួកយើងរងគ្រោះដីធ្លីដោយសារឧកញ៉ា​រំលោភយកដូចគ្នា។ ហើយបង ផាវ ញើង គាត់ធ្វើល្អ ហេតុអ្វីសមត្ថកិច្ចហៅគាត់មកប៉ុស្តិ៍ទៅវិញ»

មេប៉ុស្តិ៍នគរបាលឃុំជីខលើ លោក ឆាយ វៀង ប្រាប់វីអូឌីថា សមត្ថកិច្ចកោះហៅតំណាងពលរដ្ឋ៣នាក់នោះមកសាកសួរទៅតាមបណ្តឹងរបស់អ្នកស្រី ឆាយ វី តែប៉ុណ្ណោះ​។

លោកបន្ថែមថា៖ «គេប្តឹងពួកគាត់ពីបទបរិហារកេរ្តិ៍ អីចឹងបើគេប្តឹងយើង យើងត្រូវហៅឈ្មោះដែលគេប្តឹងហ្នឹង ឲ្យគាត់មកបំភ្លឺដើម្បីបំភ្លឺថា គាត់ហ្នឹងបានថា​ដូចពាក្យគេចោទមែនអត់។ យើងមានសិទ្ធិត្រឹមតែហៅគាត់មកដើម្បីបំភ្លឺទេ គាត់ចង់ថាម៉េចរឿងសិទ្ធិរបស់ពួកគាត់»

អ្នកស្រី ឆាយ វី ប្រាប់វីអូឌីទាំងសំឡេងខ្លាំងៗថា អ្នកស្រីប្តឹងតំណាងពលរដ្ឋ៣នាក់ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ» ដោយអ្នកស្រីថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា តំណាងទាំងនោះ បាននិយាយចោទប្រកាន់អ្នកស្រីថា ឃុបឃិតគ្នាលួចលក់ដី​រដ្ឋ។

អ្នកស្រី ឆាយ វី ដែលអ្នកភូមិអះអាងថា ជាអតីតតំណាងពលរដ្ឋសហគមន៍១៧៥គ្រួសារ និងត្រូវជាបងស្រីបង្កើតមេឃុំជីខលើគឺលោក ឆាយ វុធ បានច្រានចោលការលើកឡើងរបស់តំណាងប្រជាពលរដ្ឋទាំងនោះ ដោយថា អ្នកស្រីមិនបានលក់ដីរដ្ឋ និងដីបុគ្គលណាឡើយ។

អ្នកស្រីថា៖ «ពួកគាត់បានចោទខ្ញុំថា បានលួចលក់ដី១៤០ហិកតា។ សួរថា ដីនៅចំណុចណា? ដីពីណាគេ ? ដីឡូតិ៍លេខប៉ុន្មាន? ហើយលក់ទៅឲ្យឧកញ៉ា​ណា? រកមក? ចោទខ្ញុំថា លក់ដីឲ្យឧកញ៉ា​ធ្វើផ្ទះបីបួន។ ខ្ញុំខំរកស៊ីតាំងពីខ្ញុំអាយុ១០ឆ្នាំមកទល់សព្វថ្ងៃ។ ខ្ញុំមិនមែនបានដីពីរដ្ឋាភិបាលចែកឲ្យ ហើយលក់យកទៅសងធនាគារ និងលេងល្បែងនោះទេ»

តំណាងពលរដ្ឋម្នាក់ អ្នកស្រី ខន ផុន ដែលត្រូវបានសមត្ថកិច្ចហៅសួរនោះ បានច្រានចោលការចោទប្រកាន់នេះ ដោយថា កាលអ្នកស្រីឡើងទៅក្រសួងមហាផ្ទៃនោះ គឺអ្នកស្រីគ្រាន់តែទាមទារឲ្យមានការដោះលែងប្តីអ្នកស្រីដែលកំពុងជាប់ឃុំប៉ុណ្ណោះ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំអត់បានបរិហារកេរ្តិ៍គេទេ។ ខ្ញុំទៅអំពាវនាវឲ្យសម្តេច ហ៊ុន សែន អន្តរាគមន៍ដោះលែងប្តីខ្ញុំ​ ព្រោះប្តីខ្ញុំអត់មានខុសអីទេ»

តំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី ផាវ ញើង ដែលសមត្ថកិច្ចហៅសាកសួរដែរ និយាយថា អ្វីដែលអ្នកស្រីលើកឡើងចំពោះសកម្មភាពអ្នកស្រី ឆាយ វី នោះគឺយោងទៅតាមបណ្តឹងរបស់អ្នកភូមិ​ ដែលប្តឹងអ្នកស្រី ឆាយ វី ទៅក្រសួងមហាផ្ទៃ ដោយចោទថាបានលួចលក់ដី​ដែលសេសសល់ ក្រោយពីរដ្ឋាភិបាលវាស់វែងបែងចែកឲ្យអ្នកភូមិរួច។

អ្នកស្រី ផាវ ញើង ឲ្យដឹងថា អ្នកស្រី ឆាយ វី ត្រូវបានត្រូវបានអ្នកភូមិចោទប្រកាន់ថា បានលួចលក់ដីរដ្ឋអស់ជាច្រើនហិកតាដោយពុំមានអាជ្ញាធរណាចាត់វិធានការនោះទេ។

អ្នកស្រីបន្ថែមថា៖ «ពាក់ព័ន្ធករណីនេះ យើងអត់ឃើញអាជ្ញាធរណាចាត់ការ ខ្ញុំឃើញមានតែការសង់ផ្ទះ និងការចាប់ដីលក់អនាធិបតេយ្យ គគ្រឹកគគ្រេងដោយមិនបានជាប់បណ្តឹងអីនោះទេ។ បែរជាអ្នករងគ្រោះដីធ្លីដូចពួកខ្ញុំ ត្រូវជាប់បណ្តឹងទៅវិញ។ សំនួរសួរថា មន្ត្រីរដ្ឋធ្វើការដើម្បីបម្រើប្រយោជន៍បុគ្គល ឬប្រយោជន៍សាធារណៈ»

ក្នុងញត្តិដាក់ទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ក្រុមពលរដ្ឋនៅសហគមន៍១៧៥គ្រួសារ បានប្តឹងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដោយចោទប្រកាន់អ្នកស្រី ឆាយ វី ពីបទ«ញុះញង់ឲ្យប្រជាពលរដ្ឋលក់ដីសល់បំរុងទុករបស់សហគមន៍»។

ក្នុងញត្តិដដែលនេះ ក្រុមអ្នកភូមិលើកឡើងថា ក្រោយពីក្រសួងរៀបចំដែនដីសម្របសម្រួលដោះស្រាយដោយកាត់ឆ្វៀលដីមួយចំនួនចេញពីគម្រោងដីរបស់ក្រុមហ៊ុន លី យ៉ុងផាត់ យកមកដោះស្រាយជូនពលរដ្ឋ១៧៥គ្រួសាររួចមក គឺនៅសល់ដី៤៤ឡូតិ៍ ស្មើនឹង១៣២ហិកតា ជាដី​បំរុងទុករបស់សហគមន៍សម្រាប់ចែកជូនក្មេងជំនាន់ក្រោយ ប៉ុន្តែ ដីនេះត្រូវបានបុគ្គលឈ្មោះ ឆាយ វី ឃុបឃិតទិញលក់។

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៅអង្គការលីកាដូប្រចាំខេត្តកោះកុង លោក ប៉ែន វុទ្ធា មានប្រសាសន៍ថា ដើម្បីបញ្ចប់ជម្លោះ និងការចោទប្រកាន់គ្នារវាងពលរដ្ឋ និងពលរដ្ឋ អាជ្ញាធរត្រូវស៊ើបអង្កេតស្រាវជ្រាវរកដើមចមនៃបញ្ហាឲ្យបានច្បាស់លាស់ ដើម្បីដោះស្រាយ ហើយត្រូវមានវិធានការផ្លូវច្បាប់ ប្រសិនរកឃើញថា មានការលួចលក់ដីសហគមន៍ពិតមែននោះ។

លោកបន្ថែមថា៖ «អាជ្ញាធរគួរតែធ្វើការស៊ើបអង្កេតពាក់ព័ន្ធនឹងមូលហេតុហ្នឹងច្បាស់លាស់ចំពោះការចោទប្រកាន់គ្នាថា ភាគីម្ខាងទៀតហ្នឹងពិតជាបានយកដីសហគមន៍ ឬដីរដ្ឋលក់ពិតមែន ឬក៏យ៉ាងណា? ករណីរកឃើញ អាជ្ញាធរត្រូវមានវិធានការទៅតាមផ្លូវច្បាប់ទៅជនដែលយកដីរដ្ឋលក់ហ្នឹង។ ហើយដឹងហើយថា តាមប្រសាសន៍របស់សម្តេចកាលសប្តាហ៍មុន គាត់បានលើកឡើងថា ត្រូវមានវិធានការយ៉ាងម៉េចចំពោះអ្នកយកដីរដ្ឋធ្វើកម្មសិទ្ធិ និងលក់ហ្នឹង»

អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី ប្រាប់វីអូឌីពាក់ព័ន្ធករណីនេះ កាលថ្ងៃទី២៥ ខែវិច្ឆិកា ថាលោកនឹងចុះស្រាវជ្រាវរឿងនេះ ប៉ុន្តែ យ៉ាងណា លោកថា ពុំមានអ្នកណាហ៊ានលួចដីរដ្ឋនៅតំបន់នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ