រដ្ឋាភិបាលចាត់ទុកស្ថាប័នព័ត៌មានហ៊ាននិយាយពិតជួយទប់ស្កាត់ភាពវឹកវរសង្គម

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសផ្សព្វផ្សាយឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ស្ថាប័នព័ត៌មានដែលហ៊ាននិយាយពិត និងហ៊ានរិះគន់ក្នុងន័យស្ថាបនា បានជួយទប់ស្កាត់ភាពវឹកវរក្នុងសង្គម។

ថ្លែងតាមសារលិខិតផ្ញើជូន​វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា ចុះនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថារដ្ឋាភិបាលត្រូវការស្ថាប័នព័ត៌មានដែលមានថាមពលប្រកបដោយទទួលខុសត្រូវខ្ពស់ និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ ដែលតម្រូវឱ្យអ្នកសារព័ត៌មានទាំងអស់ត្រូវស្ដាប់សំឡេងគ្រប់ភាគីពាក់ព័ន្ធ ហ៊ាននិយាយការពិត ហ៊ានរិះគន់ក្នុងន័យស្ថាបនា  និងហ៊ានទទួលយកការពិត។

លោក ហ៊ុន សែន ថាស្ថាប័នព័ត៌មានដែលហ៊ាននិយាយការពិត ហ៊ានរិះគន់នេះ បានធ្វើការឆ្លុះបញ្ចាំងឱ្យឃើញគ្រប់តថភាពសង្គម ចៀសវាងការផ្សព្វផ្សាយព័ត៌មានមួយជ្រុង ឬព័ត៌មានក្លែងក្លាយបំប៉ោងសភាពការណ៍ ញុះញង់ឱ្យមានជម្លោះផ្ទៃក្នុង រុញច្រានប្រទេសធ្លាក់ក្នុងភាពវឹកវរ អសន្តិសុខ ឬបង្កឱ្យកើតមានជម្លោះប្រដាប់អាវុធជាមួយប្រទេសជិតខាង ហើយធ្វើឱ្យអន្តរាយដល់ប្រទេសជាតិ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

លោក ហ៊ុន សែន លើកឡើងថា៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញបេសកកម្មលើវិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមយកចិត្តទុកដាក់អនុវត្តភារកិច្ចឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈសារព័ត៌មាន និងខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ទាំងសមត្ថភាពផ្នែកជំនាញបច្ចេកទេសទាំងផលិតព័ត៌មាន និងការវិភាគព័ត៌មានឱ្យបានស៊ីជម្រៅកម្រិតអន្តរជាតិ។ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា និងការប្រកួតប្រជែងទីផ្សារឱ្យកាន់តែមានសក្ដានុពលថែមទៀត ព្រមទាំងរិះរកវិធានការទប់ស្កាត់បន្សាបរាល់ព័ត៌មានក្លែងក្លាយ ដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើសិទ្ធិបុគ្គលឯកជន សន្តិសុខជាតិ និងស្ថិរភាពនយោបាយក្នុងកម្ពុជា»។

​អគ្គនាយកបណ្ដាញព័ត៌មាន Fresh News លោក ​លឹម ជា​វុត្ថា​ សម្ដែងការគាំទ្រចំពោះសារលិខិតលោកនាយករដ្ឋមន្ត្រី ដោយថា ការផ្សព្វផ្សាយព័ត៌មានគ្រប់ជ្រុងជ្រោយនេះ វាបង្ហាញពីភាពមិនលំអៀងរបស់ខ្លួនឱ្យសាធារណជនបានដឹង។ លោកបន្តថា កន្លងមក ស្ថាប័នរបស់លោកតែងតែសុំឆ្លើយតបពីគ្រប់ភាគីពាក់ព័ន្ធ ប៉ុន្តែ ភាគីទាំងនោះមិនបានសហការជាមួយទេ។

លោក ​លឹម ជា​វុត្ថា​ មានប្រសាសន៍ថា៖ «វាជាការលំបាកមួយសម្រាប់ដំណឹង ប៉ុន្តែ ខ្ញុំយល់អ្វីដែលបំណងខាងវីអូឌីសួរ​។ ខ្ញុំទទួលស្គាល់ថា ចំណុចខ្លះសាព័ត៌មានសម្ភាសបានតែម្ខាងទៀត ជាពិសេសភាគី​ក្រុមប្រឆាំងតែម្ដង យើងពិបាកនឹងទាក់ទង តាមរយៈពេលខ្លះយើងទៅហើយ គាត់លឺតែខាងយើង គាត់បិទទូរសព្ទចោល ខ្ញុំសុំនិយាយយ៉ាងខ្លី ហើយពាក្យពេចន៍ហ្នឹង ខ្ញុំធ្លាប់និយាយច្រើនលើកតាម​​ប្រព័ន្ធផ្សព្វផ្សាយ គ្រាន់តែ​​ខាងរបស់ខ្ញុំនេះ គឺផ្សាយតែ​លើគណបក្សកាន់អំណាច ឬរដ្ឋាភិបាល​ ហើយមិនបានផ្សាយទៅលើក្រុមប្រឆាំង។ ប៉ុន្តែ សួរថា ខាងខ្ញុំខលទៅសម្ភាស គាត់ថាអញ្ចេះមួយ ថាអញ្ចេះពី​​រ យកសម្ដីមកវិញ​តែមិនដែលនិយាយចូលទេ»។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ផុស សុវណ្ណ មានប្រ​​សាសន៍ថា ក្រសួងមិនមានវិធានការអ្វីទៅលើសារព័ត៌មានដែលសរសេរប្រភពតែម្ខាងនោះទេ ប៉ុន្តែ លោកថា ការសរសេរបែបនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើស្ថាប័នទាំងនោះ។

លោក និយាយថា៖ «អ្នកសារព័ត៌មានដែលគេមានជំនាញអាជីព គេនៅតែទទួលបានព័ត៌មានបំភ្លឺមកវិញ​ ប៉ុន្តែ អ្នកខ្លះគាត់ធ្លាប់និយាយមិនពិត ដល់ពេលទាក់ទង​ ដល់ពេលទាក់ទងទៅគេ! គេនៅតែមិនឆ្លើយតប។ អ៊ីចឹង កន្លែងហ្នឹងជាសិល្បៈមួយ យើងគិតថា ធ្វើជំនួញអ្នកណាក៏ចង់បានប្រាក់ចំណេញដែរ ប៉ុន្តែ អ្នកធ្វើជំនួញទាំងអស់មិនមែន​សុទ្ធតែជោគជ័យទេ។ អាជីពសារព័ត៌មានក៏ដូចគ្នាដែរ យើងត្រូវរក្សាអតិថិជនរបស់យើងដែលគេផ្ដល់ព័ត៌មានឱ្យយើងហ្នឹង តើយើងត្រូវផ្ដល់ទំនុកចិត្តយ៉ាងម៉េចឱ្យគេ។»

នាយកប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា លោក ម៉ៃ ទិត្យថារ៉ា សម្ដែងការគាំទ្រចំពោះអនុប្រសាសន៍លោកនាយករដ្ឋមន្ត្រី ដោយសារនេះ​បង្ហាញថា ប្រមុខរដ្ឋាភិបាលគាំទ្រឱ្យមានសារព័ត៌មានឯករាជ្យ ដោយហ៊ាននិយាយការពិត​ ដើម្បីធ្វើការស្ថាបនាពីបញ្ហាដែ​លកើតឡើងនៅក្នុងសង្គម​។

លោក និយាយថា៖ «សម្រាប់ខ្ញុំគិតថា ជាការឆ្លើយតបការចង់បានរបស់សម្ដេច ពិតត្រឹមត្រូវមែន។ ​សម្ដេចគួរពិចារណាក្នុងការផ្ដល់អាជ្ញា​ប័​ណ្ណ​ទៅដល់ស្ថានីយ៍វិទ្យុមួយចំនួន ដែលត្រូវបានដកអាជ្ញា​ប័ណ្ណ​កន្លងមក ហើយនិងអនុញ្ញាតឱ្យស្ថានីយ៍បរទេសមួយចំនួនអាចជួលម៉ោងផ្សាយដូចកាលពីមុនបាន។»

​របាយការណ៍របស់​អង្គការ​អ្នករាយការណ៍គ្មានព្រំដែន ​​​ស្ដីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មានពិភព​លោក​ឆ្នាំ​២០១៩ បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​ក្នុង​លំដាប់​​លេខ​១៤៣ លើ​១៨០ ដែល​បង្ហាញ​ថា​ ស្ថានភាព​សេរី​ភាព​សារព័ត៌មាននៅ​ក្នុង​ប្រទេស​នេះ ​ស្ទើរ​តែ​គ្មាន​ភាព​សេរីទាល់​តែ​សោះ និង​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ពី​១៤២​ នៅ​ឆ្នាំ​២០១៨ និង​១៣៧ ​ក្នុង​ឆ្នាំ​២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ