សមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកទទួលខុសត្រូវចំពោះហេតុការណ៍បាក់​សំណង់សាលាធម្មសភា​នាខេត្ត​សៀមរាប

ករណីរលំបាក់សំណង់សាលាឆាន់ នៅខេត្តសៀមរាប ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។ (បណ្ដាញសង្គម)

អាជ្ញាធរខេត្តសៀមរាបអះអាងថា​ខ្លួន​កំពុងបន្តនីតិវិធី​ស្រាវជ្រាវ​រក​អ្នក​ទទួលខុសត្រូវក្នុងហេតុការណ៍បាក់សំណង់​អាគារសាលាធម្មសភា ក្នុង​វត្តប្រាសាទគោកចក នាខេត្តសៀមរាបកាលពីថ្ងៃទី២ ខែធ្នូកន្លងមកនេះ។

ស្នងការនគរបាលខេត្តសៀមរាប លោក ទិត្យ ណារ៉ុង បានបញ្ជាក់ប្រាប់​វីអូឌី​កាលពីម្សិលមិញ​ថា សមត្ថកិច្ច​កំពុងបន្តនីតិវិធីស្រាវជ្រាវស្វែងរកអ្នកទទួលខុសត្រូវពិតប្រាកដក្នុងដំណើរការសាងសង់អគារសាលាធម្មសភា ស្ថិតក្នុងវត្តប្រាសាទគោកចក ដែលមានការបាក់រលំ បណ្តាលឱ្យមានមនុស្សស្លាប់រហូត៣នាក់។ លោក ណារ៉ុង បាន​បដិសេធ​មិន​បញ្ជាក់អំពីចំនួនមនុស្សដែលកំណត់មុខសញ្ញាជាជនសង្ស័យនោះឡើយ តែលោកថាម្ចាស់​សំណង់ជាចៅអធិការវត្ត និងក្រុមអ្នកម៉ៅការសុទ្ធជាអ្នកជាប់ពាក់​ព័ន្ធដែលតម្រូវឱ្យមានការស្រាវជ្រាវបន្ថែម។

លោក ទិត្យ ណារ៉ុង បានអះអាងថា៖ «យើងកំពុងស្រាវជ្រាវរកអ្នកទទួលខុសត្រូវឱ្យបានពិតប្រាកដ។ ព្រះ​សង្ឃ​នៅទីនោះ​លោកក៏ជាអ្នកទទួលខុសត្រូវ ហើយអ្នកដែលមាន​កិច្ចសន្យាជាមួយលោកនោះ​ក៏ទទួល​ខុស​ត្រូវ​។ មិនមែនក្រុមជាងអ្នកម៉ៅការក៏ដូចជាក្រុមជាងដែរ អ្នកដែលមានកិច្ចសន្យាទទួលការងារពីលោក ហើយលោកក៏ជាអ្នក​ចាត់ចែងការងារពីលើនោះដែរ»។

ប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប លោក ហ៊ី សាយ មាន​ប្រសាសន៍​ថាការចុះស្រាវជ្រាវអំពីមូលហេតុនៃការបាក់រលំអគារ​សាលាធម្មសភា​របស់​វត្តប្រាសាទគោកចកនាពេល​កន្លង​មក​ពុំទាន់​បញ្ចប់​ការធ្វើរបាយការណ៍នៅឡើយទេ។ លោកថា របាយការណ៍​បឋម បញ្ជាក់ថាការរលំបាក់អគារ គឺបណ្តាលមកពីកំហុសឆ្គង​បច្ចេកទេសសាងសង់​ដោយ​ប្រើជន្ទល់សុទ្ធជាឈើចាស់ៗ។

លោក ហ៊ី មានប្រសាសន៍ថា៖ «របាយការណ៍បឋម វាមកពីរន្ទាហ្នឹង វាមកពីជន្ទល់។ ជន្ទល់ជាឈើចាស់​យូរហើយ ជន្ទល់ពីឈើចាស់ តែវាមិនទាន់ច្បាស់ទេ ចាំបានរបាយការណ៍ពីក្រសួងមកសិន»។

អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លី សំរិទ្ធ បានអះអាងថា ពេលនេះក្រុមការងារថ្នាក់​ខេត្តកំពុង​ផ្តោតការយក​ចិត្ត​ទុកដាក់​ស៊ើបអង្កេតលើបច្ចេកទេសនៃការសាងសង់អគារសាលាធម្មសភា របស់វត្តប្រាសាទគោកចក​ដែល​បាន​បាក់រលំនាពេលកន្លងមក តែពុំទាន់មានលទ្ធផលនៅឡើយទេ។ លោកបញ្ជាក់ថា ត្បិតមានការបាក់រលំ​អាគារ តែសំណង់​ក្នុងបរិវេណ​វត្តមួយនេះ មានច្បាប់ត្រឹមត្រូវ ហើយទទួលបានលិខិតអនុញ្ញាតពី​អាជ្ញាធរអប្សរា​ថែមទៀតផង។

លោក លី សំរិទ្ធ បានរៀបរាប់ថា៖ «ការបាក់រលំនេះ និយាយមួយម៉ាត់ឱ្យខ្លី ដោយសារតែវាទ្រអត់ឈ្នះ តែទ្រ​មិនឈ្នះ គឺបាក់ហើយ។ ប៉ុន្តែសំណង់វត្តនេះ គឺសំណង់ដែលមានច្បាប់ណា៎ ព្រោះតំបន់​ហ្នឹងជាតំបន់​ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា»។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល្យ បានទទួលស្គាល់ថា ការសាងសង់សាលាធម្មសភា ស្ថិតក្នុងវត្តប្រាសាទគោកចក ពិតជាទទួលបានលិខិតអនុញ្ញាតពីអាជ្ញាធរអប្សរាប្រាកដមែន ប៉ុន្តែជាការអនុញ្ញាត​តាម​បែបបទរដ្ឋបាលប៉ុណ្ណោះ។ លោកពន្យល់ថា ការឆ្លើយតបតាមបែបបទរដ្ឋបាល គឺសំដៅលើការដាក់ឯកសារ​ស្នើរសុំ ដើម្បីជម្រាបដល់ស្ថាប័នពាក់ពន្ធ ហើយស្ថាប័នរដ្ឋក៏តបលិខិតយល់ព្រមតាមសំណើរ គ្មានជាប់ព័ន្ធ​ស៊ីជម្រៅ​នឹងបច្ចេកទេសនៃការសាងសង់អគារឡើយ។

លោក ឡុង កុសល្យ បានអះអាងថា៖ «ដោយសារតំបន់ហ្នឹង ទីតាំងហ្នឹងស្ថិតនៅក្នុងតំបន់ការពារ​បេតិក​ភ័ណ្ឌពិភព​លោក ចឹងរាល់ការសាងសង់អីទាំងអស់ហ្នឹងគឺត្រូវសុំច្បាប់ជាមុន សុំការអនុញ្ញាតជាមុន​ពីអាជ្ញាធរ​ជាតិ​អប្សរា។ ក្នុងការផ្តល់ការអនុញ្ញាត គឺយើងផ្តល់ជាលក្ខណៈបែបរដ្ឋបាល ប៉ុន្តែយើងមិនបានពិនិត្យលើប្លង់ រឺលក្ខណៈបច្ចេកទេសនៃសំណង់ហ្នឹងទេ។ ចឹងរាល់ការពិនិត្យបច្ចេកទេស រាល់ការសាងសង់អីទៀត គឺត្រូវស្ថិតនៅលើផ្នែកជំនាញ»។

ចៅអធិការវត្តប្រាសាទគោកចក ព្រះតេជគុណ ហែម គឹមសាន មិនមានព្រះថេរដីការបញ្ជាក់អំពីក្រុមការងារ​ពាក់ព័ន្ធក្នុងការសាងសង់អគារសាលាធម្មសភារបស់វត្តនោះឡើយ ដោយលើកហេតុផលបញ្ជាក់​ខ្លីត្រឹមដល់ម៉ោង​ឆាន់ប៉ុណ្ណោះ។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែធ្នូ អាគារសាលាធម្មសភា មានទទឹង៣០ម៉ែត្រ បណ្តោយ៤០ម៉ែត្រ និងកម្ពស់៨ម៉ែត្រ ស្ថិតក្នុងបរិវេណវត្តប្រាសាទគោកចក ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានបាក់រលំ វេលាម៉ោងប្រមាណ៣រសៀល ខណៈកំពុង​ចាក់បេតុង​សាងសង់តែម្តង។ ហេតុការណ៍នេះបណ្តាលឱ្យមានជនរងគ្រោះស្លាប់បាត់បង់ជីវិតចំនួន៣នាក់ និងរងរបួសធ្ងន់​ស្រាលចំនួន១៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ