មន្ត្រីជាន់ខ្ពស់សិទ្ធិមនុស្សកម្ពុជា អះអាងថា ការផ្ដល់សេរីភាពដល់មេដឹកនាំ និងសកម្មជនបក្សប្រឆាំងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ត្រូវបានដាក់បញ្ចូលទៅក្នុងរបាយការណ៍របស់រដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងការទាមទាររបស់សហភាពអឺរ៉ុប។
សហភាពអឺរ៉ុប បានបញ្ចប់របាយការណ៍មួយដែលបានស៊ើបអង្កេតទៅលើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយបានបញ្ជូនរបាយការណ៍នោះមករដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកាកន្លងមកនេះ។
សហភាពអឺរ៉ុប ក៏បានកំណត់ពេល១ខែសម្រាប់កម្ពុជាឆ្លើយតបទៅនឹងអ្វីដែលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍ស៊ើបអង្កេតនោះ មុននឹងឈានទៅសម្រេចថា ព្យួរ ឬមិនព្យួរប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» សម្រាប់ប្រទេសកម្ពុជា នាខែកុម្ភៈឆ្នាំក្រោយនេះ។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល លោក កត្តា អ៊ន ប្រាប់វីអូឌីនៅថ្ងៃនេះថា រដ្ឋាភិបាលបានលើកយកការដោះលែងលោក កឹម សុខា និងមន្ត្រីសកម្មជនគណបក្សសង្រ្គោះជាតិឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ទៅឆ្លើយតបនឹងរបាយការណ៍សហភាពអឺរ៉ុប ដើម្បីឱ្យពិចារណាលើការព្យួរប្រព័ន្ធអនុគ្រោះពន្ធ។
«ក្រសួងមហាផ្ទៃបានត្រៀមហើយ អំពីការឆ្លើយតបនឹងការប្រើប្រាស់សេរីភាពបញ្ចេញមតិ បញ្ហាពាក់ព័ន្ធនឹងគណបក្សនយោបាយ សកម្មជននយោបាយ និងការដោះលែងសកម្មជនផ្សេងៗ។ បញ្ហាវិទ្យុមួយចំនួនដែលបានបើកឡើងវិញ បញ្ហានៅក្រៅឃុំ សេរីភាពរបស់លោក កឹម សុខា ជាដើម។ នេះជាបញ្ហាថ្មីៗដែលយើងត្រូវបន្ថែមទៅក្នុងរបាយការណ៍ចាស់ របស់បន្ថែមទៀតឱ្យ EU យល់»។
មន្ត្រីសិទ្ធិមនុស្សរដ្ឋាភិបាលរូបនេះ បញ្ជាក់ទៀតថា ការទាមទាររបស់សហភាពអឺរ៉ុបឱ្យទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា និងមន្ត្រីសកម្មជនគណបក្សប្រឆាំង រួមទាំងអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិបើកដំណើរការឡើងវិញនោះ លោកថា រដ្ឋាភិបាលនឹងមិនអាចធ្វើទៅតាមការទាមររបស់អឺរ៉ុបឡើយ។ លោកចាត់ទុកការទាមទាររបស់អឺរ៉ុបថា បានរំលោភអធិបតេយ្យភាពរបស់កម្ពុជា។
«ការទាមទាររបស់គាត់[សហភាពអឺរ៉ុប] ដែលហួសហេតុខុសនីតិវិធីច្បាប់កម្ពុជា មិនអាចទទួលយកបានទេ។ នេះជាសមត្ថកិច្ចរបស់តុលាការដែលកំពុងធ្វើសព្វថ្ងៃនេះ។ ដូច្នេះហើយ យើងនឹងពន្យល់គាត់បន្ថែមទៀតពីនីតិវិធី ប៉ុន្តែ យើងមិនមែនបំពេញសេចក្ដីត្រូវការរបស់គាត់ដែលបង្ខំយើងឱ្យល្មើសច្បាប់ទេ»។
វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងលោក ម៉ែន ប៊ុនរិទ្ធ បានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។
ប៉ុន្តែ ថ្លែងក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២០ នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ច្រានចោលរបាយការណ៍អង្គការសង្គមស៊ីវិលមួយចំនួន ដោយលោកបានចោទប្រកាន់ថា មានការគំរាមកំហែង និងគាបសង្កត់ទៅលើពួកគេ។
លោក ស ខេង ថ្លែងថា៖ «យើងក៏បានសរសេរក្នុងរបាយការណ៍ឆ្លើយតបទៅសហគមន៍អឺរ៉ុបបែបនេះដែរ ឮថា មានការត្អូញត្អែរអំពីការគំរាមកំហែង ការគាបសង្កត់ ក៏ប៉ុន្តែព័ត៌មានជាក់លាក់ យើងខ្ញុំអត់មានទេ។ ជាគោលការណ៍ តែងតែធ្វើការណែនាំ ទោះបីនៅទីនេះក្តី ឬតាមរយៈលិខិតស្នាមក្តី តាមរយៈចុះទៅតាមមូលដ្ឋានក្តី ខ្ញុំតែងតែបានរំឭកអំពីការលើកកម្ពស់ភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលនេះ បើភាគីម្ខាងតាំងចិត្តពង្រឹងភាពជាដៃគូ តែម្ខាងទៀតមិនតាំងចិត្ត ក៏វាទៅមិនរួច សុំឲ្យភាគីទាំង២ តាំងចិត្តដូចគ្នា»។
លោកបន្តថា ក្រសួងមហាផ្ទៃបានបញ្ជូនទៅក្រសួងការបរទេសកម្ពុជារួចមកហើយនូវរបាយការណ៍មួយដែលបកស្រាយអំពីស្ថានភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយត្រៀមផ្ញើទៅសហភាពអឺរ៉ុបយ៉ាងយូរត្រឹមថ្ងៃទី១២ ខែធ្នូនេះ។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា លើកឡើងថា ប្រសិនបើរដ្ឋាភិបាលមិនធ្វើទៅតាមការទាមទាររបស់សហភាពអឺរ៉ុប លោកថា ប្រព័ន្ធអនុគ្រោះពន្ធនឹងបាត់បង់។ លោកបន្តថា បើកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ក្រុមហ៊ុនធំៗមួយចំនួនដែលវិនិយោគនៅកម្ពុជានឹងដកខ្លួនចេញ ដោយសារក្រុមហ៊ុនទាំងនោះ មិនចង់ពាក់ព័ន្ធជាមួយនឹងទាមទាររបស់អឺរ៉ុប។
លោក ឯម សុវណ្ណរ៉ា៖ «នេះជារឿងមួយដែលយើងបារម្ភ។ រឿងបារម្ភមួយទៀត អាចអ្នកប្រើប្រាស់របស់សហគមអឺរ៉ុប គេគិតខុសពីពលរដ្ឋកម្ពុជា។ គេអាចធ្វើពហិកាមិនប្រើប្រាស់ផលិតផលកម្ពុជា ដូចករណី “ស្ករឈាម” កន្លងមក យើងមានការលំបាកទៅហើយ។ អ៊ីចឹងកន្លែងហ្នឹង រដ្ឋាភិបាលអាចគិតពិចារណា និងអាចមានទឡ្ហីករស្វែងយល់កន្លែងហ្នឹងច្បាស់ហើយ»។
ស្ថានភាពមិនច្បាស់លាស់នៃប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មនេះ បានជំរុញទៅសមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC បង្ហាញក្ដីបារម្ភរបស់ពួកគេទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែឧសភាកន្លងមក ដោយថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មពីសហភាពអឺរ៉ុបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់កម្មករកាត់ដេរខ្ទង់ ៧៥ម៉ឺននាក់ និងប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរ ៣លានគ្រួសារផ្សេងទៀតដោយប្រយោល៕