ខេត្តព្រះសីហនុមិនផ្តល់ទីតាំងឱ្យពលរដ្ឋធ្វើវេទិកាសាធារណៈអបអរទិវាសិទ្ធិមនុស្ស

ក្រុម​សហជីព សកម្មជន​ដីធ្លី និង​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ប្រមូលផ្ដុំ​គ្នា​ប្រារព្ធ​ខួប​៧០​ឆ្នាំ​នៃ​សិទ្ធិ​មនុស្ស​អន្តរជាតិ ថ្ងៃ​១០ ធ្នូ ឆ្នាំ​២០១៨​។ រូបថត៖ ជន ចាន់រ៉ែន​

អាជ្ញាធរ​ខេត្តព្រះសីហនុ សម្រេចមិនផ្តល់ទីតាំងឱ្យពលរដ្ឋធ្វើវេទិកាសាធារណៈអបអរទិវាសិទ្ធិមនុស្ស ១០ធ្នូ ទេ។ នេះបើតាមលិខិតមួយច្បាប់របស់អភិបាលរងខេត្តព្រះសីហនុ លោក លៀម សុខដា ដែលចុះហត្ថលេខាកាលពីថ្ងៃសុក្រ និង​ត្រូវបានផ្សព្វផ្សាយជាសាធារណៈកាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

លិខិតរបស់អភិបាលរងខេត្តព្រះសីហនុនេះ ធ្វើឡើងឆ្លើយតបនឹងសំណើរបស់តំណាងប្រជាសហគមន៍មានបញ្ហាដីធ្លី ដែលស្នើសុំទីតាំងមួយ​ឈ្មោះ «វេទិកា៧មករា» ដើម្បីយកធ្វើវេទិកាសាធារណៈ ទន្ទឹមនឹងការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិផង។

អភិបាលរងខេត្តព្រះសីហនុ លោក លៀម សុខដា បញ្ជាក់តាមរយៈលិខិតដដែលថា ការសម្រេចរបស់ខ្លួនធ្វើឡើងតាមចំណាររបស់អភិបាលខេត្ត។

លិខិតលើកឡើងថា៖ «រដ្ឋបាលខេត្តមិនអនុញ្ញាតឱ្យ​សហគមន៍មានទំនាស់ដីធ្លីទាំងអស់នោះ រៀបចំពិធីវេទិកាសាធារណៈទេ ព្រោះដោយសារតែកន្លងមក រដ្ឋបាលខេត្តព្រះសីហនុ ធ្លាប់បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់​របស់ក្រុមប្រឹក្សានៅតាមក្រុង-ស្រុក រៀបចំវេទិកាសាធារណៈ​នៅតាមឃុំ-សង្កាត់ ព្រមទាំងរៀបចំពិគ្រោះយោបល់​ជាមួយសង្គមស៊ីវិលដែលធ្វើការនៅខេត្តមួយឆ្នាំ២ដងជាទៀងទាត់»

តំណាងសហគមន៍មានបញ្ហាដីធ្លី លោក យូ វាសនា ថ្លែងប្រាប់វីអូឌីថា ប្រជាពលរដ្ឋមានការអាក់អន់ចិត្ត និងសោកស្ដាយជាខ្លាំង បន្ទាប់ពីបានទទួលលិខិតរបស់រដ្ឋបាលខេត្តនេះ។ លោកថា ពលរដ្ឋចង់ជួបជុំសម្ដែងមតិប្រមូលយោបល់ជូនថ្នាក់ដឹកនាំខេត្ត ដើម្បីស្វែងរកដំណោះស្រាយបញ្ហាដែលកើតមាន ប៉ុន្តែ រដ្ឋបាលខេត្តបែរជាមិនអើពើ។

លោក យូ វាសនា៖ «ខ្ញុំគិតថា អភិបាលខេត្តថ្មី លោកបើកចំហរជាងអ្នកមុនៗ តែការសម្រេចនេះពិតជាគួរឱ្យស្ដាយ ពួកគេ(អាជ្ញាធរខេត្ត) មិនចង់ឱ្យយើងទាមទារសិទ្ធិសេរីភាពរបស់យើងទេ។ ប៉ុន្តែ យើងនៅតែព្យាយាមប្រារព្ធ ទោះនៅទីតាំងផ្សេងក៏ដោយ យើងនឹងហែរក្បួនដាក់ញត្តិទៅសាលាខេត្តនៅថ្ងៃទី០៩ខាងមុខ»

នាយករងអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការសម្រេចរបស់អាជ្ញាធរខេត្តព្រះសីហនុនេះ ជាការរំខានដល់សេរីភាពបញ្ចេញមតិ និងជាវិធីមួយដែលរារាំងដល់សកម្មភាព​ជួបជុំរបស់ប្រជាពលរដ្ឋ។

លោក អំ សំអាត៖ «អាជ្ញាធរបើគាត់មិនបានចូលរួមទេ គួរណាស់តែលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រារព្ធទិវានេះ។ បញ្ហាសិទ្ធិមនុស្សនេះជារឿងចម្រូងចម្រាស សូម្បីតែក្នុងលក្ខខណ្ឌ EBA ក៏គេ(អន្តរជាតិ)ចង់ឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្សដែរ។ គេ(អន្តរជាតិ)ចង់ឱ្យយើងបើកចំហរសេរីភាព ហើយបើអាជ្ញាធរមូលដ្ឋានគ្រប់កន្លែងព្យាយាមរារាំងការជួបប្រជុំ ឬការទាមទារសិទ្ធិ ខណៈនឹងធ្វើឱ្យរដ្ឋាភិបាលមានកេរ្តិ៍ឈ្មោះមិនល្អខាងគោរពសិទ្ធិមនុស្ស នឹងនាំឱ្យខាតផលប្រយោជន៍ជាតិទាំងមូលតែម្ដង»

បើតាមលោក អំ សំអាត ការប្រារព្ធទិវាសិទ្ធិមនុស្សឆ្នាំនេះ ពិសេសជាងបណ្ដាឆ្នាំមុនៗព្រោះតែឆ្នាំនេះ ជាឆ្នាំចុងក្រោយដែលទិវាសិទ្ធិមនុស្សអន្តរជាតិមានក្នុងប្រតិទិនឈប់សម្រាកប្រចាំឆ្នាំនៅកម្ពុជា។

លោកថា លីកាដូនឹងចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ជាមួយសហគមន៍ដីធ្លីចំនួន១១ នៅក្នុងខេត្តចំនួន៩ ទូទាំងប្រទេសកម្ពុជា ដើម្បីអន្ទងចិត្តពលរដ្ឋទូទាំងប្រទេស ចូលរួមជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស។

តាមរយៈលិខិតមួយច្បាប់ផ្សេងទៀត សហគមន៍មានបញ្ហាដីធ្លី បានស្នើទៅកាន់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ឱ្យចូលរួមវេទិការបស់ខ្លួនដែរ ប៉ុន្តែ មិនមានចម្លើយតប។

លិខិតដែលដាក់ទៅកាន់​អភិបាលខេត្ត សរសេរថា ពលរដ្ឋមានបញ្ហាដីធ្លីមានបំណងថ្លែងពីក្ដីកង្វល់​ សំណូមពរទៅកាន់អភិបាលខេត្ត ដើម្បីសុំឱ្យឆ្លើយតបដោះស្រាយបញ្ហានានាតាមគោលការណ៍គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

តាមការបញ្ជាក់របស់តំណាងប្រជាសហគមន៍មានបញ្ហាដីធ្លីនៅខេត្តព្រះសីហនុ ពលរដ្ឋជាង ២៥០នាក់​មកពី ១១សហគមន៍មានបញ្ហាដីធ្លី នឹងជួបប្រជុំគ្នានៅថ្ងៃទី០៩ ខែធ្នូ នៅតាមដងផ្លូវសាធារណៈក្នុងខេត្ត ហើយថ្លែងមតិយោបល់ និងគ្រោងដង្ហែក្បួនទៅមុខសាលាខេត្តទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ