អាជ្ញាធរកម្ពុជាបញ្ជាក់ថា កងទ័ពវៀតណាម​ចូលខេត្តស្វាយរៀងដើម្បីធ្វើសមយុទ្ធ

នៅល្ងាចថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០១៨​ លោក ​ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូយោធាជាន់ខ្ពស់ដែលដឹកនាំដោយលោក ង៉ូ​ ស៊ុនលិច្ស​ រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរ​រដ្ឋសង្គមនិយមវៀតណាម នៅអគារមិត្តភាព​ ទីស្តីការគណៈរដ្ឋមន្ត្រី​ ក្នុងឱកាសដែលគណ:ប្រតិភូយោធាជាន់ខ្ពស់នៃសាធារណរ​រដ្ឋសង្គមនិយមវៀតណាមមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា​ ចាប់ពីថ្ងៃទី២៧​ – ២៨​ – ២៩​ ខែធ្នូ​ ឆ្នាំ២០១៨។ (ហ្វេសប៊ុក នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា)

អាជ្ញាធរខេត្តស្វាយរៀងបញ្ជាក់ថា កងទ័ពវៀតណាម​ចូលក្នុងឃុំចំនួន៣ នៅក្នុងខេត្តស្វាយរៀង គឺដើម្បីធ្វើសមយុទ្ធពីវិធីសាស្ត្រនៃការជួយសង្គ្រោះពលរដ្ឋពេលមានគ្រោះមហន្តរាយកើតឡើង មិនមែនវៀតណាមចូលមកកាន់កាប់ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ។​

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមានការចែករំលែកព័ត៌មានមួយចំនួននៅលើបណ្តាញសង្គមថា រដ្ឋាភិបាលកម្ពុជា បានកំណត់ឃុំចំនួន៣ រួមមាន ទួលស្តី សំរោង និងឃុំចន្ទ្រា ស្ថិតនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ធ្វើជាតំបន់ស ដើម្បីអនុញ្ញាតឲ្យកងកម្លាំងវៀតណាម មកបោះទីតាំងនៅទីនោះ។

អ្នកនាំពាក្យសាលាខេត្តស្វាយរៀង លោក រស់ ផារិទ្ធិ មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃនេះថា ទាក់ទិននឹងព័ត៌មានបង្ហោះលើបណ្តាញសង្គមថា កម្ពុជាកំណត់ឃុំ៣ធ្វើជាតំបន់ស ដើម្បីអនុញ្ញាតឲ្យកងកម្លាំងវៀតណាមចូលមកបោះទីតាំងនៅកន្លែងនោះ មិនពិតនោះទេ។

ផ្ទុយទៅវិញ លោកបញ្ជាក់ថា មន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ បានកំណត់យកឃុំទាំង៣ខាងលើ ស្ថិតនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ​និងខេត្តឡុងអានរបស់វៀតណាម ធ្វើសមយុទ្ធចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីជួយប្រជាពលរដ្ឋនៃប្រទេសទាំងពីរ​ ដែលរងគ្រោះដោយសារគ្រោះ​មហន្តរាយភ្លើងឆេះព្រៃ និងទឹកជំនន់ជាដើម។

លោកមានប្រសាសន៍ថា៖ «មិនមែនមកបោះជំរុំធ្វើអ្វីក្រៅផ្លូវការទេ ក្រសួងទាំងពីរ[ក្រសួងការបរទេសកម្ពុជា-វៀតណាម] បានឯកភាពគ្នា ដើម្បីធ្វើលំហាត់សមយុទ្ធ ដើម្បីត្រៀមសង្គ្រោះគ្រោះមហន្តរាយ នៅពេលដែលប្រជាជននៅតាមតំបន់ព្រំដែន លោកមានជួបបញ្ហាគ្រោះមហន្តរាយផ្សេងៗ គ្រោះធម្មជាតិ ទឹកជំនន់…កងកម្លាំងនឹងជួយសង្គ្រោះ»។

ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនោះមិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់ កងទ័ពវៀតណាមមានចំនួនប៉ុន្មាន ការធ្វើសមយុទ្ធនេះរយៈពេលប៉ុន្មាននោះទេ។​ ដោយលោកបង្វិលសំនួរឲ្យទៅសួរមន្ត្រីក្រសួងការពារជាតិកម្ពុជាវិញ។

វីអូឌីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការងារជាតិ លោក ឈុំ សុជាតិ បានទេ នៅរសៀលថ្ងៃនេះ ដោយទូរសព្ទចូលច្រើនដងតែមិនមានអ្នកទទួល។

អ្នកសម្របសម្រួលអង្គការលីកាដូ លោក ណុត បូពិណ្ណារ័ត្ន បានយល់ឃើញថា បើសិនជាកម្ពុជាពិតជាមានការធ្វើសមយុទ្ធ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយប្រាកដមែន រដ្ឋាភិបាលត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ហើយអាចធ្វើឲ្យពួកគេបារម្ភពីសុវត្ថិភាព។

លោកយល់ថា៖ «បើយើងស្តាប់ពាក្យធ្វើសមយុទ្ធ ប្រសិនបើប្រជាពលរដ្ឋខ្លះគាត់យល់មិនដល់ គាត់មានអារម្មណ៍ថាភ័យ ការធ្វើសមយុទ្ធមានន័យថា ធ្វើសង្គ្រាម សាកល្បង បើសិនជាមានការធ្វើអញ្ចឹងមែន ឬមានពាក់ព័ន្ធនឹងគ្រោះមហន្តរាយអ្វី ខាងអាជ្ញាធរ ឬខាងរដ្ឋាភិបាលត្រូវប្រកាស ឬបញ្ជូនព័ត៌មានឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តគាត់បានយល់ពីរឿងនេះច្បាស់លាស់ ចៀសវាងមានការភាន់ច្រំឡ កាលណាគាត់មានការយល់ច្រឡំធ្វើឲ្យពួកគាត់មានការព្រួយបារម្ភភិតភ័យអីចឹងទៅ»។

លោក ហ៊ុន សែន ថ្លែងកាលពីដើមខែវិច្ឆិកា ថាគម្រោងសមយុទ្ធរួមគ្នា កម្ពុជា-វៀតណាម នេះជាការផ្ដល់ នូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ នៅពេលដែលមានគ្រោះមហន្តរាយកើតមានឡើង ដូចជាភ្លើងឆេះព្រៃ និងទឹកជំនន់ ជាដើម។ ដូច្នេះ ការអនុវត្តសមយុទ្ធនេះ គឺកងទ័ពកម្ពុជាត្រូវចូលទៅកាន់ទឹកដី វៀតណាម ហើយកងទ័ពវៀតណាមត្រូវចូលមកកាន់ទឹកដីកម្ពុជា ដើម្បីចៀសវាងដល់ការយល់ច្រឡំគ្នា នឹងធ្វើឲ្យមានការយល់ដឹងដោយទូលំទូលាយផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ