ជនជាតិ​ដើម​ភាគតិច​ខេត្តមណ្ឌលគិរី​៖ ការ​វាស់ដី​របស់​មន្ត្រី​ជំនាញ​ធ្វើ​ឱ្យ​បាត់​ដី​មជ្ឈមណ្ឌល​ជនជាតិ​ដើម​

រូបភាពខ្លះៗពីមជ្ឈមណ្ឌលវប្បធម៌ភ្នំដោះក្រមុំ ១០១ហិកតា។ (ផ្ដលឱ្យពី តំណាងជនជាតិដើមភាគតិចពូនង ខេត្តមណ្ឌលគិរីឱ្យ)

តំណាង​ជនជាតិ​ដើម​ភាគតិច​ពូន​ងនៅ​ខេត្តមណ្ឌលគិរី​ បាន​អះអាង​ថា​ ផ្ទៃដី​មួយចំនួន​នៃ​ដី​សហគមន៍​របស់​ពួកគេ​ បាន​បាត់បង់​ ក្រោយពី​មន្ត្រី​សុរិយោដី​ខេត្ត​នេះ​ បាន​ចុះ​វាស់វែង​ព្រំ​ដី​របស់​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ភ្នំ​ដោះក្រមុំ​។

ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ពូន​ង បាន​អះអាង​បែបនេះ​នៅក្នុង​លិខិត​មួយ​ ដែល​ចុះហត្ថលេខា​ដោយ​តំណាង​សហគមន៍​ ៤រូប​ ហើយ​ត្រូវ​បាន​ផ្ញើ​ទៅ​ប្រធានមន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ កាលពី​ថ្ងៃម្សិលមិញ​នេះ​។

លោក​ គ្រើ​ង តុលា​ តំណាង​ម្នាក់​ក្នុងចំណោម​តំណាង​ ៣រូប​ដែល​បាន​ចុះហត្ថលេខា​លើ​លិខិត​បដិសេធ​នោះ​ បាន​អះអាង​ថា​ មន្ត្រី​ជំនាញ​សុរិយោដី​ខេត្តមណ្ឌលគិរី​ បាន​ចុះ​វាស់វែង​ដី​មជ្ឈមណ្ឌល​កាលពី​ថ្ងៃទី០៥​ ខែធ្នូ​កន្លងមក​នេះ​ ដោយ​មិនបាន​ដាក់បញ្ចូល​ដី​ដែល​អាជ្ញាធរ​ខេត្ត​បាន​ប្រគល់​ឱ្យ​ជនជាតិ​ដើម​ភាគតិច​កាលពី​ខែមីនា​ក្នុង​ឆ្នាំ២០១៩នេះនោះ​ឡើយ​។

លោក​ គ្រើ​ង តុលា​ រៀបរាប់​ថា​៖ «ខ្ញុំ​ស្នើសុំ​ឱ្យ​ខាង​គណៈកម្មការ​ថ្នាក់​ជាតិ​ចុះ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​លឿន​ ដើម្បី​ឈាន​ដល់​ការ​អភិវឌ្ឍ​នៅ​លើ​ដី​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ភ្នំ​ដោះក្រមុំ​នេះ​តែ​ម្ដ​ង»

លោក​ថា​ ការ​ធ្វេសប្រហែស​មិន​ធ្វើ​ឯកសារ​កំណត់​ព្រំ​ដី​របស់​មជ្ឈមណ្ឌល​បាន​ត្រឹមត្រូវ​នា​ពេល​កន្លងមក​ បាន​ធ្វើ​ឱ្យ​សហគមន៍​ជនជាតិ​ដើម​បាត់បង់​ដី​ពី​ជាង​ ១០០ហិកតា​ មក​សល់​ត្រឹម​ប្រមាណ​ជាង​ ៨៥ហិច​តា​ម្ដ​ងរួ​ចម​កហើយ​ ដូច្នេះ​ លោក​ចង់ឱ្យ​មន្ទីរ​ជំនាញ​ពង្រឹង​នីតិវិធី​ការងារ​របស់​ខ្លួន​ រក្សា​ដី​ និង​អត្តសញ្ញាណ​ជនជាតិ​ដើម​។

ដីកា​របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី​ ស្ដី​ពី​ការ​និរាករណ៍​កាលពី​ថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ២០១៩​ បាន​សម្រច​ដកហូត​ដី​ចំនួន​បី​កន្លែង​ប្រគល់​មក​ឱ្យ​ជនជាតិ​ដើម​ភាគតិច​វិញ​។ រដ្ឋបាល​ខេត្ត​បាន​សម្រច​ដកហូត​ដី​ ទំហំ​ ៥,០៧ហិក​តា​សម្រាប់​សាងសង់​គ្រឹះស្ថាន​ស្រាវជ្រាវ​រ៉ែ​ ថាមពល​ និង​ប្រេងកាត​ ដី​ទំហំ២៥ម​ គុណ​ ៥០ម​ ទុក​សាងសង់​មន្ទីរ​ឧស្សាហកម្ម​ និង​សិប្បកម្ម​ និង​ដី​ទំហំ​ ២៥ម​ គុណ៥០ម៉ែត្រ​ សម្រាប់​សាងសង់​មន្ទីរ​មុខងារ​សាធារណៈ​ សាងសង់​អគារ​រដ្ឋបាល​ ទុកជា​ដី​របស់​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ភ្នំ​ដោះក្រមុំ​វិញ​។

ប្រធាន​មន្ទីររៀ​បចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ខេត្តមណ្ឌលគិរី​ លោក​ ម៉ៅ​ ចំរើន​ បាន​បដិសេធ​មិន​ធ្វើការ​បកស្រាយ​អ្វី​ទាំងអស់​ទាក់ទង​នឹង​បញ្ហា​នេះ​ ដោយ​អះអាង​ថា​ លោក​ជាប់​ប្រជុំ​។

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តមណ្ឌលគិរី​ លោក​ សុក​ សេ​រ៉ា​ បាន​ថ្លែងទទួល​ស្គាល់​ថា​ ដី​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ភ្នំ​ដោះក្រមុំ ​ពិតជា​ប្រឈម​នឹង​បញ្ហា​កើតមាន​វិវាទ​ច្រើនដង​ ហើយ​មានការ​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ប្រាកដ​មែន​។

លោក​ថា​ ដី​របស់​មជ្ឈមណ្ឌល​នេះ​បាន​រួម​តូច​ ពី​ទំហំដី​ប្រមាណ១០១ហិក​តា​ មក​នៅ​ត្រឹម​ប្រមាណ៨៥ហិក​តា​ប៉ុណ្ណោះ​នា​បច្ចុប្បន្ន​ តែ​បញ្ហា​នេះ​ជាសកម្ម​ភាព​ទន្ទ្រាន​យក​ដី​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​តំបន់​ប៉ុណ្ណោះ​។

ឯការ​ចុះ​វាស់វែង​ដី​របស់​ក្រុមការងារ​ថ្នាក់​ខេត្ត​កាលពី​ពេល​ថ្មី​ៗនេះ​ ក៏​ដើម្បី​សាង​ឯកសារ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែរ​។

អ្នកនាំពាក្យ​រូប​នេះ​ថា​ ការ​ចោទ​របស់​តំណាង​ជនជាតិ​ដើម​ អាច​ជា​ការ​ភាន់​ច្រឡំ​ ព្រោះ​មិន​យល់​ពី​បច្ចេកទេស​វាស់វែង​របស់​ក្រុមការងារ​ជំនាញ​។

លោក​ សុក​ សេ​រ៉ា​ បន្ត​ថា​៖ «ចាំ​មើល​គេ​ធ្វើ​ឱ្យ​ហើយ​សិន​ ព្រោះ​ទើបតែ​បោះ​ ហើយ​គេ​កំពុងតែ​វាស់វែង​មិនទាន់​ចប់​ផង​ ឥលូវ​គេ​យក​ទៅ​ដំឡើង​ផែនទី​ ដំឡើង​អី​។ ចប់​ គេ​នឹង​ហៅ​ក្រសួងវប្បធម៌​ ក្រសួង​ដែនដី​ និង​អ្នក​ពាក់ព័ន្ធ​ ដូចជា​ក្រុម​គណ​កម្មការ​ជនជាតិ​ដើម​ភាគតិច​មក​ពិនិត្យមើល​»

តាម​ការ​បញ្ជាក់​របស់​លោក​ សុក​ សេ​រ៉ា​ សកម្មភាព​ក្រុមការងារ​ថ្នាក់​ខេត្ត​ ចុះ​កំណត់​ និង​វាស់វែង​ព្រំ​ដី​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ភ្នំ​ដោះក្រមុំ​ ស្ថិតនៅ​ភូមិ​ដោះក្រមុំ​ សង្កាត់​សុខដុម​ ក្រុង​សែនមនោរម្យ​ ខេត្តមណ្ឌលគិរី​ អាច​នឹង​បញ្ចប់​ការងារ​របស់​ខ្លួន​ត្រឹម​ខែមករា​ ដើមឆ្នាំ២០២០ខាងមុខនេះ​៕

គំនូសបង្ហាញទីតាំងដែលពាក់ព័ន្ធនឹងដីមជ្ឈមណ្ឌលវប្បធម៌ភ្នំដោះក្រមុំ ១០១ហិកតា
គំនូសបង្ហាញទីតាំងដែលពាក់ព័ន្ធនឹងដីមជ្ឈមណ្ឌលវប្បធម៌ភ្នំដោះក្រមុំ ១០១ហិកតា។ (ផ្ដលឱ្យពី តំណាងជនជាតិដើមភាគតិចពូនង ខេត្តមណ្ឌលគិរីឱ្យ)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ