តំណាង​សហគមន៍​ព្រះលាន​ចោទ​មេបញ្ជាការ​ភូមិភាគ៤ថា​ចូល​ទន្ទ្រាន​ដី​សហគមន៍​

ដីសហគមន៍តំបន់​ទេសចរណ៍​ទឹកធ្លាក់​ព្រះ​និម្មិត​នេះ​ ​ស្ថិតនៅ​ជាផ្នែក​មួយ​នៃ​ព្រៃឈើ​សហគមន៍​ព្រះលាន​ទំហំ​ ១,២៣៣ហិ​កតា​ ដែល​គ្របដណ្ដប់​លើ​ភូមិ​កំពង់​សាមី​ ស្ថិតនៅ​ក្នុង​ឃុំ​កំពង់ស្រឡៅ​ពីរ ស្រុកឆែប ខេត្តព្រះវិហារ។ (អង្គការពន្លកខ្មែរ)

មេបញ្ជាការ​នៃ​យោធភូមិភាគ​ ៤ប្រចាំ​ទិស​ខេត្តព្រះវិហារ​ រង​ការ​ចោទ​ថា​ បាន​ចូល​ឈូស​ឆាយដី​ព្រៃ​សហគមន៍​ព្រះលាន​ ដែល​ជាផ្នែក​មួយ​នៃ​ដី​ព្រៃ​ស្ថិត​ក្រោម​ច្បាប់​អភិរក្ស​សម្រាប់​ទុក​ឱ្យ​ពលរដ្ឋ​ជាង​ ២,៥០០នាក់​ប្រើប្រាស់​រួម​។

តំណាង​សហគមន៍​អេកូ​ទេសចរណ៍​ធម្មជាតិ​ទឹកធ្លាក់​ព្រះ​និម្មិត​ នៅ​ស្រុក​ឆែប​ លោក​ កេន​ សុគន្ធ​ អះអាង​ថា​ សព្វថ្ងៃ​នេះ​ ផ្ទៃដី​ព្រៃ​របស់​សហគមន៍​ជាង​ ១៥ហិ​កតា​ហើយ​ ត្រូវ​បាន​មេបញ្ជាការ​ភូមិភាគ៤​ លោក​ ឆៅ​ ហន​ បញ្ជា​កូនចៅ​ឱ្យ​ចូល​កាប់ឆ្ការ​ និង​ឈូស​ឆាយ​។

ដីសហគមន៍តំបន់​ទេសចរណ៍​ទឹកធ្លាក់​ព្រះ​និម្មិត​នេះ​ ​ស្ថិតនៅ​ជាផ្នែក​មួយ​នៃ​ព្រៃឈើ​សហគមន៍​ព្រះលាន​ទំហំ​ ១,២៣៣ហិ​កតា​ ដែល​គ្របដណ្ដប់​លើ​ភូមិ​កំពង់​សាមី​ ស្ថិតនៅ​ក្នុង​ឃុំ​កំពង់ស្រឡៅ​ពីរ ស្រុកឆែប ខេត្តព្រះវិហារ។ (អង្គការពន្លកខ្មែរ)
ដីសហគមន៍តំបន់​ទេសចរណ៍​ទឹកធ្លាក់​ព្រះ​និម្មិត​នេះ​ ​ស្ថិតនៅ​ជាផ្នែក​មួយ​នៃ​ព្រៃឈើ​សហគមន៍​ព្រះលាន​ទំហំ​ ១,២៣៣ហិ​កតា​ ដែល​គ្របដណ្ដប់​លើ​ភូមិ​កំពង់​សាមី​ ស្ថិតនៅ​ក្នុង​ឃុំ​កំពង់ស្រឡៅ​ពីរ ស្រុកឆែប ខេត្តព្រះវិហារ។ (អង្គការពន្លកខ្មែរ)

លោក​ សុគន្ធ​ លើកឡើង​ថា​ នៅពេល​ណា​ដី​ព្រៃ​សហគមន៍​នេះ​បាត់បង់​ តំបន់​ទេសចរណ៍​ធម្មជាតិ​ដែល​ពឹង​អាស្រ័យ​លើ​សហគមន៍​នេះ​ ក៏​នឹង​ត្រូវ​បាត់បង់​ដែរ​។

លោក​ កេន​ សុគន្ធ​ និយាយ​ថា​៖ «វា​អាច​បញ្ហា​ប្រឈម​ ទី១​ ដូច​ថា​ បាត់បង់​ធនធាន​ធម្មជាតិ​ និង​បាត់បង់​ព្រៃឈើ​ច្រើន​ វា​មិនសូវ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ហើយ​មួយទៀត​ បើ​បាត់បង់​ច្រើន​ទៅ​ វា​នឹង​ក្លាយជា​ដី​កម្មសិទ្ធិ ​[ឯកជន​] អស់​។ ដូច្នេះ​ ប្រជាពលរដ្ឋ​គាត់​ធ្លាប់​អាស្រ័យផល​ដូចជា​ដក​ផ្សិត​អី​ជាដើម​ លែង​មានត​ទៅ​ហើយ​»

របាយការណ៍​ដែល​ចេញផ្សាយ​កាលពី​ចុងឆ្នាំ២០១៤ ដែល​វី​អូ​ឌី​ទទួល​បាន​ពី​សហគមន៍​ បង្ហាញថា​ តំបន់​ទេសចរណ៍​ទឹកធ្លាក់​ព្រះ​និម្មិត​នេះ​ គឺ​ស្ថិតនៅ​ជាផ្នែក​មួយ​នៃ​ព្រៃឈើ​សហគមន៍​ព្រះលាន​ទំហំ​ ១,២៣៣ហិ​កតា​ ដែល​គ្របដណ្ដប់​លើ​ភូមិ​កំពង់​សាមី​ ស្ថិតនៅ​ក្នុង​ឃុំ​កំពង់ស្រឡៅ​ពីរ​។

សហគមន៍​ព្រៃឈើ​ព្រះលាន​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ២០០៦​ និង​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ កាលពី​ឆ្នាំ២០១០​។

តំណាង​សហគមន៍​ទេសចរណ៍​ លោក​ សុគន្ធ​ ថ្លែង​ថា​ វិស័យ​ទេសចរណ៍​តាម​បែប​ធម្មជាតិ​នេះ​ អាច​រកចំណូល​បាន​ចន្លោះ​ពី​ ១ម៉ឺន​ ទៅ​ ១ម៉ឺន៥ពាន់​ដុល្លារ​អាមេរិក​ក្នុង១ឆ្នាំ​។ ចំណូល​ដែល​ស្រូប​ទាញ​ពី​វិស័យ​ទេសចរណ៍​នេះ​ មួយ​ផ្នែក​ត្រូវ​បម្រើ​ទៅលើ​សេវា​ល្បាត​ប្រចាំថ្ងៃ​ និង​មួយផ្នែកទៀត​ ត្រូវ​ផ្គត់ផ្គង់​ និង​ចាត់ចែង​ការ​ចំណាយ​នានា​នៅក្នុង​សហគមន៍​ផ្ទាល់​។

ស្រប​ពេល​សហគមន៍​ទទួល​បាន​ជោគជ័យ​ពី​ចំណូល​នៃ​វិស័យ​ទេសចរណ៍​ ប៉ុន្តែ​ សហគមន៍​នេះ​ ក៏​ត្រូវ​រង​ការ​គំរាមកំហែង​ និង​យារយី​ជាច្រើន​ផង​ដែរ​។ សព្វថ្ងៃ​មាន​បទល្មើស​ជាច្រើន​កំពុង​កើនឡើង​នៅក្នុង​ដែន​ជម្រក​ព្រៃ​សហគមន៍​ ដូចជា​មាន​ក្រុម​អនាធិបតេយ្យ​ចូល​កាប់​ឈើ​ខុសច្បាប់​ រាន​ដី​ព្រៃ​ និង​វាទី​ធ្វើចម្ការ​ជាដើម​។

លោក​ កេន​ សុគន្ធ​ បញ្ជាក់​ថា​ ក្រុមល្បាត​របស់​សហគមន៍​បង្ក្រាប​អ្នក​កាប់​ឈើ​អនាធិបតេយ្យ​នៅក្នុង​ដែន​ជម្រក​សហគមន៍​បាន​ចំនួន​ ៣លើក​កន្លងមក​ហើយ​ គិត​ត្រឹម​ឆ្នាំ២០១៩នេះ​។ ក្នុង​ប្រតិបត្តិ​ការ​ទាំង​ ៣លើក​នេះ​ ចាប់​ម៉ាស៊ីន​អា​រឈើ​បាន​ ៣គ្រឿង​ និង​ដុត​ឈើ​ចោល​ប្រហែល​ ១០ម៉ែត្រគូប​។

បើ​ទោះជា​យ៉ាងនេះ​ក្ដី​ អ្នកការពារ​បរិស្ថាន​រូប​នេះ​ លើកឡើង​ថា​ បទល្មើស​ព្រៃឈើ​នៅតែ​បង្កើត​មាន​ជា​រៀងរាល់ថ្ងៃ​។ មូលហេតុ​ដែល​នាំ​ឱ្យ​មាន​បទល្មើស​នេះ​ ដោយហេតុថា​ អ្នក​កាប់​ឈើ​តែង​ដឹងមុន​ជានិច្ច​ មុន​ពេល​ក្រុមល្បាត​ចុះ​រុករក​បទល្មើស​ នៅក្នុង​ដែន​ជម្រក​សហគមន៍​។

ដីសហគមន៍តំបន់​ទេសចរណ៍​ទឹកធ្លាក់​ព្រះ​និម្មិត​នេះ​ ​ស្ថិតនៅ​ជាផ្នែក​មួយ​នៃ​ព្រៃឈើ​សហគមន៍​ព្រះលាន​ទំហំ​ ១,២៣៣ហិ​កតា​ ដែល​គ្របដណ្ដប់​លើ​ភូមិ​កំពង់​សាមី​ ស្ថិតនៅ​ក្នុង​ឃុំ​កំពង់ស្រឡៅ​ពីរ ស្រុកឆែប ខេត្តព្រះវិហារ។
ដីសហគមន៍តំបន់​ទេសចរណ៍​ទឹកធ្លាក់​ព្រះ​និម្មិត​នេះ​ ​ស្ថិតនៅ​ជាផ្នែក​មួយ​នៃ​ព្រៃឈើ​សហគមន៍​ព្រះលាន​ទំហំ​ ១,២៣៣ហិ​កតា​ ដែល​គ្របដណ្ដប់​លើ​ភូមិ​កំពង់​សាមី​ ស្ថិតនៅ​ក្នុង​ឃុំ​កំពង់ស្រឡៅ​ពីរ ស្រុកឆែប ខេត្តព្រះវិហារ។ (អង្គការពន្លកខ្មែរ)

នៅក្នុង​ពាក្យបណ្ដឹង​របស់​តំណាង​សហគមន៍៤ភូមិ​ដែល​វី​អូ​ឌី​ទទួល​បាន ​គឺ​ពួកគេ​បាន​ប្ដឹង​ទៅ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​ កាលពី​ខែ​សីហា​ ឆ្នាំ២០១៩ ដោយ​ទាមទារ​ឱ្យ​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​ ប្រឆាំងមនុស្ស១៦នាក់​។ ពាក្យបណ្ដឹង​ដែល​សហគមន៍​ចាត់ទុកថា​ជា​អំពើ​ល្មើសច្បាប់​ ដោយហេតុថា​ បទល្មើស​ដែល​តែង​កើតឡើង​ក្នុង​ដែន​ជម្រក​ព្រៃ​សហគមន៍​នេះ​ ជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​ មន្ត្រី​រាជការ​ និង​ពលរដ្ឋ​ចំណូល​ថ្មី​។

ទាក់ទិន​រឿង​នេះ​ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ ​លោក​ ង៉ែត​ សុភី​ ឆ្លើយតប​ថា​ ករណីនេះ​ អាជ្ញាធរ​ជំនាញ​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​រួចហើយ​។

ព្រៃឈើ​សហគមន៍​ព្រះលាន​នេះ​ បម្រើ​ឱ្យ​ប្រជាជន​ជាង​ ២៥០០នាក់​ទាំង​ផ្ទាល់​ និង​ប្រយោល​។ ដោយឡែក​ភូមិ​កំពង់​សាមី​ ដែល​ស្ថិតនៅ​ផ្ទាល់​ និង​ដី​ព្រៃ​សហគមន៍​ និង​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ព្រះ​និម្មិត​នេះ​គឺ​មាន​ប្រជាជន​ប្រមាណ​ជិត២០០នាក់​ (១៨៩នាក់​)។ ក្រៅពី​នេះ​ នៅ​មាន​ភូមិ​កំពង់ក្រសាំង​ ភូមិ​កំពង់ព្រះ​ឥន្ទ​ និង​ភូមិ​កំពង់​ជ្រៃ​ ដែល​ស្ថិតនៅ​ក្នុង​ឃុំ​កំពង់ស្រឡៅ​ពីរ​នេះ​ ក៏​ទទួល​បានផល​ប្រយោជន៍​ពី​អនុផល​ព្រៃឈើ​សហគមន៍​នេះ​ដែរ​។ យោង​តាមរបាយការណ៍​ដែល​ចេញផ្សាយ​កាលពី​ខែ​សីហា​ ឆ្នាំ២០១៤​ បញ្ជាក់​ថា​ ការ​ផ្ដួចផ្ដើម​ឱ្យ​មាន​ជា​សហគមន៍​នេះ​ឡើង​ មានការ​ចូលរួម​ពី​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ មេភូមិ​ និង​ក្រុមប្រឹក្សា​ឃុំ​។ ហើយ​នៅ​ឆ្នាំ២០១៤​ សហគមន៍​នេះ​ក៏បាន​ចុះ​កិច្ច​ព្រមព្រៀង​បន្ថែម​ទៀត​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​។

លោក​ ពា​ កុយ​ ប្រធាន​សហគមន៍​ព្រៃឈើ​ព្រះលាន​ទើប​ឡើង​កាន់​តួ​នា​ទី​ថ្មី​ៗនេះ​ បង្ហាញ​ការ​ព្រួយបារម្ភ​ថា​ ប្រសិនបើ​មិន​ទប់ស្កាត់​ឱ្យ​ទាន់ពេល​វេលា​ទេ​ ព្រៃឈើ​ និង​ដី​សហគមន៍​នេះ​នឹង​ត្រូវ​បាត់បង់​នៅ​ថ្ងៃណាមួយ​។លោក​ កុយ​ បន្ត​ថា​ សព្វថ្ងៃ​បទល្មើស​អនាធិបតេយ្យ​ រាន​ដី​ព្រៃ​សហគមន៍​ធ្វើជា​ដីចម្ការ​នេះ​ ក្រៅពី​ពលរដ្ឋ​ហើយ​ នៅ​បន្ថែម​បញ្ហា​មួយ​ជាន់​ទៀត​គឺ​ពី​មន្ត្រី​យោធា​។

បើ​តាម​លោក​ ពា​ កុយ​ មន្ត្រី​យោធា​ដែល​កំពុង​ឈូស​ឆាយដី​ព្រៃ​សហគមន៍​នៅពេល​នេះ​ គឺ​គ្មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​ទេ​។ ម្យ៉ាងវិញទៀត​ នេះ​ជា​ការ​ចូលកាន់​កាប់ដី​ព្រៃ​សហគមន៍​ដែល​មានច្បាប់​ការពារ​ត្រឹមត្រូវ​ថែមទៀត​ផង​។

លោក​បន្ត​ថា​៖ «គេ​ថា ​(ទាហាន​) បើ​ខ្ញុំ​បាន​ធ្វើ​អញ្ចេះ​ហើយ​ ខ្ញុំ​មិនទៅ​ណា​ទេ​។ ខ្ញុំ​ថា​ លោក​ទៅណា​ ឬមិន​ទៅណា​ ខ្ញុំ​មិនដឹង​ទេ​។ ខ្ញុំ​ថា​ បើ​លោក​ឯង​ហ៊ាន​កាប់​ ខ្ញុំ​ក៏​ហ៊ាន​មក​ទៀត​ដែរ​។ ខ្ញុំ​ថា​ ចូល​មក​ធ្វើ​អី​ ទាហាន​។ បើ​លោក​ឯង​មាន​សិទ្ធិ​ សូម​ឱ្យ​មាន​សំបុត្រស្នាម​មក​។ កុំឱ្យ​ខ្ញុំ​ឈឺក្បាល​»

បើ​តាម​លោក​ កេន​ សុគន្ធ​ ដែល​ជា​តំណាង​ឱ្យ​សហគមន៍​អេកូ​ទេសចរណ៍​និយាយ​ថា​ នៅក្នុង​សហគមន៍​ព្រៃឈើ​ព្រះលាន​នេះ​ គេ​បាន​បង្កើត​តំបន់​ទេសចរណ៍​តាម​បែប​ធម្មជាតិ​មួយ​មានឈ្មោះ​ថា​ «អេកូ​ទេសចរណ៍​ទឹកធ្លាក់​ព្រះ​និម្មិត​»។ តំបន់​ទេសចរណ៍​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​អំឡុង​ឆ្នាំ២០១៧​។

លោក​ សុគន្ធ​ លើកឡើង​ថា​ គិត​មកដល់ពេលនេះ​ ចំណូល​ដែល​រកបាន​ពី​វិស័យ​ទេសចរណ៍​ហើយ​សល់​ពី​ការ​ចំណាយ​មាន​ចំនួន​ ៦០លាន​រៀល​។ ៣០លាន​រៀល​ ត្រូវ​តម្កល់ទុក​នៅក្នុង​សហគមន៍​ និង​៣០លាន​រៀល​ទៀត​ តម្កល់ទុក​នៅក្នុង​ទូដែក​។

តំណាង​សហគមន៍​ទេសចរណ៍​ឱ្យ​ដឹង​ថា​ ភ្ញៀវ​ទេសចរ​ប្រមាណ​ ៩៩ភាគរយ​ដែល​មក​កម្សាន្ត​នៅ​ថ្ងៃបុណ្យ​ និង​ថ្ងៃ​ចុង​សប្ដាហ៍​គឺជា​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​។ ក្រៅពី​នេះ​ ជា​ភ្ញៀវ​ទេសចរ​មក​ពី​តំបន់​អឺរ៉ុប​។

ឆ្លើយតប​នឹង​ការចោទប្រកាន់​នេះ​ មេបញ្ជាការ​យោធភូមិភាគ៤ លោក​ ឆៅ​ ហន​ ទទួលស្គាល់​ថា ​ក្រុមការងារ​របស់​លោក​ពិតជា​បាន​ឈូស​ឆាយដី​ពិតមែន​។ ប៉ុន្តែ​ ការ​ឈូស​ឆាយ​នេះ​ ដើម្បី​ធ្វើ​បន្ទាយទាហាន​ ហើយ​ក្នុង​ទំហំ​តិចតួច​ប៉ុណ្ណោះ​។ បើ​ទោះជា​បែប​ណា​ លោក​ ហន​ អះអាង​ថា​ លោក​នឹង​ស្នើសុំ​គោលការណ៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​បាន​ដី​នេះ​កាន់កាប់​ ក្នុង​ក្របខ័ណ្ឌ​ធ្វើជា​បន្ទាយ​យោធា​។

លោក​បន្ត​ថា​៖ « ដី​ហ្នឹង​ប្រហែល​តែ២០ម៉ែត្រ​ទេ​ មិនមែន​រុករាន​ទេ​។ ដី​ហ្នឹង​ធ្វើ​ដាក់​បន្ទាយ​មែន​។ ខ្ញុំ​កំពុង​រៀបចំ​ធ្វើ​លិខិតស្នាម​ ព្រោះអី​ខ្ញុំ​បាន​ជួប​ជាមួយ​ភូមិ​ឃុំ​ និង​អាជ្ញាធរ​គេ​អស់ហើយ​»។

របាយការណ៍​ដែល​វី​អូ​ឌី​ទទួល​បាន​ពី​សហគមន៍​ដែល​ចេញផ្សាយ​កាលពី​ចុងឆ្នាំ២០១៤ បង្ហាញថា​ សហគមន៍​ព្រៃឈើ​ព្រះលាន​នេះ​ជា​ប្រភេទ​ព្រៃស្រោង​ ព្រៃ​ពាក់កណ្ដាល​ស្រោង​ និង​ព្រៃរបោះ​។ ធនធាន​ព្រៃឈើ​សំ​ខាន់​ៗដែល​ជា​ប្រភេទ​ឈើ​ហូប​មាន​ដូចជា​ ឈើ​បេង​ ធ្នង់​ និង​កកោះ​។ បើ​តាម​របាយការណ៍​បញ្ជាក់​ទៀត​ថា​ ក្រៅពី​ចំណូល​ដែល​បាន​មក​ពី​វិស័យ​ទេសចរណ៍​ តាម​បែប​ធម្មជាតិ​ សហគមន៍​ព្រៃឈើ​ព្រះលាន​នេះ​ ក៏​នៅ​អាច​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​នៅ​សហគមន៍​ដូចជា​ អាច​ជ័រទឹក​ បោចវល្លិ​ផ្ដៅ​ ជីក​ទំពាំង​ រក​ផ្សិត​ ឱសថ​បុរាណ​ និង​ផ្លែឈើ​ព្រៃ​ជាដើម​។ ជាង​នេះ​ទៀត​ គម្រប់ព្រៃឈើ​នេះ​ មិន​ត្រឹមតែ​អាច​ផ្ដល់​ចំណូល​តាមរយៈ​អនុផល​ព្រៃឈើ​ទេ​ ថែមទាំង​ជា​ជម្រក​សត្វព្រៃ​ដូចជា​ សត្វ​ស្វា​ ទន្សោង​ ជ្រូកព្រៃ​ ឈ្លូស​ ប្រើស​ ឆ្កែចចក​ និង​ទន្សាយ​ ជាដើម​។

មេឃុំ​កំពង់ស្រឡៅ​ពីរ​ លោក​ ផេង​ ថុង​ និយាយ​ថា បើ​ពិនិត្យមើល​ទៅ​ការ​ឈូស​ឆាយដី​ព្រៃ​ដោយ​យោធភូមិភាគ​នេះ​ ប្រហែល​នឹង​មិន​ជះឥទ្ធិពល​អាក្រក់​ដល់​វិស័យ​ទេសចរណ៍​ធម្មជាតិ​ឡើយ​។ លោក​បន្ត​ថា​ តំបន់​ទេសចរណ៍​នេះ​ នៅ​ឆ្ងាយ​ពីទី​តាំង​ដែល​រង​ការ​ចោទ​ថា​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ និង​ដី​ព្រៃ​សហគមន៍​។

លោក​បន្ត​ថា​៖ «អត់អី​ទេ​។ វា​មិនមែន​ថា​ ពាក់ព័ន្ធ​ប៉ុន្មាន​ទេ​។ ប៉ុន្តែ ​គ្រាន់តែ​ថា ​វា​ស្ថិតនៅ​ក្នុង​ដី​សហគមន៍​តែ​វា​ឆ្ងាយ​ពី​ទឹកធ្លាក់​ហ្នឹងហើយ​។ វា​ស្របតាម​ផ្លូវ​»។

របាយការណ៍​ស្ដីពី​កិច្ច​ព្រមព្រៀង​ព្រៃ​សហគមន៍​ជាមួយ​នឹង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ​ កាលពី​ខែ​ មករា​ ឆ្នាំ២០១៣​ បញ្ជាក់​ថា​ សិទ្ធិ​ និង​ការទទួលខុសត្រូវ​គឺ​ចាំបាច់​អនុវត្ត​ដូច​មាន​ចែង​ក្នុង​លិខិតអនុញ្ញាត​ដែល​សហគមន៍​ស្នើសុំ​គោលការណ៍​ពី​ក្រសួង​កសិកម្ម​។ កិច្ច​ព្រមព្រៀង​ដែល​មាន​រយៈពេល​កំណត់​ ១៥ឆ្នាំ​ម្ដង​បង្ហាញ​ទៀត​ថា​ ខ្លឹមសារ​នេះ​គឺ​ដើម្បី​បើកផ្លូវ​ឱ្យ​ចាត់វិធានការ​ចាំបាច់​ចំពោះមុខ​ ក្នុង​បុព្វ​ហេតុការ​ពារ​ព្រៃឈើ​សហគមន៍​នេះ​ ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​។ របាយការណ៍​នេះ ​ឆ្លុះបញ្ចាំង​ថែមទៀត​ពី​ ប្រឆាំង​នឹង​ភ្លើង​ឆេះ​ព្រៃ​ បទល្មើស​កាប់​ឈើ​អនាធិបតេយ្យ​ បទល្មើស​បរបាញ់​សត្វព្រៃ​ និង​ការ​រាន​ដី​ព្រៃ​ដោយ​ល្មើសច្បាប់​។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឆែប ​ខេត្តព្រះវិហារ​ លោក​ ង៉ែត​ សុភី​ បញ្ជាក់​ថា​ ក្នុងនាម​ស្ថាប័ន​ជំនាញ​រដ្ឋ​កំពុងតែ​ធ្វើ​កិច្ចការ​នេះ​ ក្រោយ​ទទួល​បាន​បណ្ដឹង​ពី​សហគមន៍​ប្រឆាំង​នឹង​ការទន្ទ្រាន​ដី​សហគមន៍​ដោយ​យោធភូមិភាគ៤នេះ​។ ប៉ុន្តែ​ លោក​ សុភី​ លើកឡើង​ថា​ គេ​ត្រូវការ​ពេលវេលា​ ដើម្បី​ពិនិត្យ​ និង​មាន​សេចក្ដីសម្រេច​ពី​ថ្នាក់លើ​បន្ថែម​ទៀត​ មុននឹង​ចាត់វិធានការ​ប្រឆាំង​ការ​ឈូស​ឆាយ​។

លោក​បន្ត​ថា​៖ «ខ្ញុំ​បាន​ទទួល​ពី​គាត់​ ហើយ​ខ្ញុំ​កំពុងធ្វើការ​ជាមួយ​គាត់​។ យើង​បាន​ចុះ​ពិនិត្យ​យក​ចំណុច​ទីតាំង​ និង​ឈ្មោះ​ ហើយ​បាន​ដាក់​ជូន​ទៅ​ថ្នាក់លើ​។ កាលពី​ថ្ងៃសុក្រ​កន្លងទៅ​នេះ​ ថ្នាក់ដឹកនាំ​គាត់​បាន​ចុះទៅ​ពិនិត្យ​ម្ដង​រួចមក​ហើយ​»។

លោក​ ប៉ឹ​ក សុភ័​ណ អ្នកសម្របសម្រួល​កម្មវិធី​កសាង​សមត្ថភាព​ និង​តស៊ូ​មតិ​នៃ​អង្គការ​ពន្លក​ខ្មែរ​ យល់ឃើញ​ថា​ ប្រសិនបើ​ការ​ឈូស​ឆាយ​ ឬចូលកាន់​កាប់ដី​ព្រៃ​សហគមន៍​ ដោយ​ពុំ​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​ នោះ​មានន័យថា​ ជា​អំពើ​ល្មើសច្បាប់​។ ជាង​នេះ​ទៀត​ បើ​ទោះជា​មានច្បាប់​ឈូស​ឆាយ​លើ​ដី​សហគមន៍​ សំខាន់​ត្រូវ​មានការ​សម្រេចចិត្ត​ពី​តំណាង​ និង​ពលរដ្ឋ​នៅក្នុង​សហគមន៍​ផង​។

លោក​បន្ត​ថា​៖ «មន្ត្រី​ថ្នាក់​ណាមួយ​ទៅ​ស្នើសុំ​ដី​សហគមន៍​ដើម្បី​គ្រប់គ្រង​ ឬធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ ទាល់តែ​មានការ​ពិគ្រោះ​ ឬលិខិត​ជាគោល​ការណ៍​ណាមួយ​ពី​មន្ត្រី​ជំនាញ​ និង​អាជ្ញាធរ​ ហើយ​មានការ​ព្រមព្រៀង​ពី​គណៈកម្មការ​គ្រប់គ្រង​នោះ​ផង​ បាន​វា​ត្រឹមត្រូវ​»។

តំណាង​សហគមន៍​ព្រៃឈើ​ព្រះលាន ​រំពឹង​ថា ​ព្រៃ​សហគមន៍​នេះ​អាច​នឹង​បាន​ជា​ប្រយោជន៍​តទៅទៀត​សម្រាប់​ពលរដ្ឋ​ទាំង​ផ្ទាល់​ និង​ប្រយោល​នៅក្នុង​ឃុំ​កំពង់ស្រឡៅ​ពីរ​នេះ​។

មន្ត្រី​អង្កេត​នៃ​សមា​គម​អាដ​ហុក​ប្រចាំ​ខេត្តមណ្ឌលគិរី​ លោក​ អ៊ា​ង ម៉េ​ងលី​ បាន​អះអាង​ថា​ ការ​បញ្ជាក់​អំពី​ទំហំដី​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ​ជនជាតិដើម​ភាគតិច​ភ្នំ​ដោះក្រមុំ​ តាមរយៈ​ពាក្យសំដី​ ហើយ​បន្ថែម​ការសន្យា​បន្ត​ដោះស្រាយ​បញ្ហា​ នឹង​នាំមក​នូវ​មន្ទិល​ ក្ដី​បារម្ភ​ ជាជាង​បញ្ចប់រឿង​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ