កម្ពុជា​-រុស្សី​ គ្រោង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដី​ពី​កិច្ច​សហប្រតិបត្តិ​ការ​សិទ្ធិមនុស្ស​

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងឧត្តមស្នងការសិទ្ធិមនុស្សនៃសហព័ន្ធរុស្សី នឹងចុះកិច្ចព្រមព្រាងលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្ស រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី នៅរដ្ឋធានីមូស្គូនៃសហព័ន្ធរុស្សី នាថ្ងៃទី១៨ ខែឆ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។ (Cambodian Human Rights Committee)

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ​និង​រុស្សី​ គ្រោង​ចុះ​កិច្ច​ព្រមព្រៀង​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដី​ពី​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​សិទ្ធិមនុស្ស​ នា​ថ្ងៃទី១៨​ ខែ​ឆ្នូ​ ឆ្នាំ២០១៩​ ខាងមុខនេះ​។

ក្នុង​សេចក្ដី​ប្រកា​សព៍​ត៌​មាន​ចុះ​ថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៩​ ឱ្យ​ដឹង​ថា​ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ គ.ស.ម.ក​. ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី២ថ្ងៃ​ ចាប់ពី​ថ្ងៃទី១៧​ ដល់១៨​ ខែធ្នូ​ ឆ្នាំ២០១៩​ ដើម្បី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដី​ពី​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​សិទ្ធិមនុស្ស​ជាមួយ​រុស្ស៊ី​។

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ លោក​ ជិន​ ម៉ា​លីន​ បញ្ជាក់​បន្ថែម​ថា​ ការ​ចុះ​កិច្ច​ព្រមព្រៀង​នេះ​ ដើម្បី​ធ្វើការ​ចែករំលែក​បទ​ពិសោធ​ និង​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​ រួម​ទាំង​ពង្រឹង​សមត្ថភាព​ផ្នែក​សិទ្ធិ​ដល់​មន្ត្រី​របស់​ប្រទេស​ទាំងពីរ​ផង​ដែរ​។

លោក​ ជិន​ ម៉ា​លីន​ មានប្រសាសន៍​ថា​៖ «ជួយ​កិច្ចសហការ​គ្នា​ក្នុង​ការ​ផ្លាស់​ប្តូរ​ឯកសារ​ព័ត៌មាន​គ្នា​ទៅវិញទៅមក​តាម​ការ​ស្នើសុំ​ ហើយ​ព្រមទាំង​មានការ​ជួយគ្នា​ គាំទ្រ​គ្នា​ និង​ការពារ​គ្នា​នៅ​លើឆាកអន្តរជាតិ​ ក៏ដូចជា​វេទិកា​តំបន់​ និង​វេទិកា​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​នេះ​ ក្នុង​ការ​ជួយការ​ពារ​គ្នា​ និង​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​។ ហើយ​ក្រៅពីហ្នឹង​គឺ​មានការ​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​ទាំងសងខាង​។ ពលរដ្ឋ​កម្ពុជា​នៅ​រុស្ស៊ី​ ពលរដ្ឋ​រុស្ស៊ី​នៅ​កម្ពុជា​ដែល​ទទួលរង​នូវ​ការរំលោភ​បំពាន​សិទ្ធិ​»។

នាយករង​អង្គការ​លី​កាដូ​ទទួលបន្ទុក​ផ្នែក​ឃ្លាំ​សិទ្ធិមនុស្ស​ លោក​ អំ​ សំអាត​ យល់ថា ​កម្ពុជា​គួរ​ផ្តោត​កិច្ច​សហប្រតិបត្តិ​ការជាមួយ​ប្រទេស​ដែល​មាន​លទ្ធិប្រជាធិបតេយ្យ​ចាស់ទុំ​ដូច​ជាប​ណ្ដាប្រទេស​នៅ​សហគមន៍​អឺរ៉ុប​។

លោក​ អំ​ សំអាត​ មានប្រសាសន៍​ថា​៖ «ខ្ញុំ​យល់ថា​ អានេះ​ វា​ជា​ការយល់ឃើញ​របស់​រដ្ឋាភិបាល​ទេ​ [ក្នុង​ការកិច្ច​ចុះ​ព្រមព្រៀង​] ប៉ុន្តែ​ បើ​យើង​គិត​ពី​វិស័យ​សិទ្ធិមនុស្ស​វិញ​ ការជំរុញ​ភាព​ជឿនលឿន​នៃ​សិទ្ធិមនុស្ស​ គេ​ច្រើន​ផ្ដោត​អារម្មណ៍​ទៅលើ​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ មាន​ភាព​ចាស់ទុំ​ ក្នុង​ការ​ផ្ដល់​ជា​បទ​ពិសោធ​ ឬក៏​កិច្ច​សហប្រតិបត្តិ​ការ​ ដើម្បី​ធ្វើ​យ៉ាងណា​ពន្លឿន​ និង​កែ​លម្អ​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ឱ្យ​បាន​ល្អ​ប្រសើរ​»។

បើ​តាម​លោក​ ជិន​ ម៉ា​លីន​ ឱ្យ​ដឹង​ថា​ នេះ​ជា​លើកទីមួយ​ហើយ​ ដែល​កម្ពុជា​ និង​ប្រទេស​រុស្ស៊ី​ ចុះ​កិច្ច​ព្រមព្រៀង​ជាមួយគ្នា​លើ​វិស័យ​សិទ្ធិមនុស្ស​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ